សូម​ស្លៀក​សម្លៀក​បំពាក់​នៃ​ពន្លឺ

អភិបូជា​ថ្ងៃ​សៅរ៍ពិសិដ្ឋ (រាត្រីបុណ្យចម្លង)

នៅ​ព្រះសហគមន៍​ព្រះកុមារ​យេស៊ូ បឹងទំពន់

ភ្នំពេញ​ខាង​ត្បូង ថ្ងៃ​ទី​៨ ខែ​មេសា ឆ្នាំ​២០២៣

អត្ថបទ​ទី១៖ កំណើត​ពិភព​លោក ១,១-២,២

ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​មាន​ពន្លឺ!» ពន្លឺ​ក៏​កើត​មាន​ឡើង។ កណ ១,៣

អត្ថបទ​ទី១៖ រ៉ូម ៦,៣-១១

ចរិត​ចាស់​របស់​យើង​បាន​ជាប់​ឆ្កាង​ជា​មួយ​ព្រះ‌អង្គ​រួច​ហើយ។ រម ៦,៦

ដំណឹងល្អ៖ ម៉ាថាយ ២៨,១-១០

កុំ​ភ័យ‌ខ្លាច​អ្វី! ខ្ញុំ​ដឹង​ថា​នាងៗមក​រក​ព្រះ‌យេស៊ូ។ មថ ២៨,៥

បង​ប្អូន​ជា​ទី​ស្រឡាញ់!

“ទេវទូត​នោះ​មាន​ទ្រង់​ទ្រាយ​ភ្លឺ​ដូច​ផ្លេកបន្ទោរ និង​មាន​សម្លៀក​បំពាក់​សរ​ដូច​សំឡី”

នៅ​ពេល​យើង​បាន​ប្រកាសថា ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់​ឡើង​វិញ នៅ​រាត្រី​នេះ​ព្រះអង្គ​ប្រើ​ដុំ​ភ្លើង​លុប​បំបាត់​ភាព​ងងឹត​នៃ​អំពើ​បាប។ “នៅ​រាត្រី​នេះ ក្នុង​ពិភព​លោក​ទាំង​មូល​ព្រះអង្គ​ញែក​អ្នក​ជឿ​លើ​ព្រះគ្រីស្ត ចេញ​ពី​អំពើ​អាក្រក់​របស់​លោកីយ៍ និង​ចេញ​ពី​ភាព​ងងឹត​នៃ​អំពើ​បាប ហើយ​ទ្រង់​ដឹក​នាំ​ពពួក​គេ ដោយ​ព្រះហឫទ័យ​ប្រណី​សន្ដោស ព្រម​ទាំង​ប្រទាន​ឲ្យ​ពួក​គេ​បាន​វិសុទ្ធ”។ ពី​ភាព​ងងឹត ដែល​លោក​យូដា​បាន​ក្បត់​ព្រះបុត្រា​នៃ​ព្រះពន្លឺ ពី​ភាព​ងងឹត​ដែល​មហា​ជន​បាន​ស្អប់​និង​មើល​ងាយ​សេចក្ដី​ពិត​នៃ​ព្រះពន្លឺ ពី​ភាព​ងងឹត​ដែល​លោក​ពីឡាត់​បាន​កាត់​ក្ដី​មនុស្ស​សុចរិត។ ព្រះយេស៊ូ​គ្រីស្ត​ចេញ​ពី​ភាព​ងងឹត​នេះ ដើម្បី​យក​មនុស្ស​ទាំង​អស់​មក​ជា​មួយ​ព្រះអង្គ ដែល​ធ្វើ​តាម​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់ ពី​ដើម​កំណើត​នៃ​ពិភព​លោក។ ដោយ​បើក​ផ្លូវ​មួយ​ដ៏​អស្ចារ្យ ផ្លូវ​មួយ​ដ៏​ពិសេស គឺ​ទ្វារ​នៃ​ស្ថាន​បរម​សុខ ដើម្បី​ទទួល​ជីវិត​អស់​កល្ប​ជានិច្ច។

