ឬសន្តសិលាដាមីយ៉ាំងជាអភិបាល និងជាគ្រូបាធ្យាយ
លោកដាមីយ៉ាំង កើតប្រហែលនៅឆ្នាំ១០០៧ នៅក្រុងរ៉ាវ៉ែន (ប្រទេសអ៊ីតាលី)។ កាលបានអាយុ២៨ឆ្នាំ លោកបួសជាឥសីរស់នៅក្នុងព្រៃ។ លោកយកចិត្តទុកដាក់កែតម្រង់ព្រះសហគមន៍ ដោយប្រៀនប្រដៅអស់លោកបូជាចារ្យ។ លោកនិពន្ធសៀវភៅជាច្រើនក្បាល ហើយកាន់វិន័យយ៉ាងតឹងរឹង លោកទទួលមុខងារជាអភិបាលព្រះសហគមន៍ក្រុងអូស្ទីយ៉ា (អ៊ីតាលី) តែលោកសូមលាលែងមុខតំណែងត្រឡប់ទៅរស់នៅជាឥសីវិញ។ លោកទទួលមរណភាពនៅឆ្នាំ១០៧២។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរលោកបេនស៊ីរ៉ាក់ បសរ ២,១-១១
កូនអើយ! ប្រសិនបើកូនប្រាថ្នាចង់បម្រើព្រះអម្ចាស់ ចូររៀបចំខ្លួនឱ្យព្រះអង្គល្បងល។ ចូរតំម្រង់ចិត្តឱ្យបានត្រង់! ចូរមានចិត្តរឹងប៉ឹងឡើង! កុំជ្រួលច្របល់ក្នុងពេលមានអាសន្ន។ ចូរជំពាក់ចិត្តលើព្រះអម្ចាស់ កុំឃ្លាតចាកពីព្រះអង្គឡើយ នោះកូនមុខជាចម្រុងចម្រើននៅគ្រាអវសាននៃជីវិត។ ចូរស៊ូទ្រាំនឹងហេតុការណ៍ទាំងប៉ុន្មានដែលកើតមានដល់កូន ប្រសិនបើកូនជួបប្រទះនឹងទុក្ខវេទនា ចូរមានចិត្តអត់ធ្មត់ជានិច្ច! ដ្បិតគេយកមាសមកបន្សុទ្ធក្នុងភ្លើងយ៉ាងណា ព្រះជាម្ចាស់យកទុក្ខវេទនាមកជម្រះចិត្តអ្នកដែលគាប់ព្រះហប្ញទ័យព្រះអង្គយ៉ាងនោះដែរ។ ចូរជឿលើព្រះជាម្ចាស់ ព្រះអង្គមុខជាយាងមកជួយកូនពុំខាន។ ចូរដើរតាមមាគ៌ាដ៏ទៀងត្រង់ ហើយសង្ឃឹមលើព្រះអង្គចុះ! ឱ្យអ្នកដែលគោរពកោតខ្លាចព្រះអម្ចាស់អើយ ចូរផ្ញើជីវិតលើព្រះហប្ញទ័យមេត្តាករុណារបស់ព្រះអង្គ! កុំងាកចេញពីព្រះអង្គឡើយ ក្រែងអ្នករាល់គ្នាត្រូវជំពប់ដួល។
អស់អ្នកដែលគោរពកោតខ្លាចព្រះអម្ចាស់អើយ! ចូរជឿលើព្រះអង្គចុះ! អ្នករាល់គ្នាមុខជាទទួលរង្វាន់ពុំខាន។ អស់អ្នកដែលគោរពកោតខ្លាចព្រះអម្ចាស់អើយ! ចូរសង្ឃឹមថា អ្នកនឹងទទួលសម្បត្តិរបស់ព្រះអង្គ គឺមានអំណរសប្បាយអស់កល្បជានិច្ច និងទទួលសេចក្តីមេត្តាករុណាពីព្រះអង្គផង។ ចូរសង្កេតមើលមនុស្សជំនាន់មុនៗ ហើយរិះគិតពិចារណាចុះ! តើមាននរណាផ្ញើជីវិតលើព្រះអម្ចាស់ ហើយត្រូវខកចិត្តឬទេ? តើមាននរណាកោតខ្លាចព្រះអម្ចាស់ ហើយត្រូវព្រះអង្គបោះបង់ចោលឬទេ? តើមាននរណាអង្វព្រះអង្គ ហើយត្រូវព្រះអង្គមើងាយ មិនអើពើឬទេ? ទេ! ព្រះអម្ចាស់មានព្រះហប្ញទ័យអាណិតអាសូរ និងមេត្តាករុណា ព្រះអង្គតែងតែលើកលែងទោសមនុស្សរួចពីបាប ហើយសង្រ្គោះគេក្នុងគ្រាមានអាសន្ន។
ទំនុកតម្កើងលេខ ៣៧ (៣៦) ,៣-៤.១៨-១៩.២៧-២៨.៣៩-៤០ បទព្រហ្មគីតិ
៣ | ចូរធ្វើអំពើល្អ | ចិត្តស្មោះសរផ្ញើជីវិត | |
លើព្រះដ៏សក្តិសិទ្ធិ | នោះអ្នកពិតជាសុខសាន្ត | ។ | |
៤ | ចូរស្វែងរកមង្គល | កុំបីខ្វល់ឬខកខាន | |
ព្រះអង្គនឹងប្រទាន | ឱ្យអ្នកមានតាមបំណង | ។ | |
