«កិច្ចការងាររបស់គ្រីស្តបរិស័ទមិនត្រឹមតែចុះជួយអ្នកក្រីក្រតែប៉ុណ្ណឹង តែត្រូវដឹងថា ការជួយនេះយើងទទួលកម្លាំងមកពីណា។» នេះជាការលើកឡើងរបស់លោកឧបដ្ឋាក ជួរ ដាម៉ូ នៃ ក្រុមសហជីវិនព្រះយេស៊ូ។
លោកមានប្រសាសន៍នេះនៅក្នុងសិក្ខាសាលាអំពីផ្លូវវិញ្ញាណ និងមូលដ្ឋានគ្រឹះរបស់គ្រីស្តបរិស័ទកាលពីថ្ងៃទី២១ ខែឧសភាកន្លងទៅ នៅព្រះវិហារសន្តីថេរេសានៃព្រះសហគមន៍តាខ្មៅដែលមានអ្នកចូលរួមប្រមាណ៣០នាក់ មកពីព្រះសហគមន៍គងនយ តាខ្មៅ និងអំពៅព្រៃ។
គោលសំខាន់សម្រាប់សិក្ខាសាលានេះ គឺពង្រឹងផ្លូវវិញ្ញាណដល់គ្រីស្តបរិស័ទ ឲ្យយល់កាន់តែច្បាស់អំពីទិសដៅនៃជីវិតរបស់ខ្លួន។ លោកឧបដ្ឋាកដាម៉ូឲ្យដឹងថា ដោយសារព្រះសហគមន៍យើងមានសកម្មភាពសង្គមល្អប្រសើរ ប៉ុន្តែផ្លូវវិញ្ញាណគ្រីស្តបរិស័ទហាក់មិនទាន់រឹងមាំនៅឡើយ ដូច្នេះលោកចង់ឲ្យគ្រីស្តបរិស័ទមានបទពិសោធន៍ផ្លូវវិញ្ញាណស៊ីជម្រៅជាងមុននិងនៅជាប់ជាមួយព្រះជាម្ចាស់។
លោកបានបន្ថែមទៀតថា លោកចង់យកអំណោយទានរបស់សន្តអ៊ីញ៉ាស ទៅប្រើប្រាស់ក្នុងព្រះសហគមន៍ ដោយបញ្ច្រៀបដល់គ្រីស្តបរិស័ទឲ្យដឹងច្បាស់ថា «ជីវិតយើងជាគ្រីស្តបរិស័ទមិនមែនតែចុះបម្រើព្រះសហគមន៍តែប៉ុណ្ណឹង យើងក៏មានការអធិដ្ឋាន ពង្រឹងទំនាក់ទំនងជាមួយព្រះជាម្ចាស់ ហើយព្រះជាម្ចាស់ជាមូលដ្ឋានគ្រឹះក្នុងជីវិតរបស់យើង។»
នេះជាសិក្ខាសាលាលើកដំបូងដែលលោកបានធ្វើក្នុងភូមិភាគភ្នំពេញ ហើយលោកក៏ចង់បន្តកិច្ចការងារនេះបន្ទាប់ពីតែងតាំងជាបូជាចារ្យរួចផងដែរ។
លោកបញ្ជាក់ថា «យើងដឹងថាគ្រប់កិច្ចការដែលយើងធ្វើគឺមិនមែនខ្លួនយើងជាស្នូល តែមានព្រះជាម្ចាស់ជាស្នូល។»
យុវ័ន ស្រ៊ុន សិលា អាយុ២៣ឆ្នាំឲ្យដឹងថា ឆ្លងតាមសិក្ខាសាលានេះ គាត់បានឈ្វេងយល់នូវអ្វីដែលជាមូលដ្ឋានគ្រឹះរបស់គ្រីស្តបរិស័ទគឺបម្រើព្រះជាម្ចាស់ គោរពនិងលើកតម្កើងព្រះជាម្ចាស់។ ហើយមេរៀនទាំងនោះបានដាស់តឿនគាត់មិនឲ្យភ្លេចខ្លួនសប្បាយតាមបែបលោកីយ៍។
លោកប្រាប់ទៀតថា ចំណេះដឹងទាំងនេះ គឺជួយដល់លោកឲ្យមានជំនឿកាន់តែរឹងមាំបន្ថែមទៀត ហើយ«ដាស់តឿននិងរំលឹកខ្លួនឯងដែរ កុំឲ្យភ្លេចខ្លួន គឺនឹកឃើញព្រះជាម្ចាស់ ហើយចេះថ្លឹងថ្លែងនូវអ្វីដែលល្អនិងអាក្រក់។»
សិលានឹងយកចំណេះដឹងនៅថ្ងៃនេះ ចែករំលែកដល់មិត្តភក្តិ និងអ្នកស្វែងយល់មួយចំនួនថែមទៀតក្នុងព្រះសហគមន៍របស់គាត់។
ផូ ស្រីល័ក្ខ វ័យ២៦ បានឲ្យដឹងថា «ដំបូងខ្ញុំមិនយល់ថា អ្វីដែលយើងធ្វើហ្នឹងផ្តោតសំខាន់ទៅលើព្រះជាម្ចាស់នោះទេ គឺដឹងត្រឹមថា ធ្វើទៅដើម្បីឲ្យអ្នកដទៃពេញចិត្តយើងប៉ុណ្ណោះ។»
ស្រីល័ក្ខបន្តថា គឺពីមុននាងធ្វើកិច្ចការមួយចំនួន ទាំងមិនដឹងថា វាប៉ះពាល់ដល់អ្នកដទៃឬអត់នោះទេ ប៉ុន្តែពេលនេះនាងយល់ថា គ្រប់កិច្ចការនិងទង្វើ «គោលដៅសំខាន់សម្រាប់ជីវិតរបស់យើងគឺឆ្ពោះទៅកាន់ព្រះជាម្ចាស់ ហើយនឹងប្រកាសជំនឿដល់អ្នកដទៃទៀតដែលមិនទាន់ស្គាល់ព្រះជាម្ចាស់។»
លោកឧបដ្ឋាកដាម៉ូឲ្យដឹងថា លោកនឹងបន្តធ្វើសិក្ខាសាលានៅតំបន់នេះ បន្ថែមទៀត ដើម្បីជួយកាន់តែខ្លាំងដល់ផ្លូវវិញ្ញាណគ្រីស្តបរិស័ទ៕
ដោយកែវ កញ្ញា