អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរលោកតូប៊ីត តប ៣,១-១១.២៤-២៥
លោកតូប៊ីតថ្ងូរ ហើយទូលព្រះអម្ចាស់ទាំងទឹកភ្នែកថា៖ «បពិត្រព្រះអម្ចាស់! ព្រះអង្គមានព្រះហឫទ័យសុចរិត ហើយការវិនិច្ឆ័យរបស់ព្រះអង្គក៏សុទ្ធតែសុចរិតទាំងអស់ដែរ។ មាគ៌ារបស់ព្រះអង្គសុទ្ធតែប្រកបដោយធម៌មេត្តាកុរណា ដោយសេចក្តីពិត ដោយសុចរិត។ បពិត្រព្រះអម្ចាស់! ឥឡូវនេះសូមព្រះអង្គកុំបំភ្លេចខ្ញុំឡើយ! សូមកុំដាក់ទោសខ្ញុំ ព្រោះអំពើបាបរបស់ខ្ញុំ! សូមកុំនឹកពីកំហុសរបស់ខ្ញុំ និងពីកំហុសរបស់ដូនតាខ្ញុំឡើយ។ យើងខ្ញុំមិនបានប្រព្រឹត្តតាមវិន័យរបស់ព្រះអង្គ ហេតុនេះហើយបានជាព្រះអង្គបណ្តោយឱ្យខ្មាំងលុកលុយស្រុកយើងខ្ញុំ រឹបអូសយកទ្រព្យសម្បតិ្តយើងខ្ញុំ កៀរយើងខ្ញុំធ្វើជាឈ្លើយ កាប់សម្លាប់យើងខ្ញុំ។ នៅកន្លែងណាដែលព្រះអង្គកម្ចាត់កម្ចាយយើងខ្ញុំឱ្យទៅនៅ ជាតិសាសន៍នៅកន្លែងនោះក៏ចេះតែប្រមាថមើលងាយយើងខ្ញុំដែរ។ បពិត្រព្រះអម្ចាស់! ព្រះអង្គបានដាក់ទោសជាទម្ងន់ដល់យើងខ្ញុំ ដូច្នេះ ត្រឹមត្រូវមែនព្រោះយើងខ្ញុំមិនបានប្រព្រឹត្តតាមវិន័យរបស់ព្រះអង្គ យើងខ្ញុំក៏មិនបានដើរតាមមាគ៌ារបស់ព្រះអង្គដោយចិត្តស្មោះដែរ។ បពិត្រព្រះអម្ចាស់! ឥឡូវនេះ សូមព្រះអង្គធ្វើទោសខ្ញុំ តាមតែព្រះហឫទ័យព្រះអង្គចុះ! សូមផ្តាច់វិញ្ញាណខ្ញុំ ឱ្យខ្ញុំបានសម្រាន្តយ៉ាងសុខសាន្ត ដ្បិតខ្ញុំយល់ឃើញថា ស្លាប់ទៅប្រសើរជាងរស់នៅតទៅទៀត!»។ នាថ្ងៃដដែលនោះក្នុងក្រុងមួយរបស់ជនជាតិម៉ែដ មានស្ត្រីម្នាក់ឈ្មោះនាងសារ៉ា ជាកូនរបស់លោករ៉ាគូអែលកើតរឿងដែរ គឺស្រីបម្រើរបស់ឪពុកនាងចេះតែជេរប្រមាថ។ នាងសារ៉ាធ្លាប់បានរៀបអាពាហ៍ពិពាហ៍ចំនួនប្រាំពីរដងតៗគ្នាទៅហើយ ប៉ុន្តែ មានបិសាចម្នាក់ឈ្មោះអាស្មូដេបានសម្លាប់ស្វាមីទាំងប្រាំពីរនាក់ នៅពេលគេចង់រួមបវេណីជាមួយនាង។ ស្រីបម្រើចោទប្រកាន់នាងសារ៉ាថា៖ «គឺនាងហើយដែលសម្លាប់ប្តីទាំងប្រាំពីរនាក់! ខ្ញុំសូមបន់ស្រន់កុំឱ្យនាងបង្កើតបានកូនប្រុស ឬកូនស្រីឡើយ។ តើនាងចង់សម្លាប់ខ្ញុំ ដូចនាងបានសម្លាប់ប្តីទាំងប្រាំពីរដែរឬអ្វី?»