ព្រះវិហារធម៌មេត្តាករុណាព្រះជាម្ចាស់ ខ្នាចរមាស ស្ថិតនៅភូមិកោះរាម ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង នឹងមានព្រះវិហារថ្មីឆាប់ៗនេះ។ នេះបើតាមការបញ្ជាក់របស់លោកម៉ានុច កុមារឯកា ជាបូជាចារ្យទទួលខុសត្រូវ។
នាព្រឹកថ្ងៃទី០៩ខែមិថុនាកន្លងទៅ លោកអភិបាល អេនរីគេ ហ្វីការេដូ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង បានធ្វើជាអធីបតីក្នុងពិធីបញ្ចុះបឋមសិលា សម្រាប់សាងសង់ព្រះវិហារថ្មី ដោយរួមជាមួយលោកបូជាចារ្យ ដូនជី និងគ្រីស្តបរិស័ទប្រមាណជា១០០នាក់។
អ្នកស្រីឡា សុខា វ័យ៥២ឆ្នាំ ជាគ្រីស្តបរិស័ទនៅព្រះសហគមន៍នេះ ឲ្យដឹងថា នៅរដូវវស្សារាល់ពេលដែលថ្វាយអភិបូជាគឺតម្រូវឱ្យបងប្អូនគ្រីស្តបរិស័ទលើកអាសនៈទៅក្រោមផ្ទះធំដើម្បីថ្វាយបង្គំព្រះជាម្ចាស់ ហើយពេលមានពិធីបុណ្យធំៗក៏មានការលំបាកដែរ ដោយសារព្រះវិហារតូចចង្អៀត។
អ្នកស្រីបន្ថែមថា «នៅពេលដឹងថាមានព្រះវិហារថ្មីគឺសប្បាយចិត្តខ្លាំងព្រោះយើងលែងចង្អៀត លែងលិចទឹកនិងមិនពិបាកសែងអាសនៈចុះឡើងទៀតហើយ។»
លោកបូជាចារ្យ ម៉ានុច កុមារឯកា មានប្រសាសន៍ថា ដោយសារកត្តានេះ លោកបានខិតខំស្វែងរកជំនួយទាំងក្នុងនិងក្រៅប្រទេស ដើម្បីសាងសង់ព្រះវិហារថ្មីសម្រាប់ថ្វាយបង្គំព្រះជាម្ចាស់។
លោកថា «នៅពេលមានព្រះវិហារស្អាតណែនាំឱ្យយើងមានអារម្មណ៍ល្អព្រោះព្រះវិហារជាកន្លែងទំនាក់ទំនងជាមួយព្រះជាម្ចាស់ សន្ទនាជាមួយព្រះជាម្ចាស់នឹងជាពិសេសការអធិដ្ឋានគឺត្រូវស្ងប់ចិត្ត។»
នៅក្នុងកម្មវិធីចុះបឋមសិលានាថ្ងៃនោះដែរ អ្នកចូលរួមទាំងអស់បានដង្ហែជុំវិញបរិវេណគម្រោងសាងសង់ព្រះវិហារថ្មីចំនួន៣ជុំដោយមានពន្លឺទៀនព្រះជ័យនាំមុខព្រះឈើឆ្កាងលាយឡំជាមួយនិងចម្រៀងយ៉ាងពីរោះរណ្ដំ។
ក្នុងពិធីនោះ ក៏មានពិធីបាចអំបិល និងអុជទៀនក្នុងបរិវេណដីសាងសង់ ដែលជានិមិត្តរូបរំឭកគ្រីស្តបរិស័ទអំពីតួនាទីនិងកាតព្វកិច្ចរបស់ខ្លួន។
លោកបូជាចារ្យ ទម្លាប់ សុផល ជាអតីតបូជាចារ្យទទួលខុសត្រូវព្រះសហគមន៍នេះ បានពន្យល់ថា គ្រីស្តបរិស័ទត្រូវធ្វើជាអំបិលមានជាតិប្រៃ គឺត្រូវរស់នៅនិងអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយធ្វើជាពន្លឺរបស់ព្រះជាម្ចាស់ ដើម្បីនាំ មនុស្សឯទៀតៗស្គាល់ព្រះជាម្ចាស់។
