៤០ថ្ងៃនៅជាមួយទស្សនៈរបស់សន្តីតេរេសា

ក្នុងរដូវអប់រំពិសេស​ដែលមានរយៈពេល​៤០ថ្ងៃ លោកអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិក​ភូមិភាគភ្នំពេញ​បាន​ណែនាំ​ឲ្យ​គ្រីស្តបរិស័ទ​កាតូលិក​ យករយៈពេលនេះ ដើម្បី​សញ្ជឹងគិត​អំពី​ពេលវេលាជាមួយ​ព្រះជាម្ចាស់ តាមរបៀបរបស់​សន្តីតេរេសា​នៃព្រះកុមារ​យេស៊ូ​នៅលីស្យឺ។

នៅក្នុងធម្មទេសនា​នៅព្រះវិហារ​ព្រះកុមារ​យេស៊ូ(បឹងទំពុន) ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី​២២​ កុម្ភៈ ជាថ្ងៃបុណ្យរោយ​ផេះ និង​ជាថ្ងៃដើមដំបូង​នៃរដូវអប់រំពិសេស​ លោកអភិបា​អូលីវីយ៉េ មានប្រសាសន៍ថា សូម​យើង​ទទួល​ទស្សនៈ ​និងផ្លូវវិញ្ញាណរបស់សន្តី​តេរេសានៃព្រះកុមារយេស៊ូ​​ឱ្យ​ចូល​នៅក្នុងគោល​ដៅ​របស់​​យើង​គឺ ​ត្រឡប់​មក​រកព្រះជាម្ចាស់ដែលបានបង្កើត ស្រឡាញ់ និងធ្វើដំណើរ​ជាមួយ​យើង​ជារៀង​រាល់​ថ្ងៃ​ ជាពិសេស​ក្នុង​រដូវ៤០ថ្ងៃនេះ។

​មធ្យោបាយដែល​យើង​អាច​គាប់​ព្រះហឫទ័យរបស់​ព្រះជាម្ចាស់​​បាន​គឺ​ ការ​អធិដ្ឋានដោយ​ផ្ទាល់​ខ្លួន និង​ជាមួយក្រុម​​យ៉ាង​ស្ងៀម​ស្ងាត់ដើម្បី​សន្ទនាជាមួយ​ព្រះជាម្ចាស់​ដែល​មាន​វត្តមាន​នៅក្នុង​ដួងចិត្ត និង​រក​ពេល​មើល​ស្នាព្រះហស្តរបស់ព្រះជាម្ចាស់​តាមរយៈ​ធម្មជាតិ​ដែលព្រះជាម្ចាស់​បានបង្កើត។

ក្នុងរយៈពេល​នេះ គឺ​ត្រូវ​​រក​ពេលវេលា​ជួយបងប្អូនឯទៀតៗឲ្យ​បានច្រើន​ជាងមុន​ តាមរយៈ​កិច្ចការ​ធម៌​មេត្តាករុណាទាំង៧ ក្នុងនោះរួមមាន ផ្តល់អាហារ​ដល់​ជនក្រីក្រ ផ្តល់ទឹកដល់អ្នកស្រេក ជួយជនពនេចរ សួរសុខទុក្ខអ្នកជំងឺ សួរសុខទុក្ខទណ្ឌិត ចូលរួមបញ្ចុះសព ចែកទានដល់អ្នកក្រីក្រ។

 លោកអភិបាល​បាន​បន្ថែមថា តម គឺជាអ្វីដែលយើង​ត្រូវ​ធ្វើពិប្រាកដ គឺ​តម​ទំនាក់ទំនងដែល​ឥតប្រយោជន៍ តមអណ្ដាតនិយាយដើមគេ តមគំនិត​អាក្រក់ដែលមានលើគេជាដើម។

គ្រីស្តបរិស័ទ​​ ម៉ាន សំឡូត ក្នុង​វ័យ​២៣ឆ្នាំ​ រៀបរាប់ថា​ «ខ្ញុំ​នឹង​កែប្រែនូវអ្វីដែលមិនល្អនៅក្នុងឆ្នាំចាស់ឱ្យ​​មកល្អវិញ ​តាមដែល​អាច​ធ្វើ​ទៅបាន ដូចជារឿងមួយចំនួនដែលអាចកាត់បន្ថយ​បាន យើង​ត្រូវកាត់​បន្ថយ​មានៈ ការប្រមាថ និងការនិយាយដើមគេ ដើម្បីត្រៀមចូលរួមបុណ្យចម្លងនៅថ្ងៃខាងមុខ»។  

សំឡូត​បន្ថែមថា លោក​នឹង​តម​អាហារ​ ដើម្បីមានពិសោធ​ជាមួយអ្នកក្រីក្រក្នុង​សេចក្តីស្រេកឃ្លាននិង​លំបាក «ធ្វើឱ្យនឹកឃើញដល់អ្នកក្រីក្រ និង​ចាប់​ផ្ដើម​ចែក​ទាន​ដល់​គាត់»៕

ដោយ​ដាលីស

Facebook
Twitter
LinkedIn