អត្ត បត្ថព្រះគម្ពីរ ថ្ងៃសុក្រ ទី១៧ ខែមីនា ឆ្នាំ២០២៣

ឬសន្តប៉ាទ្រីក ជាអភិបាល

លោកប៉ាទ្រីក (ប្រ.៣៨៥-៤៦១) កើតនៅស្រុកអង់គ្លេស។ កាលអាយុបាន ១៥ឆ្នាំ ចោរព្រៃ​ចាប់​គាត់យកទៅលក់ធ្វើជាទេសា។ គាត់ធ្វើជាទេសាអស់រយៈពេល ៧ឆ្នាំ ទើបរត់​រួច​ ហើយ​ទៅ​រៀន​សូត្រ​នៅអារាមប្រចាំភូមិឡេរាំង។ លោកទទួលមុខងារជាអភិបាល រួចចេញ​ទៅប្រកាស​ដំណឹង​ល្អនៅស្រុ​ក​អៀរឡង់។

សូមថ្លែងព្រះគម្ពីរព្យាការីហូសេ ហស ១៤,២-១០

អ៊ីស្រាអែលអើយ! ចូរវិលត្រឡប់មករកព្រះអម្ចាស់ជាព្រះរបស់អ្នកវិញ ដ្បិតអំពើបាបរបស់អ្នកធ្វើឱ្យអ្នកដួល។ ចូរនាំគ្នាវិលត្រឡប់មក​រកព្រះអម្ចាស់វិញ ដោយរៀបចំពាក្យសម្តី ហើយទូលព្រះអង្គថា សូមលើកលែងទោសទាំងប៉ុន្មានឱ្យយើងខ្ញុំ សូមមេត្តាទទួលពាក្យសរសើរតម្កើងរបស់យើងខ្ញុំ ទុកជាយញ្ញបូជាជំនួសគោបា។ ស្រុកអាស្ស៊ីរីពុំអាចសង្គ្រោះយើងបានទេ យើងខ្ញុំក៏លែងជិះសេះទៅច្បាំងទៀតដែរ យើងខ្ញុំលែងហៅរូបព្រះដែលជាស្នាដៃរបស់យើងខ្ញុំថាជា ”ព្រះរបស់យើងខ្ញុំ” ទៀតហើយ។ មានតែព្រះអង្គទេដែលមានព្រះហប្ញទ័យអាណិតអាសូរដល់ជនកំព្រា។ ព្រះអម្ចាស់មានព្រះបន្ទូលតបឆ្លើយថា៖ «យើងនឹងព្យាបាលចិត្តក្បត់របស់ពួកគេឱ្យបានជាសះស្បើយ គឺយើងនឹងស្រឡាញ់គេដោយស្មោះអស់ពីចិត្ត ដ្បិតយើងលែងខឹងនឹងគេទៀតហើយ។ យើងនឹងឱ្យពរដល់ប្រជាជនអ៊ីស្រាអែល ដូចទឹកសន្សើមធ្លាក់ចុះមក ពួកគេនឹងរីកស្គុះស្គាយដូចផ្កាចន្ធូ ពួកគេនឹងចាកឬសដូចដើមឈើនៅស្រុកលីបង់។ ពួកគេបែកមែកសាខាល្អដូចដើមអូលីវ និងមានគន្ធពិដោរក្រអូបដូចព្រៃនៅស្រុកលីបង់។ អស់អ្នកដែលធ្លាប់ជ្រកនៅក្រោមម្លប់ដើមឈើនេះនឹងវិលត្រឡប់មកវិញ។ ពួកគេនឹងធ្វើស្រែចម្ការសាជាថ្មី ពួកគេនឹងចម្រុងចម្រើនដូចដើមទំពាំងបាយជូរ ហើយមានឈ្មោះល្បីល្បាញដូចស្រានៅស្រុកលីបង់។ អេប្រាអ៊ីមអើយ! តើអ្នកលែងប្រដូចយើងទៅនឹងព្រះក្លែងក្លាយហើយឬនៅ? គឺយើងនេះហើយដែលឆ្លើយ​តប និងមើលថែរក្សាអ្នក។ យើងប្រៀបដូចដើមពោធិមានស្លឹកខៀវខ្ចី យើងនឹងធ្វើឱ្យអ្នកបង្កើតផ្លែបាន»។ តើនរណាមានប្រាជ្ញាវាងវៃអាចពិចារណាយល់សេចក្តីទាំងនេះបាន? មាគ៌ារបស់ព្រះអម្ចាស់សុទ្ធតែទៀងត្រង់ មនុស្សសុចរិតនឹងដើរតាមមាគ៌ានេះ រីឯជនទុច្ចរិតវិញនឹងជំពប់ជើងដួលព្រោះតែមាគ៌ានេះជាមិនខាន។

