អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរបែនស៊ីរ៉ាក់ បសរ ១៥,១៥-២០
កូនអើយ! ប្រសិនបើកូនមានបំណងប្រតិបត្តិតាមវិន័យរបស់ព្រះអម្ចាស់ នោះកូនមុខជាអាចប្រតិបត្តិតាមបាន។ កូនអាចស្មោះត្រង់នឹងព្រះអង្គបាន តាមការសម្រេចចិត្តរបស់កូន។ ព្រះអង្គដាក់ទឹក និងភ្លើងនៅមុខកូន កូនអាចលូកដៃជ្រើសរើសយកមួយណា ក៏បានតាមចិត្តកូនប្រាថ្នា។ ព្រះអង្គប្រទានឱ្យមនុស្សលោកមានជីវិត ឬស្លាប់តាមតែម្នាក់ៗជ្រើសរើស។
ព្រះអម្ចាស់ប្រកបដោយព្រះប្រាជ្ញាញ្ញាណឈ្លាសវៃក្រៃលែង ព្រះអង្គមានប្ញទ្ធានុភាពខ្លាំងក្លា ហើយឈ្វេងយល់អ្វីៗសព្វគ្រប់ទាំងអស់។ ព្រះអម្ចាស់យកព្រះហប្ញទ័យទុកដាក់ចំពោះអស់អ្នកដែលគោរពកោតខ្លាចព្រះអង្គ ហើយឈ្វេងយល់កិច្ចការទាំងអស់ដែលមនុស្សលោកប្រព្រឹត្ត។ ព្រះអង្គមិនបញ្ជាឱ្យនរណាម្នាក់ប្រព្រឹត្តបទល្មើសទេ ទ្រង់ក៏មិនអនុញ្ញាតឱ្យនរណាម្នាក់ប្រព្រឹត្តអំពើបាបដែរ។
ទំនុកតម្កើងលេខ ១១៩ (១១៨),១-២.៤-៥.១៧-១៨.៣៣-៣៤ បទកាកគតិ
១ | អ្នកណាដែលមាន | កិរិយាជាប់ប្រាណ | ត្រឹមត្រូវឥតខ្ចោះ |
ប្រតិបត្តិតាម | ធម្មវិន័យព្រះ | អ្នកនោះប្រទះ | |
តែសុខមង្គល | ។ | ||
២ | អ្នកដែលប្រតិបត្តិ | តាមផ្លូវល្អពិត | បញ្ជានិម្មល |
ហើយស្វែងរកព្រះ | មិនខ្ជីខ្ជាខ្ជិល | ពិតជាបានផល | |
មង្គលពេកហោង | ។ | ||
៤ | ព្រះអង្គចេញច្បាប់ | ដោយប្រកាសប្រាប់ | ឱ្យយើងស្រឡាញ់ |
យកចិត្តទុកដាក់ | ព្យាយាមទន្ទេញ | ខិតខំបំពេញ | |
ដានស្នាមព្រះអង្គ | ។ | ||
៥ | សូមជួយខ្ញុំផង | ឱ្យដូចបំណង | មានចិត្តរឹងប៉ឹង |
ដើម្បីប្រតិបត្តិ | តាមក្រឹត្យព្រះអង្គ | វិន័យត្រឹមត្រង់ | |
តាមទ្រង់បញ្ជា | ។ | ||
សូមដូរទៅជាបទពាក្យ ៧ | |||
១៧ | សូមសន្តោសខ្ញុំដែលជាអ្នក | បម្រើស្មោះស្ម័គ្រព្រះអង្គហើយ | |
នោះជីវិតខ្ញុំបានធូរស្បើយ | មិននៅកន្តើយគោរពតាម | ។ | |
១៨ | សូមទ្រង់បើកភ្នែកទូលបង្គំ | ពេលនោះរូបខ្ញុំនឹងឃើញស្នាម | |
ឃើញភាពថ្លៃថ្នូរគ្មានប្រេះស្រាំ | អស្ចារ្យនៃធម្មវិន័យទ្រង់ | ។ | |
៣៣ | ឱ! ព្រះម្ចាស់អើយសូមព្រះអង្គ | បង្ហាញខ្ញុំផងពីវិន័យ | |
ឱ្យខ្ញុំកាន់តាមរៀងរាល់ថ្ងៃ | តាមព្រះវិន័យដោយស្ម័គ្រស្មោះ | ។ | |
៣៤ | សូមព្រះប្រទាននូវប្រាជ្ញា | ឱ្យខ្ញុំភ្លឺថ្លាសព្វទាំងអស់ | |
របស់ព្រះអង្គកុំចន្លោះ | កាន់តាមឥតខ្ចោះដោយស្ម័គ្រចិត្ត | ។ |
អត្ថបទទី២៖ សូមថ្លែងលិខិតទី ១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស ១ករ ២,៦-១០
បងប្អូនជាទីស្រឡាញ់!
