ហែស្លឹក​ជា​បុណ្យប្រពៃណី​រំលឹកអំពីព្រះរាជកិច្ចសង្គ្រោះមនុស្ស

ពិធិបុណ្យ​ហែស្លឹក ជា​បុណ្យ​​ប្រពៃណីមួយ​​របស់​គ្រីស្តបរិស័ទ​កាតូលិក រៀបចំ​ឡើង​មួយ​សប្តាហ៍ មុន​បុណ្យ​ព្រះយេស៊ូ​មានព្រះជន្មរស់ឡើងវិញដ៏រុងរឿង និង​ជា​ពិធីបុណ្យ​រំលឹក​អំពីកិច្ចការសង្គ្រោះ​របស់​ព្រះជាម្ចាស់​សម្រាប់​មនុស្ស​លោក។

«ជយោ! ព្រះរាជវង្ស​ព្រះបាទដាវីឌ!» សំឡេង​​ជ័យឃោស​ច្រៀង​អបអរ ដែល​បាន​រៀបចំ​ជាក្បួន​ដង្ហែ ដោយ​មាន​​គ្រីស្ត​បរិស័ទ​​លើកស្លឹក​រ៉ាមគ្រវីតាម​ក្រោយ​ឈើឆ្កាងរបស់ព្រះយេស៊ូ​ ចូល​ទៅកាន់​​ព្រះវិហារ បន្ទាប់ពី​លោក​អភិបាល​ព្រះសហគមន៍​ធ្វើ​ព្រះពរលើស្លឹ្​ទាំងនោះ​។

លោកឧបដ្ឋាក ជួរ ដាម៉ូ ដែល​ត្រៀម​នឹងទទួល​អគ្គសញ្ញាតែង​តាំង​ជាបូជាចារ្យ​នៅ​ខែសីហា​ខាង​មុខ​នេះ មានប្រសាសន៍ថា នៅក្នុងជីវិតរស់នៅ​ជា​បព្វ​ជិត​របស់​លោក ភាព​ឯកោ​បាន​រួម​រឹត​លោក តែ​គំរូរបស់​ព្រះយេស៊ូ​បាន​ជួយ​លោក​ឲ្យ​ឈ្នះ​សេចក្តី​នេះ។

លោកឧបដ្ឋាក​​បញ្ជាក់ថា «ព្រះយេស៊ូរួមដំណើរជាមួយខ្ញុំ និង​តាមរយៈគំរូ​នេះ​បាន​ជួយ​ខ្ញុំ​ឱ្យ​ចេះ​​បម្រើ​ដោយ ចិត្តសុភាពរាបសារ ​ចិត្តអត់ធ្មត់ ​ចិត្តស្រឡាញ់ និងចេះដាក់ខ្លួន។»

«សម្រាប់ខ្ញុំវិញព្រះយេស៊ូ គឺជាវីរបុរសនៅក្នុង​ចិត្តរបស់ខ្ញុំ​តាំងពី​តូច​មកម្ល៉េះ ព្រោះព្រះយេស៊ូ​បានសង្គ្រោះ​អ្នកតូចតាចឱ្យមាន​ជីវិតថ្លៃថ្នូរឡើងវិញ។» ​អ្នក​ស្រី ង៉ែត ធារី ជាគ្រីស្តបរិស័ទ​នៅព្រះសហគមន៍ភ្នំពេញថ្មី មាន​ប្រសាសន៍នេះ បន្ទាប់​ពី​បញ្ចប់​កម្មវិធី​ហែស្លឹក។ ​

អ្នកស្រី​ធារី ក្នុង​វ័យ​៤០ឆ្នាំ ​បញ្ជាក់​ទៀតថា ការ​ស៊ូប្តូរជីវិត​របស់​ព្រះយេស៊ូ​សម្រាប់​មនុស្ស​លោក​ បានជួយណែនាំជីវិតរបស់គាត់​ «ឱ្យមានភាពស្មោះត្រង់ មានចិត្តមេត្តា​ករុណា និង​ជាគំរូសម្រាប់ឱ្យ​ខ្ញុំរៀនធ្វើតាម។»

ពិធី​បុណ្យ​ហែស្លឹកនេះ ព្រះសហគមន៍កាតូលិក​បាន​ប្រារព្ធ​ព្រម​គ្នា​កាលពីថ្ងៃអាទិត្យ​ទី​២​ ខែ​មេសា កន្លង​ទៅ​នៅតាម​ព្រះសហគមន៍នីមួយៗ។ មុន​បុណ្យ​នេះ​មួយ​ថ្ងៃ គ្រីស្ត​បរិស័ទ​បាន​​ប្រមូលផ្តុំ​គ្នា​ រចនា​​ស្លឹក​ត្នោត​ជា​រូប​រាង​ផ្សេងៗ​ ដើម្បីទុក​សម្រាប់​ថ្ងៃបុណ្យ​ និង​ដើម្បី​លំអរបរិយាកាសនៃ​ពិធី។

ជាមួយគ្នានេះ គ្រីស្តបរិស័ទ​យក​ស្លឹក​ដែលបាន​ប្រោស​ទឹក​ព្រះពររួច​ បន្ទាប់ពីធីបុណ្យ យកទៅផ្ទះ​រៀងៗខ្លួន ដាក់តាំង​នៅ​កន្លែង​មួយ​ ដើម្បីរំលឹកអំពី​ទុក្ខ​លំបាក​របស់​ព្រះយេស៊ូ និង​កិច្ច​ការសង្គ្រោះ​របស់​ព្រះអង្គ​សម្រាប់មនុស្ស​លោក។

ក្នុងធម្មទេសនា​នាថ្ងៃអាទិត្យកន្លងទៅ​នៅព្រះវិហារ​សន្ត​សិលា​និង​សន្តប៉ូល​ភ្នំពេញថ្មី​ លោក​អភិបាល​អូលីវីយ៉េ ជ្មីតហស្លេ ក្រើន​រំឭក​គ្រីស្ត​បរិស័ទ​​អំពី​ព្រះរាជកិច្ច​របស់​ព្រះយេស៊ូ និង​ការ​តយុទ្ធ​របស់​ព្រះអង្គ​ជាមួយ​មនុស្ស​លោក​ដោយ​ចិត្ត​សុភាព​រាបសារ មិនប្រើហិង្សា និងស្តាប់​បង្គាប់​ព្រះជាម្ចាស់​ជាព្រះបិតា​ដោយ​បូជាជីវិត​​​សម្រាប់​មនុស្ស​ទាំងអស់ ដើម្បីនាំគេ​ទៅ​ឯព្រះអង្គវិញ។​

លោក​អភិបាល​អូលីវីយ៉េ ស្នើឱ្យ​​គ្រីស្ត​បរិស័ទ​ចូល​រួម​ជាមួយ​លោក​បូជាចារ្យ​ក្នុងការប្រយុទ្ធ​ដើម្បី​ការពារ​ពន្លឺ គឺធ្វើ​​តាម​ព្រះបន្ទូល​ ដោយ​ប្រុង​ស្មារតីនិងអធិដ្ឋានកុំឱ្យចាញ់ការល្បួង ដេល​មាន​ដូចជា

​លុយ ​ចិត្ត​លោភលន់ ​អំណាច កំសាក និង​​ឆន្ទៈ​របស់​ខ្លួន​​ច្បាស់លាស់។ ចំណុច​ទាំងនេះ នឹង​បង្ក​ឲ្យ​បាត់​បង់​ពន្លឺ​នៃ​សេចក្តីពិត៕

ដោយ​ដាលីស

Facebook
Twitter
LinkedIn