ទំនុកតម្កើងលេខ ៨១(៨០),១២.៧-១១.១៤.១៨៧ បទកាកគតិ

១២តែរាស្ត្រមិនស្តាប់ពាក្យយើងបង្គាប់គេធ្វើឫកឆ្មើង
ទោះអ៊ីស្រាអែលក៏លែងស្គាល់យើងធ្វើតាមទំនើង
អំពើអាក្រក់ ។
យើងដកអម្រែកដ៏ធ្ងន់អនេកចេញពីលើស្មា
ហើយក៏បានដកការធ្ងន់អស្ចារ្យចេញពីហត្ថា
របស់អ្នកដែរ ។
ពេលអ្នកមានទុក្ខអ្នកបានស្រែករកយើងគ្មានពេលល្ហែ
យើងក៏រំដោះមិននៅទំនេរហើយយើងរិះរេ
ល្បងមើលចិត្តអ្នក ។
ឱប្រជារាស្ត្រនៃយើងទាំងអស់ចូរស្តាប់ឱ្យជាក់
ពាក្យយើងរំឭកយើងដាស់តឿនអ្នកកុំបីអន់អាក់
ត្រងត្រាប់លកលៃ ។
១០ក្នុងចំណោមអ្នកកុំទៅស្មោះស្ម័គ្រនឹងព្រះដទៃ
កុំទៅគោរពកោតខ្លាចធ្វើអ្វីព្រោះព្រះដទៃ
ជាព្រះក្លែងក្លាយ ។
១១យើងជាព្រះម្ចាស់មិនមែនជាព្រះក្លែងក្លាយនោះឡើយ
យើងបានយកអ្នកពីអេស៊ីបហើយកុំនៅកន្តើយ
ទទួលពរយើង ។
១៤តែបើប្រជារាស្ត្រទាំងអស់គ្នាគេប្តូរគំនិត
ស្តាប់សំឡេងយើងហើយគេប្រព្រឹត្តតាមមាគ៌ាពិត
របស់យើងនោះ ។
១៧ព្រះអម្ចាស់បានផ្តល់ស្រូវជាទានយ៉ាងល្អមកឱ្យ
ពួកអ៊ីស្រាអែលបរិភោគរួចហើយទាំងប្រទានឱ្យ
ទឹកឃ្មុំបរិបូណ៌ ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

បពិត្រព្រះអម្ចាស់! ព្រះបន្ទូលព្រះអង្គជាសេចក្តីពិត ធម្មវិន័យរបស់ព្រះអង្គរំដោះយើងខ្ញុំ។
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ ”ចូរប្រែចិត្តគំនិត ដ្បិតព្រះរាជ្យនៃស្ថានបរមសុខមកជិតបង្កើយហើយ“។
បពិត្រព្រះអម្ចាស់! ព្រះបន្ទូលព្រះអង្គជាសេចក្តីពិត ធម្មវិន័យរបស់ព្រះអង្គរំដោះយើងខ្ញុំ។

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ១២,២៨-៣៤

នៅគ្រានោះ ធម្មាចារ្យម្នាក់ទូលសួរព្រះយេស៊ូថា៖ «ក្នុងបណ្តាវិន័យទាំងអស់ តើវិន័យណាសំខាន់ជាងគេ?»។ ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយថា៖ «នេះជាវិន័យទីមួយ គឺអ៊ីស្រាអែលអើយ! ចូរស្តាប់! មានតែព្រះអម្ចាស់ជាព្រះរបស់យើងមួយព្រះអង្គគត់ដែលពិតជាព្រះអម្ចាស់។ ត្រូវស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នកឱ្យអស់ពីចិត្តគំនិត អស់ពីស្មារតី អស់ពីប្រាជ្ញា និងអស់ពីកម្លាំងកាយ»។ រីឯវិន័យទីពីរមានចែងថា៖ «ត្រូវស្រឡាញ់បងប្អូនឯទៀតៗឱ្យបានដូចស្រឡាញ់ខ្លួនឯង»។ គ្មានវិន័យណាសំខាន់ជាងវិន័យទាំងពីរនេះទេ។ ធម្មាចារ្យនោះទូលព្រះអង្គថា៖ «លោកគ្រូ! លោកមានប្រសាសន៍ត្រូវណាស់ ហើយពិតផង។ មានព្រះជាម្ចាស់តែមួយព្រះអង្គគត់ ក្រៅពីព្រះអង្គ គ្មានព្រះឯណាទៀតឡើយ។ បើយើងស្រឡាញ់ព្រះអង្គអស់ពីចិត្តគំនិត អស់ពីប្រាជ្ញា និងអស់ពីកម្លាំងកាយ ហើយបើយើងស្រឡាញ់បងប្អូនឯទៀតៗឱ្យបានដូចស្រឡាញ់ខ្លួនឯង នោះប្រសើរជាងថ្វាយតង្វាយដុត និងថ្វាយយញ្ញបូជាទៅទៀត»។ កាលព្រះយេស៊ូឮគាត់ឆ្លើយដោយប្រាជ្ញាវាងវៃដូច្នេះ ព្រះអង្គមានព្រះបន្ទូលថា៖ «អ្នកនៅមិនឆ្ងាយពីព្រះរាជ្យរបស់ព្រះជាម្ចាស់ទេ»។ បន្ទាប់មក គ្មាននរណាហ៊ានដេញដោលសួរព្រះអង្គទៀតឡើយ។

Facebook
Twitter
LinkedIn