។ ឮដូច្នះ នាងសារ៉ាឡើងទៅបន្ទប់ខាងលើ ពួនសម្ងំអស់បីយប់បីថ្ងៃ ទាំងមិនបរិភោគឬផឹកអ្វីឡើយ។ នាងទូលអង្វរព្រះអម្ចាស់យ៉ាងយូរ ទាំងទឹកភ្នែក សូមព្រះអង្គរំដោះនាងផង កុំឱ្យនាងត្រូវអាម៉ាស់មុខតទៅទៀត។ នៅពេលនោះ ព្រះដ៏ខ្ពង់ខ្ពស់បំផុតប្រកបដោយសិរីរុងរឿង ទ្រង់ព្រះសណ្តាប់ពាក្យអង្វររបស់លោកតូប៊ីត និងនាងសារ៉ា។ ព្រះអង្គក៏ចាត់ទេវទូតរ៉ាផាអែល ដើម្បីមកព្យាបាលអ្នកទាំងពីរឱ្យជាសះស្បើយ ដ្បិតពាក្យអង្វររបស់អ្នកទាំងពីរបានឮទៅដល់ព្រះអម្ចាស់នៅពេលជាមួយគ្នា។
ទំនុកតម្កើងលេខ ២៥ (២៤),២-៩ បទពាក្យ ៧
២ | បពិត្រព្រះម្ចាស់ទូលបង្គំ | ពេលនេះរូបខ្ញុំផ្ញើជីវិត | |
កុំឱ្យទូលបង្គំត្រូវខកចិត្ត | ព្រោះខ្មាំងជុំជិតមានជោគជ័យ | ។ | |
៣ | អស់អ្នកសង្ឃឹមលើព្រះអង្គ | នឹងមិនត្រូវបង់ខកចិត្តអ្វី | |
គឺមានតែអ្នកក្បត់ម្ចាស់ថ្លៃ | ទើបខកចិត្តក្រៃអ្វីក៏គ្មាន | ។ | |
៤ | ឱព្រះអម្ចាស់ទូលបង្គំ | សូមជួយណែនាំនិងបង្រៀន | |
ឱ្យស្គាល់មាគ៌ាល្អថ្កើងថ្កាន | វិសុទ្ធហួសស្មាននៃព្រះអង្គ | ។ | |
៥ | សូមជួយអប់រំខ្ញុំឱ្យរស់ | តាមក្តីពិតស្មោះព្រះអង្គផង | |
ដ្បិតទ្រង់សង្គ្រោះខ្ញុំឥតហ្មង | សង្ឃឹមព្រះអង្គរៀងរាល់ថ្ងៃ | ។ | |
៦ | ឱព្រះអម្ចាស់សូមកុំភ្លេច | ចាំជាប់ជានិច្ចពេញព្រះទ័យ | |
ដែលធ្លាប់អាណិតពន់ពេកក្រៃ | ករុណាប្រណីខ្ញុំជានិច្ច | ។ | |
៧ | សូមបំភ្លេចបាបនិងកំហុស | ដែលខ្ញុំមានទោះច្រើនឬតិច | |
នៅពីក្មេងខ្ចីសូមបំភ្លេច | ទ្រង់គ្មានកលកិច្ចធ្លាប់មេត្តា | ។ | |
៨ | ព្រះអម្ចាស់មានព្រះហឫទ័យ | សប្បុរសពេកក្រៃករុណា | |
សូមជួយបង្ហាញពីមាគ៌ា | មនុស្សបាបរាល់គ្នាបានស្គាល់ផង | ។ | |
៩ | ព្រះអង្គនាំមនុស្សដែលមានចិត្ត | សុភាពសុចរិតតាមគន្លង | |
មាគ៌ាត្រឹមត្រូវល្អផូរផង់ | មិនឱ្យមានហ្មងស្គាល់ផ្លូវល្អ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១១,២៥
អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះអម្ចាស់យេស៊ូ! ព្រះអង្គពិតជាប្រោសមនុស្សឱ្យរស់ឡើងវិញមែន! ដោយព្រះអង្គបានសោយទិវង្គត ព្រះអង្គបំផ្លាញសេចក្តីស្លាប់ហើយ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ១២,១៨-២៧
នៅគ្រានោះ មានពួកខាងគណៈសាឌូស៊ីចូលមកគាល់ព្រះយេស៊ូ។ ពួកសាឌូស៊ីមិនជឿថា មនុស្សស្លាប់នឹងរស់ឡើងវិញទេ។ គេទូលសួរព្រះយេស៊ូថា៖ «លោកគ្រូ! លោកម៉ូសេបានចែងច្បាប់ទុកឱ្យយើងថា បើបុរសណាមានភរិយា ហើយគាត់ស្លាប់ចោលប្រពន្ធទៅ តែគ្មានកូនសោះ ត្រូវឱ្យប្អូនប្រុសរបស់បុរសនោះរៀបការនឹងបងថ្លៃ ដើម្បីបន្តពូជឱ្យបងប្រុសរបស់ខ្លួន»។ ឧបមាថា មានបងប្អូនប្រុសៗប្រាំពីរនាក់។ បុរសបងបង្អស់បានរៀបការ ហើយស្លាប់ទៅ តែគ្មានកូនសោះ។ ប្អូនបន្ទាប់រៀបការនឹងបងថ្លៃមេម៉ាយ រួចស្លាប់ទៅទាំងឥតមានកូន រីឯប្អូនទីបីក៏ដូច្នោះដែរ។ បងប្អូនទាំងប្រាំពីរនាក់សុទ្ធតែគ្មានកូនដូចគ្នាទាំងអស់។ នៅទីបំផុតនាងក៏ស្លាប់ទៅដែរ។ លុះដល់ពេលមនុស្សស្លាប់នឹងទទួលជីវិតថ្មី តើនាងត្រូវជាប្រពន្ធរបស់អ្នកណា បើប្រាំពីរនាក់សុទ្ធតែបានយកនាងធ្វើជាប្រពន្ធដូច្នេះ?»។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេថា៖ «អ្នករាល់គ្នាយល់ខុសហើយ ដ្បិតអ្នករាល់គ្នាមិនស្គាល់គម្ពីរ ហើយក៏មិនស្គាល់ឫទ្ធានុភាពរបស់ព្រះជាម្ចាស់ដែរ។ ពេលមនុស្សស្លាប់ទទួលជីវិតថ្មីដ៏រុងរឿង គេមិនរៀបការប្តីប្រពន្ធទៀតឡើយ គឺគេនឹងបានដូចទេវទូតនៅស្ថានបរមសុខ។ លោកម៉ូសេបានចែងអំពីមនុស្សស្លាប់នឹងទទួលជីវិតថ្មី នៅក្នុងអត្ថបទស្តីអំពីគុម្ពបន្លា តើអ្នករាល់គ្នាធ្លាប់អានឬទេ?។ ព្រះជាម្ចាស់មានព្រះបន្ទូលមកលោកថា៖ “យើងជាព្រះរបស់អប្រាហាំ ជាព្រះរបស់អ៊ីសាក និងជាព្រះរបស់យ៉ាកុប”។ ព្រះជាម្ចាស់មិនមែនជាព្រះរបស់មនុស្សស្លាប់ទេ គឺជាព្រះរបស់មនុស្សដែលមានជីវិត។ អ្នករាល់គ្នាយល់ខុសទាំងស្រុងហើយ!»។