សន្តយ៉ូសែបស្វាមីព្រះនាងម៉ារី ថ្ងៃទី២០ ខែមីនា

ព្រះជាម្ចាស់ បានជ្រើសរើសលោក យ៉ូសែប អោយបំពេញភារកិច្ចជាអ្នកថែរក្សាព្រះយេស៊ូ ជាព្រះបុត្រាព្រះជាម្ចាស់ និងជាព្រះរាជវង្សព្រះបាទដាវិឌ អោយសំរេចបេសកកម្មជា “ ព្រះគ្រីស្ត ” ស្របតាមព្រះបន្ទូលសន្យាដែលព្រះអង្គបានថ្លែងចំពោះបុព្វបុរសរបស់ប្រជាជនអ៊ីស្រាអែល ។ លោក យ៉ូសែប ជាជាងឈើ និងជាស្វាមីរបស់នាងម៉ារី ។ មុនពេលដែលអ្នកទាំងពីរ រួមរស់ជាមួយគ្នា នាងម៉ារីមានផ្ទៃពោះ ដោយសារព្រះវិញ្ញាណរួចទៅហើយ។ លោក យ៉ូសែប ជាមនុស្សសុចរិត លោកមិនចង់បំបាក់មុខនាងម៉ារីទេ លោកសំរេចចិត្តផ្តាច់ពាក្យយ៉ាងស្ងាត់ៗ ។ ទេវទូតរបស់ព្រះជាម្ចាស់ មកប្រាប់លោក យ៉ូសែប ក្នុងសុបិននិមិត្តថា៖ ” កុំខ្លាចនឹងទទួល នាងម៉ារី ធើ្វជាភរិយាឡើយ បុត្រដែលនៅក្នុងផ្ទៃនាង កើតមកពីព្រះវិញ្ញាណដ៏វិសុទ្ធ នាងម៉ារីនឹងសម្រាលបានបុត្រមួយ ហើយលោកត្រូវថ្វាយព្រះនាមថា “ យេស៊ូ ” ដ្បិតបុត្រនេះ នឹងសង្រ្គោះមនុស្សលោកអោយរួចពីបាប” ។ លោក យ៉ូសែប បាននាំឱរស “យេស៊ូ” និងនាង ម៉ារី រត់ទៅស្រុកអេហ្ស៊ីប ព្រោះព្រះបាទ ហេរ៉ូដ ចង់ធើ្វគត់ព្រះឱរស ។ ក្រោយពេលដែលព្រះបាទហេរ៉ូដចូលទិវង្គត ទេវទូតរបស់ព្រះជាម្ចាស់ បានមកប្រាប់លោកយ៉ូសែប អោយវិលត្រឡប់ទៅស្រុកអ៊ីស្រាអែលវិញ ប៉ុន្តែលោកយ៉ូសែបមិនហ៊ានទៅស្រុកនោះវិញ ទេ លោកបានភៀសខ្លួនទៅនៅស្រុកកាឡីលេ ហើយតាំងទីលំនៅ ភូមិមួយឈ្មោះណាសារ៉ែត ។ លោកយ៉ូសែប យល់យ៉ាងច្បាស់អំពីមុខងាររបស់លោក លោកបានបង្ហាត់បង្រៀនមុខវិជ្ជា ជាងឈើថ្វាយព្រះយេស៊ូ ។ លោកយ៉ូសែប ប្រកបមុខរបរធើ្វជាងឈើដោយឧស្សាហ៍ព្យាយាម លោកជាគំរូដល់អស់ គ្រីស្តបរិស័ទទាំងឡាយ ដែលមានគ្រួសារ និងមានកូន ។

Facebook
Twitter
LinkedIn