លោកអូលីវីយ៉េ៖ នេះ​ជា​លើកទី១​និង​ចុង​ក្រោយ​ដែល​យើង​ទទួល​ព្រះកាយព្រះគ្រីស្ត​

«នៅពេលដែលយើងទទួលព្រះកាយ សូមឱ្យយើង​នឹកថា​ជា​លើក​ទីមួយ​ដែល​យើង​ទទួល​ព្រះកាយព្រះគ្រីស្តនៅក្នុងជីវិត ដែលជាព្រះកាយតែមួយ និងជាថ្ងៃ​ចុង​ក្រោយ​ដែល​​យើង​ទទួល​ព្រះកាយព្រះគ្រីស្ត។» នេះជា​ប្រសាសន៍​របស់​លោក​អភិបាល​ព្រះសហគមន៍​​ភូមិភាគភ្នំពេញ​ក្នុង​ឱកាសបុណ្យគោរពព្រះកាយនិង​ព្រះលោហិត​ព្រះគ្រីស្ត​ នាថ្ងៃ​ទី១១ មិថុនា​នៅព្រះវិហារ​ព្រះកុមារយេស៊ូ​បឹង​ទំពុននារ​រាជធានី​ភ្នំពេញ។

លោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ​បន្ថែម​ថា ធ្វើ​យ៉ាង​នេះ គឺ​ដើម្បីឲ្យយើង​​​ខិត​ខំ​រស់​នៅ​អស់​ពី​សេចក្ដី​ស្រឡាញ់​ និង​ធ្វើ​ជា​សាវ័ក​​របស់ព្រះយេស៊ូគ្រីស្ត។

ក្នុងថ្ងៃនោះដែរ លោកអភិបាល​ព្រះសហគមន៍​បាន​ផ្ដល់​អគ្គសញ្ញា​លាប​ថ្ងាស​ដល់​បេក្ខជន​១៦នាក់ និង​១៣នាក់​ផ្សេងទៀត​​ទទួល​អគ្គសញ្ញា​ព្រះកាយ​ព្រះគ្រីស្ត​លើក​ដំបូង។

​លោក​អភិបាល​អូលីវីយ៉េមានប្រសាសន៍ថា ព្រះកាយព្រះគ្រីស្ត​នាំ​ឲ្យយើង​ ក្លាយ​ជា​គ្រួសារ​តែមួយដែលមានព្រះយេស៊ូជាសិរសា យើងអាចនិយាយ​គ្នា​ទៅ​វិញ​ទៅមក យល់ចិត្តគ្នា និងលើកលែងទោសឱ្យ​គ្នាទៅវិញទៅមក ទោះបីជា​ពិភពលោក ​សង្គម និងគ្រួសារ​របស់យើង​បាក់បែក​គ្នា​ក៏ដោយ​។

លោក​បន្ថែមថា យើងរស់នៅក្នុង​​សង្គម​សម្ភារ​និយម​ខ្លាំងពិតមែន ប៉ុន្តែព្រះកាយនាំឱ្យ​យើង​ចិញ្ចឹម​ជីវិត​ពោរពេញ​ដោយ​សុភ​មង្គល​​​​ដ៏ពិតប្រាកដ ខុស​ពី​ម្ហូប​អាហារ​រាល់​ថ្ងៃ​ដែល​​នាំ​ឱ្យ​យើង​មានជំងឺផ្សេងៗ និង​បាន​ជួយ​យើង​ឲ្យរក​ឃើញ​ការសង្គ្រោះ។

សង្គម​បច្ចុប្បន្ន​មានការស្អប់គ្នានិងមានសង្គ្រាម ប៉ុន្តែ​ព្រះអំណោយទាន​នៃព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ជួយយើង​​​កសាងពិភពថ្មីដ៏ពិតប្រាកដ​ចាកឆ្ងាយអំពីការស្អប់និងអំពើហិង្សា។

ព្រះកាយព្រះគ្រីស្ត​ដែល​យើង​ទទួល​ទាន គឺ​នឹង​នាំ​យើង​ឲ្យមានសង្ឃឹម និង​មានជីវិត​អស់កល្បជានិច្ច។

