ថ្ងៃពុធបុណ្យរោយផេះ ជាពិធីបុណ្យដ៏សំខាន់មួយក្នុងពិធីបុណ្យនៃព្រះសហគមន៍។ ថ្ងៃពុធ បុណ្យរោយផេះ ជាថ្ងៃបើករដូវអប់រំពិសេស រឺរដូចត្រណម ដែលជារដូវតមអាហារ ធ្វើទាន និងអធិដ្ឋានច្រើន។ ថ្ងៃពុធបុណ្យរោយផេះ ចាប់ផ្តើម៤៦ថ្ងៃអាទិត្យបុណ្យចម្លង ហើយភាគច្រើនពិធីនេះប្រារព្ធឡើងនៅក្នុងព្រះសហគមន៍កាតូលិក ហើយក៏មានបងប្អូនគ្រីស្តបរិស័ទ និកាយផ្សេងខ្លះក៏ប្រារព្ធផងដែរ។ ថ្ងៃពុធបុណ្យរោយផេះ មានប្រភពពីវប្បធម៌នៃសាសនាយូដាបូរាណ ដែលជាពេលវេលាសោកស្តាយកំហុស សុំការលើកលែងទោស និងតមអាហារ ព្រមទាំងរោយផេះនៅលើក្បាល ថែមទៀតផង។ ផេះជានិមិត្តរូបនៃធូលីដី ដែលព្រះជាម្ចាស់បានបង្កើតយើងឡើង។ លោកបូជាចារ្យរោយផេះលើថ្ងាស រឺក្បាល ដោយពោលពាក្យដាស់តៀនគ្រីស្តបរិស័ទ «ចូរអ្នកនឹកថា អ្នកកើតពីធូលីដីមក ហើយអ្នកក៏នឹងត្រលប់ទៅជាធូលីដីដែរ» កណ ៣,១៩ ថា «ចូរកែប្រែចិត្តគំនិត ហើយជឿដំណឹងល្អចុះ» មក ១,១៥ ។ ផេះក៏ជានិមិត្តរូបនៃទុក្ខព្រួយ ទុក្ខព្រួយដោយសារយើងបានប្រព្រឹត្តអំពើបាប និងដោយសារយើងបានចាកចេញឆ្ងាយពីព្រះជាម្ចាស់។ ការកត់ត្រាក្នុងស.ទី២នៃព្រះសហគមន៍ បានបង្ហាញថា ការរោយផេះ ជាសញ្ញានៃការសោកស្តាយដែលបានប្រព្រឹត្តខុស ទាំងបូជាចារ្យទាំងគ្រីស្តបរិស័ទ និងអ្នកចូលរួមក្នុងអភិបូជានៅថ្ងៃពុធនេះ និងត្រូវទទួលពិធីរោយផេះ ដែលបង្ហាញថាយើងទាំងអស់គ្នាជាអ្នកបាប។ ផេះដែលយកមកប្រើក្នុងថ្ងៃនេះ គឺជាផេះដែលបានមកពីការដុតស្លឹកពីថ្ងៃអាទិត្យបុណ្យហែរស្លឹកពីឆ្នាំមុនៗ ហើយវាក៏ជាការរំលឹកមួយដ៏សំខាន់ថា គ្រីស្តបរិស័ទយកចិត្តទុកដាក់ប្រែចិត្ត ដើម្បីវិលទៅរកព្រះជាម្ចាស់ ដែលត្រាស់ហៅខ្លួនឲ្យទៅ ជាបុត្រធីតារបស់ព្រះអង្គ។ នេះជា “ដំណឹងល្អ”មួយដ៏អស្ចារ្យ!។ យើងជាគ្រីស្តបរិស័ទយកចិត្តទុកដាក់ស្តាប់ព្រះបន្ទូល សូមព្រះអង្គ ប្រែចិត្តគំនិតរបស់យើង ឲ្យយកចិត្តទុកដាក់ពង្រឹងទំនាក់ទំនងរបស់ខ្លួនផ្ទាល់ ជាមួយព្រះយេស៊ូ។ កាលជំនាន់ដើម ជនជាតិអ៊ីស្រាអែលតែងតែរោយផេះលើក្បាល ធ្វើជាសញ្ញាសម្គាល់ថា គេកាន់ទុក្ខ ឬសូមឲ្យព្រះជាម្ចាស់លើកលែងទោសឲ្យគេផង។ នៅដើម្បីរដូវ អប់រំពិសេសនេះ យើងជាគ្រីស្តបរិស័ទក៏សូមព្រះអង្គលើកលែងទោសឲ្យយើងដែរ សូមព្រះអង្គប្រែចិត្តគំនិតយើងផង។
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គសព្វព្រះហប្ញទ័យលើកលែងទោសឲ្យអស់អ្នកដែលដាក់ខ្លួន និងស្មគ្រ័ចិត្តកែប្រែចិត្តគំនិត។ សូមទ្រង់ព្រះមេត្តាទទួលពាក្យអង្វររបស់យើងខ្ញុំ ។ សូមប្រទានពរឲ្យយើងខ្ញុំដែលហៀបនឹងរោយផេះលើខ្លួន សូមជម្រះចិត្តយើងខ្ញុំ ដើម្បីឲ្យយើងខ្ញុំអាចចូលរួមជាមួយព្រះបុត្រាដែលសោយទិវង្គត និងមានព្រះជន្មថ្មីហើយសោយរាជ្យអស់កល្បជា អង្វែងតរៀងទៅ។