អត្ថបទព្រះគម្ពីប្រចាំថ្ងៃ សុក្រ ទី១៦ ខែមិថុនា ឆ្នាំ២០២៣

photo of holy bible near acoustic guitar

ព្រះយេស៊ូពិតជាមនុស្សដូចយើងទាំងអស់គ្នាបេះបិទ ទ្រង់បានសម្តែងព្រះហឫទ័យមេត្តាដ៏ប្រសើរលើសលប់របស់ព្រះជា ម្ចាស់​ចំពោះមនុស្សលោក ដោយស្រឡាញ់មនុស្សយ៉ាងខ្លាំងហួសពីការស្មាន។ ព្រះជន្មរបស់ព្រះអង្គហូរមកដល់មនុស្សយើង ក៏ដោយសារព្រះបេះដូងដែលត្រូវគេចាក់ជានិមិត្តរូបនៃសេចក្តីស្រឡាញ់របស់ព្រះអង្គដែរ។ ពិធីបុណ្យនេះ ជាឧិកាសរំឭកអំពីសេចក្តីស្រឡាញ់ដ៏អច្ចារ្យបំផុតរបស់ព្រះយេស៊ូចំពោះយើង។

អត្ថបទទី១៖ សូមថ្លៃងព្រះគម្ពីរទុតិយកថា ទក ៧,៦-១១

ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ចាត់​ទុក​អ្នក​ជា​ប្រជាជន​ដ៏‌វិសុទ្ធ។ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក បាន​ជ្រើស‌រើស​អ្នក​ពី​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន​នៅ​លើ​ផែន‌ដី ឲ្យ​ធ្វើ​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ​ផ្ទាល់»។ «ព្រះ‌អម្ចាស់​ស្រឡាញ់​អ្នក​រាល់​គ្នា ហើយ​ជ្រើស‌រើស​អ្នក​រាល់​គ្នា​ដូច្នេះ មិន​មែន​មក​ពី​អ្នក​រាល់​គ្នា​មាន​ចំនួន​ច្រើន​ជាង​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន​នោះ​ឡើយ ដ្បិត​អ្នក​រាល់​គ្នា​ជា​ជាតិ​សាសន៍​មួយ​តូច​ជាង​គេ​បំផុត។ 8 ព្រះ‌អង្គ​ជ្រើស‌រើស​អ្នក​រាល់​គ្នា មក​ពី​ព្រះ‌អង្គ​ស្រឡាញ់​អ្នក​រាល់​គ្នា ហើយ​សព្វ​ព្រះ‌ហឫទ័យ​គោរព​តាម​ព្រះ‌បន្ទូល ដែល​ព្រះ‌អង្គ​បាន​សន្យា​ជា​មួយ​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់​ប្រើ​ឫទ្ធិ‌បារមី​ដ៏​ខ្លាំង​ពូកែ​របស់​ព្រះ‌អង្គ ដើម្បី​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​ដែល​អ្នក​រាល់​គ្នា​ធ្វើ​ជា​ទាស‌ករ ព្រះ‌អង្គ​រំដោះ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ព្រះ‌ចៅ​ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីប។ 9 ដូច្នេះ អ្នក​ត្រូវ​ទទួល​ស្គាល់​ថា មាន​តែ​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​អ្នក​ប៉ុណ្ណោះ ដែល​ជា​ព្រះ​ដ៏​ពិត​ប្រាកដ។ ព្រះ‌អង្គ​គោរព​តាម​សម្ពន្ធ‌មេត្រី*​របស់​ព្រះ‌អង្គ ដោយ​ព្រះ‌ហឫទ័យ​ស្មោះ‌ត្រង់ ហើយ​សម្ដែង​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​រហូត​ដល់​មួយ​ពាន់​តំណ ចំពោះ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌អង្គ និង​កាន់​តាម​បទ‌បញ្ជា​របស់​ព្រះ‌អង្គ។ 10 ផ្ទុយ​ទៅ​វិញ ព្រះ‌អង្គ​ដាក់​ទោស​អស់​អ្នក​ដែល​ស្អប់​ព្រះ‌អង្គ និង​ធ្វើ​ឲ្យ​ពួក​គេ​វិនាស ដោយ​ឥត​បង្អង់​ឡើយ។ ដូច្នេះ អ្នក​ត្រូវ​កាន់​តាម​បទ‌បញ្ជា វិន័យ និង​បញ្ញត្តិ​ដែល​ខ្ញុំ​ប្រគល់​ឲ្យ​អ្នក​នៅ​ថ្ងៃ​នេះ ដើម្បី​ឲ្យ​អ្នក​យក​ទៅ​ប្រតិបត្តិ​តាម។