“ពិត​មែន រាត្រី​នេះ​មាន​សុភមង្គល​មែន ត្បិត​ស្ថាន​បរម​សុខ​និង​ផែនដី​រួប​រួម​គ្នា ហើយ​ព្រះជាម្ចាស់​និង​មនុស្ស​លោក​ភ្ជាប់​គ្នា”។ នៅ​ពេល​ហ្នឹង មារសាតាំង​និង​ការ​ល្បួង​ទាំង​អស់ បាន​ចាញ់​អស់​ហើយ នៅ​ពេល​ហ្នឹង​ការ​ប្រយុទ្ធ​ចុង​ក្រោយ​របស់​ព្រះយេស៊ូ​នៅ​លើ​ឈើ​ឆ្កាង​បាន​បញ្ចប់​ហើយ។ នៅ​ពេល​ហ្នឹង ផ្នូរ​គឺ​ផ្នូរ​ទទេ​អស់​កល្ប​ជានិច្ច។

“ព្រះយេស៊ូ​គ្រីស្ត​មាន​ព្រះជន្ម​រស់​ឡើង​វិញ អាលេលូយ៉ា! អាលេលូយ៉ា!”

បង​ប្អូន​ជា​ទី​ស្រឡាញ់ នៅ​យប់​នេះ​គឺ​ព្រះពន្លឺ​ដ៏​ពិសេស​ដែល​ផ្ទុះ​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង អំបាញ់មិញ​យើង​បាន​ឃើញ​អណ្ដាត​ភ្លើង​ដ៏​ធំ។ ប៉ុន្តែ នេះ​ជា​អណ្ដាត​ភ្លើង​ដែល​ផ្ទុះ​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង គឺ​ព្រះពន្លឺ​របស់​ព្រះយេស៊ូ​គ្រីស្ត និង​ព្រះអម្ចាស់​ផ្ទាល់ ដែល​បាន​យាង​មក​ដើម្បី​បំភ្លឺ​ភាព​ងងឹត​នៃ​ជីវិត​របស់​យើង។ ពិត​មែន នៅ​ក្នុង​រាត្រី​ដ៏​វិសុទ្ធ​នេះ ដែល​បន្តិច​ម្ដងៗណែនាំ​ឲ្យ​យើង​មើល​ឃើញ​ព្រះអាទិត្យ​រះ។ យើង​នៅ​ក្បែរ​ព្រះជាម្ចាស់ នៅ​ក្នុង​ព្រះយេស៊ូ​គ្រីស្ត​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ ដែល​យាង​មក​ដើម្បី​ជួប​យើង​ផ្ទាល់។ ប្រហែល​ដូច​ពី​ដើម ស្ដី្រៗ​ដែល​បាន​រត់​ទៅ​ផ្នូរ ដែល​បាន​ភ័យ​មែន​ទែន ក៏​ប៉ុន្តែ​គេ​ពោរពេញ​ទៅ​ដោយ​អំណរ​សប្បាយ។ ដោយសារ គេ​ឮ​ដំណឹង​ថា ព្រះអម្ចាស់​យេស៊ូ​មាន​ព្រះជន្ម​រស់​ឡើង​វិញ។

ដូច្នេះ បង​ប្អូន​ជា​ទី​ស្រឡាញ់​ឲ្យ​យើង​ឈរ​ឡើង ឲ្យ​យើង​រត់ ឲ្យ​យើង​ប្រញាប់​ប្រញាល់

ទី​១ នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង ដើម្បី​ទុក​ឲ្យ​ព្រះពន្លឺ​របស់​ព្រះគ្រីស្ត​ដែល​ភ្លឺ​ត្រចះ​ត្រចង់​ផ្ទុះ​ឡើង មាន​ភាព​សិ្ថតស្ថេរ មាន​កម្លាំង ដើម្បី​ណែនាំ​ឲ្យ​យើង​ទៅ​ជា​មនុស្ស​ថ្មី ដែល​ទទួល​ការ​រំដោះ។

ទី​២ នៅ​ក្នុង​ជីវិត​របស់​យើង​ជា​ប្រចាំ យើង​ខិត​ខំ​ចែក​រំលែក​ជា​មួយ​បង​ប្អូន​ឯទៀតៗ នូវ​ព្រះពន្លឺ​ដ៏​អស្ចារ្យ​នេះ ដែល​ជា​ព្រះពន្លឺ​នៃ​សេចក្ដី​សង្ឃឹម និង​ព្រះពន្លឺ​នៃ​សេចក្ដី​សុខ​សាន្ត។