ម៉ារី វិន ពិសី ទទួល​អគ្គសញ្ញា​លាប​ថ្ងាសនៅ​ថ្ងៃនេះ ឲ្យដឹងថា «ព្រះវិញ្ញាណដល់វិសុទ្ធ​បាន​ជួយលើកទឹកចិត្តខ្ញុំ ឱ្យ​មាន​ទំនុកចិត្តក្នុងជំនឿកាន់តែរឹងមាំ និងជួយណែនាំខ្ញុំឱ្យ​ប្រកាសដំណឹងល្អ​ទៅ​កាន់​អ្នក​ដទៃ…  ហើយចេះប្រកាស​ថា​ ខ្ញុំជាគ្រីស្តបរិស័ទ ​ជាកូន​របស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់​ស្រឡាញ់​ខ្ញុំហើយខ្ញុំក៏ស្រឡាញ់ព្រះអង្គ»។

ពិសីដែល​ពេលនេះ កំពុង​បម្រើ​ក្នុងក្រុម​ចម្រៀង​បាន​និយាយទៀតថា នាង​នឹង​ប្រាប់​មិត្ត​ភក្ដិ​​ដែលជាពុទ្ធិបរិស័ទឱ្យ​ពួកគេយល់ថា​ ​ព្រះជាម្ចាស់ស្រឡាញ់មនុស្ស​គ្រប់​គ្នា​និង​អ្នក​ណា​ក៏​អាច​ក្លាយ​ជា​កូនរបស់ព្រះអង្គបាន។

«ខ្ញុំអធិដ្ឋានរាល់យប់ និង​មក​ព្រះវិហារឱ្យ​បាន​​រាល់អាទិត្យ​ដើម្បី​បង្ហាញ​ថា ខ្ញុំ​ជា​គ្រីស្តបរិស័ទ។» នេះ​ជា​ការ​បញ្ជាក់​របស់​​យ៉ូសែប វិន ឡេង អាយុ១៤ ឆ្នាំ។

វិនឡេង ក៏ដូចជា​យុវតី​ខាង​លើដែរ ដែល​រស់នៅក្នុងសង្គម​ដែលមាន​ទំនាក់​ទំនង​ភាគ​ច្រើន​ជាមួយ​ពុទ្ធបរិស័ទដែល​ជាមិត្ត​រួម​ថ្នាក់​របសខ្លួន។

ឡេងបន្តថា «ខ្ញុំ​គិតថា​ព្រះវិញ្ញាណ​ដ៏វិសុទ្ធអស្ចារ្យ អាច​ធ្វើឱ្យ​ខ្ញុំ​មាន​ភាព​ក្លាហាន​ទៅ​ប្រកាស​ដំណឹងល្អដល់មិត្តភក្កិរបស់ខ្ញុំនៅសាលារៀនដែលជាពុទ្ធបរិស័ទ»។

វេងវឿន ស៊ីម៉ូន​ករុណា​ វ័យ ១២ ឆ្នាំ សព្វ​ថ្ងៃជាសមាជិក​ក្រុម​ចម្រៀង​និង​បម្រើអាសនៈ បាន​ឲ្យដឹងថា គាត់​នឹង​​ធ្វើយ៉ាង​ណាដើម្បីឱ្យ​មាន​ការប្រាស្រ័យ​ទាក់​ទង​គ្នា​ជាមួយ​ក្រុម​ ជាលក្ខណៈបងប្អូនតែមួយ។

ស៊ីម៉ូន​ករុណា បន្ថែមថា «យើងក៏​អាច​អធិដ្ឋាន​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​ផ្ដល់​សេចក្ដី​សុខ​​ឱ្យ​គ្នា​ និង​ចែក​រំលែក​អំពី​អ្វីដែល​យើងមានទៅកាន់​អ្នក​ដទៃ​ទៀត​ ដើម្បីឱ្យ​ពួក​គេ​អាចយកបទពិសោធ​ពី​យើង​ទៅអនុវត្តនៅក្នុងជីវិតរបស់ពួកគេ។»

យុវ័ន​រូបនេះ​បន្ថែមថា ប្រសិនបើ​មាន​ពេល​គាត់​នឹង​​​ចូល​រួម​​អប់រំ​​​ជំនឿដើម្បីឱ្យ​ព្រះសហគមន៍​​មានជីវិតបន្តទៅមុខយ៉ាងរលូន។

ដោយសួន ស្រីហួច ដាលីស

Facebook
Twitter
LinkedIn