ទំនុកតម្កើងលេខ ១០៣ (១០២),១-៤.៦-១០ បទកាកគតិ

ខ្ញុំសូមសរសើរព្រះគ្មានអ្វីស្មើអស់ពីដួងចិត្ត
ខ្ញុំសូមតម្កើងនាមដ៏វិសុទ្ធព្រះដ៏មានឫទ្ធិ
ផុតលើលោកា
ខ្ញុំសូមតម្កើងសរសើរលើកឡើងអស់ពីចិន្តា
ខ្ញុំសូមរំលឹកព្រះហស្តអស្ចារ្យសប្បុរសករុណា
មិនបំភ្លេចឡើយ
ព្រះអង្គអត់ទោសនូវរាល់កំហុសដែលមានមកហើយ
ខ្ញុំបានប្រព្រឹត្តព្រះអង្គប្រោសឱ្យខ្ញុំបានធូរស្បើយ
ផុតរោគសោកសៅ
ព្រះអង្គរំដោះជីវិតឱ្យរស់ផុតពីរណ្តៅ
ព្រះអង្គអាណិតអាសូរពេកកូវខ្ញុំផុតសោកសៅ
ដោយទ្រង់មេត្តា
ព្រះម្ចាស់ប្រព្រឹត្តសព្វអស់ការកិច្ចល្អល្អះគ្មានពីរ
ហឫទ័យសុចរិតយុត្តិធ៌មគ្រប់ទីដល់អស់ជីវី
ត្រូវគេជិះជាន់
ព្រះអង្គសម្តែងឫទ្ធីគួរស្ញែងឱ្យម៉ូសេបាន
ស្គាល់មាគ៌ាទ្រង់គ្មានអ្វីរំខានប្រជាគ្រប់ប្រាណ
ដឹងហេតុអស្ចារ្យ
ព្រះអម្ចាស់ថ្លៃមានព្រះហឫទ័យអាណិតករុណា
ប្រណីសន្តោសគ្រប់ពេលវេលាដល់ជនគ្រប់គ្នា
មិនឱ្យមានភ័យ
ទ្រង់មិនបន្ទោសប្រើពាក្យគំរោះដាក់យើងរាល់ថ្ងៃ
ទ្រង់មិនពិរោធមិនខឹងជេរស្តីហើយតែងប្រណី
ដល់យើងគ្រប់គ្នា
១០ព្រះអង្គមិនដាក់ទោសយើងម្នាក់ៗឱ្យឈឺគ្រាំគ្រា
សមតាមអំពើបាបច្រើនមហិមាទ្រង់តែងគាំពារ
មិនយកទោសពៃរ៍

