លោកបូជាចារ្យ ហ្រ្វង់ស័រ អេមេល្សដាល បូជាចារ្យទទួលខុសត្រូវនៅព្រះសហគមន៍ប៊ូស្រាក្នុងខេត្តមណ្ឌលគិរី បានណែនាំឲ្យគ្រីស្តបរិស័ទរក្សាភាពប្រៃរបស់ខ្លួន និងធ្វើជាពន្លឺសម្រាប់ពិភពលោក។
លោកមានប្រសាសន៍នេះនៅក្នុងព្រះវិហារព្រះកុមារយេស៊ូបឹងទំពុន នាថ្ងៃទី៤ មិថុនា ២០២៣ ត្រូវនឹងថ្ងៃដែលព្រះសហគមន៍ប្រារព្ធពិធីបុណ្យព្រះត្រៃឯក។
លោកឲ្យដឹងទៀតថា គ្រីស្តបរិស័ទទាំងអស់ត្រូវធ្វើជាពន្លឺ គឺទៅប្រកាសដំណឹងល្អដល់មនុស្សជាច្រើនក្នុងពិភពលោកនេះ ហើយធ្វើជាអំបិល គឺត្រូវធ្វើកិច្ចការងារតូចតាចក្នុងជីវិតជាប្រចាំ ដោយមាន «សេចក្ដីស្រឡាញ់ ធម៌មេត្តាករុណា និងយុត្តិធម៌នៅក្នុងសង្គម»។
លោកបូជាចារ្យបន្ថែមថា សង្គមបច្ចុប្បន្នមិនសូវមានសេចក្ដីស្រឡាញ់និងយុត្តិធម៌គ្រប់គ្រាន់នៅឡើយទេ ដូច្នេះសាវ័កព្រះយេស៊ូត្រូវបង្ហាញពីកិច្ចការទាំងអស់នេះ ដែលជាសេចក្ដីស្រឡាញ់មកពីព្រះជាម្ចាស់ ដោយកសាងពិភពលោកថ្មីសម្រាប់ព្រះជាម្ចាស់ដែលកំពុងយាងមក។
ក្នុងពិធីអភិបូជានាថ្ងៃដដែលនោះ លោកបូជាចារ្យហ្វ្រង់ស័រ បានប្រសិទ្ធីពរលោកអំបិលហើយបន្ទាប់ពីបញ្ចប់ពិធីគ្រីស្តបរិស័ទបានយកអំបិលទាំងនេះ ទៅផ្ទះរៀងៗខ្លួន ជាសញ្ញានឹករលឹកថា ពួកគាត់ត្រូវធ្វើជាអំបិល សម្រាប់អស់អ្នកដែលនៅជុំវិញខ្លួន៕
ដោយដាលីស