បំផ្លាស់ប្តូរជីវិតថ្មី​តាមជំនឿថ្មី

ក្នុងឆ្នាំ​២០២៣​នេះ ព្រះសហគមន៍កាតូលិកនៅកម្ពុជា​នឹង​ត្រៀម​រៀបចំ​ពិធី​ជម្រុជទឹកដល់​បេក្ខជន​សរុប​ចំនួន​២៣៦នាក់​ដែលរស់នៅក្នុង​​​តំបន់​ផ្សេងក្នុងប្រទេស​កម្ពុជា​នាឱកាស​បុណ្យ​ព្រះយេស៊ូ​មាន​​​ព្រះជន្ម​រស់ឡើងវិញ​ដ៏រុងរឿង​ខាង​មុខនេះ។

កាលពីថ្ងៃទី២៦ ខែ​កុម្ភៈនេះ​ លោកអភិបាល​ទាំងបីភូមិភាគ​របស់​ព្រះសហគមន៍​កាតូលិក​នៅ​កម្ពុជា​​ធ្វើពិធីត្រាស់ហៅ​បេក្ខជន​ម្នាក់ៗ​ដើម្បីបង្ហាញខ្លួន​ជា​ផ្លូវការណ៍​ និង​ត្រៀម​ខ្លួន​ទទួល​អគ្គ​សញ្ញា​​​ជ្រមុជ​ទឹក។

នឿន សាមី វ័យ ២១ រស់នៅក្នុងទីក្រុងភ្នំពេញ​កំពុង​សិក្សា​ជំនាញអគ្គិសនីឆ្នាំទី១ និយាយថា «ខ្ញុំស្គាល់​ព្រះសហគមន៍​តាំង​ពី​តូច ដោយនៅផ្ទះ​មានពូម្នាក់ជាគ្រីស្តស័ទ»។

ទង្វើរបស់​ពូ ឃ្លា​គម្ពីរ និង​សកម្មភាព​ព្រះសហគមន៍​ក្នុងតំបន់ បាន​ជំរុញចិត្ត​យុវ័នរូបនេះ ចង់កែប្រែ​ជីវិត​របស់​ខ្លួន។ សាមី​បន្ត​ថា តាមរយៈ​ការ​​មើល​ឃើញ​ព្រះសហគមន៍​ចេះ​រំលែក​សេចក្ដី​ស្រឡាញ់ឱ្យគ្នា ជួយអ្នកក្រីក្រ និងឃ្លាគម្ពីរ​មួយ​ដែល​ដក់ក្នុងចិត្ត​របស់គាត់​គឺ​ «ចូរស្រឡាញ់​អ្នកដទៃ​ឱ្យ​ដូច​ព្រះ​ជាម្ចាស់​​​ស្រឡាញ់​យើង»។

«​ព្រះបន្ទូលនេះបានណែនាំឱ្យ​យើង​ចេះ​ស្រឡាញ់​អ្នកដទៃ​ទាំងអ្នក​ក្រី​ក្រ​និងអ្នកពិការ​ផងដែរ ធ្វើ​ឱ្យ​ខ្ញុំ​ចង់​ក្លាយជាគ្រីស្ត​បរិស័ទ​។» សាមី បញ្ជាក់។

មិន​សូវ​ខុស​គ្នាពី​សាមី ការមើល​ឃើញ​សកម្មភាព​មនុស្ស​ធម៌​របស់​ព្រះសហមន៍​និង​កិច្ច​សហការគ្នា​គឺ​ជាចំណុច​មួយ​ដែល​ជួយ​ដល់​យុវជន​ជាច្រើន​កែប្រែ​ជំនឿ​។

នឿ សុវណ្ណនី អាយុ​១៦ឆ្នាំរស់នៅ​ខេត្ត​តាកែវ និយាយ​ថា នាង​បាន​ត្រៀម​​ខ្លួន​ទទួល​អគ្គ​សញ្ញា​ជ្រមុជទឹករួច​រាល់​ហើយ។​ យុវតីរូបនេះសម្រេច​ចិត្ត​កែប្រែ​ជីវិត​រស់នៅ​តាម​របៀប​ថ្មី​ចាប់​ពី​ពេលនេះ​ទៅ ដោយនាង​​បន្ថែមថា «​ខ្ញុំ​ត្រូវ​មាន​ចិត្ត​ស្មោះ​ត្រង់ គោរព​ស្រឡាញ់គេ ចែករំលែក និង​មាន​ចិត្ត​អត់ធ្មត់​ដូចគំរូលោក​អភិបាល»។

