ធម្មទេសនារបស់លោកអភិបាល សិលា សួន ហង្សលី អភិបាលព្រះសហគមន៍កាតូលិក ភូមិភាគកំពង់ចាមក្នុងអភិបូជា «លើកតម្កើងព្រះវិញ្ញាណយាងមក»

បងប្អូនជាទីស្រឡាញ់! នៅថ្ងៃនេះ ជាថ្ងៃបុណ្យទីហាសិប ជាថ្ងៃដែលយើងប្រារព្ធពិធី «បុណ្យលើកតម្កើងព្រះវិញ្ញាណយាងមក»។ ក្នុងព្រះបន្ទូលដំណឹងល្អនៅថ្ងៃនេះ ចំណុចទីមួយ៖ ឲ្យយើងចាប់អារម្មណ៍ថា ក្រោយពេលព្រះយេស៊ូសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ ក្រុមសាវ័កបានជួបជុំគ្នាពេលល្ងាចថ្ងៃអាទិត្យ នៅកន្លែងមួយ ដែលគេបិទទ្វារយ៉ាងជិត ដោយសារគេខ្លាចជនជាតិយូដា។

ខ្ញុំសូមសួរបងប្អូន តើនៅក្នុងសប្ដាហ៍ ថ្ងៃអាទិត្យជាថ្ងៃទីប៉ុន្មាន? ថ្ងៃអាទិត្យជាថ្ងៃទីមួយ ឬថ្ងៃទីប្រាំ​​ពីរ? ថ្ងៃអាទិត្យជាថ្ងៃទីមួយ ហើយក្នុងព្រះគម្ពីរដំណឹងល្អថ្ងៃនេះ បាននិយាយថា គេជួបជុំគ្នានៅល្ងាចថ្ងៃអាទិត្យ។ នោះនាំឲ្យយើងរំឭកឃើញថ្ងៃទីមួយ ដែលព្រះជាម្ចាស់បានបង្កើតពិភពលោកតាំងពីដើមដំបូង នៅពេលនោះគឺមានតែភាពងងឹត ហើយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ បានរេរានៅលើផ្ទៃទឹក។ ដូច្នេះ ពេលណាយើងរំលឹកថ្ងៃដែលព្រះអង្គបានបង្កើតពិភពលោកនៅថ្ងៃទីមួយ ព្រះអង្គបានញ៉ែកពន្លឺ ចេញពីភាពងងឹត ហើយចាប់ផ្តើមបង្កើតពិភពលោកបន្តិចម្ដងៗ នាំឲ្យយើងយល់ថាអត្ថបទគម្ពីរថ្ងៃនេះ បាននិយាយអំពីថ្ងៃអាទិត្យជាថ្ងៃទីមួយ ដើម្បីបង្ហាញថា ព្រះយេស៊ូដែលមានព្រះជន្មរស់ឡើងវិញ ព្រះអង្គយាងមកបង្កើតពិភពលោកថ្មី។ ជាមួយព្រះយេស៊ូ ពិភពលោកបានផ្លាស់ប្តូររូបរាង ឬរបៀបរស់នៅផ្សេងពីមុន។ ពិតមែនតាមធម្មជាតិ យើងទាំងអស់គ្នាបានទទួលជីវិតពីឪពុកម្ដាយរបស់យើង ប៉ុន្តែ តាមរយៈព្រះយេស៊ូ យើងកើតជាថ្មីដោយសារទឹក និងដោយសារព្រះវិញ្ញាណដ៏វិសុទ្ធ។ កាលពីយប់មិញយើងបានជួបជាមួយនឹង បងប្អូន២០នាក់ ដែលត្រៀមខ្លួនទទួលអគ្គសញ្ញាលាបថ្ងាសនៅទីនេះ យើងបាននិយាយអំពីអគ្គសញ្ញាជ្រមុជទឹក យើងទទួលព្រះវិញ្ញាណ ដែលនាំឲ្យយើងមានមុខងារ៣គឺ៖ មុខងារជាបូជាចារ្យ ជាព្យាការី និងជាព្រះមហាក្សត្រ។ យើងគួរចាប់អារម្មណ៍ថា តាមរយៈព្រះបន្ទូលនៅថ្ងៃនេះ ព្រះយេស៊ូយាងមកបង្កើតពិភពលោកថ្មី ព្រះអង្គបានបង្កើតយើងទាំងអស់គ្នាជាថ្មីដែរ យើងកើតជាថ្មីដោយអគ្គសញ្ញាជ្រមុជទឹក។ ហើយពេលណាយើងកើតជាថ្មី យើងត្រូវការទទួលអាហារសម្រាប់ចិញ្ចឹមជីវិតរបស់យើង ជាពិសេសគឺព្រះបន្ទូល និងព្រះកាយព្រះគ្រីស្ត ដែលយើងទាំងអស់គ្នាជាគ្រីស្តបរិស័ទ ត្រូវការជួបជុំគ្នារាល់ថ្ងៃអាទិត្យ ក្នុងអភិបូជា ដើម្បីអរព្រះគុណព្រះអង្គ និងដើម្បីទទួលអាហារសម្រាប់ចិញ្ចឹមជីវិតរបស់យើង ដែលកើតជាថ្មី។ ថ្ងៃនេះខ្ញុំសូមអរគុណបងប្អូនទាំងអស់គ្នា ដែលបានមកចូលរួមអភិបូជាយ៉ាងច្រើន។
ថ្ងៃអាទិត្យជាថ្ងៃទីមួយ យើងត្រូវការជួបជុំគ្នាដើម្បីទទួលកម្លាំងមកពីព្រះជាម្ចាស់ ហើយជាថ្ងៃដែលព្រះយេស៊ូចាប់ផ្ដើមបង្កើតពិភពលោកថ្មី។ នៅក្នុងអត្ថបទនេះដែរ ព្រះអង្គបានបង្កើតព្រះសហគមន៍ តាំងពីពេលដែលសាវ័កជួបជុំគ្នា ទោះបីគេបិទទ្វារជិត តែព្រះស៊ូយាងមកគង់នៅជាមួយគេ ហើយបានប្រទានព្រះវិញ្ញាណ ដោយផ្លុំខ្យល់ទៅលើគេ។

