ផ្លូវ​នៃ​ពន្លឺ

អភិបូជា​រាត្រី​បុណ្យ​ចម្លង

នៅ​ព្រះសហគមន៍​សន្តី​ម៉ារី​ញញឹម ចំការទៀង

តាកែវ ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០២៣

អត្ថបទ​ទី១៖ កិច្ចការ ១០,៣៤.៣៧-៤៣

យើង​ជា​បន្ទាល់​អំពី​កិច្ច‌ការ​ទាំង​អស់​ដែល​ព្រះ‌អង្គ​បាន​ធ្វើ។ កក ១០,៣៩

អត្ថបទ​ទី១៖ កូឡូស ៣,១-៤

​ជីវិត​របស់​បង‌ប្អូន ​ក៏​បាន​កប់​ទុក​ជា​មួយ​ព្រះ‌គ្រីស្ត​ក្នុង​ព្រះ‌ជាម្ចាស់​ដែរ។ កូឡ ៣,៣

ដំណឹងល្អ៖ យ៉ូហាន ២០,១-៩

ចេញ​ដំណើរ​ឆ្ពោះ​ទៅ​ផ្នូរ។ យហ ២០,១

បង​ប្អូន​ជា​ទី​ស្រឡាញ់!

“ព្រះយេស៊ូគ្រីស្តមានព្រះជន្មរស់ឡើងវិញ អាលេលូយ៉ាអ! អាលេលូយ៉ា!”

នេះ​ជា​ដំណឹង​ល្អ ដែល​យើង​បាន​ស្ដាប់​នៅ​ថ្ងៃ​នេះ ដែល​ណែនាំ​ឲ្យ​យើង​ទាំង​អស់​បាន​ពោរពេញ​ដោយ​អំណរ​សប្បាយ និង​ប្រញាប់​ប្រញាល់​ដូច​ក្រុម​ស្ដ្រី​ពី​ដើម ដូច​ព្រះនាង​ម៉ារី​ដែល​បាន​ទទួល​ដំណឹង​ជា​មាតា​របស់​ព្រះជាម្ចាស់។ ប្រញាប់​ប្រញាល់ ដើម្បី​ចែក​រំលែក​អំណរ​សប្បាយ​មួយ​យ៉ាង​ពិសេស​ដែល​យើង​បាន​ទទួល។ បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ​ដែល​យើង​បាន​ជួប​គ្នា​នៅ​ក្នុង​បរិវេណ​នៃ​ព្រះវិហារ​សន្តី​ម៉ារី​ញញឹម ចំការទៀង។ យើង​អរ​ព្រះគុណ​ព្រះជាម្ចាស់ សម្រាប់​បង​ប្អូន​ដែល​បាន​ទទួល​អគ្គសញ្ញា​ជ្រមុជ​ទឹក​ពី​យប់​មិញ នៅ​ក្នុង​ភូមិភាគ​ភ្នំពេញ យប់​នេះ​យើង​មាន​ជិត​៣០​នាក់​ទៀត​ដែល​បាន​ទទួល​ជីវិត​ថ្មី។

