សូមថ្លែងព្រះគម្ពីរពង្សាវតារក្សត្រទី២ ២ពង្ស ៥,១-១៥
មានបុរសម្នាក់ឈ្មោះលោកណាម៉ាន់ ជាមេទ័ពរបស់ស្តេចស្រុកស៊ីរី។ ស្តេចសព្វព្រះហប្ញទ័យនឹងលោកណាស់ ដ្បិតព្រះអម្ចាស់ប្រទានជ័យជម្នះដល់ស្រុកស៊ីរីព្រោះតែលោក។ ប៉ុន្តែ មេទ័ពដ៏ខ្លាំងពូកែនេះកើតរោគឃ្លង់។ គ្រានោះ កងទ័ពស៊ីរីបានចេញមកច្បាំងនឹងស្រុកអ៊ីស្រាអែល ហើយចាប់បានក្មេងស្រីម្នាក់នាំយកទៅជាឈ្លើយ។ ក្មេងស្រីនេះនៅបម្រើភរិយារបស់លោកណាម៉ាន់។ នាងជម្រាបម្ចាស់ស្រីថា៖ «ប្រសិនបើលោកម្ចាស់អាចទៅជួបព្យាការីនៅក្រុងសាម៉ារី លោកមុខជាជួយលោកម្ចាស់ឱ្យបានជាសះស្បើយពីរោគឃ្លង់ពុំខាន!»។ លោកណាម៉ាន់នាំយកពាក្យក្មេងស្រីជាតិអ៊ីស្រាអែលនោះទៅទូលស្តេចស្រុកស៊ីរី។ ស្តេចមានរាជឱង្ការថា៖ «សូមលោកអញ្ជើញទៅក្រុងសាម៉ារីចុះ! យើងនឹងសរសេរសំបុត្រមួយផ្ញើទៅថ្វាយស្តេចស្រុកអ៊ីស្រាអែល»។ លោកណាម៉ាន់ចេញដំណើរទៅ ដោយនាំយកប្រាក់ដប់ហាប មាសប្រាំមួយពាន់ស្លឹង និងសម្លៀកបំពាក់ដប់បន្លាស់ទៅជាមួយផង។ លោកយកសំបុត្ររបស់ស្តេចស្រុកស៊ីរីថ្វាយស្តេចអ៊ីស្រាអែល។ សំបុត្រនោះមានសេចក្តីដូចតទៅ៖ «សូមព្រះករុណាជ្រាបថា អ្នកដែលនាំសំបុត្រនេះមកថ្វាយ គឺលោកណាម៉ាន់ជាមន្ត្រីរបស់ទូលបង្គំ សូមព្រះករុណាមេត្តាជួយព្យាបាលលោកឱ្យជាសះស្បើយពីរោគឃ្លង់ផង»។ កាលស្តេចស្រុកអ៊ីស្រាអែលអានសំបុត្រនេះចប់ ទ្រង់ហែកព្រះភូសា ហើយមានរាជឱង្ការថា៖ «តើយើងនេះជាព្រះដែលអាចធ្វើឱ្យមនុស្សស្លាប់នឹងរស់កើតឬ បានជាស្តេចបញ្ជូនមនុស្សឃ្លង់មកឱ្យយើងព្យាបាលដូច្នេះ? សូមជួយពិចារណាមើលចុះ! ស្តេចស្រុកស៊ីរីពិតជារកលេសបង្កជម្លោះជាមួយយើងហើយ!»។
កាលព្យាការីអេលីសេជាអ្នកជំនិតរបស់ព្រះជាម្ចាស់ជ្រាបថា ស្តេចស្រុកអ៊ីស្រាអែលហែកព្រះភូសា លោកក៏ចាត់ឱ្យទៅទូលសួរស្តេចថា៖ «ហេតុអ្វីបានជាព្រះករុណាហែកព្រះភូសាដូច្នេះ? សូមប្រាប់លោកណាម៉ាន់មកជួបនឹងទូលបង្គំចុះ នោះគាត់នឹងដឹងថា នៅស្រុកអ៊ីស្រាអែលមានព្យាការីម្នាក់មែន!»