អត្ថបទព្រះគម្ពីរ ថ្ងៃសុក្រ ទី២១ ខែកក្ដដា ឆ្នាំ២០២៣

close up photography of bible

ឬសន្តឡូរង់ នៅក្រុងប្រិនឌីស៊ី ជាបូជាចារ្យយ និងជាគ្រូបាធ្យាយ

លោកឡូរង់ (១៥៥៦-១៦១៩) កើតនៅក្រុងប្រិនឌីស ក្នុងប្រទេសអ៊ីតាលី។ លោកខិតខំប្រកាសព្រះបន្ទូលរបស់ព្រះជាម្ចាស់ពាសពេញទ្វីបអឺរ៉ុប ជាពិសេសលោកយកចិត្តទុកដាក់ការពាររក្សាលទ្ធិកាតូលិក ស្របតាមអស់លោកអភិបាលបានបញ្ជាក់នៅមហាសន្និបាតសាកលក្រុងត្រេនតូ។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរដំណើរឆ្ពោះទៅកាន់សេរីភាព សរ ១១,១០-១២,១៤

លោកម៉ូសេ និងលោកអរ៉ុនបានសម្តែងបាដិហារិយ៍គ្រប់យ៉ាងនៅមុខព្រះចៅផារ៉ោន តែព្រះអម្ចាស់ធ្វើឱ្យស្តេចមានព្រះហឫទ័យរឹងចចេស មិនព្រមបើកឱ្យកូនចៅអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីបឡើយ។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអរ៉ុននៅស្រុកអេស៊ីបថា៖ «អ្នករាល់គ្នាត្រូវរាប់ខែនេះជាខែដំបូង គឺខែដើមឆ្នាំរបស់អ្នករាល់គ្នា។ ចូរប្រាប់សហគមន៍ អ៊ីស្រាអែលទាំងមូលថា នៅថ្ងៃទីដប់ក្នុងខែនេះ ត្រូវយកកូនចៀមមួយសម្រាប់គ្រួសារនីមួយៗ ឬផ្ទះនីមួយៗ បើមានគ្រួសារគ្នាតិចពេក មិនអាចបរិភោគកូនចៀមទាំង​មូលអស់ ត្រូវឱ្យគេចូលរួមជាមួយគ្រួសារជិតខាងតាមចំនួនមនុស្សដែលគេមាន រួចទើបជ្រើសរើសសត្វមួយដែលអាចបរិភោគអស់។ ត្រូវឱ្យគេរើសយកកូនចៀមឈ្មោល ឬកូនពពែឈ្មោលមានអាយុមួយខួប និងល្អឥតខ្ចោះ។ អ្នករាល់គ្នាត្រូវរក្សា​សត្វនោះទុករហូតដល់ថ្ងៃទីដប់បួនក្នុងខែនេះ ទើបសហគមន៍អ៊ីស្រាអែលទាំងមូលអារកសត្វនោះក្រោយថ្ងៃលិច។ ត្រូវយកឈាមសត្វដែលគេបានសម្លាប់នោះទៅ​លាបនៅលើក្របទ្វារទាំងសងខាង និងនៅខាងលើទ្វារផ្ទះដែលគេបរិភោគសាច់។ នៅយប់នោះ ត្រូវយកសាច់ទៅអាំង រួចបរិភោគជាមួយនំប័ុងឥតមេ និងបន្លែល្វីង។ មិនត្រូវបរិភោគសាច់ឆៅ ឬស្ងោរទេ គឺត្រូវបរិភោគសាច់អាំងទាំងមូលតែម្តង ដោយមានក្បាល ជើង និងគ្រឿងក្នុងផង។ មិនត្រូវទុកអ្វីឱ្យនៅសេសសល់រហូតដល់ថ្ងៃស្អែកឡើយ បើមានអ្វីដែលនៅសេសសល់នោះ ត្រូវប្រមូលដុតឱ្យអស់។ នៅពេល​បរិភោគ ត្រូវក្រវាត់ចង្កេះ ពាក់ស្បែកជើង កាន់ដំបង ដូចរៀបចំខ្លួនចេញដំណើរ ហើយត្រូវបរិភោគឱ្យរហ័ស។ នេះជាពិធីបុណ្យចម្លងថ្វាយព្រះអម្ចាស់។ នៅយប់នោះ យើងនឹងឆ្លងកាត់ស្រុកអេស៊ីប ហើយប្រហារកូនច្បងទាំងអស់របស់ពួកគេ ទាំងមនុស្ស ទាំងសត្វ។ យើងជាព្រះអម្ចាស់ យើងនឹងដាក់ទោសព្រះក្លែងក្លាយទាំងអស់របស់ជនជាតិអេស៊ីប។ ឈាមដែលអ្នករាល់គ្នាលាបនៅលើក្របទ្វារផ្ទះនឹង​ធ្វើជាសញ្ញាសម្គាល់ថា អ្នករាល់គ្នាស្នាក់នៅក្នុងផ្ទះនោះ។ ពេលឃើញឈាម យើងនឹង​រំលងផ្ទះអ្នករាល់គ្នា។ ដូច្នេះ អ្នករាល់គ្នានឹងមិនរងគ្រោះកាច នៅពេលដែលយើង​ប្រហារស្រុកអេស៊ីបឡើយ។
អ្នករាល់គ្នាត្រូវយកថ្ងៃនេះ ធ្វើជាថ្ងៃបុណ្យរម្លឹកអំពីព្រឹត្តិការណ៍ដែលកើតមាន ដើម្បីលើកតម្កើងព្រះអម្ចាស់។ នេះជាច្បាប់ដែលត្រូវអនុវត្តជារៀងរហូតតទៅ ឥត​ប្រែប្រួលឡើយ»។