នេះ​ជា​ឱកាស​មួយ ដើម្បី​អរ​ព្រះគុណ​ព្រះជាម្ចាស់​ពិត​មែន យើង​បាន​ធ្វើ​ដំណើរ​យូរ​ឆ្នាំ​ហើយ ថ្ងៃ​នេះ​យើង​ឃើញ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ ដែល​បាន​កើត​នៅ​លើ​ផែនដី​នេះ ទៅ​ជា​រូប​រាង​ដ៏​ពិត​ប្រាកដ​តាម​រយៈ​បង​ប្អូន​ដែល​នឹង​ទទួល​ជីវិត​ថ្មី​នៅ​ក្នុង​អគ្គសញ្ញា​ជ្រមុជ​ទឹក។ បង​ប្អូន​ជា​ទី​ស្រឡាញ់ នៅ​ក្នុង​រយៈ​ពេល​៤០​ថ្ងៃ​ដែល​យើង​បាន​ធ្វើ​ដំណើរ​បន្តិច​ម្ដងៗ​ជា​មួយ​ព្រះយេស៊ូ យើង​ត្រូវ​ការ​នឹក​ឃើញ​នៅ​ពេល​យើង​ចូល​នៅ​ក្នុង​រដូវ​៤០​ថ្ងៃ រួម​ជា​មួយ​ព្រះយេស៊ូ។ យើង​បាន​ចូល​នៅ​ក្នុង​វាល​រហោ​ស្ថាន​រួម​ជា​មួយ​ព្រះយេស៊ូ យើង​បាន​ធ្វើ​ដំណើរ​អំពី​ការ​ល្បួង​រួម​ជា​មួយ​ព្រះយេស៊ូ។ យើង​បាន​ស្គាល់​អំពី​ភាព​ងងឹត​នៅ​ក្នុង​ជីវិត​យើង យើង​បាន​ស្គាល់​អំពី​មារសាតាំង​ដែល​បៀត​បៀន​យើង យើង​ស្គាល់​អំពី​អំពើ​បាប​ដែល​ណែនាំ​ឲ្យ​ជួន​កាល​យើង​ដួល។ ណែ​នាំ​ឲ្យ​យើង​ជួន​កាល យើង​វង្វេង​នៅ​ក្នុង​ផ្លូវ​នៃ​ជីវិត​របស់​យើង អស់​៤០​ថ្ងៃ​យើង​បាន​យក​ចិត្ត​ទុក​ដាក់​ដើម្បី​ទូល​អង្វរ​ព្រះជាម្ចាស់ សូម​ឲ្យ​ព្រះអង្គ​ជម្រះ​ចិត្ត​គំនិត​របស់​យើង​ខ្ញុំ។

ជា​ពិសេស​នៅ​ភូមិភាគ​យើង យើង​មាន​បង​ប្អូន​ដែល​បាន​ទទួល​ជំហាន​ទី​២ អស់​៤០​ថ្ងៃ​យើង​បាន​ធ្វើ​ពិធី​ជម្រះ​ចិត្ត​គំនិត ដើម្បី​យល់​ថា​ពិត​មែន​ដោយ​កម្លាំង​ផ្ទាល់​ខ្លួន យើង​មិន​អាច​ទៅ​ជា​មនុស្ស​ថ្មី​បាន​ទេ ដោយ​កម្លាំង​ផ្ទាល់​ខ្លួន​យើង​មិន​អាច​ទទួល​ជីវិត​ថ្មី​បាន​ទេ។ ប៉ុន្តែ ប្រសិន​បើ​យើង​ទី​ពឹង​ទៅ​លើ​ព្រះជាម្ចាស់ ប្រសិន​បើ​យើង​ទី​ពឹង​ទៅ​លើ​ព្រះយេស៊ូ​គ្រីស្ត ដែល​គង់​នៅ​ជា​មួយ​យើង យើង​កែ​ប្រែ​ជីវិត​របស់​យើង​ទៅ​ជា​ជីវិត​ថ្មី។

កាល​ពី​ថ្ងៃ​សុក្រ មហា​ជន​បាន​ស្រែក​យ៉ាង​ខ្លាំង​ថា “ឆ្កាងទៅ! ឆ្កាងទៅ!” យើង​ជួន​កាល​ជា​មហា​ជន​ដែរ។ យើង​លើក​តម្កើង​សិរី​រុង​រឿង​របស់​ព្រះជាម្ចាស់ ដូច​ពី​ថ្ងៃ​អាទិត្យ​ពេល​ព្រះយេស៊ូ​យាង​ចូល​ទី​ក្រុង​យេរូសាឡឹម និង​មហា​ជន​បាន​ច្រៀង​លើក​តម្កើង​ព្រះមហាក្សត្រ​របស់​គេ “ជយោ! ព្រះរាជ្យវង្សព្រះបាទដាវីឌ ជយោ!”។ ប៉ុន្តែ បី​ថ្ងៃ​ក្រោយ​មក​នៅ​ពេល​លោក​ប៉ុន​ពី​ឡាត់​សួរ​គេ​ថា “តើយើងត្រូវ​ដោះ​លែងបាណាបាស់ ព្រះយេស៊ូ?”។ គេ​ស្រែក​យ៉ាង​ខ្លាំង​ថា “ដោះលែងបាណាបាស់ ហើយ​ឆ្កាង​យេស៊ូទៅ”។

