អត្ថបទព្រះគម្ពីរ ថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ អស ៥៥,១០-១១

ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ទឹកភ្លៀង និងទឹកសន្សើមធ្លាក់ពីលើមេឃមកស្រោច​ស្រពផែនដី។ ទឹកទាំងនោះមិនវិលត្រឡប់ទៅវិញ ដរាបណាទាល់តែបានធ្វើឱ្យដំណាំ​ដុះឡើង និងបង្កើតភោគផលផ្តល់ពូជបន្តសម្រាប់អ្នកសាបព្រោះ និងផ្តល់អាហារឱ្យគេបរិភោគ។ រីឯពាក្យរបស់យើងក៏ដូច្នោះដែរ គឺពាក្យដែលចេញពីមាត់របស់យើងនឹងមិន​វិលត្រឡប់មករកយើងវិញ ដរាបណាទាល់តែបាបសម្រេចការ តាមបំណងចិត្តរបស់យើង​ជាមុនសិន គឺបំពេញកិច្ចការដែលយើងចាត់ឱ្យធ្វើមករួចរាល់សព្វគ្រប់។

ទំនុកតម្កើងលេខ ៣៤ (៣៣), ៤-៧.១៦-១៩ បទកាកគតិ

សូមមកប្រកាសនឹងខ្ញុំឱ្យច្បាស់ដោយពេលឡើងថា
ព្រះម្ចាស់ថ្កុំថ្កើងរុងរឿងក្រៃណាយើងខ្ញុំគ្នីគ្នា
តម្កើងព្រះអង្គ។
ខ្ញុំបានស្វែងរកព្រះម្ចាស់តបមកឥតមានបង្អង់
ទ្រង់បានរំដោះខ្ញុំអស់ទុក្ខផងតក់ស្លុតមួរហ្មង
ឆ្លងផុតទាំងអស់។
អ្នកដែលសម្លឹងឆ្ពោះទៅព្រះអង្គបានសុខឥតមោះ
ផុតអស់ទុក្ខសោកវិយោគរងគ្រោះពួកគេទាំងនោះ
មិនខកចិត្តឡើយ។
អស់អ្នកកម្សត់និងមនុស្សទុគ៌តគេស្រែកដង្ហោយ
ហៅរកព្រះម្ចាស់ទ្រង់សណ្តាប់ហើយសង្គ្រោះគេឱ្យ
ផុតពីគ្រោះកាច។
១៦ព្រះម្ចាស់តែងតែរំពៃមើលថែអស់មនុស្សសុចរិត
ទ្រង់យកព្រះទ័យទុកដាក់ពិតៗថែទាំនៅជិត
រាល់ទិនទិវា។
១៧ព្រះជាអម្ចាស់តែងតែប្រកាសប្រឆាំងគ្រប់គ្រា
នឹងមនុស្សអាក្រក់ទុច្ចរិតពាលាកុំមាននរណា
នឹកនាដល់ឡើយ។
១៨ពេលអ្នកទៀងត្រង់ស្រែករកព្រះអង្គទ្រង់មិនកន្តើយ
ព្រះអង្គសណ្តាប់ពាក្យគេរួចហើយរំដោះគេឱ្យ
ផុតគ្រោះទាំងឡាយ។
១៩ព្រះម្ចាស់គង់ស្ថិតក្បែរអ្នកគ្រាំចិត្តមានទុក្ខខ្វល់ខ្វាយ
ព្រះអង្គសង្គ្រោះអស់អ្នកទាំងឡាយបានសុខសប្បាយ
ផុតទុក្ខរីងរៃ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម រម ៨,១៥

បពិត្រព្រះអម្ចាស់ជាព្រះបុត្រានៃព្រះបិតាដ៏មានព្រះជន្មគង់នៅ! យើងខ្ញុំ សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ។
មនុស្សមិនមែនរស់ដោយសារតែអាហារប៉ុណ្ណោះទេ គឺដោយព្រះវិញ្ញាណ​ដែលយើងខ្ញុំបានទទួល
ទ្រង់បានផ្តល់ឱ្យយើងខ្ញុំមានចិត្តជាបុត្រធីតា​របស់ព្រះបិតា ហៅព្រះជាម្ចាស់ថា “ព្រះបិតា” ។
បពិត្រព្រះអម្ចាស់ជាព្រះបុត្រានៃព្រះបិតាដ៏មានព្រះជន្មគង់នៅ! យើងខ្ញុំ សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ។

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ៦,៧-១៥

នៅគ្រានោះ ក្រុមសាវ័កជួបជុំគ្នាជាមួយព្រះយេស៊ូនៅលើភ្នំ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ពេលអ្នករាល់គ្នាទូលទៅព្រះបិតា កុំពោលពាក្យច្រំដែលៗឥតប្រយោជន៍ដូចសាសន៍ដទៃឡើយ គេនឹកស្មានថា បើពោលពាក្យយ៉ាងច្រើនដូច្នេះ ព្រះរបស់គេនឹងស្តាប់គេ។ កុំធ្វើដូចគេឡើយ ដ្បិតព្រះបិតារបស់អ្នករាល់គ្នាជ្រាបនូវអ្វីៗដែលអ្នករាល់គ្នាត្រូវការមុនអ្នករាល់គ្នាទូលសុំព្រះអង្គទៅទៀត។ អ្នករាល់គ្នាត្រូវទូលព្រះអង្គដូចតទៅ៖ «ឱព្រះបិតាយើងខ្ញុំដែលគង់នៅស្ថានបរមសុខអើយ! សូមសម្តែងព្រះបារមីឱ្យមនុស្សលោកស្គាល់ព្រះនាមរបស់ព្រះអង្គ សូមឱ្យព្រះរាជ្យព្រះអង្គបានមកដល់ សូមឱ្យព្រះហប្ញទ័យរបស់ព្រះអង្គបានសម្រេចនៅលើផែនដី ដូចនៅស្ថានបរមសុខដែរ។ សូមប្រទានអាហារ ដែលយើងខ្ញុំត្រូវការនៅថ្ងៃនេះ សូមអត់ទោសឱ្យយើងខ្ញុំ ដូចយើងខ្ញុំអត់ទោសឱ្យអស់អ្នក ដែលបានប្រព្រឹត្តខុសនឹងយើងខ្ញុំ។ សូមកុំបណ្តោយឱ្យយើងខ្ញុំចាញ់ការល្បួងឡើយ តែសូមរំដោះយើងខ្ញុំឱ្យរួចពីមារកំណាច។ បើអ្នករាល់គ្នាអត់ទោសឱ្យមនុស្សលោក ព្រះបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានបរមសុខ ទ្រង់ក៏អត់ទោសឱ្យអ្នករាល់គ្នាដែរ។ ប៉ុន្តែ បើអ្នករាល់គ្នាមិនអត់ទោសឱ្យមនុស្សលោកទេនោះ ព្រះបិតារបស់អ្នករាល់គ្នា ក៏មិនអត់ទោសឱ្យអ្នករាល់គ្នាដែរ»។

Facebook
Twitter
LinkedIn