ព្រះសហគមន៍កាតូលិកបានរៀបចំសិក្ខាសាលាសម្រាប់គ្រូអប់រំជំនឿចំនួន៣មណ្ឌល ក្នុងនោះមានមណ្ឌលសកម្មភាពតាកែវ កំពត និងមណ្ឌលកំពង់សោម ដែលរៀបចំដោយការិយាល័យអប់រំជំនឿ មានរយៈពេល២ថ្ងៃ ថ្ងៃទី២០ដល់២១ ខែឧសភា ឆ្នាំ២០២៣។
កម្មវិធីនេះអប់រំណែនាំដោយលោកបូជាចារ្យ ជីអូវ៉ាន់នី ទូលីណូ ជាបូជាចារ្យទទួលខុសត្រូវមណ្ឌលសកម្មភាពកំពត និងមានការអញ្ជើញចូលរួមពីលោកបូជាចារ្យ លោកឧបបដ្ឋាក ក្រុមដូនជី រួមនឹងគ្រូអប់រំជំនឿ ជាង៥០នាក់។
លោកបូជាចារ្យ ជីអូវ៉ាន់នី ទូលីណូ បានលើកឡើងថា ធម៌ប្រកាសជំនឿជាក្បួនច្បាប់សម្រាប់អ្នកជឿទាំងអស់ និងធ្វើឱ្យមានការរួមគ្នាក្នុងជំនឿតែមួយ។
លោកមានប្រសាសន៍ថា ៖ «នៅក្នុងធម៌ប្រកាសជំនឿមានសេចក្ដីពិតទាំងអស់របស់ព្រះសហគមន៍ ហើយអ្វីទាំងអស់ដែលយើងត្រូវដឹង ត្រូវទុកចិត្ត គឺយើងត្រូវរកនៅក្នុងធម៌ប្រកាសជំនឿនិងអាថ៌កំបាំងផ្សេងៗនៅក្នុងធម៌ប្រកាសជំនឿ ដែលមានអាថ៌កំបាំងផ្សេងៗរបស់ព្រះជាម្ចាស់»។
លោកបូជាចារ្យ ជីអូវ៉ាន់នី ទូលីណូ បានបន្តថា ធម៌ប្រកាសជំនឿមិនមែនជាការអធិដ្ឋាន មិនមែនជាបទចម្រៀង តែជាក្បួនច្បាប់ដែលបង្ហាញពីសេចក្ដីពិត ពីអាថ៌កំបាំងផ្សេងៗរបស់ព្រះជាម្ចាស់។
«អ្វីៗទាំងអស់ដែលព្រះសហគមន៍បង្រៀន គឺមាននៅក្នុងធម៌ប្រកាសជំនឿ ហើយគ្មានសៀវភៅបន្ថែមណាដែលយើងត្រូវប្រើដើម្បីពន្យល់អំពីព្រះជាម្ចាស់ តែមានតែសេចក្តីពិតប៉ុណ្ណោះ»។ លោកបូជាចារ្យ ជីអូវ៉ាន់នី ទូលីណូ បានបន្ថែម។
នាសិក្ខាសាលានោះដែរ ដួង សាវង់ ប្រធានការិយាល័យអប់រំជំនឿ និងជាគណៈកម្មការរៀបចំកសិក្ខាសាលានេះបានឱ្យដឹងដែរថា កម្មវិធីនេះរៀបចំឡើងតាមការណែនាំរបស់លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ ដែលឱ្យមានការយកចិត្តទុកដាក់ជាមួយគ្រូអប់រំជំនឿដើម្បីឱ្យគុណភាពនៃការអប់រំជំនឿតំបន់សកម្មភាពទាំង៣នេះមានការរីកចម្រើនទៅដល់គោលដៅ។
លោកបានប្រាប់ថា ៖ «តាមគម្រោងការណ៍របស់ការិយាល័យអប់រំជំនឿ យើងធ្វើសិក្ខាសាលានេះចំនួន២ដង ដោយនៅដើមឆ្នាំ និងចុងឆ្នាំ។ ដូច្នេះសិក្ខាសាលាដែលធ្វើរយៈពេល២ថ្ងៃនេះជាសិក្ខាសាលាលើកទីមួយសម្រាប់ឆ្នាំ២០២៣ ដែលបានលើកប្រធានបទទាក់ទងជាមួយធម៌ប្រកាសជំនឿ»។
