បុណ្យរម្លឹក
សន្ដអន់ទន នៅប៉ាឌូ ជាបូជាចារ្យ
និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
លោកហ្វេរណង កើតនៅស្បូន (ប្រទេសព័រទូហ្គាល)។ លោកជាបូជាចារ្យក្រុមគ្រួសារបព្វជិតសន្តហ្វ្រង់សីស្កូ ហើយទទួលឈ្មោះថា “អន់ទន”។ លោកមានសំនួនវោហារ ស្គាល់គម្ពីរយ៉ាងស្ទាត់ជំនាញ ហើយដើរប្រៀនប្រដៅអ្នកស្រុក។ លោកទទួលមរណភាពនៅក្រុងប៉ាដូវ៉ា (ប្រទេសអ៊ីតាលី) នៅឆ្នាំ១២៣៤ ក្នុងជន្មាយុសាមសិបប្រាំមួយឆ្នាំ។ គ្រីស្តបរិស័ទតែងដំណាលរឿងដ៏អស្ចារ្យជាច្រើនអំពីលោក តាមរបៀបប្រជាប្រិយ។
អត្ថបទទី១៖ សូមថ្លែងលិខិតទី២ របស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងកូរិនថូស ២ករ ១,១៨-២២
បងប្អូនជាទីស្រឡាញ់!
មានព្រះជាម្ចាស់ជាសាក្សីស្រាប់ហើយថា យើងមិននិយាយមកកាន់បងប្អូន ដោយពោលពាក្យប្រែប្រួល បាតដៃជាខ្នងដៃនោះទេ ដ្បិតព្រះយេស៊ូគ្រីស្តជាព្រះបុត្រារបស់ព្រះជាម្ចាស់ដែលយើងប្រកាស គឺទាំងខ្ញុំ ទាំងលោកស៊ីលវ៉ាន់ និងលោកធីម៉ូថេប្រកាសក្នុងចំណោមបងប្អូននោះ ព្រះអង្គមិនប្រែប្រួលបាតដៃជាខ្នងដៃសោះឡើយ នៅក្នុងព្រះអង្គមានតែពាក្យសច្ចៈប៉ុណ្ណោះ។ ព្រះគ្រីស្តបានធ្វើឱ្យព្រះបន្ទូលសន្យាទាំងប៉ុន្មានរបស់ព្រះជាម្ចាស់បានសម្រេចជារូបរាងសព្វគ្រប់ទាំងអស់។ ហេតុនេះហើយ បានជាយើងពោលពាក្យ “អាម៉ែន” ទៅកាន់ព្រះជាម្ចាស់ដោយសារព្រះគ្រីស្ត ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ។ គឺព្រះជាម្ចាស់ហ្នឹងហើយដែលប្រទានឱ្យយើង និងបងប្អូនមានជំនឿខ្ជាប់ខ្ជួនលើព្រះគ្រីស្ត ព្រមទាំងចាក់ប្រេងលើយើងផង។ ព្រះអង្គក៏បានដៅសញ្ញាសម្គាល់របស់ព្រះអង្គលើយើង និងប្រទានព្រះវិញ្ញាណមកបញ្ចាំចិត្តយើងដែរ។
ទំនុកតម្កើងលេខ ១១៩ (១១៨),១២៩-១៣៣.១៣៥ បទពាក្យ ៧
១២៩ | ដំបូន្មាននៃព្រះអម្ចាស់ | ល្អវិសេសណាស់គ្រប់ពាក្យពេចន៍ | |
ហេតុនេះខ្ញុំធ្វើតាមជានិច្ច | ឥតបីមានភ្លេចភ្លាត់របេះ | ។ | |
១៣០ | ការស្វែងរកព្រះបន្ទូលទ្រង់ | ឱ្យចិត្តភ្លឺស្វាងប្រាកដណាស់ | |
ហើយធ្វើឱ្យអ្នកទន់ទាបចេះ | ពិចារណាត្រិះរិះគូរគិត | ។ | |
១៣១ | ខ្ញុំខំយកចិត្តទុកដាក់ស្តាប់ | ដោយក្តីត្រងត្រាប់អស់ពីចិត្ត | |
ដ្បិតខ្ញុំចង់ស្គាល់វិន័យក្រឹត្យ | ព្រះម្ចាស់ពេកពិតឥតមានណាយ | ។ | |
១៣២ | សូមបែរព្រះភក្ត្រទតមកខ្ញុំ | សូមប្រណីកុំបីរសាយ | |
ដូចទ្រង់ប្រណីមនុស្សទាំងឡាយ | ធ្លាប់ស្មោះឱនកាយថ្វាយព្រះអង្គ | ។ | |
១៣៣ | សូមជួយពង្រឹងទូលបង្គំ | មានចិត្តរឹងមាំមិនឃ្លេងឃ្លោង | |
កុំបណ្តោយខ្ញុំធ្លាក់ទៅក្នុង | រណ្តៅអន្លង់ជ្រោះជ្រៅឡើយ | ។ | |
១៣៥ | សូមទ្រង់សម្តែងព្រះហឫទ័យ | អាណិតប្រណីមកឆាប់ៗ | |
អ្នកបម្រើទ្រង់ឱ្យចេះច្បាប់ | វិន័យសព្វគ្រប់បានភ្លឺស្វាង | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ៣,១៩.២១
អាលេលូយ៉ា! អាលេលូយ៉ា!
ពន្លឺយាងមកក្នុងពិភពលោក អ្នកដែលប្រព្រឹត្តតាមសេចក្តីពិតតែងតែចូលមករកពន្លឺ ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ៥,១៣-១៦
ក្រុមសាវ័កជួបជុំជាមួយព្រះយេស៊ូនៅលើភ្នំ។ ព្រះអង្គមានព្រះបន្ទូលមកកាន់ពួកគេថា៖ «អ្នករាល់គ្នាជាអំបិលសម្រាប់មនុស្សលោក ប៉ុន្តែ បើអំបិលបាត់ជាតិប្រៃហើយ តើគេនឹងយកអ្វីមកធ្វើឱ្យប្រៃឡើងវិញបាន?។ អំបិលនោះគ្មានប្រយោជន៍អ្វីទៀតទេ គឺមានតែបោះចោលទៅខាងក្រៅឱ្យមនុស្សដើរជាន់ប៉ុណ្ណោះ។ អ្នករាល់គ្នាជាពន្លឺសម្រាប់បំភ្លឺមនុស្សលោក។ គេមិនអាចលាក់កំបាំងក្រុងណាដែលសង់នៅលើភ្នំបានឡើយ។ គេមិនដែលអុជចង្កៀង ហើយយកធុងគ្របពីលើនោះទេ គឺគេតែងយកចង្កៀងទៅដាក់លើជើងចង្កៀងវិញ ហើយចង្កៀងនោះបំភ្លឺអស់អ្នកដែលនៅក្នុងផ្ទះ។ ចូរឱ្យពន្លឺរបស់អ្នករាល់គ្នាបំភ្លឺមនុស្សទាំងឡាយដូច្នោះដែរ គេនឹងឃើញអំពើល្អដែលអ្នករាល់គ្នាប្រព្រឹត្ត ហើយនាំគ្នាលើកតម្កើងសិរីរុងរឿងព្រះបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានបរមសុខ»។