ព្រះសហគមន៍កាតូលិកបាត់ដំបង បានរៀបចំពិធីបុណ្យលើកតម្កើងព្រះវិញ្ញាណយាងមក និងអបអរសាទរបងប្អូនទាំង៣៩នាក់ ទទួលអគ្គសញ្ញា លាបថ្ងាស កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោកអភិបាល ទេព ច័ន្ទពិសិដ្ឋ អភិបាលប្រចាំភូមិភាគបាត់ដំបង។
ពិធីនេះក៏មានការចូលរួមពីលោកអភិបាល ដូនិល តូឌីធូរ៉ាកូ អគ្គលេខាធិការ ក្រសួងទំនាក់ទំនង សម្រាប់អន្តរសាសនា តំណាងពីសម្តេចប៉ាប នៃបុរីវ៉ាទីកង់ ទីក្រុងរ៉ូម រួមនឹងលោកបូជាចារ្យ និងបងប្អូនគ្រីស្តបរិស័ទជាច្រើនទៀត។
បងប្អូនទាំង៣៩នាក់ ដែលទទួលអគ្គសញ្ញាលាបថ្ងាស នាឱកាសនោះ មកពីព្រះសហគមន៍ផ្សេងៗគ្នា ក្នុងនោះមាន៖ ព្រះសហគមន៍តាហែន ព្រះសហគមន៍និគម ព្រះសហគមន៍ប៉ៃលិន ព្រះសហគមន៍ស្នឹង ព្រះសហគមន៍ ចំណោម និងព្រះសហគមន៍ស្វាយស៊ីសុផុន។
លោក ទេព ច័ន្ទពិសិដ្ឋ មានប្រសាសន៍នាឱកាសនោះថា ៖ «សម្រាប់ខ្ញុំបុណ្យថ្ងៃនេះ ដែលមានបេក្ខជន៣៩នាក់ទទួល អគ្គសញ្ញា មានន័យថា ព្រះសហគមន៍មានដំណាក់កាលនៅជាមួយព្រះជាម្ចាស់តាមមាគ៌ារបស់ព្រះអង្គដែលយើងមានកូនចេះស្តាប់ព្រះបន្ទូល ចេះស្តាប់ព្រះវិញ្ញាណដ៏វិសុទ្ធ និងទទួលអំណោយទានពីព្រះ ជាម្ចាស់ដើម្បីឲ្យយើងក្លាយជាមនុស្សល្អ សុចរិត ស្រឡាញ់ព្រះជាម្ចាស់ និងមានចិត្តកា្លហានហ៊ានដើរ តាមមាគ៌ាព្រះអង្គ»។
លោកបានបន្តថា ៖ «មុនមានថ្ងៃនេះ យើងមានបុណ្យចម្លងដែលយើងដឹងថាព្រះយេស៊ូ ទទួលការលំបាក សោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ ប៉ុន្តែដើម្បីឲ្យយើងដឹង ព្រះជាម្ចាស់គង់នៅជាមួយយើងពិត ប្រាកដព្រះជាម្ចាស់ប្រទានឲ្យយើងព្រះវិញ្ញាណដ៏វិសុទ្ធដែលនាំឲ្យយើងមានឫទ្ធានុភាពពីព្រះជាម្ចាស់»។
លោកអភិបាលបានបន្ថែមទៀតថា មួយវិញទៀត ការដែលមានការជួបជុំគ្នាជាធ្លុងតែមួយ រួមគ្នាដូចព្រះសហគមន៍Synodal រួមគ្នាដើរទៅខាងមុខ។ ពេលណាលោកឃើញកូនៗ ទទួលអគ្គសញ្ញា លោកមានការរំភើប និងជាព្រះអំណោយទានពីព្រះជាម្ចាស់ សម្រាប់ព្រះសហគមន៍ និងពិភពលោកទាំងមូល។
ក្នុងពិធីនោះដែរ លោក ទេព ច័ន្ទពិសិដ្ឋ បានជូនពរបេក្ខជនក្នុងព្រះសហគមន៍ដែលទទួលអគ្គសញ្ញាលាបថ្ងាស ទទួលព្រះវិញ្ញាណដ៏វិសុទ្ធ ទទួលព្រះអំណោយទានពីព្រះជាម្ចាស់តាមរយៈព្រះវិញ្ញាណដ៏វិសុទ្ធ ដើម្បីឲ្យមានចិត្តក្លាហាន ចិត្តអង់អាច ឲ្យហ៊ានដើរតាមព្រះអង្គ ឲ្យហ៊ានប្រកាសដំណឹងល្អដល់អ្នកក្រីក្រ ដល់អ្នកដែលគ្មានសេចក្តីសង្ឃឹម ឬមិនស្គាល់សេចក្តីស្រឡាញ់ព្រះយេស៊ូ។
លោក ប៉ូល និល ឌីជេ បេក្ខជនមកពីព្រះសហគមន៍ស្វាយស៊ីសុផុន បានបង្ហាញចំណាប់អារម្មណ៍ឱ្យដឹងដែរថា លោកពិតជាមានអារម្មណ៍សប្បាយរីករាយខ្លាំងណាស់ នៅពេលបានទទួលអគ្គសញ្ញាលាបថ្ងាសពីលោកអភិបាលនាពេលនេះ។
លោកបានប្រាប់ថា ៖ «អគ្គសញ្ញាលាបថ្ងាស មានអត្តន័យសម្រាប់ខ្ញុំ គឺឲ្យខ្ញុំទទួលបានជីវិតថ្មីពេញលីញ។ បន្ទាប់ពីបានទទួល ជីវិតជាគ្រីស្តបរិស័ទពេញលក្ខណៈហើយ ខ្ញុំនឹងប្រកាសដំណឹងល្អ និងធ្វើជាគ្រីស្តបរិស័ទល្អ ផ្តល់គំរូដល់ អ្នកដទៃ»៕