អត្តបទព្រះគម្ពីរ ថ្ងៃពុធ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៣

ថ្ងៃពុធជាថ្ងៃដំបូងនៃរដូវអប់រំពិសេស
«ពិធីរោយផេះ»

“ចូរប្រែចិត្តគំនិត និងជឿដំណឹងល្អចុះ”។ ក្នុងរដូវអប់រំពិសេស គ្រីស្តបរិស័ទយកចិត្តទុកដាក់ប្រែចិត្ត ដើម្បីវិលទៅរកព្រះជាម្ចាស់ដែលត្រាស់ហៅខ្លួនឱ្យទៅជាបុត្រធីតារបស់ព្រះអង្គ។ នេះជា “ដំណឹងល្អ” មួយដ៏អស្ចារ្យ!។ យើងជាគ្រីស្តបរិស័ទយកចិត្តទុកដាក់ស្តាប់ព្រះបន្ទូលសូមព្រះអង្គប្រែចិត្តគំនិតរបស់យើង ឱ្យយកចិត្តទុកដាក់ពង្រឹងទំនាក់ទំនងរបស់ខ្លួនផ្ទាល់ជាមួយព្រះយេស៊ូ។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីយ៉ូអែល យអ ២,១២-១៨

ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ចូរអ្នករាល់គ្នាវិលត្រលប់មករកយើងវិញដោយស្មោះអស់ពីចិត្ត» ប្រសិនបើអ្នករាល់គ្នាប្រែចិត្តគំនិតដូច្នេះ ប្រហែលជាព្រះអង្គមិនដាក់ទោសអ្នករាល់គ្នាទេមើលទៅ! ប្រហែលជាព្រះអង្គនឹងប្រទានពរដល់អ្នករាល់គ្នាវិញហើយ អ្នករាល់គ្នានឹងមានប្រេង ម្សៅ ស្រា ធ្វើជាគ្រឿងសក្ការបូជាថ្វាយព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាផង!។ ចូរផ្លុំត្រែនៅក្រុងស៊ីយ៉ូនឡើង! ចូរប្រកាសឱ្យអ្នកស្រុកធ្វើពិធីតមអាហារដើម្បីឱ្យបានវិសុទ្ធ ចូរប្រកាសប្រាប់អ្នកស្រុកទាំងអស់ឱ្យមកជួបជុំគ្នាធ្វើបុណ្យដ៏មហោឡារិកមួយ។ ចូរអញ្ជើញប្រជាជនទាំងអស់ឱ្យមកជួបជុំជាព្រះសហគមន៍ ចូរកោះហៅព្រឹទ្ធាចារ្យឱ្យចូលរួបរួមគ្នា និងប្រមូលទាំងក្មេងៗ ទាំងទារក ដែល​កំពុងបៅដោះឱ្យជួបជុំគ្នាផង!។ ចូរឱ្យគូរស្វាមីភរិយាថ្មោងថ្មីចេញពីបន្ទប់។ អស់លោកបូជាចារ្យដែលជាអ្នកគោរពបម្រើព្រះអម្ចាស់ត្រូវទៅយំនៅចន្លោះខ្លោងទ្វារព្រះវិហារ និងអាសនៈ ហើយទូលអង្វរថា៖ «បពិត្រព្រះអម្ចាស់! សូមអាណិតអាសូរប្រជាជនព្រះអង្គផង! សូមកុំបណ្តោយឱ្យប្រជាជាតិដទៃមើលងាយ និងចំអកដាក់ប្រជាជនផ្ទាល់របស់ព្រះអង្គឡើយ! សូមសង្រ្គោះយើងខ្ញុំផង! ក្រែងគេមើលងាយដោយពាលថា តើព្រះរបស់ប្រជាជន អ៊ីស្រាអែលគង់នៅឯណា?»។ នៅពេលនោះ ព្រះអម្ចាស់ស្រឡាញ់ប្រជាជនរបស់ព្រះអង្គលើសប្រជាជននានា ហើយទ្រង់អាណិតអាសូរដល់ប្រជាជនរបស់ព្រះអង្គផង។

