អត្ថបទព្រះគម្ពី​រ ថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០២៣

person holding a bible

សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត កក ២០,១៧-២៧

លោកប៉ូលធ្វើដំណើរឆ្ពោះទៅក្រុងយេរូសាឡឹម លោកដើរកាត់ស្រុកក្រិក និងស្នាក់នៅក្រុងមីលេត។ លោក​ចាត់​គេពីក្រុងមីលេតនោះ ឱ្យទៅអញ្ជើញពួកព្រឹទ្ធាចារ្យនៃព្រះសហគមន៍នៅក្រុងអេភេសូមក។ លុះគេមកដល់​ហើ​យ​ លោកមានប្រសាសន៍ទៅគេថា៖ «បងប្អូនជ្រាបស្រាប់ហើយ អំពីអាកប្បកិរិយាដែលខ្ញុំមានចំពោះបងប្អូនរាល់ពេល​វេលា តាំងពីថ្ងៃដំបូងដែលខ្ញុំបានទៅដល់ស្រុកអាស៊ីម៉្លេះ គឺខ្ញុំបានបម្រើព្រះអម្ចាស់ដោយចិត្តសុភាពរាបសា ទាំង​ទឹក​ភ្នែក ទាំងលំបាក ដោយជនជាតិយូដាបានឃុបឃិតគ្នាប៉ុនប៉ងធ្វើបាបខ្ញុំ។ ខ្ញុំបានជម្រាប និងបង្រៀនបងប្អូនតាម​ទី​សា​ធារណៈ និងតាមផ្ទះនូវសេចក្តីទាំងប៉ុន្មានដែលមានសារប្រយោជន៍ដល់បងប្អូនឥតមានលាក់លៀមត្រង់ណាសោះ​ឡើយ ខ្ញុំបានធ្វើសាក្សីឱ្យទាំងសាសន៍យូដា ទាំងសាសន៍ក្រិកកែប្រែចិត្តគំនិតមករកព្រះជាម្ចាស់ និងមាន​ជំនឿ​លើ​ព្រះ​យេស៊ូជាព្រះអម្ចាស់របស់យើងផង។ ឥឡូវនេះ ព្រះវិញ្ញាណទាក់ទាញចិត្តខ្ញុំឱ្យធ្វើដំណើរទៅក្រុងយេរូសាឡឹម ហើយខ្ញុំមិនដឹងថានឹងមាន​ហេតុការ​ណ៍​អ្វីកើតមានដល់ខ្ញុំនៅក្រុងនោះឡើយ គឺខ្ញុំគ្រាន់តែដឹងតាមព្រះវិញ្ញាណ​ដ៏វិសុទ្ធ​បញ្ជាក់ប្រាប់​ពីក្រុង​មួយទៅ​ក្រុង​មួយ​ថា ខ្ញុំនឹងត្រូវគេចាប់ចង ហើយនឹងត្រូវរងទុក្ខវេទនា។ ប៉ុន្តែ ខ្ញុំមិនខ្វល់អ្វីនឹងជីវិតរបស់ខ្ញុំទេ ឱ្យតែខ្ញុំបានបង្ហើយមុខ​ងារ និងសម្រេចកិច្ចការដែលព្រះអម្ចាស់យេស៊ូបានប្រទានឱ្យខ្ញុំធ្វើ គឺផ្តល់សក្ខីភាពអំពីដំណឹង​ល្អ​នៃ​ព្រះ​ហឫទ័យ​ប្រ​ណី​សន្តោសរបស់ព្រះជាម្ចាស់។ ខ្ញុំធ្លាប់រស់នៅក្នុងចំណោមបងប្អូន ទាំងប្រកាសដំណឹងល្អអំពីព្រះរាជ្យរបស់ព្រះជាម្ចាស់ ប៉ុន្តែ ឥឡូវនេះខ្ញុំ​ដឹ​ង​​ថា បងប្អូននឹងលែងឃើញមុខខ្ញុំទៀតហើយ។ ហេតុនេះ បានជាខ្ញុំផ្តល់សក្ខីភាពឱ្យបងប្អូនដឹងនៅថ្ងៃនេះថា ប្រសិន​បើ​មាន​ម្នាក់ក្នុងចំណោម​បងប្អូនត្រូវវិនាស មិនមែនមកពីកំហុសរបស់ខ្ញុំទេ ដ្បិតខ្ញុំបានជម្រាបបងប្អូនអំពីគម្រោងការទាំងមូលរបស់ព្រះជាម្ចាស់រួចហើយ ឥតមានលាក់លៀមត្រង់ណាសោះ»។

ទំនុកតម្កើងលេខ ៦៨ (៦៧), ១០-១១.២០-២១ បទព្រហ្មគីតិ

១០បពិត្រព្រះអម្ចាស់ព្រះអង្គប្រោសយើងគ្មានភ័យ
ភ្លៀងធ្លាក់ត្រជាក់ដីរាស្រ្តក្រក្រីរស់ឡើងវិញ
១១ប្រជារាស្រ្តព្រះអង្គបានមកតាំងលំនៅពេញ
ដោយទ្រង់បានបញ្ចេញក្តីសប្បុរសដល់ទុគ៌ត
២០សូមសរសើរតម្កើងព្រះនៃយើងមិនកន្តើយ
ដ្បិតមានតែទ្រង់ហើយជួយគាំទ្រសង្គ្រោះយើង
២១ព្រះម្ចាស់ព្រះសង្គ្រោះយើងឱ្យរស់ទ្រង់មិនឆ្មើង
ព្រះម្ចាស់អាចជួយយើងឱ្យរួចផុតពីមរណា

