ជំនួប​ដំបូង​នៃស្ថាប័នសិក្សាធិការ​របស់ព្រះសហគមន៍​ក្នុងប្រទេស

តំណាង​ស្ថាប័នអប់រំរបស់ព្រះសហគមន៍កាតូលិកនៅកម្ពុជាចំនួន​៨៥នាក់​ បាន​ចូលរួម​ស្តាប់​ ពិភាក្សា​ និង​លើក​ទិសដៅ​សម្រាប់​វិស័យសិក្សាធិការ​ក្នុង​ឆ្នាំ​បន្ទាប់​របស់​ព្រះសហគមន៍​ ដើម្បី​ “ចូលរួម​អភិវឌ្ឍ​សង្គម​តាមរយៈ​គុណភាពនៃការអប់រំកាតូលិក” កាលពីពេលថ្មីៗកន្លងទៅនេះ នៅ​មណ្ឌល​សកម្មភាព​ភ្នំពេញ​​​ថ្មី ​និងសណ្ឋាគារបានបាន ក្នុង​សង្កាត់​ភ្នំពេញថ្មី។

នៅក្នុងរយៈពេល​បីថ្ងៃ​ អ្នកចូលរួមបានរះគិតអំពីតួនាទីឧត្តមសិក្សាពាក់ព័ន្ធ​ជាមួយ​និង​សេដ្ឋកិច្ច ធនធានមនុស្សនិង​នយោបាយ ​គោលនយោបាយ​អភិវឌ្ឍន៍​​កម្មវិធី​​សិក្សា​ពី​កម្រិតបឋម​រហូត​ដល់​មធ្យមសិក្សា និងចំណុចអាទិភាព​របស់​ក្រសួង​អប់រំ ការ​អប់រំ​បែប​កាតូលិក​ក្នុងបរិបទ​ពុទ្ធសាសនាជាដើម យុទ្ធសាស្ត្រ​​ទាញចំណាប់អារម្មណ៍របស់សិស្ស ដោយមាន​វាគ្មិន​ពីបណ្តាស្ថាប័ន​រដ្ឋ​ ឯកជន និង​ព្រះសហគមន៍​។

​សិក្ខាសាលានេះប្រព្រឹត្តទៅជាលើកដំបូង​ចាប់ពីថ្ងៃទី២-៤ ខែកុម្ភៈ រៀប​ចំដោយវិទ្យាស្ថានសន្តប៉ូល និងសហការចូលរួមដោយ មជ្ឈ​មណ្ឌល​​ស្រាវជ្រាវជេស្វីត ម៉ាហ្គា អង្គការជេស្វីតកម្ពុជា សាលាបណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​និង​បច្ចេក​ទេស​​ដុនបូស្កូ ក្រោមអធិបតីភាព​របស់​លោក​អភិបាល​ព្រះសហគមន៍កាតូលិក​ទាំង​បី​ភូមិភាគ។

នៅក្នុងឱកាសអភិបូជាបើកកម្មវិធីសិក្ខាសាលានេះ លោក​អូលីវីយ៉េ​ ជ្មីតហស្លេ អភិបាល​ព្រះសហគម​ន៍​កាតូលិក​​ភូមិភាគភ្នំពេញ និង​ជា​ក្រុមប្រឹក្សាភិបាល​នៃ​វិទ្យាស្ថាន​សន្តប៉ូល​មាន​ប្រសាសន៍​​ថា សាលាកាតូលិករបស់យើងមានតួនាទីសំខាន់​គឺ​​ បង្ហាញពន្លឺ​ដែល​ណែនាំ​ឲ្យ​មនុស្ស​លោកទទួលការសង្គ្រោះ។

លោក​បន្ថែម​ថា ទោះបី​ស្ថិត​នៅ​ក្នុង​បរិស្ថាន​នៃ​ព្រះពុទ្ធសាសនា​ក៏ដោយ តែអត្តសញ្ញាណ​ជា​សាលា​ ​កាតូលិកសម្រាប់​អប់រំ​​សិស្ស​និង​និស្សិត​​ត្រូវ​ថែរក្សា ដោយ​ផ្តោត​សំខាន់​លើ​គោលការ​ណ៍​មួយ​ចំនួន។

ក្នុងនោះ​លោកអភិបាល​បាន​លើកឡើងអំពី​ គុណធម៌​គិត​លើប្រយោជន៍​រួម ដោយអប់រំសិស្ស​ឲ្យមាន​ចិត្ត​ស្មោះត្រង់ មាន​យុត្តិធម៌ និងសេចក្ដីពិត។ ការអប់រំ​គឺធ្វើយ៉ាងណា ឲ្យ​សិស្ស​ចេះ​​ចែករំលែក​ដល់​អ្នកដទៃដោយគ្មានអាត្មានិយមក្នុងខ្លួន ម្យ៉ាងទៀត ទំនាក់ទំនង​ឥរិយាបទ​កាយវាចារចិត្ត​របស់​សិស្ស គឺត្រូវ​ផ្សារភ្ជាប់ជាមួយព្រះជាម្ចាស់។

