អភិបូជាថ្ងៃសុក្រពិសិដ្ឋ
នៅព្រះសហគមន៍ព្រះកុមារយេស៊ូ បឹងទំពន់
ភ្នំពេញខាងត្បូង ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣
បងប្អូនជាទីស្រឡាញ់
នៅពេលនេះ យើងស្តាប់នៅក្នុងភាពស្ងៀមស្ងាត់ “ខ្ញុំបានបង្ហើយសព្វគ្រប់អស់ហើយ” ព្រះអង្គក៏ឱនព្រះសិរសាចុះហើយប្រគល់វិញ្ញាណទៅ។ តាមពិត នៅពេលទាហានមកចាប់ព្រះយេស៊ូ គេចាប់ព្រះអង្គយ៉ាងរហ័សបំផុត ព្រះយេស៊ូមានព្រះបន្ទូលតែមួយម៉ាត់ថា “គឺខ្ញុំហ្នឹងហើយ”។
នៅពេលព្រះយេស៊ូនៅក្បែរលោកពីឡាត់ លោកក៏បានកាត់ក្តីព្រះយេស៊ូយ៉ាងលឿនដែរ នៅពេលនោះព្រះយេស៊ូមានព្រះបន្ទូលថា “ខ្ញុំបានកើតនៅក្នុងពិភពលោកនេះ ដើម្បីផ្តល់សក្ខីភាពអំពីសេចក្ដីពិត” ព្រះយេស៊ូនៅស្ងៀមស្ងាត់។ នៅពេលព្រះយេស៊ូជិតសោយទិវង្គតនៅលើព្រះឈើឆ្កាង នៅពេលគេកំពុងចំអក មើលងាយព្រះអង្គ នៅពេលនោះព្រះយេស៊ូនឹកឃើញដល់មនុស្សលោកម្តងទៀត ហើយប្រគល់ព្រះមាតាផ្ទាល់របស់ព្រះអង្គដល់យើង។ ព្រះយេស៊ូសោយទិវង្គត ផ្ញើវិញ្ញាណរបស់ព្រះអង្គទៅលើព្រះបិតា នៅពេលនោះដូចជាយើងចូលនៅក្នុងភាពស្ងៀមស្ងាត់មហាកំពូល។ គឺជាពេលវេលាដែលគេទម្លាក់ព្រះសពរបស់ព្រះយេស៊ូពីឈើឆ្កាង ព្រះសពដែលព្រះនាងម៉ារីបានកាន់ ព្រះសពដែលគេដាក់នៅក្នុងផ្នូរដែលពោរពេញដោយភាពស្ងៀមស្ងាត់នៅក្នុងភាពងងឹត។
បងប្អូនជាទីស្រឡាញ់ នៅពេលព្រះយេស៊ូសោយទិវង្គត យើងគួរតែចាប់អារម្មណ៍អំពីភាពស្ងៀមស្ងាត់ ដែលណែនាំឱ្យព្រះយេស៊ូបូជាជីវិត។ “លោកត្រូវគេធ្វើទារុណកម្ម លោកបន្ទាបខ្លួន មិនហើបមាត់ទាល់តែសោះ ដូចកូនចៀមដែលគេដឹកទៅទីពិឃាត ដោយលោកបានបូជាជីវិតធ្វើជាយញ្ញលួសបាបសម្រាប់មនុស្ស និងសម្រាប់អ្នកដទៃ ព្រះអង្គនឹងធ្វើឱ្យលោកមានពូជពង្ស ក្រោយពីបានរងទុក្ខលំបាកយ៉ាងខ្លាំងមក ជីវិតរបស់អ្នកបម្រើនឹងមានពន្លឺ មនុស្សជាច្រើននឹងទទួលស្គាល់ចំណេះដឹងរបស់លោក”។ បងប្អូនជាទីស្រឡាញ់ ព្រះយេស៊ូបានឈ្នះមារសាតាំងនៅវាលរហោស្ថាន ប៉ុន្តែនៅពេលនោះ គឺជាការប្រយុទ្ធរវាងព្រះយេស៊ូនឹងមារសាតាំង។ ថ្ងៃនេះ ជាការប្រយុទ្ធចុងក្រោយរបស់ព្រះយេស៊ូ ដែលកំពុងរងទុក្ខលំបាក នៅពេលនេះមិនមែនរវាងមារសាតាំងនឹងព្រះយេស៊ូតែប៉ុណ្ណឹង គឺរវាងព្រះជាម្ចាស់ផ្ទាល់នឹងមនុស្សលោកដែលពោរពេញដោយអំពើបាប។