ទំនុកតម្កើងលេខ ៥១ (៥០),៣-៦.១២-១៤.១៧ បទពាក្យ ៧

ឱ! ព្រះជាម្ចាស់ទូលបង្គំសូមលើកលែងទោសខ្ញុំហើយមេត្តា
តាមព្រះហប្ញទ័យករុណាលើសលប់អស្ចារ្យព្រះអង្គផង
សូមលើកលែងទោសឱ្យទូលបង្គំផុតទុកក្រៀមក្រំគ្រានេះម្តង
ព្រះទ័យអាណិតអាសូរផងព្រោះតែព្រះអង្គឥតមានខ្ចោះ
សូមជួយលុបលាងខ្ញុំឱ្យជ្រះឱ្យស្អាតស្រឡះពីកំហុស
ជួយជម្រះខ្ញុំស្អាតផងចុះឱ្យបរិសុទ្ធអស់អំពីបាប
ខ្ញុំដាក់ខ្លួនប្រាណសុំទទួលឥតមានប្រែប្រួលសុំសារភាព
រូបទូលបង្គំបានសាងបាបដិតដក់នៅជាប់ក្នុងអារម្មណ៍
ខ្ញុំបានប្រព្រឹត្តអំពើទាស់ព្រះហប្ញទ័យស្មោះព្រះនៃខ្ញុំ
ហើយប្រព្រឹត្តរឿងមិនសក្តិសមក្បត់ព្រះឧត្តមធ្វើពាលា
ទោះជាព្រះអង្គដាក់ទុក្ខទោសទៅតាមកំហុសខ្ញុំយ៉ាងណា
ទ្រង់នៅសុចរិតបរិសុទ្ធថ្លាទោះជាម្តេចម្តាទ្រង់គ្មានខុស
១២ឱ! ព្រះជាអម្ចាស់ខ្ញុំអើយសូមជួយប្រោសឱ្យបរិសុទ្ធ
បង្កើតចិត្តថ្មីមាំមោះមុតរឹងប៉ឹងបំផុតដល់ខ្ញុំផង
១៣សូមកុំបោះបង់រូបខ្ញុំចោលឱ្យនៅតែលតោលឆ្ងាយព្រះអង្គ
កុំដកវិញ្ញាណដ៏ត្រចង់វិសុទ្ធព្រះអង្គពីខ្ញុំឡើយ
១៤សូមប្រោសឱ្យខ្ញុំអរសប្បាយព្រោះព្រះម្ចាស់ថ្លៃសង្រ្គោះហើយ
សូមគាំទ្រខ្ញុំកុំកន្តើយដោយប្រទានឱ្យធ្វើតាមផង
១៧ឱ! ព្រះអម្ចាស់កុំស្ទាក់ស្ទើរជួយខ្ញុំបន្លឺសំឡេងផង
ខ្ញុំនឹងប្រកាសឱ្យរំពងពាក្យលើកតម្កើងទ្រង់ឥតភ្លេច

អត្ថបទទី២៖ សូមថ្លែងលិខិតទី២ របស់គ្រីស្តទូតប៉ូលផ្ញើរជូនគ្រីស្តបរិស័ទក្រុងកូរិថូស ២ករ ៥,២០-៦,២

