ព្រះយេស៊ូជាសេចក្តីសុខសាន្ត​របស់​យើង

«ព្រះវិញ្ញាណដ៏វិសុទ្ធជាដង្ហើមចូលទៅក្នុងដួងចិត្តរបស់យើង ដើម្បីឱ្យ​យើងរស់​នៅ​ជា​គ្រីស្ត​បរិស័ទ ហើយ ​ជា​ការអស្ចារ្យដែលយើងទទួលដោយមានកម្លាំងប្រកាស និងធ្វើ​ជាសាក្សី​អំពី​សេចក្ដី​​ពិត​​នៅ​ក្នុង​សង្គម​បច្ចុប្បន្ន​នេះ ដោយមានសេចក្ដីអង់អាច ដឹងខុសដឹងត្រូវ និង​ស្គាល់​សេចក្ដី​ពិត។»​ នេះជា​ប្រសាសន៍​របស់​លោក​អភិបាល​ អូលីវីយ៉េ​ នៅក្នុងធម្មទេសនានៅថ្ងៃ​បុណ្យ​ព្រះវិញ្ញាណ​យាង​មក។

ក្នុង​ធម្មទេសនាដដែលនេះលោក​អភិបាល​​​បាន​ក្រើន​រំឭក​​​ទៅកាន់​គ្រីស្ត​បរិស័ទ​​​ទាំងអស់​ ឱ្យ​អរ​ព្រះ​គុណ​​ព្រះជាម្ចាស់​ដែល​ប្រទាន​​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ និង​ណែនាំ​ឱ្យ​គ្រីស្ត​បរិស័ទ​រិះគិត​ពិចារណា​អំពី​អត្ថន័យ​នៃ​ជីវិតជាគ្រីស្តបរិស័ទ។

មានប្រសាសន៍​ទៅ​កាន់​ បេក្ខជន​ចំនួន​៥៥​នាក់ ដែល​បាន​ត្រៀម​ខ្លួន​ទទួល​អគ្គសញ្ញាលាប​ថ្ងាស​ពី​លោក​នៅ​ក្នុងព្រះវិហារ​សន្ត​យ៉ូសែប​ផ្សារតូច នារាជ​ធានីភ្នំពេញ​ថ្ងៃនេះ លោកអភិបាល​និយាយថា  ជីវិត​របស់​យើង​រក​​ឃើញ​សេចក្ដីសុខសាន្ត គឺនៅពេល​មាន​​ព្រះយេស៊ូ​។

លោក​បន្ត​ថា សេចក្ដី​សុខសាន្តដែលយើងទទួលពីព្រះជាម្ចាស់ គឺ​ព្រះ​វិញ្ញាណដ៏វិសុទ្ធ​ដែលយើងទទួលណែនាំឱ្យ​យើង​ឈ្នះ​គ្រប់អារម្មណ៍​ គ្រប់កាលៈ​ទេសៈ​ដែល​យើង​​ជួប​ដោយ​ចូល​យ៉ាងជ្រៅ​ដើម្បីឱ្យ​យើង​ស្ងប់ស្ងាត់​នៅ​ក្នុងដួងចិត្តគ្រប់ពេលវេលា។

លោក​អភិបាល​ស្នើដល់​បេក្ខជន​ «ពេល​ដែលយើងទទួលអគ្គសញ្ញាលាបថ្ងាស​ដែល​ជា​ការទទួល​ព្រះវិញ្ញាណដ៏វិសុទ្ធរួចហើយ សូម​ចាប់ផ្ដើមនៅក្នុងថ្ងៃនេះ​ដោយ​​មានទំនាក់ទំនងជាមួយព្រះគ្រីស្ត ទាំង​ពេលភ្ញាក់ពីគេង មុនចូលគេង និងគ្រប់កាលៈទេសៈទាំងអស់»។

ជាមួយគ្នានេះដែរ​លោក​បន្តដោយ​ផ្ដល់​នូវ​អនុសាសន៍ថា នៅពេលយើងបង្កើតទំនាក់ទំនង​ជាមួយ​ព្រះ​យេស៊ូ​​ហើយ​អនុវត្តនៅក្នុងជីវិតរបស់យើង គឺត្រូវយកចិត្តទុកដាក់​ស្រឡាញ់​ ដោយទទួលជីវិត និង មានជីវិតផ្ទាល់​ខុសពីជីវិតបងប្អូនឯទៀតៗនៅក្នុងសង្គមបច្ចុប្បន្ន ដោយ​លះបង់​ចោល​ជីវិតផ្ទាល់ខ្លួននិង​អាត្មានិយម​និង​ចិត្តចង្អៀត​ចង្អល់​ បូជា ​តស៊ូ ​​អធិដ្ឋាននិងយកចិត្ត​ទុកដាក់ជា​មួយព្រះជាម្ចាស់ជាប្រចាំ និង​លីឈើ​ឆ្កាងរបស់​ខ្លួន​ជារៀងរាល់ថ្ងៃ ដោយដើរតាម​ព្រះយេស៊ូ​ដូច​ព្រះនាងម៉ារី។  

