លោកអគ្គអភិបាល សិលា ប្រាយអិន វែលស៍ អគ្គរាជទូតសន្តអាសនៈប្រចាំប្រទេសកម្ពុជា បានយាងទស្សនកិច្ចនៅតំបន់មណ្ឌលសកម្មភាពតាកែវទាំងមូល ដោយលោកត្រូវបានទទួលស្វាគមន៍យ៉ាងឱឡារិកតាមព្រះសហគមន៍ សាលារៀន និងសិប្បកម្មនានាដោយក្តីរីករាយ។
ក្នុងដំណើរទស្សនកិច្ចនេះក៍មានការអមដំណើរដោយលោក អ៊ិនដូនីល គូឌីធីវ៉ាកូ អគ្គលេខាធិការនៃក្រសួងសម្រាប់ទំនាក់ទំនងអន្តរសាសនានៃទីក្រុងរ៉ូម រួមជាមួយលោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកកម្ពុជា និងជាស្ថាបនិកដែលបង្កើតសមិទ្ធិផលនានានៃមណ្ឌលសកម្មភាពតាកែវ។
ថ្លែងនៅក្នុងធម្មទេសនា លោកអគ្គរាជទូតសន្តអាសនៈ បានមានប្រសាសន៍ ៖ «ថ្ងៃនេះខ្ញុំសប្បាយចិត្តបានចូលព្រះវិហារដែលមានគ្រីស្តបរិស័ទដ៏ច្រើនក្នុងព្រះវិហារដ៍តូចនេះ ដោយឱ្យខ្ញុំនឹកឃើញដល់ភូមិកំណើតរបស់ខ្ញុំដែលកើតនៅកន្លែងមានកាតូលិកតិច ទោះបីជាប្រទេសអាមេរិចក៏ដោយ ហេតុនេះហើយថ្ងៃនេះខ្ញុំមានអារម្មណ៍ដូចជាដល់ផ្ទះជាមួយគ្រួសាររបស់ខ្ញុំដែរ»។
លោកបន្តទៀតថា ៖ «តាមពិតពីដើមព្រះជាម្ចាស់ដែលបានបង្កើតយើង ប្រទានជីវិតមកយើងដើម្បីឱ្យយើងរស់នៅក្នុងសេចក្ដីសុខសាន្តរបស់ព្រះអង្គ ហើយយើងជាព្រះអំណោយទានរបស់ព្រះជាម្ចាស់នឹងជាអំណោយទានដ៏ធំបំផុតរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់មិនត្រឹមតែប្រទានជីវិតឱ្យយើង ប៉ុន្តែយើងជាអំណោយទានសម្រាប់ពិភពលោក សម្រាប់មនុស្សលោកដែលព្រះជាម្ចាស់ប្រទានឱ្យដែរ»។
នាពេលនោះដែរ លោកអគ្គរាជទូតក៏បានលើកឡើងពីការគូសសញ្ញាឈើឆ្កាង ដោយលោកបញ្ជាក់ថា ជួនកាលការគូសសញ្ញាឈើឆ្កាងលឿនអត់មានន័យនោះទេ។ ដូចនេះសុំយកពេលគូសសញ្ញាឈើឆ្កាងយ៉ាងស្អាតដើម្បីនឹកឃើញថា [យើង] មកពីព្រះជាម្ចាស់ដែលបានបង្កើតពិភពលោកដើម្បីបានបង្កើតមនុស្សលោក មកពីព្រះយេស៊ូ និងព្រះវិញ្ញាណដ៏វិសុទ្ធដែលគង់ជាមួយជានិច្ច។
លោកបានបញ្ជាក់ទៀតថា ៖ «សិរីរុងរឿងរបស់ព្រះជាម្ចាស់ ជារបៀបដែលយើងរស់នៅ យើងអធិដ្ឋាន យើងថ្វាយបង្គំ យើងទទួលអគ្គសញ្ញានានា គោរពនឹងស្រលាញ់គ្រួសារយើង គោរពមិត្តភក្តិ និងបងប្អូនឯទៀតៗ»។
សិរីរុងរឿងរបស់ព្រះជាម្ចាស់ជារបៀបដែលយកចិត្តទុកដាក់ជាមួយអ្នកក្រីក្រ ជាមួយអ្នកជម្ងឺ អ្នកតូចតាចនឹងជាពិសេសជាមួយមនុស្សដែលមិនសូវមានអ្នកស្រលាញ់។ នេះបើតាមការបន្ថែមពីលោកអគ្គរាជទូតសន្តអាសនៈ។
ក្រោយពីបញ្ចប់ការថ្វាយអភិបូជាចប់រួចរាល់ លោកអគ្គរាជទូត អមដំណើរដោយលោកអគ្គលេខាធិការ និងលោកអភិបាល អូលីវីយ៉េ ក៏បាននាំគ្នាបន្តដំណើរទស្សកិច្ចទៅកាន់វិទ្យាស្ថានសន្តប៉ូល និងវិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រស្ថិតនៅភូមិអង្គគគីរ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ដែលជាសាលារបស់ព្រះសហគមន៍កាតូលិក ដែលមានលោកអភិបាល អូលីវីយ៉េ ជាស្ថាបនិក៕