បង​ប្អូន​ជា​ទី​ស្រឡាញ់ មុខ​គេ​បង្អស់​ព្រះយេស៊ូ​គ្រីស្ត​យប់​នេះ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​នៅ​លើ​ផែនដី​នេះ ដើម្បី​ឲ្យ​យើង​ចេញ​ពី​អំពើ​បាប ចេញ​ពី​ភាព​ងងឹត ចេញ​ពី​ភាព​ឃោរឃៅ​ដែល​មាន​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង។ ម្យ៉ាង​ទៀត ដើម្បី​ឲ្យ​យើង​ភ្ជាប់​បន្តិច​ម្ដងៗ​នឹង​អំណរ​សប្បាយ​នៃ​ព្រះរាជ្យ​នៅ​ស្ថាន​បរម​សុខ ប៉ុន្តែ​លើ​ផែន​ដី​នេះ។ បង​ប្អូន​ជា​ទី​ស្រឡាញ់ យប់​នេះ​ឲ្យ​យើង​បើក​ភ្នែក​នៃ​ដួង​ចិត្ត​របស់​យើង ជា​ភ្នែក​នៃ​ជំនឿ​ដូច​លោក​យ៉ូហាន ដែល​បាន​ចូល​នៅ​ក្នុង​ផ្នូរ​របស់​ព្រះយេស៊ូ និង​មាន​ជំនឿ​តែ​ម្ដង។ បង​ប្អូន​ជា​ទី​ស្រឡាញ់ ឲ្យ​យើង​បើក​ភ្នែក​ដើម្បី​ឲ្យ​យើង​មើល​ឃើញ​នៅ​ក្នុង​ជីវិត​យើង​ប្រចាំ សញ្ញា​សម្គាល់​នៃ​វត្តមាន​របស់​ព្រះជាម្ចាស់។

ពី​ម្សិល​មិញ ខ្ញុំ​បាន​រំលឹក​អំពី​ព្រះយេស៊ូ​ចាប់​ផ្ដើម​បង្ហាញ​ផ្លូវ​នៃ​ពន្លឺ ព្រះយេស៊ូ​បាន​ចាប់​ផ្ដើម​បើក​ផ្លូវ​នៃ​ពន្លឺ​សម្រាប់​យើង​នៅ​ក្នុង​ភាព​ស្ងៀម​ស្ងាត់​របស់​ព្រះយេស៊ូ និង​នៅ​ក្នុង​សក្ការៈ​បូជា​ដ៏​កំពូល​របស់​ព្រះយេស៊ូ។ នៅ​ពេល​នេះ គឺ​ផ្លូវ​នេះ​មិន​មែន​ជា​ផ្លូវ​ដែល​យើង​ត្រូវ​ការ​ទុក​ចោល ព្រះយេស៊ូ​បាន​បើក​ផ្លូវ​ហើយ​ដើម្បី​ឲ្យ​យើង​ចាប់​ផ្ដើម​ដើរ​តាម​ផ្លូវ​នេះ។ ដើម្បី​ឲ្យ​យើង​ចាប់​ផ្ដើម​ដើរ​តាម​ផ្លូវ​នេះ ដោយ​ទទួល​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ដែល​ចិញ្ចឹម​យើង។ ដូច​យើង​បាន​ស្ដាប់​នៅ​ក្នុង​អត្ថបទ​លោក​អេសាយ តាម​ពិត​អត់​ត្រូវ​ការ​មាន​លុយ​ដើម្បី​ញ៉ាំ​ម្ហូប​ឆ្ងាញ់ៗ គឺ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ដែល​ចិញ្ចឹម​ជីវិត​របស់​យើង​ល្មម ដើម្បី​ធ្វើ​ដំណើរ​នៅ​លើ​ផ្លូវ​នៃ​ពន្លឺ​ដែល​ព្រះយេស៊ូ​បាន​បើក​នៅ​ក្នុង​យប់​ដ៏​សុខ​សាន្ត​នេះ។ ដោយ​ទទួល​ព្រះកាយ​ព្រះគ្រីស្ត ដែល​ជា​ព្រះកាយ​នៃ​ព្រះពន្លឺ​ដែល​យើង​ទទួល​នៅ​គ្រប់​ពេល​វេលា​នៅ​ក្នុង​ពិធី​អភិបូជា។