ចំនុចទី២៖ យើងគួរឲ្យចាប់អារម្មណ៍ ហេតុអ្វីក្រុមសាវ័កពីដើមបិទទ្វារជិត? គឺដោយសារ ព្រះយេស៊ូត្រូវជនជាតិយូដាចាប់យកទៅប្រហារជីវិត ដូច្នេះក្រុមសាវ័កភ័យខ្លាច។ ក៏ប៉ុន្តែ នៅពេលដែលព្រះយេស៊ូយាងមកបង្ហាញឲ្យគេឃើញ គេមានអំណរសប្បាយទេ? ក្នុងគម្ពីរគេនិយាយថា ក្រុមសាវ័កមានបំណរសប្បាយយ៉ាងក្រៃលែង ដោយសារគេបានឃើញព្រះអម្ចាស់។ ក្រោយមក ព្រះយេស៊ូបានប្រទានព្រះវិញ្ញាណឲ្យគេ។ នៅពេលយើងស្ដាប់អត្ថបទទីមួយនៅថ្ងៃនេះ ព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត គេជួបជុំគ្នាបិទទ្វារ ហើយពេលព្រះវិញ្ញាណយាងមក គេចាកចេញទៅខាងក្រៅ ដើម្បីប្រកាសអំពីព្រះយេស៊ូដែលសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ។ ព្រះបន្ទូលនេះ ណែនាំឲ្យយើងគិតអំពីខ្លួនយើងម្នាក់ៗថា តើយើងទាំងអស់គ្នាមានអ្វីខ្លះ ដែលនាំឲ្យយើងភ័យខ្លាច? យើងមិនហ៊ានរស់នៅតាមជំនឿរបស់យើង យើងមិនហ៊ានប្រកាសព្រះបន្ទូលរបស់ព្រះអង្គ។ ជួនកាលអំពើបាបដែរ នាំឲ្យយើងបិទចិត្តគំនិតរបស់យើង យើងភ័យខ្លាច ជួនកាលទៀត ដោយសារបរិយាកាសខាងក្រៅ ធ្វើឲ្យយើងភ័យខ្លាច។ ហេតុនេះ សូមឲ្យយើងគិតមើល តើយើងមានអ្វីខ្លះដែលភ័យខ្លាច ហើយយើងសូមព្រះយេស៊ូយាងមក និងប្រទានសេចក្ដីក្លាហាន ឲ្យយើងហ៊ានចេញទៅប្រកាសដំណឹងល្អ។