១៨ | ព្រះម្ចាស់យកព្រះទ័យ | ទុកដាក់ក្រៃនឹងជីវិត | |
រក្សាមិនឱ្យបាត់ | នៅស្ថេរស្ថិតជាកេរកោះ | ។ | |
១៩ | នៅពេលមានអាសន្ន | គេមិនស្លន់ឬអាម៉ាស់ | |
មានអាហារមិនខ្វះ | ទោះប្រទះគ្រោះទុរ្ភិក្ស | ។ | |
២៧ | ចូរកុំធ្វើអាក្រក់ | រឿងគំរក់កុំទៅក្បែរ | |
នោះអ្នកនឹងស្ថិតស្ថេរ | លើដីកេរតរឿងទៅ | ។ | |
២៨ | ព្រះម្ចាស់សព្វព្រះទ័យ | ពន់ពេកក្រៃគ្មានហ្មងសៅ | |
យុត្តិធម៌ត្រង់ត្រឹមត្រូវ | តរៀងទៅទ្រង់មិនភ្លេច | ។ | |
ព្រះអង្គមិនបង់បោះ | គេទាំងនោះដោយកលល្បិច | ||
ព្រះអង្គជាន់ពន្លិច | វិនាសខ្ទេចពូជអាក្រក់ | ។ | |
៣៩ | ព្រះម្ចាស់តែងសង្គ្រោះ | មនុស្សទាំងអស់ឥតទោរម្នេញ | |
ជាកំពែងពោរពេញ | ការពារពាំងគ្រាអាសន្ន | ។ | |
៤០ | ព្រះអម្ចាស់សង្រ្គោះ | និងរំដោះមិនភាំងភាន់ | |
សង្រ្គោះគេបន្ទាន់ | ព្រោះគេជ្រកក្រោមបារមី | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ កាឡ ៦,១៤
អាលេលូយ៉ា! អាលេលូយ៉ា!
ខ្ញុំអួតអាងតែលើឈើឆ្កាងរបស់ព្រះអម្ចាស់! ដោយសារឈើឆ្កាងនេះ អ្វីៗក្នុងពិភពលោកលែងមានទាក់ទាមនឹងខ្ញុំទៀតហើយ ហើយខ្ញុំក៏លែងមានទាក់ទាមអ្វីនឹងពិភពលោកទៀតដែរ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៩,៣០-៣៧
ព្រះយេស៊ូ និងក្រុមសាវ័កយាងកាត់តាមស្រុកកាលីឡេ។ ព្រះអង្គមិនសព្វព្រះហប្ញទ័យឱ្យនរណាដឹងឡើយ។ ព្រះអង្គបង្រៀនក្រុមសាវ័កដោយមានព្រះបន្ទូលថា បុត្រមនុស្សត្រូវគេបញ្ជូនទៅក្នុងកណ្តាប់ដៃមនុស្សលោក គេនឹងធ្វើគុតព្រះអង្គ ប៉ុន្តែ បីថ្ងៃក្រោយពីគេសម្លាប់ ព្រះអង្គនឹងមានព្រះជន្មរស់ឡើងវិញ។ ក្រុមសាវ័កពុំបានយល់ព្រះបន្ទូលនេះឡើយ តែគេមិនហ៊ានទូលសួរព្រះអង្គទេ។
ព្រះយេស៊ូ និងក្រុមសាវ័កធ្វើដំណើរមកដល់ក្រុងកាផានុម។ កាលព្រះអង្គគង់នៅក្នុងផ្ទះ ព្រះអង្គមានព្រះបន្ទូលសួរក្រុមសាវ័កថា៖ «ពេលដើរតាមផ្លូវ តើអ្នករាល់គ្នានិយាយអំពីរឿងអ្វី?»។ ក្រុមសាវ័កនៅស្ងៀម ដ្បិតកាលធ្វើដំណើរតាមផ្លូវគេប្រកែកគ្នាចង់ដឹងថា ក្នុងចំណោមពួកគេអ្នកណាធំជាងគេ។ ព្រះយេស៊ូគង់ចុះ ទ្រង់ត្រាស់ហៅសាវ័កទាំងដប់ពីរនាក់មក ហើយមានព្រះបន្ទូលថា៖ «អ្នកណាចង់ធ្វើមេគេ អ្នកនោះត្រូវដាក់ខ្លួនជាកូនគេ ព្រមទាំងបម្រើគេទាំងអស់គ្នាផង»។ បន្ទាប់មក ព្រះអង្គយកក្មេងម្នាក់ឱ្យមកឈរនៅកណ្តាលក្រុមសាវ័ក។ ព្រះអង្គឱបក្មេងនោះរួចមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កថា៖ «អ្នកណាទទួលក្មេងណាម្នាក់ ដូចក្មេងនេះក្នុងនាមខ្ញុំ ក៏ដូចជាបានទទួលខ្ញុំដែរ ហើយអ្នកណាទទួលខ្ញុំ មិនត្រឹមតែទទួលខ្ញុំប៉ុណ្ណោះទេ គឺទទួលព្រះអង្គដែលបានចាត់ខ្ញុំឱ្យមកនោះដែរ»។