សន្តីហ្វ្រង់ស៊ីស្កា នៅរ៉ូម ថ្ងៃទី ៩ ខែមីនា

សន្តីហ្វ្រង់ស៊ីស្កា ជាស្ត្រីជាន់ខ្ពស់ ទទួលការអប់រំយ៉ាងល្អ និងជាគំរូរបស់គ្រិស្តបរិស័ទ ជាពិសេស សម្រាប់ ស្រីដែលជាប្រពន្ធ ជាមាតា ជាស្ត្រីមេម៉ាយ និងបុព្វជិតាដ៏ល្អ។ នៅទីក្រុងរ៉ូមពេលនោះ កំពុងមានសង្គ្រាមយ៉ាងសាហាវ ប្រជាជនទូទៅ និងសូម្បីតែគ្រួសាររបស់នាង ក៏ចូលទៅក្នុងសេចក្តីទុក្ខលំបាកទាំងយ៉ាងសែនវេទនានោះដែរ។ ប៉ុន្តែនាងបានរកឃើញ សេចក្តីសុខសាន្ត ក្នុងដួងចិត្ត ដោយមានទំនាក់ទំនងជាមួយនឹងព្រះជាម្ចាស់ ក្នុងចំណោមអ្នកជំងឺ ដែលនាងយកចិត្តទុកដាក់ និងស្រឡាញ់ ហើយក្នុងទុក្ខវេទនាទាំងនោះ មកពីប្តីរបស់នាងដែរ ព្រោះគាត់មានជំងឺធ្ងន់ ត្រូវដេកនៅ កន្លែងតែម្តង។ នាងគិតថា ការបម្រើនិងស្វែងរកទីជម្រកឲ្យអ្នកជំងឹឲ្យកាន់តែល្អ ដូច្នេះ នាងបានបង្កើតក្រុមគ្រួសារ បុព្វជិតានៅឆ្នាំ ១៤២៥ ហៅ Oblate Olivetane di Santa Maria Nuova ដែលក្រោយមក ហៅថា ក្រុមគ្រួសារ Oblate di Tor de’ Specchi ។ ក្រោយពេលប្តីរបស់នាងបានស្លាប់នៅឆ្នាំ ១៤៣៦ ខ្លួននាងផ្ទាល់ បានចូលក្នុងក្រុមបុព្វជិតា ដែល នាងបង្កើតនេះ។ នាងមានឈ្មោះថា “ស្រីដែលគួរអាណិតនៅត្រាស្តេវេរេ” ដោយសារនាងបានបញ្ចូល កិច្ចការផ្សេងៗទាំងប៉ុន្មានជាមួយនឹងជីវិតស្មឹងស្មាធ ដែលអាចចូលជាមួយគ្នាបាន។ ព្រះសហគមន៍ បានតែងតាំងនាងជាសន្តីនៅឆ្នាំ ១៦០៨។ ព្រឹត្តិការណ៍ក្នុងសង្គម ជួនកាលទាមទារយើងឲ្យបញ្ជេញសកម្មភាពអ្វីមួយ ដូចសន្តីហ្វ្រង់ស៊ីស្កា បានរកឃើញ សកម្មភាពធម៌មេត្តាក្នុងអំឡុងពេលទីក្រុងរ៉ូមកំពុងមានសង្គ្រាម។ សន្តីបានបំពេញមុខងារជាមេផ្ទះ ទោះបីអត់មានមុខមាត់ក្នុងសង្គម តែការបំពេញតួនាទីប្រចាំថ្ងៃ ក៏ធ្វើឲ្យ នាងធ្វើជាសន្តបុគ្គលបានដែរ។ សូមយើងអធិដ្ឋានជាពិសេស នៅថ្ងៃនេះ ជាពិសេសសម្រាប់អ្នកដែលធ្វើជាមាតា ឲ្យគាត់ជាអ្នក បង្ហាញ សេចក្តីស្រឡាញ់ទៅជីវិតក្រុមគ្រួសារ និងទៅកាន់ពិភពលោកទាំងអស់ដែរ។ សូមឲ្យយើងមានការគោរពតួនាទីក្នុងឋានៈជាម្តាយ។ សូមព្រះអង្គជួយឲ្យក្រុមបុព្វជិតទាំងអស់ដែលធ្វើការជាមួយអ្នករងទុក្ខវេទនា ឲ្យទទួលកម្លាំងចិត្ត និងការ គាំទ្រ។

Facebook
Twitter
LinkedIn