រំឭកពី​ទម្លាប់​អតីតកាល​សុវណ្ណនីឱ្យដឹងថា «ពីមុន​ខ្ញុំជាមនុស្សខ្ជិល ​មិន​សូវ​ចេះ​ចែករំលែក តែ​ក្រោយ​បានស្គាល់​ព្រះសហគមន៍​៥ឆ្នាំ​កន្លងមក តាមរយៈ​មិត្ត​ភក្តិ ​និង​ការសិក្សានៅ​វិទ្យាល័យ​សន្ត​ហ្វ្រង់​ស្វ័រ​​ដែល​ជា​សាលា​របស់​ព្រះសហគមន៍​កាតូលិក ធ្វើ​ឱ្យ​ខ្ញុំ​បាន​កែប្រែទម្លាប់ទាំងនេះ​»។​

សេស៊ីលីយ៉ា ភឿត ស៊ីថា រស់នៅខេត្ត​បាត់ដំបងនិយាយថា ក្រោយទទួល​ពិធីត្រាស់ហៅនេះ នាង​បានប្តេជ្ញាចិត្ត​នឹងប្រកាសជំនឿរបស់​ខ្លួន​​ដល់អ្នកដទៃ និងជួយដល់អ្នកក្រីក្រ អ្នកទន់​ខ្សោយ​ដែល​កំពុងខ្វះខាត ជាពិសេសចូលរួមជួយព្រះសហគមន៍តាមសកម្មភាពផ្សេងៗ។

បេក្ខជន​២៣៦នាក់​នេះ មាននៅក្នុងភូមិភាគ​ភ្នំពេញ​ចំនួន​៩៥នាក់ បាត់ដំបង​ចំនួន​៣៧​នាក់ និង​កំពង់ចាម​ចំនួន​១០៤នាក់ ដែល​ភាគ​ច្រើន​ជា​យុវជន។ កម្មវិធី​នេះ បាន​ធ្វើ​ឡើង​ដំណាល​គ្នា​នៅ​ក្នុង​ខេត្ត​ក្រុង​ចំនួន​៣ គឺ​នៅភូមិភាគ​​ភ្នំពេញធ្វើ​នៅ​ព្រះវិហារ​សន្ត​សិលា​និង​សន្ត​ប៉ូល​នាទី​ក្រុង​ភ្នំពេញ ភូមិភាគបាត់ដំបងធ្វើនៅ​ព្រះវិហារ​ព្រះជាម្ចាស់​លើក​ព្រះនាង​ម៉ារី​ឡើង​ស្ថាន​បរមសុខ​​នា​ក្រុង​​បាត់ដំបង និង​ភូមិភាគ​កំពង់ចាម​ធ្វើ​នៅ​ខេត្ត​មណ្ឌល​គិរី។

លោក​​អូលីវីយ៉េ ជ្មីតហស្លេ អភិបាល​ព្រះសហគមន៍កាតូលិក​ភូមិភាគ​ភ្នំពេញ​ មាន​ប្រសាសន៍​នៅ​ ទីក្រុង​​ភ្នំពេញថា ​ថ្ងៃនេះ​ជា​ពិធី​មួយ​យ៉ាងពិសេសសម្រាប់ភូមិភាគភ្នំពេញ​ក៏ដូចជា​ភូមិភាគនីមួយៗ និងនៅក្នុង​ពិភពលោក​ដែល​កំពុងស្វាគមន៍ជាផ្លូវការយ៉ាងឱឡារិក ​សម្រាប់​បេក្ខជន​ដែល​សូម​ទទួល​​​ជីវិតថ្មី​ពី​ព្រះជាម្ចាស់​នៅយប់បុណ្យ​ចម្លងខាងមុខនេះ។