អត្ថបទទី២៖ សូមថ្លែងលិខិតទី១របស់សន្ដយ៉ូហាន ១យហ ៤,៧-១៦

កូន​ចៅ​ជា​ទី​ស្រឡាញ់​អើយ យើង​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ព្រោះ​សេចក្ដី​ស្រឡាញ់​កើត​មក​ពី​ព្រះ‌ជាម្ចាស់។ អ្នក​ណា​មាន​ចិត្ត​ស្រឡាញ់ អ្នក​នោះ​កើត​មក​ពី​ព្រះ‌ជាម្ចាស់ ហើយ​ក៏​ស្គាល់​ព្រះ‌ជាម្ចាស់​ដែរ។ 8 រីឯ​អ្នក​ដែល​មិន​ចេះ​ស្រឡាញ់ មិន​បាន​ស្គាល់​ព្រះ‌ជាម្ចាស់​ទេ ដ្បិត​ព្រះ‌ជាម្ចាស់​ជា​សេចក្ដី​ស្រឡាញ់។ 9 ព្រះ‌ជាម្ចាស់​បាន​សម្ដែង​ព្រះ‌ហឫទ័យ​ស្រឡាញ់​របស់​ព្រះ‌អង្គ​ក្នុង​ចំណោម​យើង គឺ​ព្រះ‌អង្គ​បាន​ចាត់​ព្រះ‌បុត្រាតែ​មួយ​គត់​របស់​ព្រះ‌អង្គ​ឲ្យ​យាង​មក​ក្នុង​លោក​នេះ ដើម្បី​ឲ្យ​យើង​មាន​ជីវិត​ដោយ‌សារ​ព្រះ‌បុត្រា។ 10 សេចក្ដី​ស្រឡាញ់​របស់​ព្រះ‌ជាម្ចាស់​មាន​ដូច​ត​ទៅ​នេះ មិន​មែន​យើង​ទេ​ដែល​បាន​ស្រឡាញ់​ព្រះ‌អង្គ គឺ​ព្រះ‌អង្គ​ទេ​តើ​ដែល​បាន​ស្រឡាញ់​យើង និង​បាន​ចាត់​ព្រះ‌បុត្រា​របស់​ព្រះ‌អង្គ​ឲ្យ​យាង​មក​បូជា​ព្រះ‌ជន្ម លោះ​យើង​ឲ្យ​រួច​ពី​បាប​ផង។ 11 កូន​ចៅ​ជា​ទី​ស្រឡាញ់​អើយ ប្រសិន​បើ​ព្រះ‌ជាម្ចាស់​បាន​ស្រឡាញ់​យើង​ដល់​កម្រិត​នេះ​ទៅ​ហើយ យើង​ក៏​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ។

12 ពុំ​ដែល​មាន​នរណា​បាន​ឃើញ​ព្រះ‌ជាម្ចាស់​ឡើយ។ ប្រសិន​បើ​យើង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ព្រះ‌ជាម្ចាស់​ស្ថិត​នៅ​ជាប់​នឹង​យើង ហើយ​ព្រះ‌ហឫទ័យ​ស្រឡាញ់​របស់​ព្រះ‌អង្គ នឹង​បាន​គ្រប់​លក្ខណៈ​នៅ​ក្នុង​យើង​ដែរ។ 13 យើង​ដឹង​ថា យើង​ស្ថិត​នៅ​ជាប់​នឹង​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ស្ថិត​នៅ​ជាប់​នឹង​យើង ដោយ​ព្រះ‌អង្គ​បាន​ចែក​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អង្គ​មក​យើង។ 14 រីឯ​យើង​វិញ យើង​បាន​ឃើញ ហើយ​យើង​ផ្ដល់​សក្ខី‌ភាព​ថា ព្រះ‌បិតា​បាន​ចាត់​ព្រះ‌បុត្រា​ឲ្យ​យាង​មក​សង្គ្រោះ​មនុស្ស​លោក។ 15 អ្នក​ណា​ប្រកាស​ជំនឿ​ថា​ព្រះ‌យេស៊ូ​ពិត​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់ ព្រះ‌ជាម្ចាស់​ស្ថិត​នៅ​ជាប់​នឹង​អ្នក​នោះ ហើយ​អ្នក​នោះ​ក៏​ស្ថិត​នៅ​ជាប់​នឹង​ព្រះ‌អង្គ​ដែរ។ 16 រីឯ​យើង​វិញ យើង​បាន​ស្គាល់​ព្រះ‌ហឫទ័យ​ស្រឡាញ់​របស់​ព្រះ‌ជាម្ចាស់ ក្នុង​ចំណោម​យើង ហើយ​យើង​ក៏​បាន​ជឿ។ ព្រះ‌ជាម្ចាស់​ជា​សេចក្ដី​ស្រឡាញ់ អ្នក​ណា​ស្ថិត​នៅ​ជាប់​នឹង​សេចក្ដី​ស្រឡាញ់ អ្នក​នោះ​ស្ថិត​នៅ​ជាប់​នឹង​ព្រះ‌ជាម្ចាស់ ហើយ​ព្រះ‌ជាម្ចាស់​ក៏​ស្ថិត​នៅ​ជាប់​នឹង​អ្នក​នោះ​ដែរ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អាលេលូយ៉ា! អាលេលូយ៉ា!
ខ្ញុំជាគង្វាលដ៏ល្អ ខ្ញុំស្គាល់ចៀមរបស់ខ្ញុំ ចៀមរបស់ខ្ញុំក៏ស្គាល់ខ្ញុំដែ​រ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១១,២៥-៣០