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១៥,២៦

អាលេលូយ៉ា! អាលេលូយ៉ា!
សូមព្រះវិញ្ញាណរបស់ព្រះជាម្ចាស់យាងមក គឺព្រះវិញ្ញាណដែលសម្តែងសេចក្តីពិត។ សូ​ម​​ទ្រងធ្វើជាសាក្សីក្នុងចិត្តរបស់យើងខ្ញុំ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១៧,១-១១

នៅពេលកំណត់ដែលព្រះយេស៊ូត្រូវឆ្លងពីលោកនេះឆ្ពោះទៅព្រះបិតា ព្រះអង្គងើបព្រះភក្រ្តទតទៅលើមេឃ ហើយមានព្រះបន្ទូលថា៖ «បពិត្រព្រះបិតា! ឥឡូវនេះដល់ពេលកំណត់ហើយ សូមសម្តែង​សិរីរុងរឿង​របស់​បុត្រ​ឡើង​​ ដើម្បីឱ្យបុត្រសម្តែងសិរីរុងរឿងរបស់ព្រះបិតាដែរ។ ព្រះអង្គបានប្រទានឱ្យបុត្រ​មានអំណាចលើមនុស្សទាំងអស់ ដើម្បី​​ឱ្យបុត្រ​ផ្តល់ជីវិតអស់កល្បជានិច្ចដល់អស់អ្នកដែលព្រះអង្គប្រទានមកបុត្រ។ រីឯជីវិតអស់កល្បជានិច្ច​នោះ គឺ​ឱ្យ​គេ​ស្គាល់​ព្រះអង្គដែលជាព្រះជាម្ចាស់ដ៏ពិតតែមួយគត់ និងឱ្យគេស្គាល់ព្រះយេស៊ូគ្រីស្តដែលព្រះអង្គបានចាត់ឱ្យមក។ ទូល​បង្គំបានសម្តែងសិរីរុងរឿងរបស់ព្រះអង្គនៅលើផែនដី ហើយទូលបង្គំក៏បានបង្ហើយកិច្ចការដែលព្រះអង្គបញ្ជា​ឱ្យ​ទូលបង្គំធ្វើនោះចប់សព្វគ្រប់ដែរ។ ឱព្រះបិតាអើយ! ឥឡូវនេះ សូមលើកតម្កើង​ទូលបង្គំ​ឱ្យមាន​សិរីរុង​រឿង​នៅ​ក្បែរ​ព្រះ​អង្គ គឺសិរីរុងរឿងដែលទូលបង្គំធ្លាប់មាននៅក្បែរព្រះអង្គតាំងពីមុនកំណើតពិភពលោកមក។ ទូល​បង្គំ​បានសម្តែងព្រះនាមរបស់ព្រះអង្គឱ្យអស់អ្នកដែលព្រះអង្គញែកចេញពីលោកនេះ​ប្រទាន​មក​ទូល​បង្គំ​ស្គាល់ហើយ។ អ្នកទាំងនោះនៅក្រោមការគ្រប់គ្រងរបស់ព្រះអង្គ ព្រះអង្គប្រទានគេមកឱ្យទូលបង្គំ ហើយ​គេ​បាន​ប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គ។ ឥឡូវនេះ អ្នកទាំងនោះដឹងថា អ្វីៗដែលព្រះអង្គប្រទានមកទូលបង្គំ សុទ្ធតែម​ក​​ពីព្រះអង្គទាំងអស់ ដ្បិតទូលបង្គំបានប្រគល់ព្រះបន្ទូលដែលព្រះអង្គប្រទានមកទូលបង្គំទៅឱ្យគេ គេបានទទួល​ព្រះ​បន្ទូលទាំងនោះ ហើយទទួលស្គាល់យ៉ាងច្បាស់ថា ទូលបង្គំបានចេញមកពីព្រះអង្គមែន ព្រមទាំងជឿ​ថា ព្រះអង្គ​បាន​ចាត់​ទូលបង្គំឱ្យមកទៀតផង។ ទូលបង្គំសូមអង្វរព្រះអង្គឱ្យអ្នកទាំងនោះ ទូលបង្គំមិនអង្វរព្រះអង្គឱ្យមនុស្សលោកឡើយ គឺអង្វរ​ឱ្យតែ​អស់​អ្នក​ដែលព្រះអង្គប្រទានមកទូលបង្គំប៉ុណ្ណោះ ព្រោះអ្នកទាំងនោះនៅក្រោមការគ្រប់គ្រងរបស់ព្រះអង្គ។ អ្វីៗជា​របស់​ព្រះ​អង្គ ក៏ជារបស់ទូលបង្គំ ហើយអ្វីៗជារបស់ទូលបង្គំ ក៏ជារបស់ព្រះអង្គដែរ។ ទូលបង្គំ​សម្តែង​សិរីរុងរឿង​ក្នុង​អ្នក​ទាំង​នោះ​។ ទូលបង្គំមិននៅក្នុងលោកនេះទៀតទេ រីឯអ្នកទាំងនោះ ស្ថិតនៅក្នុងលោកនៅឡើយ ហើយ​ទូល​បង្គំ​ទៅឯព្រះ​អង្គវិញ»។

Facebook
Twitter
LinkedIn