ទំនុកតម្កើងលេខ ១១៦ (១១៥),១២-១៣.១៥-១៨ បទព្រហ្មគីតិ

១២ព្រះគុណព្រះអង្គថ្លៃទោះយកអ្វីក៏មិនបាន
ប្រសើរឱ្យស្មើបានត្រូវតបស្នងឱ្យសមរម្យ
១៣គឺខ្ញុំត្រូវលើកពែងទាំងសម្តែងនាមឧត្តម
ព្រះអង្គរំដោះខ្ញុំដោយស្រែករកព្រះជាម្ចាស់
១៥ទ្រង់ព្រួយព្រះទ័យណាស់បើមានរាស្ត្រសូន្យសង្ខារ
ទោះជនវិសុទ្ធណាទ្រង់មិនចង់ឱ្យស្លាប់ឡើយ
១៦ឱ!ព្រះម្ចាស់ប្រសើរខ្ញុំបម្រើព្រះអង្គហើយ
ព្រះអង្គមិនកន្តើយរំដោះខ្ញុំរួចពីស្លាប់
១៧ទូលបង្គំសូមថ្វាយយញ្ញទាំងឡាយដោយគួរគាប់
អង្វររកនាមជាប់នាមព្រះអង្គខ្ពស់ពេកពន់
១៨ខ្ញុំនឹងយកតង្វាយមកដាក់ថ្វាយលាបំណន់
នៅមុខប្រជាជនដែលជារាស្ត្រនៃព្រះអង្គ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ៨,៦-៧

អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះអម្ចាស់! ព្រះអង្គប្រទានសិរីរុងរឿង និងកិត្តិយសដល់បុត្រនៃមនុស្ស ព្រះអង្គបានតែងតាំងឱ្យគាត់គ្រប់គ្រងលើអ្វីៗទាំងអស់ដែលព្រះអង្គបានបង្កើតមក ព្រះអង្គបានបង្ក្រាបអ្វីៗទាំងអស់ឱ្យនៅក្រោមជើងរបស់គេ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១២,១-៨

មានគ្រាមួយ ព្រះយេស៊ូយាងកាត់វាលស្រែនៅថ្ងៃសប្ប័ទ។ សាវ័ករបស់ព្រះអង្គ​ឃ្លានពេក ក៏នាំគ្នាបូតកួរស្រូវមកបរិភោគ។ ពួកខាង​ខណៈផារីស៊ីឃើញដូច្នោះ ទូល​ព្រះអង្គថា៖ «សូមលោកមើលចុះ! ពួកសិស្សរបស់លោកនាំគ្នាធ្វើការដែលបញ្ញត្តិហាមមិនឱ្យធ្វើនៅថ្ងៃសប្ប័ទ!»។ ព្រះយេស៊ូតបទៅគេវិញថា៖ «ក្នុងគម្ពីរមានអត្ថបទ​មួយស្តីអំពីការដែលព្រះបាទដាវីឌ និងបរិពារ បានប្រព្រឹត្តនៅពេលឃ្លាន គឺទ្រង់ចូលទៅក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ ហើយយកនំប័ុងដែលគេតាំងថ្វាយព្រះជាម្ចាស់ មក​សោយជាមួយពួកបរិពារ។ តាមធម្មវិន័យ មានតែពួកបូជាចារ្យប៉ុណ្ណោះដែលបរិភោគ​នំប័ុ​ងនេះបាន រីឯព្រះរាជាគ្មានសិទ្ធិសោយទេ ហើយពួកបរិពារក៏គ្មានសិទ្ធិបរិភោគដែរ។ តើអ្នករាល់គ្នាធ្លាប់អានអត្ថបទនោះឬទេ?»។ ម្យ៉ាងទៀត នៅថ្ងៃសប្ប័ទ ពួកបូជាចារ្យ​ដែលបំពេញមុខងារនៅក្នុងព្រះវិហារ សុទ្ធតែរំលោភលើវិន័យថ្ងៃសប្ប័ទ តែឥតមាន​ទោសឡើយ។ តើអ្នករាល់គ្នាដែលអានគម្ពីរធម្មវិន័យនោះទេ? ខ្ញុំសូមប្រាប់អ្នករាល់គ្នា​ថា នៅទីនេះ មានម្នាក់ប្រសើរជាងព្រះវិហារទៅទៀត។ ប្រសិនបើអ្នករាល់គ្នាយល់អត្ថន័យនៃសេចក្តីដែលមានចែងទុកមកថា “យើងមិនចង់បានយញ្ញបូជាទេ គឺចង់បាន​តែចិត្តមេត្តាករុណាប៉ុណ្ណោះ” នោះអ្នករាល់គ្នាមុខជាមិនប្រកាន់ទោសជនទាំងនេះដែល​គ្មានទោសឡើយ ដ្បិតបុត្រមនុស្សជាម្ចាស់លើថ្ងៃសប្ប័ទ។

Facebook
Twitter
LinkedIn