នៅ​ពេល​នោះ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ឡើង​ថា៖ «បពិត្រ​ព្រះ‌បិតា ជា​អម្ចាស់​នៃ​ស្ថាន​បរម‌សុខ* និង​ជា​អម្ចាស់​នៃ​ផែន‌ដី ទូល‌បង្គំ​សូម​សរ‌សើរ​តម្កើង​ព្រះ‌អង្គ ព្រោះ​ព្រះ‌អង្គ​បាន​សម្ដែង​ការ​ទាំង​នេះ​ឲ្យ​មនុស្ស​តូច‌តាច​យល់ តែ​ព្រះ‌អង្គ​បាន​លាក់​មិន​ឲ្យ​អ្នក​ប្រាជ្ញ និង​អ្នក​ចេះ​ដឹង​យល់​ទេ។ 26 មែន​ហើយ! ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​សម្រេច​ដូច្នេះ។ ព្រះ‌បិតា​របស់​ខ្ញុំ​បាន​ប្រគល់​អ្វីៗ​ទាំង​អស់​មក​ខ្ញុំ គ្មាន​អ្នក​ណា​ស្គាល់​ព្រះ‌បុត្រាក្រៅ​ពី​ព្រះ‌បិតា ហើយ​ក៏​គ្មាន​នរណា​ស្គាល់​ព្រះ‌បិតាក្រៅ​ពី​ព្រះ‌បុត្រា និង​អ្នក​ដែល​ព្រះ‌បុត្រា​សព្វ​ព្រះ‌ហឫ‌ទ័យសម្ដែង​ឲ្យ​ស្គាល់​នោះ​ដែរ»។ «អស់​អ្នក​ដែល​នឿយ‌ហត់ និង​មាន​បន្ទុក​ធ្ងន់​អើយ! ចូរ​មក​រក​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​បាន​សម្រាក។ 29 ចូរ​យក​នឹម​​របស់​ខ្ញុំ​ដាក់​លើ​អ្នក​រាល់​គ្នា ហើយ​រៀន​ពី​ខ្ញុំ​ទៅ អ្នក​រាល់​គ្នា​មុខ​ជា​បាន​ស្ងប់​ចិត្ត​មិន​ខាន ដ្បិត​ខ្ញុំ​ស្លូត និង​មាន​ចិត្ត​សុភាព។ 30 នឹម​របស់​ខ្ញុំ​ស្រួល ហើយ​បន្ទុក​ដែល​ខ្ញុំ​ដាក់​លើ​អ្នក​រាល់​គ្នា​ក៏​ស្រាល​ដែរ»។

Facebook
Twitter
LinkedIn