។ លោកណាម៉ាន់ជិះរទេះសេះមកឈប់នៅមុខផ្ទះលោកអេលីសេ។ ព្យាការីអេលីសេចាត់គេឱ្យទៅជម្រាប់លោកថា៖ «សូមអញ្ជើញទៅមុជទឹកទន្លេយ័រដាន់ឱ្យបានចំនួនប្រាំពីរដងចុះ នោះស្បែករបស់លោកនឹងបានជាសះស្បើយ ហើយលោកនឹងបានបរិសុទ្ធមិនខាន»។ លោកណាម៉ាន់ក៏ខឹង ហើយដើរចេញទៅទាំងរអ៊ូថា៖ «ខ្ញុំនឹកស្មានថា ព្យាការីមុខជាចេញមកទទួលខ្ញុំ ហើយឈរទូលអង្វរព្រះអម្ចាស់ជាព្រះរបស់លោក រួចដាក់ដៃលើដំបៅរបស់ខ្ញុំឱ្យជាសះស្បើយ។ នៅក្រុងដាម៉ាស់ក៏មានទន្លេដែរ គឺទន្លេអាម៉ាណា និងទន្លេប៉ាផារ បើគ្រាន់តែមុជទឹកហើយបានជាសះស្បើយនោះ ខ្ញុំទៅមុជទឹកទន្លេនៅស្រុកខ្ញុំប្រសើរជាងមុជទឹកក្នុងទន្លេទាំងប៉ុន្មាននៅស្រុកអ៊ីស្រាអែលនេះ!»។ លោកណាម៉ាន់ចាកចេញទៅទាំងក្រេវក្រោធ។ ប៉ុន្តែ អ្នកបម្រើរបស់លោកចូលទៅជិតលោកជម្រាបថា៖ «លោកឪពុក! ប្រសិនបើព្យាការីបង្គាប់ឱ្យធ្វើកិច្ចការអ្វីពិបាក នោះលោកប្រាកដជាធ្វើតាមមិនខាន ពេលនោះ ព្យាការីគ្រាន់តែសុំឱ្យលោកជ្រមុជទឹកដើម្បីជាស្អាតបរិសុទ្ធ ម្តេចក៏លោកមិនធ្វើតាម?»។ លោកណាម៉ាន់ក៏ចុះទៅក្នុងទន្លេយ័រដាន់ ហើយមុជក្នុងទឹកចំនួនប្រាំពីរដងតាមពាក្យដែលអ្នកជំនិតរបស់ព្រះជាមា្ចស់បានប្រាប់ ស្រាប់តែសាច់របស់លោកឡើងស្អាតដូចសាច់កូនក្មេង លោកក៏បានជាស្អាតបរិសុទ្ធ។ លោកត្រលប់មកជួបអ្នកជំនិតរបស់ព្រះជាម្ចាស់ ជាមួយពួកបម្រើរបស់លោក។ ពេលទៅដល់ លោកឈរនៅមុខព្យាការីជម្រាបថា៖ «ខ្ញុំប្របាទដឹងច្បាស់ថា នៅលើផែនដីទាំងមូល ក្រៅពីព្រះរបស់ជនជាតិអ៊ីស្រាអែល គ្មានព្រះណាផ្សេងទៀតឡើយ!»។
ទំនុកតម្កើងលេខ ៤២,២-៣ បទកាកគតិ
២ | បពិត្រព្រះម្ចាស់ | ខ្ញុំប្រាថ្នាណាស់ | ចង់នៅជាមួយ |
គិតដេកមិនលក់ | យប់នឹកថ្ងៃព្រួយ | ចង់នៅជាមួយ | |
ដូចក្តាន់រកទឹក។ | |||
៣ | ខ្ញុំស្រេកខ្ញុំឃ្លាន | ព្រះម្ចាស់ដ៏មាន | បារមីមានប្ញទ្ធិ |
ព្រះជន្មគង់នៅ | ស្ថិតស្ថេរពិតៗ | ខ្ញុំចង់នៅជិត | |
ព្រះភក្ត្រព្រះអង្គ។ |
ទំនុកតម្កើងលេខ ៤៣,៣-៤ បទពាក្យ ៧
៣ | សូមផ្តល់ពន្លឺនិងក្តីពិត | ឱ្យនៅស្ថេរស្ថិតហើយតម្រង់ |
ទៅភ្នំវិសុទ្ធដ៏ផូរផង់ | ដំណាក់ព្រះអង្គសមសព្វគ្រប់ ។ | |