បង​ប្អូន​ជា​ទី​ស្រឡាញ់ ពិត​មែន​នៅ​ថ្ងៃ​សុក្រ​ដែល​យើង​បាន​នឹក​ឃើញ​ព្រះយេស៊ូ​សោយ​ទិវង្គត យើង​បាន​នឹក​ឃើញ​ពី​របៀប​ដែល​ព្រះយេស៊ូ​បាន​ប្រមូល​អំពើ​បាប​របស់​យើង​ទាំង​អស់ បាន​ប្រមូល​ភាព​ងងឹត​នៃ​ជីវិត​របស់​យើង​ទាំង​អស់។ យប់​នេះ យើង​មាន​ឈើ​ឆ្កាង​មួយ​យ៉ាង​ស្អាត ដែល​បាន​យក​ចាស់​ឫស​នៅ​ក្នុង​ស្រែ​របស់​យើង និង​នៅ​ក្នុង​ឈើ​ឆ្កាង​នេះ​យើង​បាន​ឃើញ​យើង​មាន​អាវ​សរ​មួយ។ អាវ​សរ​នេះ ជា​ក្រណាត់​ដែល​បាន​រុំ​ព្រះ​សព​របស់​ព្រះយេស៊ូ ដោយសារ​នៅ​ពេល​ស្ដ្រីៗ​ទៅ​ដល់​ផ្នូរ ជា​ផ្នូរ​ទទេ​អត់​បាន​រក​ឃើញ​សព​ទេ។ មាន​អ្នក​ខ្លះ​គិត​ថា មាន​គេ​លួច​សព​របស់​ព្រះយេស៊ូ​ទៅ​ហើយ ប៉ុន្តែ​តាម​ពិត​ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់​ឡើង​វិញ។ ក្រណាត់​សរ​នេះ បន្តិច​ទៀត​បង​ប្អូន​នឹង​បំពាក់ ក្រណាត់​សរ​នេះ​ណែនាំ​ឲ្យ​យើង​ឃើញ​ពិតមែន​ចាប់​ពី​ពេល​នេះ​ត​ទៅ គឺ​ព្រះយេស៊ូ​គ្រីស្ត​ដែល​គង់​នៅ​ជា​មួយ​យើង និង​យើង​បំពាក់​ព្រះយេស៊ូ​ពី​ថ្ងៃ​ដែល​យើង​បាន​ទទួល​ជីវិត​ថ្មី​នៅ​ក្នុង​អគ្គសញ្ញា​ជ្រមុជ​ទឹក។ ដូច​យើង​បាន​ស្ដាប់​នៅ​ក្នុង​អត្ថបទ​ផ្ញើ​ជូន​គ្រីស្ត​បរិស័ទ​ក្រុង​រ៉ូម​ថា “យើងស្លាប់យើងរស់ជាមួយព្រះយេស៊ូ”។ នេះ​ជា​អត្ថន័យ​នៃ​ពិធី​ជ្រមុជ​ទឹក ដែល​បង​ប្អូន​ខ្លះ​បាន​ទទួល​ហើយ និង​បង​ប្អូន​មួយ​ចំនួន​នឹង​ទទួល​បន្តិច​ទៀត យើង​ស្លាប់​ជា​មួយ​ព្រះយេស៊ូ​ដើម្បី​រស់​ជា​មួយ​ព្រះយេស៊ូ។

