យុវជនកម្ពុជាចំនួន៤៥នាក់ បានរៀបចំខ្លួនដើម្បីចូលរួមក្នុងទិវាយុវជនពិភពលោក ដែលនឹងធ្វើឡើងនៅប្រទេសព័រទុយហ្គាល់ ក្នុងខែកក្កដាខាងមុខនេះ លើប្រធានបទ «នាងម៉ារី ក្រោកឡើងប្រញាប់ប្រញាល់ធ្វើដំណើរទៅកាន់ភូមិមួយ នៅតំបន់ភ្នំ ក្នុងស្រុកយូដា»។
«នេះជាឱកាសមួយដើម្បឱ្យយុវជន យុវនារី បង្កើតទំនាក់ទំនង បង្កើតមិត្តភាពជាមួយយុជនដែលមកពីប្រទេសខុសៗគ្នា បង្ហាញបទពិសោធន៍នៃជំនឿ បានជួបសម្តេចប៉ាប អធិដ្ឋាន អភិបូជា រួមជាលោក។» នេះជាការលើកឡើងរបស់លោកស៊ាន់ សារឿន ប្រធានការិយាល័យ ជំទង់ កុមារ ភូមិភាគភ្នំពេញ និងជាអ្នកសម្របសម្រួលដឹកនាំតំណាងយុវជនកាតូលិកកម្ពុជា ចូលរួមទិវាយុវជនពិភពលោក។
លោកសារឿន ឲ្យដឹងទៀតថា យុវជនកម្ពុជាក៏នឹងអាចមើលឃើញពីការរស់នៅ និងរបៀបបម្រើព្រះជាម្ចាស់របស់យុវជនឯទៀតៗពីគ្រប់ជាតិសាសន៍ គ្រប់ភាសា គ្រប់អរិយធម៌ ដើម្បីអាចយកបទពិសោធ និងអ្វីដែលគេបានឃើញទៅចែករំលែកបន្ត។
ក្នុងកម្មវិធីនោះក៏មានវត្តមានរបស់លោកអភិបាលទាំង៣ភូមិភាគ លោកបូជាចារ្យ២រូប លោកឧបដ្ឋាក៣រូប ដូនជីកាតូលិក និងយុវជនសកម្មក្នុងព្រះសហគមន៍កាតូលិកទាំង៣ភូមិភាគ ដែលនឹងចូលរួមកម្មវិធីនៅទីក្រុងចំនួន២ គឺទីក្រុងផតទីម៉ៅ (Portimao) និងទីក្រុង លីសបាវ (Lisboa)។
លោកសារឿន បន្ថែមថា ដើម្បីដំណើរការទៅរលូនក្នុងទិវាយុវជនពិភពលោកនេះ ក្រុមដឹកនាំបាន រៀបចំប្រជុំចំនួន៣ដង ដើម្បីផ្តល់ព័ត៌មាន របៀបរៀបចំឯកសារសំខាន់ៗ និងរិះគិតអំពីប្រធានបទនានាក្នុងព្រឹត្តិការណ៍សម្រាប់ទិវានេះ ដោយមានលោកអភិបាលព្រះសហគមន៍ចូលរួលរួមណែនាំ។
ដូនជីក្លារ៉ា ឃាន កញ្ញា វ័យ២៧ឆ្នាំ មកពីខេត្តព្រៃវែង និងជាសមាជិកក្រុមគ្រួសារដូនជីស្រឡាញ់ឈើឆ្កាង បាននិយាយដែរថា កម្មវិធីនេះ នឹងផ្តល់ប្រយោជន៍ឲ្យគាត់បានឈ្វេងយល់ពីរបៀបដែលព្រះសហគមន៍នៅទីនោះអប់រំ និងបញ្ជូនបន្តជំនឿដល់កូនចៅរបស់ពួកគេ ការរស់នៅរបស់ពួកគេក្នុងនាមជាគ្រីស្តនៅក្នុងសង្គម របៀបបង្ហាញជំនឿ ការជួបប្រទះបញ្ហាផ្សេងៗទៀតក្នុងការប្រកាសដំណឹងល្អ។
យុវជន សុខ ចាន់នី វ័យ២២ ឆ្នាំ មកពីព្រះសហគមន៍ពោធិចិនតុងនាទីក្រុងភ្នំពេញ ឲ្យដឹងថា ក្រុមរបស់នាងបានត្រៀមបង្ហាញវប្បធម៌ខ្មែរតាមរយៈរបាំប្រពៃណីជាតិ ដល់អ្នកចូលរួមពីគ្រប់ជាតិសាសន៍ក្នុងពិភពលោក។
ចាន់នីនិយាយថា «ពួកយើងបានហាត់បទចម្រៀង ហាត់របាំខ្មែរដើម្បីបង្ហាញនៅលើឆាកអន្តរជាតិផងដែរ។»
យុវនារី ឌុង នីតា វ័យ១៩ឆ្នាំ មកពីព្រះសហគមន៍ទំពូងក្នុងខេត្តបាត់ដំបង រំពឹងថា គាត់«នឹងអាចឃើញសម្តេចប៉ាបជិតៗភ្នែក មានមិត្តភក្តិថ្មីៗពីប្រទេសផ្សេងៗ ដើម្បីចែករំលែកជាមួយគ្នា ទោះក្នុងក្រុមតូច ឬធំ ពិសេសគឺចែករំលែកពីវប្បធម៌តាមប្រទេសនីមួយៗ។»
នីតាបានប្តេជ្ញាចិត្តយ៉ាងមុះមុតថា នាងនឹងខិតខំប្រឹងប្រែងចូលរួមរាល់សកម្មភាព និងនាំយកអ្វីដែលថ្មីៗ មកបង្ហាញព្រះសហគមន៍នៅកម្ពុជា។
លោក ស៊ន សារឿន បានរំពឹងទុកថា អ្នកចូលរួមទាំងអស់នឹងបើកចិត្តទូលំទូលាយ មានភាពក្លាហាន ចែករំលែកជាមួយគ្រីស្តបរិស័ទនៅទីនោះ។ ហើយលោកក៏សង្ឃឹមថា ពេលត្រឡប់មកវិញ ពួកគាត់ នឹងមានចិត្តបម្រើ មានការលះបង់ខ្ពស់ យកអ្វីដែលថ្មីពីព្រះសហគមន៍សកលបន្តចែករំលែក និងបន្តប្រកាសដំណឹងល្អ បន្តធ្វើបេសកម្មបម្រើ ព្រមទាំងធ្វើជាគំរូដល់យុវជនយុវនារីជំនាន់ក្រោយ។
ទិវាយុជនពិភពលោក នឹងចាប់ផ្តើមនៅថ្ងៃទី២៥ ខែកក្កដា ដល់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ខាងមុខនេះ។
ជាមួយគ្នានេះ លោកបានសុំឱ្យគ្រីស្តបរិស័ទទាំងអស់ ជួយអធិដ្ឋានដល់ក្រុមយុវជនរបស់ព្រះសហគមន៍កាតូលិកម្ពុជា ដែលនឹងទៅចូលរួមក្នុងទិវានេះមានកម្លាំងកាយ កម្លាំងចិត្ត មានជំនឿមាំមួន និងចេះបង្ហាញពីព្រះសហគមន៍កម្ពុជាដល់យុវជននៃប្រទេសដទៃទៀត៕
ដោយ សុខ កែវរតនា