បេក្ខជនទាំង៥៥នាក់នេះ​ មកពី​ព្រះសហគមន៍មណ្ឌលសកម្មភាព​ភ្នំពេញខាងជើង ព្រះ​សហ​គមន៍​​​និយាយភាសាអង់គ្លេស ព្រះសហគមន៍​និយាយភាសាបារាំង និងព្រះសហគមន៍​និយាយ​ភាសាកូរ៉េ។​ ពួកគាត់​​បាន​​ប្រកាសជំនឿ​របស់ខ្លួន​ និងសុខចិត្ត​លះ​បង់​​ចោល​ចិត្ត​លោភលន់​ចិត្ត​ខឹង​​ចិត្តមារ ដើម្បីរួចផុត​ពីអំណាច​នៃ​កិលេស​តណ្ហា​មុននឹង​អគ្គ​សញ្ញាលាប​ថ្ងាស​​​ពី​លោក​អភិបាល។

ក្នុង​សំលៀក​បំពាក់​ចងក្បិន​និង​ពានា​កន្សែង​ពណ៌​ក្រហម ម៉ារី ចាន់ ស្រីគីម វ័យ១៦ឆ្នាំ រៀបរាប់ថា នាង​សប្បាយចិត្ត​ដោយ​បាន​ទទួលអគ្គសញ្ញាលាប​ថ្ងាស​ធ្វើ​ជាគ្រីស្ត​បរិស័ទមួយដ៏ពេញលក្ខណៈ​។

ស្រីគីម បន្តថា ក្រោយ​ពេល​ទទួលអគ្គសញ្ញាលាប​ថ្ងាស​ នាង​​នឹង​ធ្វើ​ជាសាក្សីអំពី​​ព្រះជាម្ចាស់ ដោយរស់នៅ​ក្នុងជំនឿ​ មកព្រះវិហារទៀងទាត់ និង​បង្ហាញ​អត្តសញ្ញាណ​ខ្លួន​ជា​​គ្រីស្ត​បរិស័ទ និង​​អធិដ្ឋាន​ដល់​មនុស្ស​រស់​និង​ស្លាប់ ហើយ​នាង​នឹង​ចូលរួម​ក្រុម​នៅ​ក្នុងព្រះសហគមន៍​ ដើម្បី​ប្រកាស​ដំណឹងល្អបន្ថែម​។​

យុវតី ហាណ្ណា ដេវ ទេវី វ័យ​១៦ឆ្នាំ ឲ្យដឹងថា​ កន្លង​មក​គាត់​ប្រកាស​ដំណឹង​ល្អ​តាម​រយៈ​ការចែក​រំលែក​នូវបទពិសោធជំនឿ និង​សេចក្ដី​ស្រឡាញ់​តាម​​របៀបរស់នៅ​ផ្ទាល់ខ្លួន​ ​ជាមួយ​អ្នកដែល​មិនដែលស្គាល់ព្រះជាម្ចាស់ ជាពិសេស​អធិដ្ឋានដល់​មនុស្ស​ទាំងអស់​ទាំងអ្នកដែលគាត់​​ចូលចិត្ត​និង​​ស្អប់ផងដែរ។​

អូហ្គូស្ទីន​ ឃឹម សំខាន់ វ័យ​៣០ឆ្នាំជា​បេក្ខជន​ម្នាក់ទៀត និយាយ​ថា កម្មវិធី​ថ្ងៃនេះ ធ្វើ​ឱ្យ​អារម្មណ៍​ខ្ញុំ​រឹងមាំជាងមុន ដោយ​មាន​ភាព​ក្លាហាន ព្រោះ​ដឹង​ថា មាន​ព្រះវិញ្ញាណ​គង់​ជាមួយ​។

ក្រោយពេលទទួល​អគ្គសញ្ញាថ្ងៃនេះ «​ខ្ញុំ​នឹង​​ធ្វើជាសាក្សីនៃ​សេចក្ដី​ពិត​ដោយ​មាន​ចិត្ត​អត់ធ្មត់​ ផ្សព្វផ្សាយដំណឹងល្អ​អំពី​សាសនារបស់ខ្លួន​តាមរយៈ​ការធ្វើ​ទង្វើ​ល្អនៅក្នុង​ជីវិត​រស់នៅ និង​តាម​រយៈ​ការងារ​ប្រចាំ​ថ្ងៃ​​​ដែលជាអ្នក​រចនាសៀវភៅ​នៅ​មជ្ឃមណ្ឌល​អប់រំ​ជំនឿ​សន្ត អ៊ឺរ៉ាណេ។»

លោកអភិបាល​អូលីវីយ៉េ​បាន​ឲ្យដឹង​ទៀតថា នៅ​ថ្ងៃ​អាទិត្យ​ក្រោយៗ​មក​ទៀត​នឹង​មាន​ជិត​១០០​នាក់ និង​ជាង​១០០នាក់​តៗទៀត ដែល​កំពុង​ត្រៀម​ខ្លួន​ទទួល​អគ្គ​សញ្ញា​លាប​ថ្ងាស​ក្នុង​ភូមិភាគ​ភ្នំពេញ​ក្នុងឆ្នាំនេះ៕

ដោយដាលីស

Facebook
Twitter
LinkedIn