អភិបាលទាំងបីភូមិភាគ ពេញចិត្តនឹង​ពិធី​សំណាក់ធម៌បូជាចារ្យប្រចាំឆ្នាំ២០២៣ ​បន្ទាប់ពីខកខាន​ច្រើនឆ្នាំ

សភា​អភិបាល​ព្រះសហគមន៍កាតូលិកនៅ​កម្ពុជា បានរៀបចំ​សំណាក់ធម៌​​បូជាចារ្យប្រចាំឆ្នាំ២០២៣ ​​ដែល​បានធ្វើឡើង​នា​សហគមន៍​​សន្តមីកាអែលនៃមណ្ឌលសកម្មភាពកំពង់សោម រយៈពេល​៦ថ្ងៃ​ ដោយ​បាន​​បញ្ចប់​ដោយទទួល​បាន​ផ្លែផ្កា​ល្អ​។​

ពិធី​សំណាក់ធម៌បូជាចារ្យប្រចាំឆ្នាំ២០២៣នេះ​​ បានរៀបចំកាលពី​​​ថ្ងៃ​២៩ ខែឧសភា​ ​ដល់​ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣កន្លងមកនេះ ​ក្រោមអធិបតីភាព​ លោកអគ្គអភិបាល ជូលាន លេអូ ប៊េ​ងគីម ​នៃរដ្ឋធានីកូឡាឡាំពួរ ​ដោយ​មានការ​ចូលរួមពីលោកអភិបាលទាំងបីភូមិភាគ ​លោកបូ​ជាចារ្យ ​និង​លោកឧបដ្ឋាក​ជាច្រើនរូប។

កម្មវិធីនេះ ​ចាប់ផ្ដើមសារឡើងវិញដោយ​មានការ​ជួបជុំគ្នារវាងបូជាចារ្យអន្តរភូមិភាគ​បន្ទាប់ពីប្រទេសកម្ពុជាបានជួបនឹងជម្ងឺរាតត្បាតកូវីដ១៩​ បណ្ដាលឱ្យសកម្មភាព​ព្រះសហគមន៍ផ្អាកដំ​ណើរការខ្លះៗ ដូចជាការសិក្សាអប់រំ សិក្ខាសាលាខ្លីៗនឹងសកម្មភាព​យុវជន​ជាដើម។​

​លោកអគ្គអភិបាល ជូលាន លេអូ ប៊េងគីម ​មានប្រសាសន៍ថា ៖ «ខ្ញុំរីករាយណាស់ដែលបានម​ក​ក្រុងព្រះសីហនុ នៃ​ប្រទេសកម្ពុជានេះ ដើម្បីណែនាំសំណាក់ធម៌ខ្លះៗដល់ក្រុមលោកបូជាចា​រ្យនៅក្នុងប្រទេសកម្ពុជានាពេលនេះ​»។

លោកបន្តថា ៖ «ខ្ញុំសូមអរគុណលោកអភិបាលគីគេដែលបានអញ្ជើញខ្ញុំ លោកអភិបាលអូលីវយ៉េដែលបានស្វាគមន៍យ៉ាងកក់ក្តៅ និង​លោកអភិបាលលីផងដែរ ហើយក្នុងរយៈពេលប៉ុន្មានថ្ងៃ​នេះ ខ្ញុំ​សង្កេតឃើញថាលោកបូជាចារ្យទាំងអស់មានឆន្ទៈនៅក្នុងកិច្ចការបម្រើ​​ព្រះសហគមន៍នៅកម្ពុជា»។ 

លោកអគ្គអភិបាលលើកឡើងដោយ​សង្ឃឹមថា លោកនឹងអាចមានពេលវេលា​ច្រើនជាងនេះទៀត​នៅ​ពេលក្រោយ​ ដើម្បីធ្វើទស្សនកិច្ចនៅក្នុងប្រទេសដ៏ស្រស់ស្អាតបែបនេះ  ហើយពេលដែល​​លោកចាកចេញទៅប្រទេស​លោកវិញ ​លោកនៅតែ​មានអនុស្សាវរីយ៍ល្អៗ​ពីកិច្ចការសា​សនទូត និងព្រះសហគមន៍នៅទីនេះ។  ​

លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ក៏​បានលើកឡើងដែរ​ថា ​​ពិធី​​សំ​ណាក់​ធម៌បូជាចារ្យ​នេះដែរ មានការចូលរួមពី​​បូជាចារ្យ ប្រមាណជា​​៦០​នាក់ ទាំង៣ភូមិភាគ​​។

លោកបន្តថា ៖ «ឆ្នាំនេះជាពេលវេលាមួយល្អសម្រាប់យើងដោយសារតាំងពីឆ្នាំ២០១៩មកយើ​ង​​មិ​ន​ដែល​មានសំណាក់ធម៌រួមគ្នាដូចនេះឡើយ ដោយសារតែការរាលដាលនៃមេរោគ​កូវីដ-១​៩ ហើយឆ្នាំនេះ​យើងបានរៀបចំជាមួយលោកអគ្គអភិបាលដែលមកពីរដ្ឋធានីកូឡាឡាំពួរនៃប្រ​ទេសម៉ាឡេស៊ី បានណែនាំយើងជាក្រុមបូជាចារ្យ ជាក្រុមលោកអភិបាលធ្វើដំណើរជាមួយគ្នា»។