បង​ប្អូន​ជា​ទី​ស្រឡាញ់ សូម​បើក​ភ្នែក​នៅ​ពេល​ព្រះយេស៊ូ​បាន​សោយ​ទិវង្គត ព្រះយេស៊ូ​បាន​ចូល​នៅ​ក្នុង​ស្ថាន​នរក នៅ​ស្ថាន​ក្រោម។ យប់​នេះ​ព្រះយេស៊ូ​ចេញ​ពី​ស្ថាន​នរក​វិញ នឹង​ទាក់​ទាញ​មនុស្ស​ទាំង​អស់​ដែល​ជាប់​នៅ​ក្នុង​ហ្នឹង ជា​មនុស្ស​ដែល​ពោរពេញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះជាម្ចាស់ ដើម្បី​ណែនាំ​ឱ្យ​គេ​ឡើង​និង​ទទួល​សិរីរុងរឿង​រួម​ជា​មួយ​ព្រះជាម្ចាស់។ នេះ​ជា​មូល​ហេតុ យប់​នេះ​យើង​គោរព​ព្រះយេស៊ូ​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ ចាប់​ពី​ភាព​ងងឹត​ដើម្បី​ធ្វើ​ដំណើរ​ដូច​ព្រះអាទិត្យ​បន្តិច​ម្ដងៗ​បាន​រះ។ ព្រះយេស៊ូ​ជា​ព្រះអាទិត្យ​ថ្មី ដែល​រះ​លើ​ផែនដី​ចាស់​របស់​យើង ដើម្បី​ឲ្យ​យើង​ទៅ​ជា​មនុស្ស​ថ្មី។ បង​ប្អូន​ជា​ទី​ស្រឡាញ់ វាល​ស្រែ​ដែល​យើង​បាន​រៀប​ចំ​នៅ​ក្នុង​ផ្ទាំង​ប៉ាណូ​នេះ គឺ​ព្រះអាទិត្យ​ដែល​កំពុង​រះ​នៅ​លើ​វាល​ស្រែ​របស់​យើង។ មាន​ន័យ​ថា នៅ​លើ​ជីវិត​របស់​យើង យើង​ឃើញ​សន្ទូង យើង​ឃើញ​ដើម​ត្នោត យើង​ឃើញ​ស្រូវ​របស់​យើង យើង​ដឹង​ថា​នេះ​ជា​ជីវិត​របស់​យើង។ ឈើ​ឆ្កាង មិន​មែន​ជា​ឈើ​ឆ្កាង​នៅ​លើ​ដែល​យើង​មិន​ដឹង​ទេ ឈើ​ឆ្កាង​ចាក់​ឫស​នៅ​ក្នុង​ទឹក​ដី​របស់​យើង ដើម្បី​យល់​ថា​ពិត​មែន​ព្រះយេស៊ូ​បាន​ចាប់​កំណើត​ជា​មនុស្ស​នៅ​ក្នុង​ជីវិត​របស់​យើង​ផ្ទាល់។

នៅ​ថ្ងៃ​ព្រះយេស៊ូ​ប្រសូត និង​ថ្ងៃ​នេះ​គឺ​ព្រះយេស៊ូ​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ​នៅ​ក្នុង​ជីវិត​យើង​ផ្ទាល់ មុន​គេ​បង្អស់​ព្រះយេស៊ូ​មិន​មែន​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ទូ​ទៅ។ ប៉ុន្តែ នៅ​ក្នុង​យើង​រៀងៗ​ខ្លួន គឺ​ព្រះយេស៊ូ​ផ្ទាល់​ដែល​កំពុង​មាន​ព្រះជន្ម​រស់​ឡើង​វិញ គឺ​នៅ​ក្នុង​ខ្លួន​របស់​យើង​ផ្ទាល់​ដែល​យើង​មាន​ពន្លឺ​ដែល​កំពុង​ផ្ទុះ។ តែ​មិន​មែន​ផ្ទុះ​ដើម្បី​សម្លាប់​យើង ផ្ទុះ​ដើម្បី​ឲ្យ​យើង​ស្អាត​បំផុត ឲ្យ​យើង​សរ​ជា​សំឡី ដូច​យើង​បាន​ស្ដាប់​ថ្ងៃ​នេះ។ ពិត​មែន ព្រះពន្លឺ​នេះ​ជា​ព្រះពន្លឺ​មួយ​យ៉ាង​ពិសេស​បំផុត ដែល​ណែនាំ​ឲ្យ​យើង​មាន​ជីវិត​ថ្មី។ ជីវិត​ថ្មី​ប្រហែល​យើង​អត់​ទាន់​មើល​ឃើញ ប៉ុន្តែ​ចាប់​ពី​ពេល​នេះ​ត​ទៅ​យើង​អាច​ទៅ​ជា​មនុស្ស​ថ្មី។