ពិធី​ឱឡារិក​នេះ​ ធ្វើ​ក្នុង​រដូវ​អប់រំ​ពិសេស​ដែលមាន​រយៈពេល​៤០ថ្ងៃ​មុន​បុណ្យ​ព្រះយេស៊ូ​មាន​ព្រះ​ជន្ម​​រស់ឡើងវិញ​ដ៏រុងរឿង។ លោកអភិបាល​អូលីវីយ៉េ បញ្ជាក់ថា ៤០ថ្ងៃ​ជាពេលវេលា​ពិសេស​ដើម្បី​​មានទំនាក់ទំនង​មួយដ៏​ពិសេសជាមួយព្រះជាម្ចាស់​ ដែល​ណែនាំ​ឲ្យយើង​​រក​ឃើញ​ព្រះជាម្ចាស់​ផ្ទាល់។

ក្នុងនោះដែរ លោក​អភិបាល​អូលីវីយ៉េ អញ្ជើញបងប្អូនឱ្យធ្វើដំណើររួមជាមួយព្រះយេស៊ូ​ តាម​របៀប​សន្តីតេរេសានៃព្រះកុមារយេស៊ូ ដោយទទួលស្គាល់​ភាពទន់ខ្សោយ​និង​ខិតខំកែប្រែ ដើម្បី​ឱ្យ​​​​ជីវិតរបស់​យើង​ភ្ជាប់នឹង​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់ ​នៅ​ក្នុង​សេចក្ដី​ស្រឡាញ់​ប្រចាំ​ថ្ងៃ។

លោក​បន្ថែម​ថា «​យើង​ត្រូវតែ​ទុកចិត្ត​លើ​ព្រះ​ឧបការគុណ​របស់ព្រះជាម្ចាស់ ដោយយក​ព្រះ​ជា​ម្ចាស់​​ជាទីពឹង និង​​ជាប្រភពនៃជីវិត»។

ក្នុងធម្មទេសនា​នៅ​ព្រះវិហារ​ព្រះជាម្ចាស់​លើក​ព្រះនាងម៉ារី​ឡើងស្ថានបរមសុខ​ នា​ខេត្តបាត់ដំបង លោកអេនរីគេ ហ្វីការេដូ អភិបាលព្រះសហគមន៍កាតូលិក​ភូមិភាគ​បាត់ដំបង​មាន​ប្រសាសន៍ថា បេក្ខជន​ទាំងនេះ គឺជា «សេចក្តីសង្ឃឹមរបស់ព្រះសហគមន៍ និង​ឲ្យ​យើង​ដឹង​ថា​ព្រះសហគមន៍​មាន ជីវិត​ដោយ​បង​ប្អូន​មាន​កម្លាំង និង​មាន​ព្រះវិញ្ញាណ​គង់​សណ្ឋិត ​ក្នុង​ការ​ដើរ​តាម​ព្រះបន្ទូលព្រះអង្គ»។

លោកអភិបាល​អេនរីគេ បន្ត​ដោយ​សង្ឃឹម​ថា​បងប្អូន​ នឹងក្លាយ ទៅ​ជា​ប្រជាជន​ដ៏​ល្អ​នៅ​ក្នុង​ប្រទេស​កម្ពុជា និងធ្វើសក្ខីភាពអំពីជំនឿរបស់ព្រះជាម្ចាស់ ដែលនាំឲ្យសង្គមយើងមានសេចក្តីសុខ សន្តិភាព និងយុត្តិធម៌សម្រាប់អ្នកក្រីក្រ។

