អាសនៈសន្តសិលា ជាគ្រីស្តទូត ថ្ងៃទី ២២ ខែកុម្ភៈ

តាមប្រពៃណីរបស់ជនជាតិរ៉ូម៉ាំងបុរាណ គេមានពិធីគោរពអ្នកដែលបានចែនឋានទៅហើយម្យ៉ាងគឺ ពេលពួកគេអង្គុយពិសាអាហារជិតផ្នូររបស់សមាជិករបស់ក្រុមគ្រួសារនោះ ហើយក្នុងជុំវិញតុបាយ គេទុកកៅអីមួយ ឲ្យទទេ សម្រាប់អ្នកដែលចែកឋានទៅនោះ។ មានន័យថា ទោះបីសមាជិករបស់គ្រួសារនោះស្លាប់ទៅហើយ ក៏ដោយ ក៏គេនៅតែនឹករលឹកដល់។ ដូចគ្នាដែរ ចាប់ពីសតវត្សទី ៤ គ្រិស្តបរិស័ទចាប់ផ្តើមរំលឹកកៅអីទំនេរ ឬ អាសនៈ (Cathedra) របស់ សន្តសិលា ដែលចែកឋានទៅហើយនោះ។ រឿងនេះភ្ជាប់ទៅនឹងអ្នកដឹកនាំរបស់ព្រះសហគមន៍ ដែលមាន សន្តសិលាជាគ្រឹះ (និងលោកប៉ូល) ហើយមានការបន្តទៅក្នុងឋានៈជា សម្តេចប៉ាបបន្តបន្ទាប់មករហូតដល់ សព្វថ្ងៃនេះ។ អាសនៈសន្តសិលា ជានិមិត្តរូបនៃការអប់រំលទ្ធជំនឿគ្រីស្តសាសនា ជាពិសេសនិកាយ កាតូលិកដែលជឿថា សន្តសិលា ជាតំណាងព្រះយេស៊ូក្នុងការដឹកនាំព្រះសហគមន៍ ដោយពាក្យណែនាំប្រៀនប្រដៅ ពីអាសនៈនោះ។ ព្រះសហគមន៍កាតូលិកមានជំនឿលើព្រះសហគមន៍ ដែលមានព្រះយេស៊ូជាព្រះសិរសា(ក្បាល) ដោយ ប្រកាសថា ព្រះសហគមន៍កាតូលិកគឺ ដ៏វិសុទ្ធ, សកល និងបន្តពីក្រុមគ្រិស្តទូត ជាពិសេស អាសនៈ របស់សន្តៈសិលា ជានិមិត្តរូបរបស់ការបន្តពីក្រុមគ្រិស្តទូតនេះ៕ ជីវិតព្រះសហគមន៍កាតូលិក បានភ្ជាប់ជាមួយអ្នកដឹកនាំ ដោយគំនិតអំពីអ្នកគង្វាលនិងហ្វងចៀម ដូចព្រះយេស៊ូទ្រង់មានព្រះបន្ទូលក្នុង យូហានចំពូកទី ១០។ ព្រះសហគមន៍កាតូលិក មានសញ្ញារបស់ភាពជាធ្លុងតែមួយក្នុងព្រះសហគមន៍ គឺ សន្តសិលា ដែលបន្តជាសម្តេចប៉ាប និង ក្រុមគ្រិស្តទូតដែលបន្តជាក្រុមលោកអភិបាល តើអស់លោកទាំងនោះ បានជួយយើងនិងមានប្រយោជន៍យ៉ាងដូចម្តេច? សូមព្រះជាម្ចាស់ថែរក្សាសម្តេចប៉ាប សូមឲ្យព្រះអង្គមានកំលាំងមាំមួន មានប្រាជ្ញា អាចដឹកនាំហ្វូង ចៀមរបស់ ព្រះជាម្ចាស់ ទៅដល់ស្ថានបរមសុខ។ សូមពាក្យបង្រៀនដែលចេញមកពីសន្តៈអាសនៈ មានឥទ្ធិពលទៅមនុស្សទាំងអស់ ដែលបង្ហាញថា ព្រះយេស៊ូនៅតែដឹកនាំព្រះសហគមន៍ តាមរយៈលោក។

Facebook
Twitter
LinkedIn