បង​ប្អូន​ជា​ទី​ស្រឡាញ់ ព្រះយេស៊ូ​នៅ​ក្នុង​ការ​សោយ​ទិវង្គត នៅ​ក្នុង​ភាព​ស្ងៀម​ស្ងាត់​របស់​ព្រះអង្គ នៅ​ក្នុង​សក្ការៈ​បូជា​ដ៏​កំពូល​របស់​ព្រះអង្គ នៅ​ពេល​ហ្នឹង​ព្រះយេស៊ូ​បាន​បើក​ផ្លូវ​ថ្មី​សម្រាប់​យើង។ ផ្លូវ​នេះ​ជា​ផ្លូវ​នៃ​ពន្លឺ យើង​ជា​ប្រជារាស្រ្ត​របស់​ព្រះជាម្ចាស់ យើង​ជា​ប្រជារាស្ត្រ​នៃ​ពន្លឺ យើង​ជា​អ្នក​ចម្បាំង​ការពារ​ពន្លឺ យើង​មិន​មែន​ជា​អ្នក​ចម្បាំង​ដើម្បី​ធ្វើ​សង្រ្គាម​សម្លាប់​គេ។ ប៉ុន្តែ ព្រះយេស៊ូ​បាន​តែង​តាំង​យើង​នៅ​លើ​ផែនដី​នេះ ដើម្បី​ទៅ​ជា​ក្រុម​អ្នក​ចម្បាំង​ការពារ​ពន្លឺ នេះ​ជា​តួនាទី​ដែល​យើង​បាន​ទទួល នេះ​ជា​បេសកកម្ម​មួយ​យ៉ាង​ពិសេស​ដែល​យើង​បាន​ទទួល។ នៅ​ក្នុង​រាត្រី​ដ៏​វិសុទ្ធ​នេះ នៅ​រាត្រី​ដ៏​ពិសេស​នៃ​ពន្លឺ​នេះ យើង​ដឹង​ថា​ព្រះយេស៊ូ​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ ណែនាំ​ឲ្យ​យើង​ទាំង​អស់​ទៅ​ជា​ប្រជារាស្រ្ត​នៃ​អ្នក​ចម្បាំង​ការពារ​ពន្លឺ ដើម្បី​រស់​នៅ​តាម​របៀប​ថ្មី​ដែល​ព្រះយេស៊ូ​បាន​រៀប​ចំ​ឲ្យ​យើង។ របៀប​ថ្មី​ដែល​ព្រះយេស៊ូ​បាន​រៀប​ចំ កុំ​ឲ្យ​យើង​គិត​ថា​ជា​របៀប​មួយ​យ៉ាង​ស្រួល​បំផុត ឬ​ជា​របៀប​មួយ​យ៉ាង​អស្ចារ្យ​បំផុត ឬ​ជា​របៀប​មួយ​ដែល​ណែនាំ​ឲ្យ​យើង​ទៅ​ជា​មនុស្ស​ពិសេស​នៅ​លើ​ផែន​ដី​នេះ។ ផ្ទុយ​ទៅ​វិញ ព្រះយេស៊ូ​បាន​ណែនាំ​ឲ្យ​យើង​រស់​នៅ​តាម​របៀប​ជីវិត​សាមញ្ញ​ធម្មតា​ដូច​ព្រះនាង​ម៉ារី ដើម្បី​ឲ្យ​យើង​ដក​ខ្លួន​របស់​យើង​ចេញ​ពី​ភាព​ច្រណែន ភាព​លោភ​លន់។

ផ្លូវ​នៃ​ពន្លឺ​ដែល​ព្រះជាម្ចាស់​បាន​រៀប​ចំ​ឱ្យ​យើង ដើម្បី​សម្លាប់​ភាព​ច្រណែន ដើម្បី​សម្លាប់​ការ​ចង់​បាន​ដូច​គេ​គឺ៖