បង​ប្អូន​ជា​ទី​ស្រឡាញ់ យប់​នេះ​យើង​អាច​ទទួល​ស្គាល់​ថា យើង​ជា​ប្រជារាស្រ្ត​របស់​ព្រះជាម្ចាស់ យើង​ជា​ប្រជារាស្ត្រ​និង​អ្នក​ចម្បាំង​ការពារ​ពន្លឺ​នៅ​លើ​ផែនដី​នេះ។ ផ្លូវ​ដែល​ព្រះយេស៊ូ​បាន​បើក​ឲ្យ​យើង គឺ​ផ្លូវ​មួយ​ដែល​ណែនាំ​ឲ្យ​យើង​មាន​ជីវិត​សាមញ្ញ​ធម្មតា ដើម្បី​ដោះ​ចេញ​ភាព​ច្រណែន​ដែល​យើង​មាន​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង ឲ្យ​យើង​មាន​ជីវិត​សម្រាប់​ព្រះជាម្ចាស់ និង​សម្រាប់​បង​ប្អូន​ឯទៀតៗ។ ដើម្បី​ឲ្យ​យើង​សម្លាប់​ភាព​អាត្មា​និយម​ដែល​មាន​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង ឲ្យ​យើង​មាន​ជីវិត​ដែល​បម្រើ ដែល​ស្រឡាញ់ ដើម្បី​ជិះ​ជាន់​អំណួត​និង​សេចក្ដី​ត្រូវ​ការ​អំណាច ដែល​យើង​មាន​នៅ​ក្នុង​ដួង​ចិត្ត​របស់យើង។ នេះ​ជា​ផ្លូវ​នៃ​អ្នក​ចម្បាំង​ការពារ​ពន្លឺ ដែល​ព្រះយេស៊ូ​នៅ​រាត្រី​ដ៏​សុខ​សាន្ត​នេះ រាត្រី​ដ៏​វិសុទ្ធ​នេះ អញ្ជើញ​យើង​ឲ្យ​យើង​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​បន្តិច​ម្ដងៗ ជា​ពិសេស​ឲ្យ​យើង​ចាប់​ផ្ដើម​ទទួល​នៅ​ក្នុង​ដូង​ចិត្ត​របស់​យើង។ ពិត​មែន ជីវិត​សាមញ្ញ​ដែល​ព្រះយេស៊ូ​បាន​ប្រទាន​ពី​ដើម​រៀង​មក ដូច​នៅ​ក្នុង​អត្ថបទ​ទី​មួយ​ដែល​យើង​បាន​ស្ដាប់​ថ្ងៃ​នេះ នៅ​ពេល​ព្រះយេស៊ូ​បាន​បង្កើត​បុរស​និង​ស្ដ្រី ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា “មើល! យើង​ប្រគល់​ធម្មជាតិ​ទាំង​ប៉ុន្មាន​ដែល​មាន​គ្រាប់​ពូជ​ដុះ​នៅ​ពាស​ពេញ​លើ​ផែនដី និង​ដើម​ឈើ​ដែល​មាន​ផ្លែ​មាន​គ្រាប់​បន្ត​ពូជ ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ជា​អាហារ”។

