សន្តកាស៊ីមៀរ នៅប៉ូឡូញ ថ្ងៃទី ៤ ខែមីនា

ថ្ងៃនេះព្រះសហគមន៍នៅប្រទេសលីទុយអានី បានរៀបចំបុណ្យសន្តឧបការីរបស់ប្រទេស គឺ សន្តកាស៊ីមៀរ។ ព្រះអង្គជាស្តេចដែលបន្តរាជបល្ល័ង្គរបស់ប្រទេស លីទុយអានីនិងប្រទេសប៉ូឡូញ។ ព្រះអង្គសោយ ទិវង្គតនៅពេលមានព្រះជន្មាយុ ២៥ ព្រះវស្សា តែប៉ុណ្ណោះ។ គុណធម៌របស់លោកគឺ លោកយល់ថា អំណាច គឺជាការបម្រើ មិនមែនការបង្ខំឬនៅពីលើអ្នកដទៃទេ។ ជីវិតក្នុងវាជវាំងពោរពេញទៅដោយភាពងាយស្រួល និងសំបូរសប្បាយ ប៉ុន្តែព្រះអង្គរស់នៅក្នុងភាពដ៏វិសុទ្ធ និងពោរពេញទៅដោយសេចក្តីស្រឡាញ់ចំពោះបងប្អូនជនក្រីក្រ។ នៅក្នុងឆ្នាំ ១៥២០ នៅក្រុងវិល្ណា ពេលចាប់ផ្តើមស៊ើបសួរ ដើម្បីដំណើរការតែងតាំងព្រះអង្គជា សន្តៈបុគ្គល។ មានការបង្ហាញរឿងសំងាត់មួយរបស់ព្រះអង្គគឺ ការចូលរួមអភិបូជា ជាពិសេស ការរស់នៅជាកូនល្អរបស់ ព្រះនាងម៉ារី។ ការបម្រើព្រះជាម្ចាស់ក្នុងពិធីបុណ្យនិងការបម្រើបងប្អូនក្នុងកិច្ចមេត្តា គឺ តំណែងដែលគួរឲ្យសរសើរ របស់ គ្រិស្តបរិស័ទ។ មោទនភាពរឿងឈើឆ្កាង ដែលនាំការសង្រ្គោះមកនោះ ជាបាតុកម្មមួយដ៏ល្អបំផុត របស់គ្រិស្តបរិស័ទ ដើម្បីប្រឆាំងរបៀបរស់នៅមិនត្រឹមត្រូវ ដែលកំពុងលាតត្បាតក្នុងសង្គមយើង សព្វថ្ងៃនេះ៕ មនុស្សយើងស្វែងរកតែភាពងាយស្រួល រហូតដល់បៀតបៀនអ្នកដទៃ ព្រោះគិតតែផលប្រយោជន៍ពី ខ្លួនឯង ទោះបីសន្តកាស៊ីមៀរជាស្តេច តែព្រះអង្គប្រព្រឹត្តតួនាទីជាគ្រិស្តបរិស័ទសាមញ្ញគឺ ការចូលរួមអភិបូជា ការអធិដ្ឋាននិងការបង្ហាញមេត្តាករុណា។ បពិត្រព្រះជាម្ចាស់ ព្រះអង្គបានប្រទានសន្តៈកាស៊ីមៀរ ជាគំរូរបស់ភាពបរិសុទ្ធ សូមឲ្យយុវជន យុវនារី ការពារភាពបរិសុទ្ធរបស់ខ្លួនឯងជានិច្ចចំពោះព្រះភក្រ្តរបស់ព្រះជាម្ចាស់។ សូមឲ្យយុវជនសព្វថ្ងៃ យកចិត្តទុកដាក់ និងឃើញតម្លៃរបស់អភិបូជា។ សូមឲ្យអស់អ្នកដែលរងការបៀតបៀន ហើយត្រូវគេដេញដោយសារជំនឿ សូមឲ្យពួកគាត់ មានជំនឿកាន់តែរឹងមាំ។

Facebook
Twitter
LinkedIn