«ទោះបី​កាន់​សាសនា​ផ្សេង​ក៏ដោយ ប៉ុន្តែគេ​មាន​ទំនាក់ទំនងជាមួយព្រះជាម្ចាស់​ដែល​បាន​បង្កើត​យើង​ទាំង​អស់​គ្នា» លោកអភិបាល​បញ្ជាក់។

លោកបន្ថែមថា ការ​ផ្តល់​ឲ្យ​សិស្ស​មានគំនិតផ្ទាល់ខ្លួន​ដើម្បីវិនិច្ឆ័យ​ក្នុង​មាគ៌ា​ត្រឹម​ត្រូវ​សម្រាប់​អនាគត គឺដើម្បី​បំភ្លឺមនសិការ​របស់ពួក​គេ​យល់អំពី​​ផ្លូវ​ត្រឹមត្រូវនិង​ផ្លូវ​ដែលបំផ្លាញ​អនាគត​របស់​មនុស្សជាតិ។ ហើយ​ស្ថាប័នអប់រំកាតូលិក​ត្រូវ​យកចិត្ត​ទុកដាក់​លើ​គ្រូបង្រៀននិង​សិស្ស​ ដោយ​ផ្តល់​នូវ​សេរីភាព​និង​ការវិន័យច្បាស់លាស់ដល់ពួកគេ។

​លោកអភិបាល​អូលីវីយ៉េ​បញ្ជាក់ថា ការណែនាំឲ្យ​សិស្សម្នាក់ៗ​​រីក​ចម្រើន​នៅ​ក្នុង​សមត្ថភាពផ្ទាល់ខ្លួនទាំងកាយវាចារចិត្តនិងវិញ្ញាណ ទាំង​​ទំនាក់ទំនងក្នុងសង្គម វប្បធម៌និង​ពិភពលោកទាំងមូល និង​ការផ្តល់​ជំនឿ​ចិត្ត​ជាមួយ​ទេពកោសល្យ​របស់​សិស្សម្នាក់ៗ​ ថា​គេ​អាច​បង្កើត​សន្តិភាព​នៅកន្លែងដែលគេ​រស់នៅ​បាន ជា​គោលការណ៍​​បន្ថែមទៀតដែល​ត្រូវ​ធ្វើ។

លោក​បាន​បញ្ចប់​ដោយ​រំលឹកដល់​អ្នកចូលរួមទាំងអស់​ឲ្យ​ខិត​ខំអធិដ្ឋាន ដើម្បី​ទទួល​បាន​ជោគជ័យ ក្នុងការអប់រំ និង«ដើម្បី​ឲ្យ​យើង​រក​ឃើញ​កម្លាំង​​មក​ពី​ព្រះយេស៊ូដើម្បី​បំភ្លឺយើង ​ឱ្យ​យើង​ទៅ​ជា​សាក្សី​​នៃជីវិតដ៏ពេញលក្ខណៈ​ដែល​ព្រះអង្គ​បាន​​ប្រទាន​ឲ្យយើង»។

នៅក្នុងជំនួបនេះ សិក្ខាកាម​បាន​ឈ្វេងយល់​បន្ថែម​អំពី​កិច្ច​ការអន្តរសាសនា​ដែល​នាំ​មក​នូវ​កិច្ច​សហប្រតិបត្តិការណ៍​ល្អ​នៅក្នុង​វិស័យអប់រំ​និង​ជំនឿ​​​​​ ដើម្បី​រស់នៅ​ដោយ​សុខដុមនីយកម្មសាសនា ដែល​ធ្វើបទ​បង្ហាញ​ដោយ​លោក​អេនរីគេ​ ហ្វីការេដូ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគ​បាត់ដំបង និងព្រះតេជគុណ វិ សុវិជ្ជា ជាប្រធានសាខាពុទ្ធិករវិទ្យាល័យព្រះសីហនរាជ សាខាខេត្ត​បាត់ដំបង។

ស៊ិន សាយា វ័យ៣០ឆ្នាំ ជាអ្នកសម្របសម្រួលនៃសាលាសន្តសាវីយ៉េ ខេត្ត​បន្ទាយមានជ័យ បានឱ្យដឹងថា ការអប់រំ​របស់​​ព្រះសហគមន៍បាន​រួម​ចំណែក​ដល់​សង្គម​និង​ពិភពលោក​យ៉ាង​ច្រើន ដោយ​បានផ្ដោតសំខាន់លើគុណតម្លៃរបស់មនុស្ស។

