សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត កក ១៧,១៥.២២-១៨,១
បងប្អូនគ្រីស្តបរិស័ទជូនដំណើរលោកប៉ូល រហូតដល់ក្រុងអាថែនទើបត្រឡប់ទៅវិញ ទាំងនាំពាក្យផ្តែផ្តាំពីលោកប៉ូលទៅជម្រាបលោកស៊ីឡាស និងលោកធីម៉ូថេឱ្យមកតាមលោកយ៉ាងប្រញាប់បំផុត។ នៅក្រុងអាថែននោះ មានទស្សនវិទូខ្លះនាំលោកប៉ូលទៅមុខសភាក្រុង នៅទួលអារ៉ែស។ លោកប៉ូលក្រោកឈរឡើងនៅកណ្តាលអង្គប្រជុំ ហើយមានប្រសាសន៍ថា៖ «អស់លោកជាអ្នកក្រុងអាថែនអើយ! ខ្ញុំសង្កេតឃើញថា អស់លោកនិយមសាសនាខ្លាំងណាស់! ពេលខ្ញុំដើរទៅមកក្នុងទីក្រុង ខ្ញុំឃើញមានបូជនីយដ្ឋានទាំងប៉ុន្មានដែលអស់លោកគោរពបូជា ហើយខ្ញុំក៏បានឃើញអាសនៈមួយដែលមានចារឹកអក្សរថា “សូមឧទ្ទិសដល់ព្រះដែលយើងពុំស្គាល់”។ ខ្ញុំនាំដំណឹងមកប្រាប់អស់លោក អំពីព្រះដែលអស់លោកថ្វាយបង្គំទាំងពុំស្គាល់ហ្នឹងហើយ ជាម្ចាស់ដែលបានបង្កើតពិភពលោក និងបង្កើតអ្វីៗសព្វសារពើនៅក្នុងពិភពលោកនេះ ព្រះអង្គជាអម្ចាស់នៃផ្ទៃមេឃ និងផែនដី ព្រះអង្គមិនគង់នៅក្នុងព្រះវិហារដែលមនុស្សសង់នោះឡើយ ហើយព្រះអង្គក៏មិនត្រូវការឱ្យមនុស្សបីបាច់ថែរក្សាព្រះអង្គដែរ ព្រោះព្រះអង្គទេតើដែលបានប្រទានជីវិត ប្រទានដង្ហើម និងប្រទានរបស់សព្វគ្រប់ទាំងអស់មកមនុស្ស។ ព្រះអង្គប្រទានឱ្យប្រជាជាតិនានាកើតចេញមកពីមនុស្សតែម្នាក់ ហើយឱ្យគេរស់នៅពាសពេញលើផែនដីទាំងមូល។ ព្រះអង្គបានកំណត់រដូវកាល និងកំណត់ព្រំដែនឱ្យមនុស្សរស់នៅ។ ព្រះជាម្ចាស់ធ្វើដូច្នេះ ដើម្បីឱ្យគេស្វែងរកព្រះអង្គ ហើយបើគេខ្នះខ្នែងរកព្រះអង្គមែននោះ ប្រហែលជាគេនឹងរកព្រះអង្គឃើញ។ តាមពិត ព្រះជាម្ចាស់មិនគង់នៅឆ្ងាយពីយើងម្នាក់ៗទេ ដ្បិតយើងមានជីវិតមានចលនា និងមានជាតិជាមនុស្សដោយសារព្រះអង្គ។ អ្នកកវីខ្លះរបស់អស់លោកតែងពោលថា៖ “យើងក៏ជាពូជរបស់ព្រះអង្គដែរ”។ ហេតុនេះ ប្រសិនបើយើងពិតជាពូជរបស់ព្រះជាម្ចាស់មែន យើងមិនត្រូវគិតថា ព្រះអង្គមានសណ្ឋានដូចរូបសំណាកធ្វើពីមាសប្រាក់ ឬថ្មដែលជាក្បាច់រចនាកើតឡើងតាមការនឹកឃើញរបស់មនុស្សនោះឡើយ។ ព្រះជាម្ចាស់មិនប្រកាន់ទោសមនុស្សលោកក្នុងគ្រាដែលគេមិនទាន់ស្គាល់ព្រះអង្គនៅសម័យមុនៗនោះទេ តែឥឡូវនេះ ព្រះអង្គប្រទានដំណឹងដល់មនុស្សទាំងអស់ដែលរស់នៅគ្រប់ទីកន្លែង ឱ្យគេកែប្រែចិត្តគំនិត ដ្បិតព្រះអង្គបានកំណត់ថ្ងៃមួយទុក ដើម្បីវិនិច្ឆ័យទោសមនុស្សតាមសេចក្តីសុចរិត ដោយសារបុរសម្នាក់ដែលព្រះអង្គបានតែងតាំង។ ព្រះអង្គបានប្រោសបុរសនោះឱ្យភ្ញាក់ពីចំណោមមនុស្សស្លាប់ ទុកជាភស្តុតាងសម្រាប់មនុស្សទាំងអស់»។ កាលពួកគេបានឮសូរពាក្យ “តើនឱ្យភ្ញាក់ឡើងពីចំណោមមនុស្សស្លាប់” ដូច្នេះ អ្នកខ្លះចំអកឱ្យ អ្នកខ្លះទៀតពោលថា៖ «ចាំលើកក្រោយ យើងនឹងស្តាប់លោកមានប្រសាសន៍អំពីរឿងនេះទៀត»។ ហេតុនេះ លោកប៉ូលចាកចេញពីចំណោមពួកគេទៅ។ ក៏ប៉ុន្តែ មានអ្នកខ្លះមកចូលរួមជាមួយលោក ហើយជឿ។ ក្នុងចំណោមអ្នកទាំងនោះ មានលោកដឺនីសជាសមាជិកក្រុងនៅទួលអារ៉ែស និងមានស្ត្រីម្នាក់ឈ្មោះនាងដាម៉ារីស ព្រមទាំងអ្នកឯទៀតៗផង។ ក្រោយនោះមក លោកប៉ូលចាកចេញពីក្រុងអាថែន ធ្វើដំណើរឆ្ពោះទៅក្រុងកូរិនថូស។