លោក ដួង សាវង់ បានបន្តថា ៖ «គោលបំណង យើងចង់ឱ្យគ្រូអប់ជំនឿវិលត្រឡប់ទៅពិនិត្យមើលធម៌ប្រកាសជំនឿឡើងវិញថាតើធម៌ប្រកាសជំនឿមានអត្ថន័យយ៉ាងណា ហើយថាតើក្នុងឃ្លា ខ្ញុំជឿលើព្រះជាម្ចាស់ជាព្រះបិតាដ៏មានឬទ្ធានុភាពសព្វប្រការ និងជាព្រះបង្កើតមេឃ និងដីមានអត្ថន័យយ៉ាងដូចម្ដេច? ទាំងនេះជាអ្វីដែលខាងការិយាល័យលើកប្រធានបទនេះឡើង»។
ប្រធានការិយាល័យអប់រំជំនឿ រូបនេះ សង្ឃឹមថា តាមរយៈសិក្ខាសាលានេះគ្រូអប់រំជំនឿនឹងណែនាំអប់រំជំនឿដោយសង្កត់ធ្ងន់ទៅលើអត្ថន័យនៃពាក្យនីមួយៗដោយសមហេតុសមផល ហើយសង្ឃឹមថាអត្ថន័យធម៌ប្រកាសជំនឿជំរុញឱ្យគ្រីស្តបរិស័ទមានកម្លាំងខាងជំនឿ មានកម្លាំងខាងផ្លូវកាយផ្លូវចិត្ត ឈានទៅរកការកសាងព្រះសហគមន៍ក្នុងប្រទេសកម្ពុជាឱ្យរីកចម្រើនឡើង។
ជាមួយគ្នានេះដែរ លោកឧបដ្ឋាក ប៉ូល វិនកាន់ គ្រូអប់រំជំនឿនៅមណ្ឌលសកម្មភាពកំពង់សោម បាននិយាយថា សិក្ខាសាលារយៈពេល២ថ្ងៃនេះបានជួយឱ្យគ្រូអប់រំជំនឿយល់ដឹងបន្ថែមពីជំនឿដែលជឿទៅលើព្រះជាម្ចាស់ជាព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។
លោកបានថ្លែងថា ៖ «ជារៀងរាល់ថ្ងៃអាទិត្យយើងច្រៀង និងសូត្រធម៌ប្រកាសជំនឿ ប៉ុន្តែយើងមិនយល់ពីអត្ថន័យ។ ដូច្នេះសិក្ខាសាលានេះជាឱកាសមួយដើម្បីឱ្យគ្រូអប់រំជំនឿយល់កាន់តែច្បាស់ពីធម៌ប្រកាសជំនឿ ពិសេសជំនឿដែលជាមូលដ្ឋាននៃជីវិតរបស់ ដែលយើងជាគ្រីស្តបរិស័ទដែរ»។
ចំណែក លោក អ៊ុំ សាម៉េត គ្រូអប់រំជំនឿនៃមណ្ឌលសកម្មភាពតាកែវ ក៏បានលើកឡើងដែរថា រយៈពេល២ថ្ងៃនៃសិក្ខាសាលានេះ លោកឃើញថាគ្រូអប់រំជំនឿទាំង៣មណ្ឌលសកម្មភាពបានរួបរួមគ្នាដោយយកចិត្តទុកដាក់លើការស្វែងយល់បន្ថែម ហើយនេះជាបទពិសោធន៍ និងជាខ្លឹមសារមួយដែលលោកយកទៅបំពេញបេសកម្មតាមកន្លែងនីមួយៗ។
លោកសង្ឃឹមថាគ្រូអប់រំជំនឿទាំងអស់នឹងយកចំណេះជំនាញ ក៏ដូចជាអ្វីដែលជាជំនឿយកទៅបង្ហាញបន្តនៅតាមព្រះសហគមន៍នីមួយៗដើម្បីបានប្រកាសពីដំណឹងល្អ ពីព្រះរាជរបស់ព្រះជាម្ចាស់ដើម្បីឱ្យទាំងអស់បានទទួលការសង្គ្រោះ។
សូមបញ្ជាក់ដែរថា សម្រាប់សិក្ខាសាលាគ្រូអប់រំជំនឿលើកទី២នៃមណ្ឌលសកម្មភាពទាំង៣មានកំពត តាកែវ និងកំពង់សោម នឹងប្រារព្ធធ្វើឡើងនៅចុងឆ្នាំ២០២៣ខាងមុខនេះ៕