លោកសិលា សួនហង្សលី អភិបាលព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាមមានប្រសាសន៍នៅព្រះវិហារសន្តយ៉ូហានបាទីស្តនៅមណ្ឌលគិរីថា «នេះជាព្រឹត្តិការណ៍អស្ចារ្យមួយសម្រាប់ព្រះសហគមន៍ ដែលក្នុងឆ្នាំនេះ មានបងប្អូនចំនួន១០៤នាក់ដែលទួលពិធីត្រាស់ហៅ ជាសញ្ញាបង្ហាញថា ព្រះសហគមន៍របស់យើងកំពុងរីកចម្រើនឡើង។» លោកបន្ថែមថា សេចក្តីនេះ បាននាំឲ្យលោកមានកម្លាំងដើម្បីបន្តការអធិដ្ឋានតទៅមុខទៀត ដើម្បីឲ្យដំណឹងល្អរបស់ព្រះជាម្ចាស់បានទៅដល់មនុស្សជាច្រើនក្នុងប្រទេសកម្ពុជា ឲ្យពួកគាត់អាចទទួលបានជីវិតអស់កល្បជានិច្ចរួមជាមួយព្រះអង្គ។ លោកផេវ វៀន បេក្ខជនៅខេត្តមណ្ឌលគិរី ឲ្យដឹងថា លោកនឹងខិតខំអធិដ្ឋានឲ្យព្រះយេស៊ូលើកលែងទោសឲ្យគាត់ និងជួយគាត់ឲ្យមានជំនឿកាន់តែរឹងមាំដើម្បីអាចចូលរួមក្នុងសកម្មភាពរបស់ព្រះសហគមន៍និងប្រកាសដំណឹងល្អដល់អ្នកដទៃ។ ក្នុងអំឡុងពេលត្រៀមខ្លួនជ្រមុជទឹកនេះ ដូត ស្រីលីន ពីខេត្តកំពង់ចាម បាននិយាយថា នាងខិតខំស្តាប់តាមព្រះបន្ទូលនិងអនុវត្តតាម គោរពច្បាប់ព្រះសហគមន៍កាតូលិក អធិដ្ឋានតមអាហារនិងចែកទាន៕

លោកបន្ថែមថា សេចក្តីនេះ បាន​នាំ​ឲ្យ​លោក​មាន​កម្លាំង​ដើម្បី​បន្តការអធិដ្ឋាន​តទៅមុខទៀត​ ដើម្បី​ឲ្យ​ដំណឹងល្អរបស់​ព្រះជាម្ចាស់​បាន​ទៅដល់​មនុស្ស​ជាច្រើន​ក្នុងប្រទេសកម្ពុជា ឲ្យពួកគាត់​អាចទទួល​បានជីវិត​អស់កល្បជានិច្ចរួមជាមួយព្រះអង្គ។

លោក​ផេវ វៀន បេក្ខជនៅខេត្តមណ្ឌលគិរី ឲ្យដឹងថា លោកនឹងខិតខំអធិដ្ឋាន​ឲ្យព្រះយេស៊ូ​លើកលែងទោស​ឲ្យគាត់​ និង​ជួយគាត់​​ឲ្យមានជំនឿ​កាន់តែរឹងមាំដើម្បីអាចចូលរួម​ក្នុងសកម្មភាពរបស់ព្រះសហគមន៍​និង​ប្រកាសដំណឹងល្អដល់​អ្នកដទៃ។

ក្នុងអំឡុងពេល​ត្រៀមខ្លួន​ជ្រមុជទឹកនេះ ដូត ស្រីលីន ពីខេត្តកំពង់ចាម​ បាននិយាយថា នាង​ខិតខំស្តាប់​តាមព្រះបន្ទូល​និង​អនុវត្តតាម គោរពច្បាប់ព្រះសហគមន៍កាតូលិក អធិដ្ឋាន​​តម​អាហារ​និង​ចែកទាន។

ក្នុងពិធីអប់រំជំនឿ​របស់​ព្រះសហគមន៍​កាតូលិកនៅកម្ពុជា បេក្ខជន​ម្នាក់ៗ​ត្រូវ​ចំណាយពេល​យ៉ាង​តិច​ណាស់​១ឬ២ឆ្នាំ ដើម្បី​ទទួល​អគ្គសញ្ញាជ្រមុជទឹក​ ដោយមាន​ដំណាក់​កាល​ចំនួន​២ គឺ​ពិធី​សុំចូល​ព្រះសហគមន៍ និង​ពិធី​ត្រាស់ហៅ​យ៉ាងឱឡារិក​​ពីលោកអភិបាល​ក្នុង​ភូមិភាគនីមួយៗ។ ក្រោយ​ពិធី​ត្រាស់ហៅ​ដែល​ជា​ជំហាន​ត្រៀម​ក្លាយជាគ្រីស្តបរិស័ទ​ បេក្ខជន​ត្រូវ​ចូលរួម​សំណាក់​ធម៌​ជារៀង​រាល់​មួយអាទិត្យ​ម្តងរិះគិត​អំពីជីវិត​និង​ជំនឿ​ដែល​ព្រះសហគមន៍ហៅថា ពិធីជម្រះចិត្ត។

ដោយសួនស្រីហួចដាលីស ​សេងមួយ និងស៊ីអេសស៊ីកំពង់ចាម

Facebook
Twitter
LinkedIn