យើងដឹងថា នៅក្នុងការប្រយុទ្ធយប់នេះ ដែលព្រះយេស៊ូកំពុងសោយទិវង្គតនៅលើព្រះឈើឆ្កាង គឺជាការសង្រ្គោះរបស់មនុស្សលោកដែលកំពុងកើតឡើង។ ពីយប់ម្សិលមិញ ព្រះយេស៊ូដែលមានព្រះបន្ទូលពោរពេញដោយព្រះពន្លឺ “នេះជារូបកាយរបស់ខ្ញុំ នេះជាព្រះលោហិតរបស់ខ្ញុំ” នៅលើឈើឆ្កាងយើងមើលឃើញអត្ថន័យដ៏ពេញលក្ខណៈនៃព្រះបន្ទូលនេះ។ ពិតមែន នៅលើព្រះឈើឆ្កាង ព្រះយេស៊ូប្រទានរូបកាយនិងលោហិតរបស់ព្រះអង្គដល់មនុស្សលោក។ នៅលើព្រះឈើឆ្កាង ព្រះបន្ទូលពោរពេញដោយពន្លឺទៅជាសក្ការៈបូជានៃពន្លឺ សម្រាប់ការសង្រ្គោះរបស់យើង។ យើងឃើញ នៅពេលទាហានយកលំពែងចាក់ទម្លុះឆ្អឹងជំនីរបស់ព្រះអង្គ ពីព្រះបេះដូងរបស់ព្រះអង្គភ្លាមមានទឹក មានឈាមដែលចេញ។ ទឹកដែលផ្តល់ជីវិត ឈាមដើម្បីរំដោះបាប និងដើម្បីប្រទានការសង្រ្គោះដល់យើង។
បងប្អូនជាទីស្រឡាញ់ តាមពិតការប្រយុទ្ធចុងក្រោយរបស់ព្រះយេស៊ូ គឺមិនមែនជាការប្រយុទ្ធដែលក្រុមសាវ័ក ដែលមហាជនទន្ទឹងរង់ចាំ។ មហាជនក៏ដូចជាក្រុមសាវ័ក គេទន្ទឹងរង់ចាំប្រហែលជាកងទ័ពយ៉ាងធំ ដែលមកការពារព្រះយេស៊ូ និងចាប់ផ្តើមចូលនៅក្នុងសង្រ្គាម។ ប្រហែល គេទន្ទឹងរង់ចាំទេវទូតយ៉ាងច្រើនកុះករចុះពីស្ថានបរមសុខ ដើម្បីសង្រ្គោះព្រះមហាក្សត្ររបស់គេ។ ប៉ុន្តែ នៅក្បែរឈើឆ្កាងមានតែព្រះនាងម៉ារី មានតែសាវ័កដ៏ជាទីស្រឡាញ់របស់ព្រះយេស៊ូ ដោយសារគេភ្ជាប់នឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់ នៅពេញវិញ្ញាណនិងពេញខ្លួនរបស់ពួកគាត់។
ពិតមែន ការប្រយុទ្ធចុងក្រោយបំផុតរបស់ព្រះយេស៊ូ មិនមែនជាការប្រយុទ្ធដែលត្រូវបង្ហូរឈាម ដែលមានមនុស្សស្លាប់ទាំងសងខាង។ មិនមែនជាសង្រ្គាមដែលយើងមើលឃើញសព្វថ្ងៃ កំពុងបំផ្លាញពិភពលោករបស់យើង។ តាមពិត ការប្រយុទ្ធរបស់ព្រះយេស៊ូគឺនៅក្នុងភាពស្ងៀមស្អាត់ គឺជាយញ្ញបូជាដ៏មហាកំពូល។