ពី​ដើម​រៀង​មក ព្រះជាម្ចាស់​បាន​ប្រទាន​អ្វីៗ​ទាំង​អស់​ដែល​យើង​ត្រូវ​ការ​មាន ដើម្បី​ចិញ្ចឹម​ជីវិត​របស់​យើង​នៅ​ក្នុង​របៀប​សាមញ្ញ​ធម្មតា។ ពិត​មែន ព្រះជាម្ចាស់​បាន​ប្រទាន​ជីវិត ជីវិត​សម្រាប់​ព្រះជាម្ចាស់ និង​សម្រាប់​បង​ប្អូន​ឯទៀតៗ។ នៅ​ក្នុង​អត្ថបទ​លោក​អេសាយ “ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ហាក់​បី​ដូច​ជា​ពាក្យ​របស់​យើង​ក៏​ដូច្នោះ​ដែរ គឺ​ពាក្យ​ដែល​ចេញ​ពី​មាត់​របស់​យើង និង​មិន​វិល​ត្រឡប់​មក​រក​យើង​វិញ​ឡើយ ដរាប​ណា​ទាល់​តែ​បាន​សម្រេច​តាម​បំណង​របស់​យើង​ជា​មុន​សិន គឺ​បំពេញ​កិច្ច​ការ​ដែល​យើង​ចាត់​ឲ្យ​មក ធ្វើ​រួច​រាល់​សព្វ​គ្រប់”។ ព្រះបន្ទូល​ដែល​ចូល​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង ដឹង​ថា​ព្រះជាម្ចាស់​ណែនាំ​ឲ្យ​ព្រះបន្ទូល​នេះ ទៅ​ជា​ព្រះបន្ទូល​ដ៏​មាន​ជីវិត​ដែល​យើង​ខិតខំ​អនុវត្ត ឲ្យ​យើង​ខិត​ខំ​រស់​នៅ​តាម​ជីវិត​របស់​យើង​ប្រចាំ។ ពិត​មែន ជីវិត​ដើម្បី​បម្រើ និង​ដើម្បី​ស្រឡាញ់ ដូច​យើង​បាន​ស្ដាប់​នៅ​ក្នុង​អត្ថបទ​របស់​លោក​ប៉ូល​នៅ​ថ្ងៃ​នេះ “បង​ប្អូន​វិញ​ក៏​ដូច្នោះ​ដែរ ចូរ​ចាត់​ទុក​ថា​ខ្លួន​បាន​ស្ដាប់​រួច​ផុត​ពី​អំណាច​បាប ហើយ​បង​ប្អូន​មាន​ជីវិត​រស់​សម្រាប់​ព្រះជាម្ចាស់​ដោយ​រួម​ជា​មួយ​ព្រះគ្រីស្ត​យេស៊ូ”។ នេះ​ជា​អ្វី​ដែល​ព្រះយេស៊ូ​បាន​ណែនាំ​យើង “សូម​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ដូច​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា និង​សូម​បម្រើ​គ្នា​ទៅ​វិញ​ទៅ​មក​ដូច​ខ្ញុំ​បាន​បម្រើ​បង​ប្អូន​ដែរ”។

បង​ប្អូន​ជា​ទី​ស្រឡាញ់ យប់​នេះ​យើង​ជា​ប្រជារាស្រ្ត​នៃ​អ្នក​ចម្បាំង​ការពារ​ពន្លឺ យប់​នេះ​ឲ្យ​យើង​ឈរ​ឡើង នៅ​ក្នុង​ភូមិភាគ​ភ្នំពេញ​ទាំង​មូល​យើង​រួម​គ្នា ជា​ពិសេស​ជា​មួយ​បង​ប្អូន​ដែល​ទទួល​អគ្គសញ្ញា​ជ្រមុជ​ទឹក​បន្តិច​ទៀត​នេះ។ យប់​នេះ ឲ្យ​យើង​ពាក់​អាវ​សរ តែ​មិន​មែន​អាវ​សរ​ធម្មតា គឺ​អាវ​សរ​នៃ​ព្រះពន្លឺ​គឺ​ព្រះយេស៊ូ​គ្រីស្ត​ផ្ទាល់។ យប់​នេះ រួម​ជា​មួយ​បង​ប្អូន​ដែល​ទទួល​អគ្គសញ្ញា​ជ្រមុជ​ទឹក ឲ្យ​យើង​បំពាក់​ព្រះយេស៊ូ​គ្រីស្ត ឲ្យ​យើង​បំពាក់​អាវ​សរ​នៃ​ព្រះពន្លឺ និង​ឲ្យ​យើង​ប្រញាប់​ប្រញាល់​ដើម្បី​ស្រឡាញ់ ដើម្បី​បម្រើ ដើម្បី​ព្យាបាល និង​ដើម្បី​រំដោះ។

ព្រះយេស៊ូ​គ្រីស្ត​មាន​ព្រះជន្ម​រស់​ឡើង​វិញ អាលេលូយ៉ា! អាលេលូយ៉ា!

+ លោក​អភិបាល អូលីវីយ៉េ ជ្មីតហស្លេ

អភិបាល​ព្រះសហគមន៍​កាតូលិក​កម្ពុជា

ភូមិភាគ​ភ្នំពេញ

Facebook
Twitter
LinkedIn