ទំនុកតម្កើងលេខ ១៤៨, ១-២.១១-១៤ បទពាក្យ ៧
១ | ចូរលើកតម្កើងព្រះអម្ចាស់ | ទ្រង់គឺជាព្រះដ៏វិសុទ្ធ | |
អ្នកដែលនៅស្ថានខ្ពស់បំផុត | បញ្ចេញពាក្យពិតថ្កើងព្រះអង្គ | ។ | |
២ | ឱពួកទេវទូតទាំងអស់អើយ | ចូរសរសើរហើយតម្កើងផង | |
ទាំងពួកទេវតាកុំបង្អង់ | សរសើរព្រះអង្គព្រះនៃអ្នក | ។ | |
១១ | អស់ស្តេចទាំងឡាយលើផែនដី | ប្រជាប្រុសស្រីគ្រប់ទាំងអស់ | |
ទាំងអ្នកដឹកនាំថ្នាក់ទាបខ្ពស់ | នាំគ្នាទាំងអស់ថ្កើងម្ចាស់ថ្លៃ | ។ | |
១២ | យុវជននារីចាស់ជរា | កូនក្មេងនាំគ្នាលើកសិរី | |
ព្រះម្ចាស់ខ្ពង់ខ្ពស់លើលោកីយ៍ | មិនអាចរកអ្វីប្រៀបស្មើបាន | ។ | |
១៣ | ចូរកោតសរសើរនាមព្រះម្ចាស់ | ជាព្រះខ្ពង់ខ្ពស់លើសអស់ស្ថាន | |
ព្រះនាមព្រះអង្គល្អថ្កើងថ្កាន | ពាសពេញទីស្ថានមេឃនិងដី | ។ | |
១៤ | ព្រះអង្គបានប្រោសអស់ប្រជា | រាស្រ្តទាំងអស់គ្នាមានសេរី | |
កម្លាំងមាំមួនខ្លាំងពេកក្រៃ | មិនឱ្យមានអ្វីមករំខាន | ។ | |
អស់អ្នកដែលជឿលើព្រះអង្គ | គឺជារាស្រ្តទ្រង់ដ៏ចំណាន | ||
អ៊ីស្រាអែលអើយអ្នកនឹងបាន | ខ្ពស់មុខសុខសាន្តតទៅអើយ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១៦,១៣
អាលេលូយ៉ា! អាលេលូយ៉ា!
សូមព្រះវិញ្ញាណរបស់ព្រះជាម្ចាស់យាងមក គឺព្រះវិញ្ញាណដែលសម្តែងសេចក្តីពិត។ សូមព្រះអង្គណែនាំយើងខ្ញុំឱ្យស្គាល់សេចក្តីពិតគ្រប់ជំពូក។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១៦,១២-១៥
នៅពេលកំណត់ដែលព្រះយេស៊ូត្រូវឆ្លងពីលោកនេះឆ្ពោះទៅព្រះបិតា ព្រះអង្គមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កថា៖ «ខ្ញុំមានសេចក្តីឯទៀតៗជាច្រើនដែលត្រូវនិយាយប្រាប់អ្នករាល់គ្នា តែអ្នករាល់គ្នាពុំអាចទទួលនៅពេលនេះបានទេ។ កាលណាព្រះវិញ្ញាណនៃសេចក្តីពិតយាងមកដល់ ព្រះអង្គនឹងណែនាំអ្នករាល់គ្នាឱ្យស្គាល់សេចក្តីពិតគ្រប់ជំពូក ដ្បិតសេចក្តីផ្សេងៗដែលព្រះអង្គថ្លែង មិនចេញមកពីព្រះអង្គផ្ទាល់ទេ គឺព្រះអង្គថ្លែងតែសេចក្តីណាដែលទ្រង់ព្រះសណ្តាប់ឮ ព្រមទាំងមានព្រះបន្ទូលប្រាប់ឱ្យអ្នករាល់គ្នាដឹងអំពីហេតុការណ៍ដែលត្រូវកើតមាននៅថ្ងៃមុខផង។ ព្រះអង្គនឹងសម្តែងសិរីរុងរឿងរបស់ខ្ញុំ ព្រោះព្រះអង្គទទួលសេចក្តីទាំងអស់ពីខ្ញុំ យកមកប្រាប់អ្នករាល់គ្នា។ អ្វីៗដែលព្រះបិតាមានទាំងប៉ុន្មាន សុទ្ធតែជារបស់ខ្ញុំទាំងអស់។ ហេតុនេះហើយ បានជាខ្ញុំពោលថា ព្រះអង្គទទួលសេចក្តីទាំងអស់ពីខ្ញុំយកមកប្រាប់អ្នករាល់គ្នា»។