ព្រះយេស៊ូនៅស្ងៀមស្ងាត់នៅក្បែរទាហានដែលមកចាប់ព្រះអង្គ ព្រះយេស៊ូនៅស្ងៀមស្ងាត់នៅក្បែរលោកពីឡាត់ដែលកំពុងកាត់ក្ដីព្រះអង្គ ព្រះយេស៊ូនៅស្ងៀមស្ងាត់នៅក្បែរមហាជនដែលកំពុងស្រែកអស់ពីដួងចិត្ត “ឆ្កាងទៅ! ឆ្កាងទៅ!”។ ព្រះយេស៊ូនៅស្ងៀមស្ងាត់នៅក្បែរក្រុមសាវ័កដែលបានបោះបង់ចោលព្រះអង្គអស់ហើយ។ នៅលើឈើឆ្កាង ព្រះបន្ទូលពោរពេញដោយពន្លឺដែលព្រះអង្គមាន នៅពេលជប់លៀងចុងក្រោយជាមួយក្រុមសាវ័កទៅជាការពិត ទៅជាសក្ការៈបូជា យញ្ញបូជានៃជីវិតរបស់ព្រះអង្គសម្រាប់យើង។
បងប្អូនជាទីស្រឡាញ់ យប់នេះយើងអាចមើលឃើញព្រះយេស៊ូដែលបើកផ្លូវថ្មី ផ្លូវនៃពន្លឺសម្រាប់ជីវិតរបស់យើង។ ផ្លូវនៃពន្លឺសម្រាប់ជីវិតរបស់យើង គឺដាក់ខ្លួន បន្ទាបខ្លួននៅក្នុងភាពស្ងៀមស្ងាត់ និងបោះបង់ចោលផ្ទាល់ខ្លួន។
ផ្លូវនៃពន្លឺសម្រាប់ជីវិតរបស់យើង គឺទទួលស្គាល់ឈើឆ្កាងដែលមាននៅក្នុងជីវិតរបស់យើង ដោយសុខចិត្តលីឈើឆ្កាងនេះ ដោយមិនគិតដល់យើងផ្ទាល់ខ្លួន មិនគិតដល់ជីវិតរបស់យើងដ៏ចង្អៀតចង្អល់ មិនគិតអំពីអំណរសប្បាយរបស់យើងផ្ទាល់។ ប៉ុន្តែ ដោយឯកភាព ដោយទទួលស្គាល់ជាមួយព្រះជាម្ចាស់ គឺព្រះជាម្ចាស់ជាអាទិភាពសម្រាប់ជីវិតរបស់យើង។ ដោយសុខចិត្តលះបង់ចោលសម្រាប់បងប្អូនឯទៀតៗ ដោយបម្រើ ដោយស្រឡាញ់គេ ជាពិសេសបងប្អូនដែលកំពុងរងទុក្ខលំបាក បងប្អូនដែលបាត់បង់សេចក្ដីសង្ឃឹមនៅក្នុងសង្គមបច្ចុប្បន្ននេះ។
ផ្លូវនៃពន្លឺសម្រាប់ជីវិតរបស់យើង ដែលព្រះយេស៊ូបានបើកយប់នេះ គឺឱ្យយើងសុខចិត្តទៅជាយញ្ញបូជា សុខចិត្តបូជាជីវិតរបស់យើងដើម្បីឱ្យជីវិតរបស់យើងដូចព្រះយេស៊ូ ទៅជាជីវិតសម្រាប់ព្រះជាម្ចាស់ និងជីវិតសម្រាប់បងប្អូនឯទៀតៗ។
ប្រសិនបើយើងសុខចិត្តធ្វើដូច្នេះ ប្រសិនបើយើងសុខចិត្តដើរតាមព្រះយេស៊ូរបៀបហ្នឹង យើងយល់ថានៅពេលហ្នឹងភាពងងឹតដែលមាននៅក្នុងដួងចិត្តរបស់យើង ទទួលពន្លឺមួយដ៏អស្ចារ្យ គឺពន្លឺពីព្រះយេស៊ូផ្ទាល់។
នៅពេលនេះ ឱ្យយើងចូលនៅក្នុងភាពស្ងៀមស្ងាត់របស់បុត្រមនុស្ស ឱ្យយើងចូលនៅក្នុងសក្ការៈបូជារបស់បុត្រមនុស្ស។
“នេះជាឈើដែលគេឆ្កាងព្រះយេស៊ូគ្រីស្ត គេបានធ្វើគុតព្រះសង្រ្គោះមនុស្សលោក នៅលើឈើនេះ យើងខ្ញុំសូមក្រាបថ្វាយបង្គំព្រះឈើឆ្កាង”
+ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ
អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា
ភូមិភាគភ្នំពេញ