ក្នុងពិធីអគ្គសញ្ញាលាបថ្ងាសដល់បេក្ខជន២៥នាក់ នៅមណ្ឌលសកម្មភាពកំពង់សោម លោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ មានប្រសាសន៍ថា ព្រះវិញ្ញាណដ៍វិសុទ្ធគឺជាខ្យល់ដង្ហើមរបស់ព្រះជាម្ចាស់ដែលជំរុញឱ្យយើងទៅមុខដោយមានសេចក្ដីក្លាហាន ឱ្យយើងមានកម្លាំង។
លោកអភិបាលអូលីវីយ៉េ បានលើកទឹកចិត្តដល់បេក្ខជនទាំងអស់ឲ្យយកចិត្តទុកដាក់ធ្វើជាគ្រីស្តបរិស័ទសកម្ម ដោយចូលព្រះវិហារជាប្រចាំ អធិដ្ឋានផ្ទាល់ខ្លួនរៀងរាល់ថ្ងៃ យកចិត្តទុកដាក់បង្ហាញធម៌មេត្តាករុណាដល់អ្នកដទៃនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ។
អគ្គសញ្ញាលាបថ្ងាសជាពិធីមួយសម្រាប់គ្រីស្តបរិស័ទដែលបានទទួលពិធីជ្រមុជទឹករួច ដែលបញ្ជាក់អំពីអត្ថន័យថា ពួកគាត់ជាមនុស្សពេញវ័យ ដែលអាចទៅប្រកាសដំណឹងល្អអំពីព្រះជាម្ចាស់ ដោយមានព្រះវិញ្ញាណគង់នៅជាមួយ។
មុនទទួលអគ្គសញ្ញាលាបថ្ងាស បេក្ខជនទាំង២៥នាក់ បានចូលរួមពិធីសំណាក់ធម៌ដែលណែនាំដោយលោកអភិបាលអូលីវីយ៉េ។
ក្នុងពិធីនោះ លោកបង្រៀនថា ព្រះវិញ្ញាណដ៍វិសុទ្ធ គឺណែនាំឱ្យគ្រីស្តបរិស័ទទៅជាមនុស្សខុសគេនៅក្នុងរបៀបរស់នៅប្រចាំថ្ងៃ ដោយខិតខំអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងជិវិត និងមានទំនាក់ទំនងជិតស្និទ្ធិជាមួយព្រះអង្គ។
លោកបន្ថែមទៀតថា ព្រះអំណោយទានទាំង៧ដែលណែនាំឱ្យយើងទៅជាមនុស្សពិសេសខុសគេ នោះគឺព្រះវិញ្ញាណដ៍វិសុទ្ធផ្ដល់ឱ្យមានប្រាជ្ញាឈ្លាសវៃ ព្រះវិញ្ញាណដ៍វិសុទ្ធណែនាំឱ្យចេះដឹងខុសដឹងត្រូវ ព្រះវិញ្ញាណដ៍វិសុទ្ធផ្ដល់ឱ្យដឹងសេចក្ដីពិត ព្រះវិញ្ញាណដ៍វិសុទ្ធណែនាំឱ្យមានយោបល់ល្អ ព្រះវិញ្ញាណដ៍វិសុទ្ធណែនាំឱ្យមានសេចក្ដីអង់អាចក្លាហាន ព្រះវិញ្ញាណដ៍វិសុទ្ធណែនាំឱ្យប្រព្រឹត្តតាមសេចក្ដីណែនាំរបស់ព្រះវិញ្ញាណ ព្រះវិញ្ញាណបំភ្លឺឱ្យស្គាល់នឹងចេះគោរពកោតខ្លាចព្រះបិតា ទាំងនេះជាអំណោយពិសេសដែលណែនាំឱ្យយើងចូលនៅក្នុងព្រះជាម្ចាស់យ៉ាងពេញលក្ខណៈ។