ឬសន្តីប៊ែរណាដែត ស៊ូប៊ីរូស
អត្ថបទទី១៖ សូមថ្លែងលិខិតផ្ញើជូនគ្រីស្ដបរិស័ទជាតិហេប្រឺ ហប ១១,១-៧
បងប្អូនជាទីស្រឡាញ់!
ជំនឿធ្វើឱ្យយើងមានអ្វីៗដែលយើងសង្ឃឹមថានឹងបាន។ ជំនឿក៏ធ្វើឱ្យយើងស្គាល់ជាក់ច្បាស់នូវអ្វីៗដែលយើងមើលពុំឃើញ។ ព្រោះតែជំនឿហ្នឹងហើយ បានជាចាស់ៗនៅជំនាន់ដើមបានទទួលកេរ្តិ៍ឈ្មោះល្អ។ ដោយសារជំនឿយើងយល់ថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបង្កើតពិភពលោកមក។ ដូច្នេះ អ្វីៗដែលយើងមើលឃើញ មិនមែនកើតចេញមកពីអ្វីៗដែលមានរូបរាងនោះឡើយ។
ដោយសារជំនឿ លោកអបិលបានថ្វាយយញ្ញបូជាមួយទៅព្រះជាម្ចាស់ ជាយញ្ញបូជាប្រសើរជាងយញ្ញបូជារបស់លោកកាអ៊ីន។ គឺដោយសារជំនឿហ្នឹងហើយ បានជាព្រះជាម្ចាស់ផ្តល់សក្ខីភាពថា លោកជាមនុស្សសុចរិត។ ព្រះអង្គគាប់ព្រះហប្ញទ័យនឹងតង្វាយរបស់លោក ហើយដោយសារជំនឿ ទោះបីលោកអបិលស្លាប់បាត់ទៅហើយក៏ដោយ ក៏លោកនៅតែមានប្រសាសន៍នៅឡើយ។ ដោយសារជំនឿ លោកហេណុកត្រូវព្រះជាម្ចាស់លើកឡើងទៅស្ថានបរមសុខរួចផុតពីសេចក្តីស្លាប់ ហើយគ្មាននរណារកលោកឃើញទៀតឡើយ ព្រោះព្រះអង្គបានលើកលោកឡើងទៅ។ មុនពេលព្រះអង្គលើកលោកឡើងទៅនោះ លោកបានទទួលសក្ខីភាពថា ព្រះជាម្ចាស់គាប់ព្រះហប្ញទ័យនឹងលោក។ បើគ្មានជំនឿ គ្មានរណាអាចគាប់ព្រះហប្ញទ័យព្រះអង្គបានឡើយ។ អ្នកចូលមកជិតព្រះជាម្ចាស់ត្រូវតែជឿថា ពិតជាមានព្រះជាម្ចាស់មែន ហើយត្រូវជឿថា ព្រះអង្គនឹងប្រទានរង្វាន់ដល់អស់អ្នកដែលស្វែងរកព្រះអង្គ។ ដោយសារជំនឿ លោកណូអេបានទទួលដំណឹងពីព្រះជាម្ចាស់អំពីហេតុការណ៍ដែលពុំទាន់ឃើញមាននៅឡើយ លោកក៏ស្តាប់តាមដោយគោរពប្រណិប័តន៍ គឺលោកបានសង់ទូកមួយយ៉ាងធំ ដើម្បីសង្រ្គោះក្រុមគ្រួសាររបស់លោក។ ដូច្នេះ ដោយសារជំនឿ លោកបានដាក់ទោសពិភពលោក ហើយក៏បានទទួលសេចក្តីសុចរិតទុកជាមត៌ក គឺជាសេចក្តីសុចរិតដែលមកពីជំនឿ។
ទំនុកតម្កើងលេខ ១៤៥ (១៤៤),២-៥.១០-១១ បទកាកគតិ
២ | ខ្ញុំសូមតម្កើង | ព្រះអង្គខ្ពស់ឡើង | តទៅរៀងរៀប |
ខ្ញុំសូមសរសើរ | ព្រះនាមល្អគាប់ | អស់កល្បដរាប | |
រហូតតទៅ | ។ | ||
៣ | ព្រះម្ចាស់ឧត្តម | ប្រសើរសក្តិសម | ខ្ពង់ខ្ពស់ពេកកូវ |
យើងលើកតម្កើង | ព្រះនាមជាផ្លូវ | ពេលនេះតទៅ | |
រកអ្វីផ្ទឹមគ្មាន | ។ | ||
៤ | សូមឱ្យមនុស្ស | ទាំងស្រីទាំងប្រុស | នៅគ្រប់ជំនាន់ |
លើកតម្កើងស្នា | ព្រះហស្តព្រះអង្គ | ការអស្ចារ្យផង | |
ដែលទ្រង់ប្រព្រឹត្ត | ។ | ||
៥ | ទូលបង្គំរាប់រៀប | ពីអានុភាព | បារមីមានប្ញទ្ធិ |
សិរីរុងរឿង | ព្រះអង្គមានពិត | ខ្ញុំសញ្ជឹងគិត | |
គ្រប់ស្នាព្រះហស្ត | ។ | ||
១០ | បពិត្រព្រះម្ចាស់ | សត្វលោកទាំងអស់ | មានច្រើនពេកក្រៃ |
នាំគ្នាតម្កើង | រុងរឿងសិរី | រាស្រ្តទាំងប្រុសស្រី | |
ក៏ថ្កើងទ្រង់ដែរ | ។ | ||
១១ | គេនឹងរៀបរាប់ | ព្រះរាជ្យគួរគាប់ | រុងរឿងស្ថិតស្ថេរ |
របស់ព្រះអង្គ | ឥតមានប្រួលប្រែល | អានុភាពឥតកែ | |
ព្រះអង្គនៅគង់ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ៩៩,៥
អាលេលូយ៉ា! អាលេលូយ៉ា!