ក្នុងពិធីនោះដែរ លោកអភិបាលអេនរីគេ មានប្រសាសន៍ថា ពេលនេះជាពេលវេលាដែលយើងត្រូវអរព្រះគុណព្រះជាម្ចាស់សម្រាប់ព្រះវិហារថ្មី។
លោកអភិបាលបញ្ជាក់ថា ព្រះជាម្ចាស់មិនត្រូវការព្រះវិហារទេ គឺព្រះអង្គត្រូវការយើង តែយើងទេដែលត្រូវការព្រះវិហារដើម្បីនៅជិតស្និទ្ធជាមួយព្រះអង្គ និងជួបជុំគ្នាដើម្បីប្រកាសធម៌មេត្តាករុណារបស់ព្រះអង្គ។
លោកអភិបាលបានលើកទឹកចិត្តដល់គ្រីស្តបរិស័ទនៅទីនេះថា ព្រះវិហារថ្មីនេះជាសញ្ញាសម្គាល់ថាយើងចេះរួបរួមគ្នា យើងកសាងព្រះសហគមន៍រួមគ្នា យើងចេះសម្រុះសម្រួលគ្នា យើងចេះលើកទឹកចិត្តគ្នាដូចក្រុមសាវ័ករួបរួមគ្នាជាមួយព្រះយេស៊ូទោះបីជាមានឧបសគ្គច្រើនប៉ុន្តែយើងសុខចិត្តលះបង់នឹងដើរតាមព្រះអង្គ។
«ទោះបីជាយើងមានជាមនុស្សល្អឬមិនល្អ ព្រះជាម្ចាស់មានចិត្តមេត្តាករុណា ចិត្តស្រលាញ់ និងចង់ឱ្យយើងចេះកែប្រែ ហើយព្រះអង្គគង់នៅជាមួយយើងរហូត។» លោកអភិបាលបញ្ជាក់ថា «ដូច្នេះយើងត្រូវមានអំណរសប្បាយក្នុងដួងចិត្ត។»
ក្រោយបញ្ចប់ធម្មទេសនាលោកអភិបាល បានទ្រាបដៃលើរណ្ដៅដោយអធិដ្ឋាន បន្ទាប់មកលោកដាក់ដីមរណសាក្សី រូបឈើឆ្កាង ធម៌ប្រកាសជំនឿ ធម៌ឱព្រះបិតា និងបញ្ជីឈ្មោះគ្រីស្តបរិស័ទចូលក្នុងបំពង់មួយ ហើយកប់ទៅក្នុងដីដែលនឹងក្លាយជាកន្លែងរៀបចំតុអាសនៈ។
តាមការឲ្យដឹងរបស់លោកបូជាចារ្យម៉ានុច ប្រាប់ថា សំណង់នឹងរួចរាល់ក្នុងពេលពី៦ទៅ៨ខែទៀត។ ព្រះវិហារថ្មីមានទំហំទទឹង១០ម៉ែត្រនិងបណ្ដោយ៣០ម៉ែត្រ ហើយអាចទទួលមនុស្សបានពី៣០០ទៅ៤០០នាក់។
លោកបន្ថែមទៀតថា ព្រះវិហារនេះ ចំណាយប្រាក់ជិត១០ម៉ឺនដុល្លារអាមេរិក ហើយថវិកាពាក់កណ្តាលបានមកពីសប្បុរជនក្រៅប្រទេស និងមួយចំនួនទៀតកំពុងស្វែងរកបន្ថែម។
លោកថា ជាមួយគ្នានេះដែរ ក៏មានគ្រីស្តបរិស័ទក្នុងប្រទេសមួយចំនួនបានឧបត្ថម្ភជាសម្ភារផ្សេងៗសម្រាប់ដាក់ក្នុងព្រះវិហារផងដែរ។
ព្រះវិហារធម៌មេត្តាករុណាព្រះជាម្ចាស់ស្ថិតនៅក្នុងភូមិភាគបាត់ដំបង ជាព្រះសហគមន៍ដែលបែកចេញពីព្រះសហគមន៍ចំណោម។ ព្រះសហគមន៍នេះបានកកើតឡើងវិញនៅឆ្នាំ១៩៩៩ ដែលសព្វថ្ងៃមានគ្រីស្តបរិស័ទប្រមាណចំនួន៦៥នាក់ និងមាន១៥នាក់ដែលកំពុង ឈ្វេងយល់អំពីជំនឿ៕
ដោយចាន់ម៉ានុត