«ជាពិសេសនៅ​ក្នុង​ទំនាក់ទំនងជាមួយព្រះជាម្ចាស់ ​​​គ្រីស្តបរិស័ទ ​សង្គម ​គ្រប់វិស័យ និង​ទំនាក់ទំនងជាមួយធម្មជាតិ ដើម្បី​បង្កើត​ជីវិតយើងដែលភ្ជាប់ជាមួយព្រះជាម្ចាស់ ​ពិសេសទទួលពន្លឺពីព្រះវិញ្ញាណដ៍វិសុទ្ធ»។ នេះបើតាមការបន្ថែម​ពី​លោក អូលីវីយ៉េ។​

ជាមួយគ្នានោះដែរ លោកអភិបាល ទេព ច័ន្ទពិសិដ្ឋ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភា​គ​បាត់ដំបង ក៏​បាន​ថ្លែង​ឡើងដែរ​ថា រយៈពេល៣ឆ្នាំមកនេះ ​មិនមាន​ការ​​ជួបជុំគ្នាជាមួយបូជាចា​រ្យ​ទាំងអស់ដើម្បីសំណាក់ធម៌ អធិដ្ឋានជាមួយគ្នានោះឡើយ​។

លោកមានប្រសាសន៍ថា ៖ «របៀបដែលលោកអគ្គអភិបាលបង្រៀន និងទេសនាជារបៀបមួយសុ​ភាព​រាបសារ ​ទន់ភ្លន់ ហើយការ​និយាយ​​ភាសាអង់គ្លេស​ងាយស្រួលស្ដាប់ ​​នាំឱ្យចូលនៅក្នុងន័យ​ទំនាក់ទំនង​ជាមួយព្រះជាម្ចាស់​ ​ជាមួយបងប្អូនឯទៀតៗ ​ជាមួយធម្មជាតិ ដែល​នាំ​ឱ្យ​យើ​ង​មានសេចក្ដីសុខសប្បាយ​»។

ចំណែក លោកអភិបាល សិលា​ សួនហង្សលី ក៏បាន​​លើកឡើងដែរ​ថា សំណាក់ធម៌នេះពិតជាមានសារៈសំខាន់ ដែលលោកអគ្គអភិបាលបានណែនាំដល់បូជាចារ្យទាំងអស់ ទោះបីជាការ​និយា​​យជាភាសាអង់គ្លេសក៏ដោយ ប៉ុន្តែជារបៀបមួយស្រួលស្ដាប់ ហើយ​ប្រធានបទក៏​ស្រួលដែរ ដោយលោកបានលើកឡើងមកទាក់ទងជាមួយនឹងទំនាក់ទំនង។

លោកបន្ថែមថា ៖ «ប្រធានបទដែលនិយាយ​ពីទំនាក់ទំនង និង​ពីការ​ឯកភាព ធ្វើឱ្យនឹកឃើញដ​ល់ព្រះបន្ទូលរបស់ព្រះយេស៊ូដែលមានព្រះបន្ទូលអង្វរព្រះជាម្ចាស់ជាព្រះបិតាថា សូមឱ្យយើ​ងរួមគ្នាជាអង្គតែមួយដូចព្រះអង្គរួមគ្នាជាមួយព្រះបិតា និងព្រះវិញ្ញាណដ៌វិសុទ្ធ»។

លោកអភិបាល សិលា​ សួនហង្សលី បានបន្តថា ៖ «នៅពេលដែលយើងរួមគ្នាគឺយើងផ្ដល់សក្ខីភាពថាពិត​មានព្រះយេស៊ូយាងមកក្នុងលោកនេះ និងមានព្រះជាម្ចាស់គង់នៅជាមួយយើងដើ​ម្បីប្រកាសដំណឹងល្អដល់បងប្អូនឯទៀតៗមែន»​។ សូម​បញ្ជាក់ដែរថា មណ្ឌលសកម្មភាពកំពង់សោម ជាមណ្ឌលសកម្មភាពមួយក្នុងចំណោមម​ណ្ឌ​លសកម្មភាពទាំង៩នៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញដែលមានលោកបូជាចារ្យ តាវ៉ូឡា យ៉ាំងលូកា ជាអ្នកទទួលខុសត្រូវ ហើយនៅថ្ងៃទី២៥ ខែមិថុនា ​ខាងមុខនេះ លោកនឹងបំពេញមកបេសកម្មថ្មីដែលជានាយកទេវវិទ្យាល័យនៅរាជធានីភ្នំពេញផងដែរ​

Facebook
Twitter
LinkedIn