៤ | ខ្ញុំនឹងឆ្ពោះទៅទីអាសនៈ | ព្រះអង្គឥតអាក់ជាប្រភព |
នៃក្តីអំណរដ៏លើសលប់ | តម្កើងមិនឈប់ដោយតន្ត្រី ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ៣០,៥-៧
ប | បពិត្រព្រះអម្ចាស់ យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គជាព្រះគ្រីស្ត ជាព្រះប្រាជ្ញាញាណដែលស្ថិតស្ថេរអស់កល្បជានិច្ចនៃព្រះដ៏មានព្រះជន្មគង់នៅ។ |
គ | ខ្ញុំសូមផ្ញើជីវិតទាំងស្រុងលើព្រះអម្ចាស់ ហើយជឿសង្ឃឹមលើព្រះបន្ទូលរបស់ព្រះអង្គ ដ្បិតព្រះអង្គប្រកបដោយព្រះហប្ញទ័យមេត្តាករុណា ព្រះអង្គក៏រំដោះខ្ញុំជានិច្ច។ |
ប | បពិត្រព្រះអម្ចាស់ យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គជាព្រះគ្រីស្ត ជាព្រះប្រាជ្ញាញាណដែលស្ថិតស្ថេរអស់កល្បជានិច្ចនៃព្រះដ៏មានព្រះជន្មគង់នៅ។ |
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៤,២៤-៣០
នៅក្នុងធម្មសាលាក្រុងណាសារ៉ែត ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា មិនដែលមានព្យាការីណាម្នាក់ត្រូវគេគោរពក្នុងស្រុកកំណើតរបស់ខ្លួនឡើយ។ ខ្ញុំសុំបញ្ជាក់ថា នៅជំនាន់លោកអេលី មេឃរាំងអស់រយៈពេលបីឆ្នាំកន្លះ បណ្តាលឱ្យមានទុរ្ភិក្សយ៉ាងខ្លាំងពេញទាំងស្រុក។ នៅស្រុកអ៊ីស្រាអែលមានស្ត្រីម៉េម៉ាយជាច្រើន ក៏ប៉ុន្តែ ព្រះជាម្ចាស់ពុំបានចាត់ព្យាការីអេលីឱ្យទៅជួយស្ត្រីមេម៉ាយណាម្នាក់នៅស្រុកអ៊ីស្រាអែលឡើយ គឺព្រះអង្គបានចាត់លោកឱ្យទៅជួយស្រ្តីមេម៉ាយម្នាក់ដែលរស់នៅភូមិសារិបតាក្នុងស្រុកស៊ីដូនវិញ។ នៅជំនាន់ព្យាការីអេលីសេ មានមនុស្សឃ្លង់ជាច្រើនក្នុងស្រុកអ៊ីស្រាអែល ប៉ុន្តែ គ្មានអ្នកណាម្នាក់បានជាសះស្បើយ គឺមានតែលោកណាម៉ាន់ជាជនជាតិស៊ីរីម្នាក់ប៉ុណ្ណោះ»។ កាលបានឮព្រះបន្ទូលទាំងនេះ អ្នកនៅក្នុងធម្មសាលាទាំងប៉ុន្មានក៏ខឹងព្រះយេស៊ូគ្រប់ៗគ្នា។ គេក្រោកឡើង ចាប់ប្រអូសប្រទាញព្រះយេស៊ូចេញពីភូមិដែលសង់ពីកំពូលភ្នំ នាំឆ្ពោះទៅមាត់ជ្រោះ បម្រុងនឹងច្រានព្រះអង្គទម្លាក់ក្រោម។ ប៉ុន្តែ ព្រះអង្គយាងចេញពីកណ្តាលចំណោមគេបាត់ទៅ។