ស្ថាប័នអន្តរជាតិរបស់ព្រះសហគមន៍កាតូលិក ដែលមានឈ្មោះថា អេតធូឌឹឈើចអ៊ីននីត (Aid to the Church in Need) បានផ្ញើលិខិតថ្លែងអំណរគុណចំពោះព្រះសហគមន៍កាតូលិកនៅកម្ពុជា ដែលបានប្រមូលថវិកាពីគ្រីស្តបរិស័ទក្នុងប្រទេស ដើម្បីជួយដល់គ្រីស្តបរិស័ទរងគ្រោះដោយសារគ្រោះរញ្ជួយដីនៅប្រទេសស៊ីរី។
លិខិតនេះត្រូវបានទទួលដោយលោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ កាលពីថ្ងៃទី៨ ខែមីនានេះ។
លោកអភិបាលអូលីវីយ៉េឲ្យដឹងថា «នេះជាសំបុត្រថ្លែងអំណរគុណសម្រាប់លុយតង្វាយដែលព្រះសហគមន៍កាតូលិកកម្ពុជាបានផ្ញើ ដើម្បីចូលរួមនៅក្នុងការរងទុក្ខលំបាករបស់បងប្អូននៅប្រទេសស៊ីរីជាពិសេស»។
ក្នុងនោះដែរ លោកអភិបាលក្នុងនាមលោកអភិបាលទាំងបី សូមថ្លែងអំណរគុណដល់គ្រីស្តបរិស័ទទាំងអស់ដែលបានចូលរួមអស់ពីសមត្ថភាព ដើម្បីបង្ហាញអំពីសេចក្ដីស្រឡាញ់ដល់ប្រទេសស៊ីរី។
លិខិតថ្លែងអំណរគុណជាភាសាអង់គ្លេសដែលបានបកប្រែជាភាសាខ្មែរ និងបានផ្ញើចេញដោយលោកអភិបាលអូលីវីយ៉េដោយផ្ទាល់កាលពីព្រឹកមិញនេះ បានរៀបរាប់ថា ជំនួយសប្បុរសធម៌នេះ មានទឹកប្រាក់ចំនួន២៥០០០ដុល្លារអាមេរិក សម្រាប់«គ្រីស្តបរិស័ទដែលកំពុងរងគ្រោះដោយការរញ្ជួយដីនៅប្រទេសស៊ីរី បានចូលក្នុងគណនីរបស់យើងខ្ញុំហើយ»។
ក្នុងលិខិតដដែលបានបញ្ជាក់ទៀតថា ថវិកាទាំងនោះនឹងត្រូវចំណាយលើថ្លៃជួលផ្ទះល្វែងបណ្តោះអាសន្នសម្រាប់ជនរងគ្រោះ ខណៈដែលផ្ទះរបស់ពួកគេបាក់បែកខ្ទេចខ្ទីមិនអាចរស់នៅបាន។
លោកថូម៉ាស ហេនហ្គេលដឺន (Thomas Heine-Geldern) ជាម្ចាស់លិខិតនិងជានាយកប្រតិបត្តិអេតធូឌឹឈើចអ៊ីននីត បានលើកឡើងថា ទង្វើដែលព្រះសហគមន៍កាតូលិកនៅកម្ពុជាបានធ្វើនេះគឺគិតពីប្រយោជន៍រួម និងដោយចិត្តសប្បុរស ហើយ«សបញ្ជាក់អំពីសេចក្តីស្រឡាញ់ និងសាមគ្គីភាពរបស់បងប្អូនគ្រីស្តបរិស័ទ ដើម្បីផ្តល់ឲ្យមនុស្សមានក្តីសង្ឃឹម នៅពេលដែលគេកំពុងអស់សង្ឃឹម»។
លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅអស់ពីដួងចិត្ត ចំពោះទឹកចិត្តសប្បុរសរបស់លោកអភិបាលនិងគ្រីស្តបរិស័ទព្រះសហគមន៍កាតូលិកនៅកម្ពុជា។
ខណៈដែលប្រទេសស៊ីរីកំពុងទទួលរងការលំបាកដោយសារសង្រ្គាមកាលពីឆ្នាំ២០២១ ប្រជាជននៅទីក្រុងអាឡិប៉ូ នៃប្រទេសស៊ីរីបានរងគ្រោះដោយសាររញ្ជួយដីកម្រិត៧.៨រ៉ិចទ័រកាលពីថ្ងៃទី៦ ខែកុម្ភៈក្នុងឆ្នាំនេះបន្ថែមទៀត ដែលបង្កឲ្យមនុស្សរាប់ម៉ឺននាក់បានស្លាប់ និងជាច្រើននាក់ទៀតបានរងរបួស និងគ្មានផ្ទះសម្បែងជ្រកកោន។
ព្រះសហគមន៍កាតូលិកនៅកម្ពុជាតាមរយៈលោកអភិបាលទាំងបីភូមិភាគ បានមូលមតិគ្នាប្រមូលប្រាក់ដង្វាយប្រចាំសប្តាហ៍តាមព្រះវិហារនីមួយៗបញ្ជូនទៅប្រទេសស៊ីរី តាមរយៈស្ថាប័នកាតូលិក អេតធូឌឹឈើចអ៊ីននីត កាលពីចុងខែកុម្ភៈកន្លងទៅនេះ៕
ដោយកែវ កញ្ញា