លោកអភិបាល ​អូលីវីយ៉េ៖ ការប្រយុទ្ធរបស់យើង ជាការប្រយុទ្ធដើម្បីសិទ្ធិសេរីភាព និងរំដោះមនុស្សលោក

«ពិត​មែន​យើង​ជា​អ្នក​ចម្បាំង​ការពារ​ពន្លឺ ដែល​ការ​ប្រយុទ្ធ​របស់​យើង​ ​ជា​ការ​ប្រយុទ្ធ​ដើម្បី​សិទ្ធិ​សេរីភាព និង​​រំដោះ​មនុស្ស​លោក​ឱ្យ​រក​ឃើញ​ផ្លូវ​នៃ​ជីវិត​អស់​កល្ប​ជានិច្ច»។ នេះជាសារ​ដែល​ថ្លែងឡើងដោយ​លោក​អភិបាល​ព្រះសហគមន៍​ភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីតអ៊ី​ស្លេរ។

លោកអភិបាលបានលើកឡើង​ដូចនេះ កាលពី​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០២៣ កន្លងទៅ​ថ្មីៗនេះ​ ដើម្បីជាការ​ក្រើន​រំ​ឭក​ដល់​​លោក​បូជាចារ្យ​ដែលបានចូលរួម​ប្រមាណជាជិត៩០អង្គ​​ នៅក្នុង​ឱកាស​ពិធីបុណ្យ​អភិបូជា​ប្រកាស​ពាក្យ​​សន្យា​ជាថ្មីរបស់​លោក​បូជាចារ្យ​ចំពោះមុខព្រះសហគមន៍ និង​ពិធី​ប្រសិទ្ធិពរលើ​ប្រេង​ នា​ព្រះវិហារសន្ត​សិលា និង​សន្តប៉ូល​ នៃ​មណ្ឌល​សកម្មភាព​ភ្នំពេញថ្មី​។ ​

ក្នុង​ពិធីនោះ លោក​អភិបាល​ ​អូលីវីយ៉េ ​​មាន​ប្រសាសន៍​​ថា ៖ «យើង​មិន​មែន​ជា​អ្នក​ចម្បាំង ដើម្បី​បំ​ផ្លាញ ដើម្បី​ណែនាំ​ឱ្យ​មាន​ភាព​ស្អប់​គ្នា ប៉ុន្តែ​ចម្បាំង​ដើម្បី​ចូល​​ក្នុង​ការ​ប្រយុទ្ធ​របស់​ព្រះជាម្ចាស់ ដើ​ម្បី​​ឱ្យ​​ពន្លឺ ​និង​សេចក្តី​ពិត​ឈ្នះ​គ្រប់​ពេល​វេលា គ្រប់​កាលៈទេសៈ»។​

នៅក្នុង​ធម្មទេសនាដដែលនេះ លោក​ក៏បាន​រំឭក​ពីអត្ថន័យ​នៃ​ការចូល​ក្នុង​​​​សប្តាហ៍​ពិសិដ្ឋខាងមុខនេះ​ ដែលជាការ​​​ចូល​នៅ​ក្នុង​ការ​ប្រយុទ្ធ​ចុង​ក្រោយ​បំផុត​របស់​ព្រះយេស៊ូ ដើម្បី​ឈ្នះ​អំពើ​ហិង្សា​​ឈ្នះ​អំពើ​បាប និង​ឈ្នះ​ការ​ស្អប់​គ្នា​នៅ​លើ​ផែនដី​ទាំង​មូល។

លើសពីនេះទៅ​ទៀត ​​លោកអភិបាលភូមិភាគភ្នំពេញរូបនេះ ​ក៏បានថ្លែង​​លើក​ទឹក​ចិត្ត​​​លោក​បូជាចារ្យ​ដែល​ជាអ្នកចម្បាំងការពារពន្លឺឱ្យ​ឈរ​ឡើង​ កុំភ័យ​ខ្លាច​​​ ព្រោះ​មាន​ព្រះជាម្ចាស់​ជា​ខែល​នៅក្នុង​កា​រប្រយុទ្ធ​ប្រឆាំង​នឹង​ភាពងងឹតនេះ។

លោកមានប្រសាសន៍ថា ៖​ «​​អស់​លោក​បូជាចារ្យ ​​ត្រូវការរស់នៅក្នុងសេចក្ដី​ស្រឡាញ់​ដ៏ពិសេស​របស់ព្រះជាម្ចាស់ រស់នៅ​ក្នុង​ទំនាក់ទំនង​ដ៏ពិត​ប្រាកដ​ ដោយ​មិន​វង្វេង​ទៅនឹង​ស្ថានភាព​សិប្បនិម្មិត​​របស់ពិភពលោក»​។​

