យុវជនកាតូលិកនៅកម្ពុជាចេញដំណើរទៅចូលរួមទិវាយុវជនពិភពលោក២០១៩

ភ្នំពេញ៖ យុវជន រួមជាមួយលោកបូជាចារ្យ ចំនួន១៣ នាក់ ជាតំណាងយុវជនកាតូលិកនៅកម្ពុជា បានចាកចេញពីកម្ពុជាហើយ កាលពីរសៀលថ្ងៃទី ១៥ ដើម្បីទៅចូលរួមទិវាយុវជនពិភពលោក២០១៩ នៅសាធារណៈរដ្ឋ ប៉ាណាម៉ា។

ដំណើរទៅកាន់ទឹកដីអាមេរិកកណ្តាលនេះ ដឹកនាំដោយលោកបូជាចារ្យ អាឌ្រីយ៉ាន បេនីតេស ជាបូជាចារ្យទទួលបន្ទុកកម្មវិធីយុវជនកាតូលិកនៅកម្ពុជា។ ទិវាយុវជនពិភពលោក ប្រារព្ធពីថ្ងៃទី២២ ដល់ថ្ងៃទី ២៧ ខែមករា ឆ្នាំ២០១៩ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ។ ចំពោះប្រធានបទដែលត្រូវរិះគិតគឺ “ខ្ញុំជាអ្នកបម្រើរបស់ព្រះអម្ចាស់ សូមឲ្យបានសម្រេចតាមពាក្យរបស់លោកចុះ”។

តាមប្រសាសន៍លោកផាន បូរី ជាបូជាចារ្យមកពីព្រះសហគមន៍ភូមិភាគកំពង់ចាម ដែលធ្វើដំណើររួមជាមួយក្រុមយុវជនដែរនោះបានប្រាប់ឲ្យដឹងថា៖ តាងនាមឲ្យយុវជនកម្ពុជាទាំងអស់ដែលទៅ ចូលរួមទិវាយុវជននៅប្រទេសប៉ាណាម៉ា យើងខ្ញុំទាំងអស់គ្នាសង្ឃឹមថានឹងទទួលបានចំណេះដឹង និងបទពិសោធន៍ថ្មីៗ ពីយុវជនផ្សេងៗទាក់ទង់ទៅនឹងជំនឿ លើព្រះជាម្ចាស់។ ហើយយើងនឹងនាំយកបទពិសោធន៍ថ្មី ទាំងនោះមកចែករំលែកដល់បងប្អូនយុវជនយើង ដែលមិនបានទៅចូលរួម ឲ្យបានយល់ដឹង ដើម្បីអភិវឌ្ឍន៍ព្រះសហគមន៍យើងទាំងអស់គ្នា។

លោកបូជាចារ្យ អាឌ្រីយ៉ាន បេនីតេស ហ្កូស្តាវ៉ូ និងប្រធានក្រុមយុវជនកម្ពុជា

សូមបញ្ជាក់ថា កម្មវិធីទិវាយុវជនកាតូលិកពិភាពលោក បានផ្តួចផ្តើម ឡើង ដោយសម្តេចប៉ាប យ៉ូហាន ប៉ូលទី ២ ក្នុងឆ្នាំ ១៩៨៥ ។

នៅឆ្នាំ ១៩៨៦ ក្រុមលោកអភិបាលព្រះសហគមន៍កាតូលិកបានអញ្ជើញយុវជនទូទាំងពិភពលោកឲ្យចូល ហើយក្រោយៗមកទៀត ព្រះសហគមន៍កាតូលិកបានប្រារព្ធរយៈពេល ៣ ឆ្នាំ ឬ ៤ ឆ្នាំម្តង ដែលមានយុវជនជាច្រើនសិបម៉ឺននាក់ចូលរួម ។ កាលពីឆ្នាំ២០១៦ ទិវាយុវជនពិភពលោកនេះបានប្រារព្ធនៅទីក្រុង ក្រាកាវ ប្រទេសប៉ូឡូញ ដែលមានយុវជនចូលរួមប្រមាណ ៣,៥លាននាក់។

អត្ថបទ៖ ជុំនិត្យ

Facebook
Twitter
LinkedIn