ទី​១ រស់​នៅ​ក្នុង​ជីវិត​សាមញ្ញ​ធម្មតា សប្បាយ​ចិត្ត​នូវ​អ្វី​ដែល​យើង​មាន ដោយសារ​ជា​អំណោយ​ទាន​ដែល​ខ្ញុំ​បាន​ទទួល​ពី​ព្រះជាម្ចាស់។ ជីវិត​សាមញ្ញ​ធម្មតា ដែល​ព្រះអង្គ​បាន​រៀប​ចំ​ឲ្យ​យើង ជា​ជីវិត​ដែល​ណែនាំ​ឲ្យ​យើង​មាន​ជីវិត​ដ៏​មាន​សុភមង្គល​ដ៏​ពិត​ប្រាកដ។ នៅ​ក្នុង​អត្ថបទ​ទី​១ នៅ​ពេល​ព្រះជាម្ចាស់​បាន​បង្កើត​មនុស្ស​លោក ព្រះជាម្ចាស់​បាន​ចែក​ម្ហូប​អាហារ​ឲ្យ​មនុស្ស​លោក​ញ៉ាំ គឺ​បាន​ចែក​ស្មៅ​និង​ផ្លែ​ឈើ។ អត់​មាន​សាច់​គោ​អាំង អត់​មាន​គោ​ដុត អត់​មាន​ជ្រូក​ខ្វៃ មាន​តែ​ស្មៅ​និង​ផ្លែ​ឈើ។ ផ្លៃ​ឈើ​និង​បន្លែ​ទាំង​អស់ ដែល​ព្រះជាម្ចាស់​រៀប​ចំ​សម្រាប់​មនុស្ស​លោក​ពី​ដើម គឺ​មាន​នេះ​តែ​ប៉ុណ្ណឹង។ ក្រោយ​មក យើង​ចូល​នៅ​ក្នុង​ពិភព​របស់​យើង​ដែល​យើង​ចង់​កែ​ច្នៃ យើង​ចង់​ញ៉ាំ​ម្ហូប​ដែល​គេ​កែ​ច្នៃ ពោរពេញ​ដោយ​ស្ករ ពោរពេញ​ដោយ​អំបិល ពោរពេញ​ដោយ​ខ្លាញ់ ដូច​ជា​ភីហ្សា ហាំបឺហ្គឺ​ជាដើម ប៉ុន្តែ​នេះ​មិន​មែន​ជា​អ្វី​ដែល​ព្រះជាម្ចាស់​រៀបចំ​ពី​ដើម។

ទី​២ ព្រះជាម្ចាស់​បាន​រៀប​ចំ​ជីវិត​របស់​យើង​ទៅ​ជា​ជីវិត​សម្រាប់​ព្រះជាម្ចាស់ និង​សម្រាប់​បង​ប្អូន​ឯទៀតៗ ដើម្បី​ឲ្យ​យើង​សម្លាប់​ភាព​ចង្អៀត​ចង្អល់ ភាព​អាត្មា​និយម។ ដែល​ស៊ី​កម្លាំង​របស់​យើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដែល​ស៊ី​អារម្មណ៍​របស់​យើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ព្រះជាម្ចាស់​បាន​រៀប​ចំ​ផ្លូវ​ថ្មី​ដូច​ព្រះយេស៊ូ​ពី​ដើម ឲ្យ​យើង​មាន​ជីវិត​សម្រាប់​ព្រះជាម្ចាស់ និង​សម្រាប់​បង​ប្អូន​ឯទៀតៗ។

ទី​៣ ឱ្យ​យើង​យក​ចិត្ត​ទុក​ដាក់​បម្រើ និង​ស្រឡាញ់ ដើម្បី​ជិះជាន់​អំណួត​ដែល​យើង​មាន​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង ដើម្បី​ជិះ​ជាន់​សេចក្ដី​លោភលន់​ដែល​យើង​មាន។ ព្រះជាម្ចាស់​បាន​រៀប​ចំ​នៅ​ក្នុង​ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់​ឡើង​វិញ គឺ​បម្រើ​និង​ស្រឡាញ់។ នេះ​ជា​របៀប​ចុង​ក្រោយ​របស់​ព្រះយេស៊ូ នៅ​ពេល​ព្រះយេស៊ូ​បាន​លាង​ជើង​ដល់​ក្រុម​សាវ័ក​ហើយ​ព្រះអង្គ​មាន​ព្រះបន្ទូល​ថា “សូមធ្វើតាមគម្រូរបស់ខ្ញុំ លាងជើងឲ្យគ្នាទៅវិញទៅមក”។ ក្រោយ​មក ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តែ​មួយ​ម៉ាត់​គឺ “សូម​ស្រឡាញ់គ្នាទៅវិញទៅមក ដូចខ្ញុំបានស្រឡាញ់អ្នករាល់គ្នា”។

