សូមថ្លែងព្រះគម្ពីរទុតិយកថា ទក ២៦,១៦-១៩
លោកម៉ូសេមានប្រសាសន៍មកកាន់ប្រជាជនអ៊ីស្រាអែលថា៖ «ថ្ងៃនេះព្រះអម្ចាស់ជាព្រះរបស់អ្នក បង្គាប់ឱ្យអ្នកប្រតិបត្តិតាមក្រឹត្យវិន័យ និងច្បាប់ទាំងនេះ។ ចូរកាន់ និងប្រតិបត្តិតាមឱ្យអស់ពីចិត្ត អស់ពីគំនិត។ ថ្ងៃនេះ អ្នកសុខចិត្តទទួលស្គាល់ថាព្រះអម្ចាស់ជាព្រះរបស់អ្នក ហើយអ្នកយល់ព្រមដើរតាមមាគ៌ារបស់ព្រះអង្គគោរពក្រឹត្យវិន័យ បទបញ្ជា និងច្បាប់ទាំងឡាយរបស់ព្រះអង្គព្រមទាំងស្តាប់បង្គាប់ព្រះអង្គទៀតផង។ ថ្ងៃនេះ ព្រះអម្ចាស់យល់ព្រមទទួលអ្នកជាប្រជារាស្ត្ររបស់ព្រះអង្គផ្ទាល់ ដូចព្រះអង្គមានព្រះបន្ទូលប្រាប់អ្នក ហើយ អ្នកត្រូវប្រតិបត្តិតាមបញ្ជាទាំងប៉ុន្មានរបស់ព្រះអង្គ។ ព្រះអង្គនឹងធ្វើឱ្យអ្នកទៅជាប្រជាជាតិមួយមានកិត្តិយសរុងរឿង មានកេរ្តិ៍ឈ្មោះល្បី ហើយថ្កុំថ្កើងជាងគេក្នុងចំណោមប្រជាជាតិទាំងអស់ដែលព្រះអង្គបានបង្កើតមក។ អ្នកនឹងទៅជាប្រជារាស្ត្រដ៏វិសុទ្ធសម្រាប់ព្រះអម្ចាស់ជាព្រះរបស់អ្នក ដូចព្រះអង្គមានព្រះបន្ទូលទុក»។
ទំនុកតម្កើងលេខ ១១៩ (១១៨), ១-២.៤-៥.៧-៨ បទកាកគតិ
១ | អ្នកណាដែលមាន | កិរិយាជាប់ប្រាណ | ត្រឹមត្រូវឥតខ្ចោះ |
ប្រតិបត្តិតាម | ធម្មវិន័យព្រះ | អ្នកនោះប្រទះ | |
តែសុខមង្គល។ | |||
២ | អ្នកដែលប្រតិបត្តិ | តាមផ្លូវល្អពិត | បញ្ជានិម្មល |
ហើយស្វែងរកព្រះ | មិនខ្ជីខ្ជាខ្ជិល | ពិតជាបានផល | |
មង្គលពេកហោង។ | |||
៤ | ព្រះអង្គចេញច្បាប់ | ដោយប្រកាសប្រាប់ | ឱ្យយើងស្រឡាញ់ |
យកចិត្តទុកដាក់ | ព្យាយាមទន្ទេញ | ខិតខំបំពេញ | |
ដានស្នាមព្រះអង្គ។ | |||
៥ | សូមជួយខ្ញុំផង | ឱ្យដូចបំណង | មានចិត្តរឹងប៉ឹង |
ដើម្បីប្រតិបត្តិ | តាមក្រឹត្យព្រះអង្គ | វិន័យត្រឹមត្រង់ | |
តាមទ្រង់បញ្ជា។ | |||
៧ | ខ្ញុំសូមតម្កើង | ព្រះអង្គខ្ពស់ឡើង | ដោយចិត្តស្មោះត្រង់ |
ដោយពិចារណា | ក្តីសុចរិតផង | ពេលដែលព្រះអង្គ | |
សម្រេចឥតខ្ចោះ។ | |||
៨ | ខ្ញុំចង់កាន់តាម | វិន័យបម្រាម | ដែលមានទាំងអស់ |
តែសូមព្រះអង្គ | កុំប្រែបង់បោះ | ចោលខ្ញុំស្រឡះ | |
ឱ្យសោះឡើយណា។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ២ករ ៦,២
ប | បពិត្រព្រះជាម្ចាស់! យើងខ្ញុំសូមលើតម្កើងព្រះអង្គជាព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងអស់កល្បជានិច្ច។ |
គ | គ្រាដែលព្រះជាម្ចាស់គាប់ព្រះហប្ញទ័យ គឺឥឡូវនេះហើយ! ថ្ងៃដែលព្រះអង្គសង្គ្រោះមនុស្សលោក គឺឥឡូវនេះហើយ។ |
ប | បពិត្រព្រះជាម្ចាស់! យើងខ្ញុំសូមលើតម្កើងព្រះអង្គជាព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងអស់កល្បជានិច្ច។ |
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ៥,៤៣-៤៨
នៅគ្រានោះក្រុមសាវ័កជួបជុំជាមួយព្រះយេស៊ូនៅលើភ្នំ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នាធ្លាប់ឮសេចក្តីថ្លែងទុកមកថា ចូរស្រឡាញ់បងប្អូនឯទៀតៗ ហើយស្អប់ខ្មាំងសត្រូវរបស់អ្នក។ រីឯខ្ញុំវិញ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា ចូរស្រឡាញ់ខ្មាំងសត្រូវរបស់អ្នករាល់គ្នាព្រមទាំងទូលអង្វរព្រះជាម្ចាស់ សូមព្រះអង្គប្រទានពរឱ្យអស់អ្នកដែលបៀតបៀនអ្នករាល់គ្នាផង។ ធ្វើដូច្នេះ អ្នករាល់គ្នានឹងបានទៅជាបុត្រធីតារបស់ព្រះបិតាដែលគង់នៅស្ថានបរមសុខ ដ្បិតព្រះអង្គប្រទានព្រះអាទិត្យរបស់ព្រះអង្គរះបំភ្លឺទាំងមនុស្សអាក្រក់ ទាំងមនុស្សល្អ ហើយទ្រង់ប្រទានទឹកភ្លៀងឱ្យទាំងមនុស្សសុចរិតទាំងមនុស្សទុច្ចរិតផងដែរ។ ប្រសិនបើអ្នករាល់គ្នាស្រឡាញ់តែអស់អ្នកដែលស្រឡាញ់អ្នករាល់គ្នា តើនឹងទទួលរង្វាន់អ្វី? សូម្បីតែអ្នកទារពន្ធក៏ចេះស្រឡាញ់គ្នាគេដែរ។ បើអ្នករាល់គ្នារាប់រកតែបងប្អូនរបស់ខ្លួនប៉ុណ្ណោះ តើមានអ្វីអស្ចារ្យ? សូម្បីតែសាសន៍ដទៃក៏ប្រព្រឹត្តដូច្នោះដែរ។ ព្រះបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានបរមសុខទ្រង់គ្រប់លក្ខណ៍យ៉ាងណា សុំឱ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍យ៉ាងនោះដែរ»។