បងប្អូនជាទីស្រឡាញ់!
យើងជាទូតរបស់ព្រះគ្រីស្ត គឺដូចជាព្រះជាម្ចាស់មានព្រះបន្ទូលដាស់តឿនបងប្អូនតាមរយៈយើងដែរ។ យើងសូមអង្វរបងប្អូនក្នុងព្រះនាមព្រះគ្រីស្តថា៖ ទុកឱ្យព្រះជាម្ចាស់ផ្សះផ្សាបងប្អូនឱ្យជានានឹងព្រះអង្គវិញទៅ!។ ព្រះគ្រីស្តគ្មានបាបទាល់តែសោះ តែព្រះជាម្ចាស់បានធ្វើឱ្យព្រះអង្គទៅជាតួបាបសម្រាប់យើង ដើម្បីប្រោសយើងឱ្យបានសុចរិតរួមជាមួយព្រះគ្រីស្តដែរ។ ដោយយើងធ្វើការរួមជាមួយព្រះជាម្ចាស់ យើងសូមទូន្មានបងប្អូនថា កុំទទួលការប្រណីសន្តោសរបស់ព្រះជាម្ចាស់យកមកទុកចោលជាអសារឥត ការឡើយ ដ្បិតព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «យើងបានឆ្លើយតបមកអ្នក នៅគ្រាណាដែលយើងគាប់ចិត្ត យើងបានជួបអ្នកនៅថ្ងៃណាដែលយើងសង្រ្គោះមនុស្សលោក»​។ គ្រាដែលព្រះជាម្ចាស់គាប់ព្រះហប្ញទ័យ គឺឥឡូវនេះហើយ! ថ្ងៃដែលព្រះជាម្ចាស់សង្រ្គោះមនុស្សលោក គឺឥឡូវនេះហើយ! ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ៨០,៨.១៩-២០

បន្ទរបពិត្រព្រះអម្ចាស់! ព្រះបន្ទូលព្រះអង្គ ជាសេចក្តីពិត! ធម្មវិន័យរបស់ព្រះអង្គរំដោះយើងខ្ញុំ!
អត្ថបទឱ! ព្រះអម្ចាស់អើយ! សូមនាំយើងខ្ញុំមកវិញ យើងខ្ញុំនឹងមិនបែកចិត្តពីព្រះអង្គទៀតឡើយ។
សូមនាំយើងខ្ញុំមកវិញ! នោះយើងខ្ញុំនឹងបានរួចជីវិត!
បន្ទរបពិត្រព្រះអម្ចាស់! ព្រះបន្ទូលព្រះអង្គជាសេចក្តីពិត! ធម្មវិន័យរបស់ព្រះអង្គរំដោះយើងខ្ញុំ!

*ក្នុងរដូវសែសិបថ្ងៃ ពិធីអបអរសាទគម្ពីររដំណឹងល្អមានបន្ទរមួយ(ប) ឃ្លារដកស្រង់ពីគម្ពីរ(គ) និងត្រូវសូត្របន្ទរម្តងទៀត។