នៅថ្ងៃនេះ បងប្អូនចំនួន២០នាក់ បានត្រៀមខ្លួនដើម្បីទទួលអគ្គសញ្ញាលាបថ្ងាស។ បងប្អូនបានសរសេរសំបុត្រមួយ ហើយក្នុងនោះ ជាទូទៅយើងសរសេរថា ក្រោយពេលខ្ញុំទទួលអគ្គសញ្ញាលាបថ្ងាសហើយ ខ្ញុំត្រូវធ្វើអ្វី? នេះមានន័យថា ក្រោយពេលយើងទទួលអគ្គសញ្ញាលាបថ្ងាស យើងទៅជា គ្រីស្តបរិស័ទពេញ
លក្ខណៈ គឺជាគ្រីស្តបរិស័ទពេញវ័យ យើងធ្វើជាសាក្សីអំពីព្រះយេស៊ូ អំពីព្រះសហគមន៍ អំពីព្រះជាម្ចាស់ និងអំពីជំនឿរបស់យើង។ អញ្ចឹងនៅក្នុងសំបុត្រនោះ យើងតែងតែសរសេរបំណងរបស់យើងថា ខ្ញុំនឹងធ្វើអី្វ? ជួនកាលអាចចូលក្នុងក្រុមចម្រៀង ក្រុមគ្រូអប់រំជំនឿ ក្រុមជួយរៀបចំពិធីបុណ្យ ជួយបងស្រីរៀបផ្កា ឬក៏ខ្លះទៀតចូលក្នុងក្រុមមួយ ដែលយកចិត្តទុកដាក់ជួយអ្នកក្រីក្រជាដើម។ សូមឲ្យយើងចាប់អារម្មណ៍ដែរ ពេលណាយើងភ័យខ្លាច យើងអត់មានអារម្មណ៍ចង់ធ្វើតាមជំនឿរបស់យើងទេ យើងអត់ចង់មកព្រះវិហារ យើងអត់ចង់មកជួយការងារក្នុងព្រះសហគមន៍ អត់ចង់ជួយបងប្អូនឯទៀតៗ ប៉ុន្តែ ពេលណាយើងទទួលព្រះវិញ្ញាណ យើងមានសេចក្ដីក្លាហាន យើងហ៊ានចេញទៅជួបគេ ជួយធ្វើអ្វីៗតាមជំនឿរបស់យើង។ នេះចំណុចទីពីរ ដែលខ្ញុំចង់ឲ្យយើងចាប់អារម្មណ៍នៅថ្ងៃនេះ តើមានអ្វីខ្លះនាំឲ្យយើងភ័យខ្លាច? យើងត្រូវការព្រះយេស៊ូយាងមករំដោះយើង ឲ្យយើងក្លាហានហ៊ានទៅមុខ។ យើងដឹងហើយថា ព្រះអំណោយទានទាំង៧នៃព្រះវិញ្ញាណ មានអំណោយទានមួយដែលប្រទានឲ្យយើងមានកម្លាំង មានសេចក្ដីក្លាហាន ហ៊ានចេញទៅដូចសាវ័កពីដើម។

