លោក អ៊ិនដូនិល តូឌីធូវ៉ាកូ រដ្ឋលេខាធិការក្រសួងទំនាក់ទំនងអន្តរសាសនានៃសន្តអាសនៈ (បុរី វ៉ាទីកង់) បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃព្រះសហគមន៍កាតូលិកនៅកម្ពុជា បានចូលជួបសម្តែងការគួរសមសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ព្រះសង្ឃរាជនៃគណមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា នាវត្តឧណ្ណាលោម។
ជំនួបនេះ ធ្វើឡើងនាព្រឹកថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២៣ ដោយមានការចូលរួមអមដំណើរដោយលោកអគ្គអភិបាល សិលា ប្រាយអិន វែលស៍ អគ្គរាជទូតសន្តអាសនៈប្រចាំកម្ពុជា, លោកអភិបាលព្រះសហគមន៍កាតូលិកប្រចាំព្រះរាជាណាចក្រកម្ពុជា ទាំង៣ភូមិភាគ រួមជាមួយតំណាងគណៈកម្មការអន្តរសាសនានៃព្រះសហគមន៍កាតូលិក ផងដែរ។
ការចូលជួបនេះ ធ្វើឡើងដើម្បីចងស្ពានមេត្រីរវាងព្រះសហគមន៍កាតូលិក និងព្រះពុទ្ធសាសនាឆ្ពោះទៅរកសាមគ្គីភាពនៃអន្តរសាសនា ដោយណែនាំមនុស្សជាតិនៅក្នុងសាសនារៀងៗខ្លួនឱ្យយកចិត្តទុកដាក់លើបញ្ហាប្រឈមផ្សេងៗដើម្បីព្យាបាលរបួសផ្លូវចិត្តរបស់មនុស្សជាតិនិងជីវចម្រុះនៃធម្មជាតិ។
លោកអភិបាលអូលីវីយ៉េ ក៏បានបញ្ជាក់ពីគោលបំណងនៃជំនួបនេះថា ជាឱកាសមួយដ៏ពិសេស ដើម្បីនឹករឭក និងអរព្រះគុណចំពោះទំនាក់ទំនងអន្តរសាសនារវាងព្រះពុទ្ធសាសនា និងព្រះសហគមន៍កាតូលិកជាយូរណាស់មកហើយ។
លោកអភិបាល អូលីវយ៉េ បានមានប្រសាសន៍ថា ៖ «ព្រះសហគមន៍កាតូលិកមកថ្ងៃនេះដើម្បីចងស្ពានមេត្រីរវាងព្រះសហគមកាតូលិក និងព្រះពុទ្ធសាសនា»។
ឆ្លៀតក្នុងឱកាសនេះ លោកអភិបាល អូលីវីយ៉េ រំឭកដល់ឆ្នាំ ២០០៨ ដែលបង្កើតឱ្យមានជំនួបអន្តរសាសនាដំបូង ដោយបាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចប៉ាបយ៉ូហានប៉ូលទី២ និងទំនាក់ទំនងរវាងព្រះពុទ្ធសាសនា និងព្រះសហគមន៍កាត់តូលិកជាច្រើនលើកច្រើនសាដែលបានជួបគ្នានៅអឺរ៉ុប។
នាឱកាសនោះដែរ លោក អ៊ិនដូនិល តូឌីធូវ៉ាកូ រដ្ឋលេខាធិការក្រសួងទំនាក់ទំនងអន្តរសាសនានៃសន្តអាសនៈ (បុរី វ៉ាទីកង់) បានថ្លែងទៅកាន់សម្ដេចព្រះសង្ឃរាជ ទេព វង្ស ថា ៖ «អន្តរសាសនាបានជួយដល់មនុស្សជាតិជាច្រើន នៅក្នុងពិភពលោកនេះឱ្យមានសន្តិភាព»។
លោក អ៊ិនដូនិល រំឭកពីប្រវត្តិនៃចំណងការទូតអន្តរសាសនារវាងព្រះសហគមន៍កាតូលិក និងព្រះពុទ្ធសាសនា ដោយរំឭកអំពីជំនួបរវាងសម្ដេចប៉ាបយ៉ូហានប៉ូលទី២ ជាមួយសម្ដេចព្រះមហាឃោសានន្ទក្នុងឆ្នាំ១៩៨៨ផងដែរ។
លោកមានប្រសាសន៍ថា ៖ «អន្តរសាសនាជាតម្រូវការចាំបាច់ក្នុងសង្គមបច្ចុប្បន្ន ដោយសម្ដេចប៉ាបសម្គាល់ឃើញបញ្ហាប្រឈមនានា ធ្វើឱ្យមនុស្សជាតិ និងបរិស្ថានធម្មជាតិចម្រុះមានរបួស»។
ជាមួយគ្នានេះដែរ សម្ដេចព្រះសង្ឃរាជ ទេព វង្ស មានបន្ទូលនាឱកាសនោះដែរថា នេះជាមហាកិត្តិយសដែលពុទ្ធសាសនា និងកាតូលិកទាំង២សាសនានេះជាបងប្អូន ដោយរួបរួមគ្នាជួយមនុស្សជាតិ។
សម្ដេចមានបន្ទូលថា ៖ «ពាក្យ បងប្អូន ជាមហាសាមគ្គីដ៏ធំធេង មិនអាចបែកបាក់សាមគ្គីបានទេ ព្រោះ ខ្វះសាមគ្គីស្លាប់ មានសាមគ្គីរស់។ ខ្ញុំសូមរួបរួមសាមគ្គីសាសនាទាំង២ជាបងប្អូន»។
ព្រះសហគមន៍កាតូលិក ប្រគេនសារតាំងដែលជាសារលិខិតរបស់សម្ដេចប៉ាប ហ្វ្រង់ស៊ីស្កូ និងវត្ថុអនុស្សាវរីយ៍មកពីសន្តអាសនៈ ថ្វាយសម្ដេចព្រះសង្ឃរាជគណមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ទេព វង្ស ផងដែរ។
ចំណែក ព្រះមុនីកោសល បណ្ឌិត យ៉ន សេងយៀត ព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ក៏បានលើកឡើងដោយរំឭកពីទំនាក់ទំនង និងជំនួបរវាងព្រះអង្គជាមួយសម្ដេចប៉ាបក្នុងឱកាសរួមជាមួយក្រុមសន្តអេជីឌីអូ នៅទីក្រុងអាស៊ីស៊ី អ៊ីតាលីផងដែរ។
សូមបញ្ជាក់ផងដែរថា ព្រះសហគមន៍កាតូលិកកម្ពុជាបានខិតខំយកចិត្តទុកដាក់លើកិច្ចការអន្តរសាសនា ដោយចូលរួមជាមួយគណៈកម្មការធិការអន្តរសាសនានៅកម្ពុជា និងរាជរដ្ឋាភិបាលដើម្បីធ្វើយ៉ាងណាឱ្យមានសុខដុមរណីកម្មសាសនានៅកម្ពុជា រួមគ្នាធ្វើសកម្មភាពមេត្តាករុណានានានៅក្នុងរយៈពេលដែលកម្ពុជារងគ្រោះដោយកូវីដ១៩៕