ដើម្បី​ធ្វើជាអ្នក​ចម្បាំងការពារ​ពន្លឺនេះ​ដែរ បូជាចារ្យទទួល​ខុស​ត្រូវ​ព្រះសហគមន៍​មណ្ឌលសក​ម្មភា​ព​ព្រះសីហនុ​ លោក ​តាវ៉ូឡា យ៉ាំងលូកា បាន​លើកឡើងដែរថា ៖ «ខ្ញុំ​យល់​ថា​យើង​​ជាបូជាចារ្យ​ត្រូវ​ការ​ផ្ដល់សេចក្ដីសង្ឃឹម​ឱ្យបងប្អូន​ ​ពិសេស​ព្យាយាមធ្វើ​ឱ្យ​​ព្រះ​សហ​គមន៍​មាន​សកម្មភាព​នៃសេចក្ដីពិត​ជាក់​ស្ដែង តាមរយៈ​កិច្ចការ​មេត្តាករុណា ​និង​ផ្ដល់​​​សេចក្ដីសង្ឃឹម​ដល់​បងប្អូនឯទៀតៗ​​ ដើម្បី​ឱ្យ​គេឃើញពន្លឺរបស់​ព្រះ​ជា​ម្ចាស់»​។​  

លោក ​​លូកា ​បា​នបន្ថែមទៀតថា​ ពេល​ខ្លះ​នៅក្នុង​សង្គមនេះ ​ពោរ​ពេញ​​ដោយ​ការជិះជាន់​យក​ឈ្នះចា​ញ់គ្នា​ដែល​ជាភាពងងឹត។ ហេតុនេះ​​​ត្រូវ​ការ​មាន​ចិត្ត​សប្បុរស​ ចេះ​លះ​បង់ ដោយ​បូជាជីវិត​​​ដើម្បី​បងប្អូន ដើម្បីជាគំរូ​ដល់​បងប្អូន​ក្នុង​ការ​ធ្វើ​ជាពន្លឺ​​កុំ​ឱ្យ​ភាព​ងងឹត​មកគ្រងរាជ្យ​ក្នុង​ដួង​ចិត្ត​​ និង​​បងប្អូន​​។​

បញ្ជាក់​ផងដែរថា ក្នុង​ពិធីនោះ ​លោក​​អូលីវីយ៉េ ក៏​បាន​ផ្ដល់​នូវ​អនុសាសន៍ដល់​​​លោកអភិបាល និង​​បូជាចារ្យ​ទាំងអស់ឱ្យរស់​នៅ​ក្នុង​គុណធម៌ ដូចជា៖ ភក្តីភាព, ចិត្ត​អត់ធ្មត់, មាន​ជំនាញប៉ិនប្រសប់, មាន​ចិត្ត​សប្បុរស និង​ពោរពេញដោយ​សេចក្តីស្រលាញ់, ថែរក្សា, បូជា លះ​បង់ និង​តស៊ូ និងការ​ថែរក្សា​ស្នាម​ញញឹម។​

បន្ទាប់ពី​ការថ្លែងនូវ​ខ្លឹមសារដ៏មានអត្ថន័យ​ពី​សំណាក់លោកអភិបាលអូលីវីយ៉េរួច ​​​​លោក​បូជាចារ្យ​បាន​​ក្រោកឈរឡើងនៅចំពោះ​មុខ​ព្រះសហគមន៍​ទាំងមូល​ ដើម្បី​ប្រកាស​ពាក្យ​សច្ចា​របស់​ខ្លួន​សាជាថ្មី ដោយរួមជាមួយ​ព្រះយេស៊ូជាព្រះជាម្ចាស់​អស់ពីចិត្ត  និង​លះបង់​ប្រយោជន៍​ផ្ទាល់ខ្លួន​ដើម្បី​បំពេញ​បេសកកម្ម​​​នៅក្នុងព្រះសហគមន៍។

ក្នុង​ឱកាសនេះ​ដែរ លោកអភិបាលអូលីវីយ៉េ ក៏បាន​ស្នើ​ឱ្យគ្រីស្តបរិស័ទ​ទាំងអស់​ទូល​អង្វរ​ព្រះជាម្ចាស់​ ដើម្បី​ជួយ​អស់​លោក​បូជាចារ្យឲ្យបម្រើព្រះជាម្ចាស់ដោយស្មោះត្រង់ ដើម្បី​ណែនាំ​គ្រីស្តសា​សនិ​ក​ខ្លួន​ឲ្យ​ទទួលការសង្គ្រោះ ដោយចេះ​បំពេញមុខងារ​យ៉ាង​ស្ម័គ្រ​ចិត្ត ព្រមទាំង​មាន​ភក្ដីភាព​ជាមួ​យព្រះ​យេស៊ូ​ជាគង្វាលដ៏សប្បុរស៕​

ដោយដាលីស

Facebook
Twitter
LinkedIn