ចំណុចទីបីនៅថ្ងៃនេះគឺ៖ ព្រះយេស៊ូប្រទានព្រះវិញ្ញាណ ពេលព្រះយេស៊ូប្រទានព្រះព្រះវិញ្ញាណ ព្រះអង្គផ្លុំលើគេ ហើយក្រោយមកព្រះយេស៊ូមានព្រះបន្ទូលថា៖ «ចូរទទួលព្រះវិញ្ញាណ» ឲ្យយើងចាំសេចក្តីនេះដែរ។ ព្រះអង្គប្រទានឲ្យយើងទាំងអស់គ្នា ព្រះវិញ្ញាណដ៏វិសុទ្ធ មានន័យថា ឲ្យយើងបើកចិត្ដគំនិតទទួលពីព្រះអង្គផង ប្រសិនបើយើងអត់បើកចិត្តគំនិត យើងក៏ទទួលអត់បានដែរ។ ពិតមែន យើងបានទទួលជីវិតពីឪពុកម្ដាយ ប៉ុន្តែដើម្បីរស់ យើងត្រូវការសេចក្ដីជាច្រើនទៀត ឧទាហរណ៍៖ យើងត្រូវការខ្យល់ដើម្បីដកដង្ហើម អត់មានខ្យល់យើងស្លាប់។ យើងត្រូវការពន្លឺព្រះអាទិត្យ ដើម្បីឲ្យយើងអាចរស់បាន ហើយពន្លឺព្រះអាទិត្យនេះ ធ្វើឲ្យមានអុកស៊ីសែន ធ្វើឲ្យរុក្ខជាតិរស់ ដើម្បីយើងមានផ្លែយកមកញ៉ាំ។ យើងត្រូវការគ្នាទៅវិញទៅមកដើម្បីរស់នៅ។ ដូច្នេះ ក្នុងជីវិតរបស់យើង យើងត្រូវការច្រើនណាស់ ដើម្បីរស់នៅពោរពេញដោយអំណរសប្បាយ។ ថ្ងៃនេះ ព្រះយេស៊ូបញ្ជាឲ្យយើងទទួលព្រះវិញ្ញាណ មានន័យថា សូមឲ្យយើងបើកទ្វារនៃដួងចិត្តរបស់យើង ដើម្បីទទួលព្រះវិញ្ញាណ ទទួលអំណោយទានពីព្រះអង្គ ដើម្បីឲ្យយើងមានអំណរសប្បាយក្នុងជីវិត ដើម្បីឲ្យជីវិតរបស់យើងរីកចម្រើនឡើង តាមផ្លូល្អ ដើម្បីឲ្យយើងទាំងអស់គ្នាកសាងសេចក្ដីសុខរួមជាមួយគ្នា។ ដូច្នេះ ព្រះបន្ទូលដំណឹងល្អនៅថ្ងៃនេះ ជួយប្រទានឲ្យយើងទាំងអស់គ្នា គិតអំពីជីវិតរបស់យើង៖

ទី១៖ គឺយើងកើតជាថ្មី ព្រះយេស៊ូប្រទានជីវិតថ្មីឲ្យយើង។

ទី២៖ តើមានអ្វីភ័យខ្លាច យើងសូមព្រះអង្គជួយរំដោះយើង។

ទី៣៖ ឲ្យយើងបើកចិត្ដគំនិតទទួលព្រះវិញ្ញាណ និងទទួលអំណោយទានពីព្រះវិញ្ញាណ។

ដើម្បីយើងឆ្លង ពីភ័យខ្លាច ទៅរកអំណរសប្បាយដ៏ពេញលេញ ឆ្លងពីភ័យខ្លាច ទៅក្លាហាន ហ៊ានប្រកាសដំណឹងល្អ ដូចសាវ័កពីរដើមដែលយើងបានស្ដាប់នៅក្នុងអត្ថបទគម្ពីរទាំង៣នៅថ្ងៃនេះ។ ដូច្នេះ យើងគួរអង្វរព្រះជាម្ចាស់ សូមព្រះអង្គប្រទានឲ្យយើងទាំងអស់គ្នា ទទួលនូវព្រះវិញ្ញាណ និអំណោយទានទាំង៧ ជាពិសេស ដល់បងប្អូនទាំង២០នាក់ ដែលទទួលអគ្គសញ្ញាលាបថ្ងាស់នៅថ្ងៃនេះ។ សូមព្រះវិញ្ញាណដ៏វិសុទ្ធប្រទានឲ្យបងប្អូនទាំងអស់គ្នា អាចបង្កើតផលផ្លែ ដែលស្របតាមព្រះវិញ្ញាណ និងមានសេចក្តីក្លាហានឡើងដើម្បីធ្វើជាសាក្សីអំពីជំនឿរបស់យើង ហើយថ្ងៃណាមួយ យើងសង្ឃឹមថា នឹងអាចរួមរស់ជាមួយព្រះអង្គ អស់កល្បជានិច្ចនៅស្ថានបរមខុស។ អាមែន៕

                   ថ្ងៃអាទិត្យ ទី២៨ ខែឧសភា ឆ្នាំ២០២៣

                                                                                                    សិលា សួន ហង្សលី                      

Facebook
Twitter
LinkedIn