ចូរលើកតម្កើងព្រះអម្ចាស់ជាព្រះរបស់យើង! ចូរនាំគ្នាក្រាបទៀបព្រះបាទរបស់ព្រះអង្គ ដ្បិតព្រះអង្គជាព្រះដ៏វិសុទ្ធ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៩,២-១៣
ព្រះយេស៊ូនាំលោកសិលា លោកយ៉ាកុប និងលោកយ៉ូហានឡើងទៅលើភ្នំមួយដ៏ខ្ពស់ គឺព្រះអង្គនាំតែលោកទាំងបីទៅដាច់ឡែកពីគេ។ ពេលនោះ ព្រះអង្គប្រែជាមានទ្រង់ទ្រាយប្លែកពីមុននៅមុខសាវ័កទាំងបីនាក់ គឺព្រះពស្រ្តរបស់ព្រះអង្គត្រឡប់ជាមានពណ៌សភ្លឺត្រចះត្រចង់ ដែលគ្មានមនុស្សណានៅលើផែនដីអាចធ្វើឱ្យសយ៉ាងនេះបានឡើយ។ ពេលនោះ សាវ័កទាំងបីនាក់ឃើញព្យាការីអេលី និងលោកម៉ូសេសន្ទនាជាមួយព្រះយេស៊ូ។ លោកសិលាទូលព្រះអង្គថា៖ «ព្រះគ្រូ! យើងខ្ញុំនៅទីនេះប្រសើរណាស់ យើងខ្ញុំនឹងសង់ពន្លាបី គឺមួយសម្រាប់ព្រះគ្រូ មួយសម្រាប់លោកម៉ូសេ និងមួយទៀតសម្រាប់លោកអេលី»។ លោកសិលាមានប្រសាសន៍ដូច្នេះ មកពីលោកពុំដឹងថាចង់និយាយអំពីអ្វីឡើយ ដ្បិតសាវ័កទាំងបីភ័យខ្លាចយ៉ាងខ្លាំង។ ពេលនោះ ស្រាប់តែមានពពកមកគ្របបាំងគេទាំងអស់គ្នា។ មានព្រះសូរសៀងបន្លឺពីក្នុងពពកមកថា៖ «អ្នកនេះជាព្រះបុត្រាដ៏ជាទីស្រឡាញ់របស់យើង ចូរស្តាប់ព្រះអង្គចុះ!»។ រំពេចនោះ ក្រុមសាវ័កពុំឃើញនរណាទៀតឡើយ ឃើញតែព្រះយេស៊ូមួយព្រះអង្គប៉ុណ្ណោះដែលគង់ជាមួយគេ។ ពេលព្រះយេស៊ូយាងចុះពីលើភ្នំជាមួយសាវ័កទាំងបី ទ្រង់ហាមប្រាមគេមិនឱ្យនិយាយអំពីហេតុការណ៍ដែលខ្លួនបានឃើញប្រាប់នរណាឡើយ រហូតដល់បុត្រមនុស្សមានជីវិតថ្មីដ៏រុងរឿង។ អ្នកទាំងបីធ្វើតាមព្រះបន្ទូលរបស់ព្រះអង្គ តែសាកសួរគ្នាថា៖ «តើពាក្យ” មានជីវិតថ្មីដ៏រុងរឿង” មានន័យដូចម្តេច?»។ បន្ទាប់មក គេទូលសួរព្រះអង្គថា៖ «ហេតុដូចម្តេចបានជាពួកធម្មចារ្យចេះតែនិយាយថា ព្យាការីអេលីត្រូវអញ្ជើញមកមុន?»។ ព្រះអង្គមានព្រះបន្ទូលតបទៅគេថា៖ «ព្យាការីអេលីអញ្ជើញមកមុនមែន ដើម្បីរៀបចំសព្វគ្រប់ទាំងអស់ឡើងវិញ ប៉ុន្តែ ហេតុអ្វីបានជាមានចែងទុកក្នុងគម្ពីរថា បុត្រមនុស្សត្រូវរងទុក្ខលំបាកជាច្រើន ព្រមទាំងត្រូវគេមើលងាយផងដូច្នេះ?។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ព្យាការីអេលីបានអញ្ជើញមករួចហើយ តែពួកគេបានធ្វើបាបលោកសព្វបែបយ៉ាងតាមអំពើចិត្តរបស់គេ ដូចមានចែងទុកក្នុងគម្ពីរអំពីលោកស្រាប់»។