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ៦,១-៦.១៦-១៨

នៅគ្រានោះ ក្រុមសាវ័កជួបជុំជាមួយព្រះយេស៊ូនៅលើភ្នំ។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «កុំធ្វើបុណ្យទាននៅមុខមនុស្សម្នា ដើម្បី​ឱ្យគេឃើញនោះឡើយ។ ធ្វើបែបនេះ អ្នករាល់គ្នាពុំទទួលរង្វាន់អ្វីពីព្រះបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានបរមសុខទេ។ ពេលណាអ្នកធ្វើទានដល់ជនក្រីក្រ កុំស្រែកប្រកាសក្តែងៗដូចពួកមានពុតតែងធ្វើនៅក្នុងធម្មសាលា ឬនៅតាមដងផ្លូវ ដើម្បីឱ្យមនុស្សម្នាកោតសរសើរនោះឡើយ។ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកទាំងនោះបានទទួលរង្វាន់របស់គេហើយ។ រីឯអ្នកវិញ កាលណាដៃស្តាំអ្នកធ្វើទាន មិនបាច់ឱ្យដៃឆ្វេងដឹងឡើយ ដើម្បីឱ្យទានរបស់អ្នកនៅស្ងាត់កំបាំង។ ព្រះបិតារបស់អ្នកទតឃើញអំពើដែលអ្នកធ្វើនៅក្នុងទីស្ងាត់កំបាំង ទ្រង់នឹងប្រទានរង្វាន់មកឱ្យអ្នកវិញ។ កាលណាអ្នករាល់គ្នាអធិដ្ឋាន កុំធ្វើដូចពួកអ្នកមានពុតឡើយ គេចូលចិត្តឈរអធិដ្ឋាននៅក្នុងធម្មសាលា និងនៅត្រង់ថ្នល់កែង ដើម្បីឱ្យមនុស្សម្នាឃើញ។ ខ្ញុំសូមប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា ពួកទាំងនោះបានទទួលរង្វាន់របស់គេហើយ។ រីឯអ្នកវិញ កាលណាអ្នកអធិដ្ឋានត្រូវចូលទៅក្នុងបន្ទប់ បិទទ្វារឱ្យជិត ហើយទូលទៅកាន់ព្រះបិតារបស់អ្នក ដែលគង់​សនៅក្នុងទីស្ងាត់កំបាំង។ ព្រះបិតារបស់អ្នកដែលទតឃើញនៅក្នុងទីស្ងាត់កំបាំង ទ្រង់នឹងប្រទានរង្វាន់មកអ្នកជាពុំខាន។ កាលណាអ្នករាល់គ្នាតមអាហារ កុំធ្វើមុខក្រៀមដូចពួកអ្នកមានពុតនោះឡើយ។ ពួកគេបង្ហាញទឹកមុខឱ្យអ្នកដទៃឃើញថា ខ្លួនតមអាហារ។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាឱ្យដឹងច្បាស់ថា អ្នកទាំងនោះបានទទួលរង្វាន់របស់គេហើយ។ រីឯអ្នកវិញ កាលណាអ្នកតមអាហារ ត្រូវចាក់ទឹកអប់លើក្បាល ហើយលុបមុខផង កុំឱ្យមនុស្សម្នាឃើញថា អ្នកតមឡើយ ឱ្យតែព្រះបិតារបស់អ្នកដែលគង់នៅទីស្ងាត់កំបាំងទ្រង់នឹងប្រទានរង្វាន់មកអ្នកជាមិនខាន»។

ពិធីរោយផេះ

កាលជំនាន់ដើម ជនជាតិអ៊ីស្រាអែលតែងតែរោយផេះលើក្បាលធ្វើជាសញ្ញាសម្គាល់ថា គេកាន់ទុក្ខ ឬសូមឱ្យព្រះជាម្ចាស់លើកលែងទោសឱ្យគេផង។ នៅដើមរដូវអប់រំពិសេសនេះ យើងជាគ្រីស្តបរិស័ទក៏សូមព្រះអង្គលើកលែងទោសឱ្យយើងដែរ សូមព្រះអង្គប្រែចិត្តគំនិតយើងផង។

ពាក្យអធិដ្ឋាន សូមព្រះជាម្ចាស់ប្រទានពរដល់គ្រីស្តបរិស័ទ

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គសព្វព្រះហប្ញទ័យលើកលែងទោសឱ្យអស់អ្នក ដែលដាក់ខ្លួន និងស្ម័គ្រចិត្តកែប្រែចិត្តគំនិត។ សូមទ្រង់ព្រះមេត្តាទទួលពាក្យអង្វររបស់យើងខ្ញុំ។ សូមប្រទានពរឱ្យយើងខ្ញុំដែលហៀបនឹងរោយផេះលើខ្លួន សូមជម្រះចិត្តគំនិតយើងខ្ញុំ ដើម្បីឱ្យយើងខ្ញុំអាចចូលរួមជាមួយព្រះបុត្រាដែលសោយទិវង្គត និងមានព្រះជន្មថ្មី ហើយសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។

-​ ក្នុងពេលរោយផេះ លោកបូជាចារ្យមានប្រសាសន៍ថា៖

«ចូលកែប្រែចិត្តគំនិត ហើយជឿដំណឹងល្អចុះ» មក ១,១៥
«ចូរអ្នកនឹកថា អ្នកកើតពីធូលីដីមក ហើយអ្នកក៏នឹងត្រលប់ទៅជាធូលីដីដែរ» កណ ៣,១៩
Facebook
Twitter
LinkedIn