យើង​មាន​ជីវិត​សាមញ្ញ​ធម្មតា យើង​មាន​ជីវិត​សម្រាប់​ព្រះជាម្ចាស់​និង​អ្នក​ដទៃ យើង​មាន​ជីវិត​ដែល​យើង​ចេះ​បម្រើ​និង​ស្រឡាញ់ ណែនាំ​ឲ្យ​យើង​ដក​ចេញ​ការ​ជិះ​ជាន់ និង​អ្វីៗ​ទាំង​អស់​ដែល​ណែនាំ​ឲ្យ​យើង​ពោរពេញ​ដោយ​ការ​ល្បួង ដែល​មក​ពី​មារសាតាំង។ ភាព​ច្រណែន អាត្មា​និយម ចិត្ត​លោភ​លន់ នេះ​ទាំង​អស់​ណែនាំ​ឲ្យ​មាន​ការ​ឈ្លោះ​គ្នា ការ​ស្អប់​គ្នា ណែនាំ​ឲ្យ​មាន​សង្រ្គាម​នៅ​ក្នុង​ពិភព​លោក។ ដូច្នេះ យប់​នេះ​ឲ្យ​យើង​ដើរ​រួម​ជា​មួយ​គ្នា​នៅ​លើ​ផ្លូវ​នៃ​ពន្លឺ ដែល​ព្រះយេស៊ូ​បាន​រៀប​ចំ​ឲ្យ​យើង “រ​ឡើង! ដើម្បីប្រញាប់ប្រញាល់​ធ្វើដំណើរ ដើម្បីរស់នៅនៅក្នុងជីវិត​សាមញ្ញ​ធម្មតា​របស់យើងប្រចាំ”។ នៅ​ក្នុង​ជីវិត​ប្រចាំ​របស់​យើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ យើង​បំពេញ​តួនាទី​របស់​យើង យើង​បំពេញ​ការងារ​របស់​យើង​អស់​ពី​សមត្ថភាព។ ពេល​យើង​ដួល​យើង​ដឹង​ថា យើង​មាន​ព្រះជាម្ចាស់ យើង​មាន​ព្រះយេស៊ូ យើង​មាន​ក្រុម​គ្រួសារ​របស់​យើង​ដែល​ជា​ព្រះសហគមន៍ យើង​អាច​ទី​ពឹង​លើ​បាន។

បង​ប្អូន​ជា​ទី​ស្រឡាញ់ ពិត​មែន​យើង​ជា​ប្រជារាស្ត្រ​នៃ​អ្នក​ចម្បាំង​ការពារ​ពន្លឺ ឲ្យ​យើង​ឈរ​ឡើង​រួម​ជា​មួយ​បង​ប្អូន​ដែល​នឹង​ទទួល​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ នៅ​ក្នុង​អគ្គសញ្ញា​ជ្រមុជ​ទឹក។ បន្តិច​ទៀត គេ​នឹង​បំបាក់​ព្រះយេស៊ូ​នៅ​ក្នុង​អាវ​សរ​នេះ ឲ្យ​យើង​ទាំង​អស់​គ្នា​បំពាក់​អាវ​សរ​សម្រាប់​ជីវិត​ប្រចាំ​ថ្ងៃ​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ បន្តិច​ទៀត យើង​នឹង​គោរព​ឆ្នាំ​ថ្មី​តាម​ប្រពៃណី​ខ្មែរ ឲ្យ​យើង​ដឹង​ថា​ឆ្នាំ​ថ្មី​គឺ​ជីវិត​ថ្មី​នៅ​ក្នុង​ព្រះយេស៊ូ​គ្រីស្ត ដែល​យាង​មក​ប្រទាន​ព្រះពរ​ឲ្យ​យើង​ដ៏​ពេញ​លក្ខណៈ។ ពិត​មែន ឲ្យ​យើង​ចម្រើន​ពរ​ដ៏​ពេញ​លក្ខណៈ ដើម្បី​ទៅ​ជា​មនុស្ស​ថ្មី​ពោរពេញ​ដោយ​ពន្លឺ ដែល​មក​ពី​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ។

ជយោ! ព្រះយេស៊ូគ្រីស្តមានព្រះជន្មរស់ឡើងវិញ អាលេលូយ៉ា! អាលេលូយ៉ា!

+ លោក​អភិបាល អូលីវីយ៉េ ជ្មីតហស្លេ

អភិបាល​ព្រះសហគមន៍​កាតូលិក​កម្ពុជា

ភូមិភាគ​ភ្នំពេញ0

Facebook
Twitter
LinkedIn