អ្នកគ្រូ​បន្ថែម​ថា គាត់​នឹង​ជំរុញបន្ថែម​នូវ​គោលការណ៍របស់​ព្រះសហគមន៍​នៅក្នុង​សាលា​របស់​គាត់​ គឺ​ឲ្យសិស្សចែករំលែកសេចក្ដី​ស្រឡាញ់ ឲ្យ​គេ​យល់អំពី​តម្លៃគ្នាទៅវិញទៅមក មិន​រើសអើង​ ចេះ​សហការ ចេះចែករំលែកនិងមាន​មេត្តាធម៌ ដែលនាំ​ឲ្យសង្គមកម្ពុជា​ឬក៏​ពិភពលោក​មាន​ការអភិវឌ្ឍ។

លោក​ហ៊ាង ឈុនឡេង វ័យ ២៩ឆ្នាំ ជានាយករងនៃវិទ្យាល័យចម្រើនវិជ្ជា ក្នុង​ខេត្ត​ព្រៃវែង ​ បាន​ឱ្យ​ដឹងថា​ ការ​ស្តាប់​នូវ​យោបល់​និងបញ្ហា​ផ្សេង​ៗ​​របស់សាលា​ដទៃតាមភូមិភាគនីមួយៗ និង​គោលការណ៍​របស់​ព្រះសហគមន៍ ណែនាំ​ឲ្យ​លោក​មាន​គំនិត​មួយចំនួន ​ដើម្បី​​អនុវត្ត​នៅ​សាលា​ចម្រើនវិជ្ជាបាន ទាំង​របៀប​ដឹកនាំ គរុកោសល្យនៃ​ការអប់រំ និងអត្តសញ្ញាណកាតូលិក។

នៅក្នុង​សិក្ខាសាលា​នោះ​ដែរ​ សិក្ខាកាម​បាន​ចូលរួម​ពិភាក្សា​និង​ស្វែងរក​ដំណោះស្រាយ​ខ្លះ​សម្រាប់​សិស្ស​ដែល​មាន​បញ្ហា ទាង​ផ្លូវកាយ​និង​ចិត្ត រួមទាំងស្មារតីផងដែរ។

«ទាក់ទង​ទៅនឹងជួយសិស្សដែលរៀនខ្សោយ យើង​ត្រូវសិក្សាពីស្ថានភាព​គ្រួសាររបស់​គាត់​ជាមុន​សិន និងតាមដានសិស្សនិងបំប៉នគាត់ឡើងវិញ។» នេះជាការលើកឡើងរបស់​ លោកពេជ្រ វិបុល នាយកវិទ្យាល័យសន្តហ្វ្រង់ស្វ័រ ក្នុងខេត្តតាកែវ។

លោក​វិបុល​បន្តថា យើងត្រូវអភិវឌ្ឍធនធានមនុស្សលើគ្រប់វិស័យទាំងអស់ ឱ្យមនុស្ស​មាន​​ចំណេះដឹង​ ចេះរស់នៅដោយសន្តិភាពនិង​សុខដុមរមនា​ជាមួយគ្នាតាមរយៈអន្តរសាសនា។ ចំពោះថ្នាក់ដឹក​នាំសាលា​ យើង​មានតួនាទី​ភារកិច្ច​យកអ្វីដែលជាបទពិសោធ​នៅ​ទីនេះ ​ទៅ​ផ្សព្វ​ផ្សាយ​បន្ត ដើម្បីជោគជ័យទាំងអស់គ្នា។

នៅថ្ងៃបញ្ចប់ លោកអភិបាលអូលីវីយ៉េ បានជំរុញ​ឲ្យ​ស្ថាប័ន​សិក្សា​របស់​ព្រះសហគមន៍ទាំងអស់​ក្នុងឆ្នាំ​២០២៣នេះ មាន​ការិយាល័យសិក្សាធិការ​កាតូលិកនៅ​តាម​ភូមិ​ភាគ​​ច្បាស់លាស់ ដើម្បី​មានអត្តសញ្ញាណ ​ធនធានមនុស្ស ទស្សនៈ​ គម្រោងការ និងទំនាក់​ទំនង​ជាមួយរដ្ឋាភិបាល​ច្បាស់​លាស់។ ហើយការិយាល័យនេះ ត្រូវ​គ្រប់គ្រង​និង​មើល​លើ​គម្រោងការ​និង​​ប្រព័ន្ធ​អប់រំ​គ្រប់​កម្រិត​ទាំងអស់ ដោយ​ភ្ជាប់ទំនាក់ទំនង​​ជាមួយ​គ្រូបង្រៀន និងអាណាព្យាបាលសិស្ស ដើម្បី​ប្រសិទ្ធភាព​និងគុណភាពនៃការអប់រំកាតូលិក។ បញ្ច្រៀបគោលការណ៍​និងគំនិត​របស់​ព្រះសហគមន៍ដល់​បុគ្គលិកសិក្សា​ ដោយ​មានសិក្ខាសាលា​តាម​កម្រិតសិក្សា​ ដើម្បីបង្កើត​ទស្សនៈ​កាតូលិក​តាម​សាលានីមួយៗ៕

ដោយដាលីស

Facebook
Twitter
LinkedIn