សេចក្តីដែលយើងនិយាយក្នុងចំណោមអ្នកដែលមានជំនឿគ្រប់លក្ខណៈហើយនោះ ក៏ជាប្រាជ្ញាម្យ៉ាងដែរ តែមិនមែនជាប្រាជ្ញារបស់មនុស្សលោក ឬជាប្រាជ្ញារបស់អ្នកគ្រប់គ្រងមនុស្សលោកនេះទេ។ ពួកគេនឹងត្រូវបាត់អំណាចជាមិនខាន។ យើងនិយាយអំពីប្រាជ្ញារបស់ព្រះជាម្ចាស់ដែលព្រះអង្គបង្កប់ទុកតាមគម្រោងការដ៏លាក់កំបាំងរបស់ព្រះអង្គ គឺព្រះអង្គបានគ្រោងទុកប្រាជ្ញានេះតាំងពីមុនកំណើតពិភពលោកមកម៉្លេះ ដើម្បីប្រទានសិរីរុងរឿងមកយើង។ ក្នុងចំណោមអ្នកគ្រប់គ្រងមនុស្សលោកនេះ គ្មាននរណាម្នាក់បានស្គាល់ប្រាជ្ញារបស់ព្រះអង្គទេ ប្រសិនបើគេបានស្គាល់គេពិតជាមិនឆ្កាងព្រះអម្ចាស់ដែលប្រកបដោយសិរីរុងរឿងនោះឡើយ។ ប៉ុន្តែ ការនេះកើតឡើងស្របតាមសេចក្តីដែលមានចែងទុកមកក្នុងគម្ពីរថា «អ្វីៗដែលភ្នែកមើលមិនឃើញ អ្វីៗដែលត្រចៀកស្តាប់មិនឮ និងអ្វីៗដែលចិត្តមនុស្សនឹកមិនដល់នោះ ព្រះជាម្ចាស់បានរៀបចំទុកសម្រាប់អស់អ្នកដែលស្រឡាញ់ព្រះអង្គ»។
ព្រះជាម្ចាស់បានសម្តែងឱ្យយើងស្គាល់គម្រោងការដ៏លាក់កំបាំងនោះ ដោយសារព្រះវិញ្ញាណ ដ្បិតព្រះវិញ្ញាណឈ្វេងយល់អ្វីៗទាំងអស់ សូម្បីតែជម្រៅនៃព្រះហប្ញទ័យរបស់ព្រះជាម្ចាស់ ក៏ទ្រង់ឈ្វេងយល់ដែរ។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ
អាលេលូយ៉ា! អាលេលូយ៉ា!
ធម្មវិន័យនៃព្រះអម្ចាស់ ធ្វើឱ្យមនុស្សមានចិត្តត្រេកអរសប្បាយ ធម្មវិន័យជាពន្លឺបំភ្លឺភ្នែកមនុស្ស។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ៥,១៧-៣៧ (ឬយ៉ាងខ្លី ៥,២០-២២.២៧-២៨.៣៣-៣៤.៣៧)
នៅគ្រានោះ ក្រុមសាវ័កជួបជុំជាមួយព្រះយេស៊ូនៅលើភ្នំ។ ព្រះអង្គមានព្រះបន្ទូលទៅកាន់ពួកគេថា៖
ប្រសិនបើអានយ៉ាងខ្លី សូមរំលងវគ្គខាងក្រោមនេះ
«សុំកុំនឹកស្មានថា ខ្ញុំមកលុបបំបាត់ធម្មវិន័យ ឬពាក្យប្រៀនប្រដៅរបស់ព្យាការីចោលឡើយ។ ខ្ញុំមិនមែនមកលុបបំបាត់ទេ គឺខ្ញុំមកធ្វើឱ្យគម្ពីរមានអត្ថន័យពេញលេញទៅវិញ។ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា ដរាបណាផ្ទៃមេឃ និងផែនដីនៅស្ថិតស្ថេរ ដរាបនោះគ្មានក្បៀស ឬបន្តក់ណាមួយក្នុងធម្មវិន័យត្រូវរលុបបាត់ឡើយ គឺគម្ពីរទាំងមូលនឹងនៅស្ថិតស្ថេររហូតដល់ទីបំផុត។ អ្នកណាល្មើសនឹងបញ្ញត្តិតូចមួយនេះ ហើយបង្រៀនអ្នកផ្សេងឱ្យធ្វើតាម អ្នកនោះនឹងមានឋានៈតូចជាងគេក្នុងព្រះរាជ្យនៃស្ថានបរមសុខ។ ផ្ទុយទៅវិញ អ្នកណាប្រតិបត្តិតាមវិន័យ ហើយបង្រៀនអ្នកផ្សេងឱ្យប្រតិបត្តិតាម អ្នកនោះនឹងមានឋានៈធំក្នុងព្រះរាជ្យនៃស្ថានបរមសុខ។
ប្រសិនបើអានយ៉ាងខ្លី សូមអានវគ្គខាងក្រោមនេះ
ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា បើសេចក្តីសុចរិតរបស់អ្នករាល់គ្នាមិនប្រសើរជាងសេចក្តីសុចរិតរបស់ពួកធម្មាចារ្យ និងពួកខាងគណៈផារីស៊ីទេ អ្នករាល់គ្នាពុំអាចចូលទៅក្នុងព្រះរាជ្យនៃស្ថានបរមសុខបានឡើយ។ អ្នករាល់គ្នាធ្លាប់ឮសេចក្តីដែលមានថ្លែង ប្រាប់បុព្វបុរសថា «កុំសម្លាប់មនុស្ស អ្នកណាសម្លាប់គេ អ្នកនោះនឹងត្រូវគេផ្តន្ទាទោស»។ រីឯខ្ញុំវិញ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា អ្នកណាខឹងនឹងបងប្អូន អ្នកនោះនឹងត្រូវគេផ្តន្ទាទោសដែរ។
ប្រសិនបើអានយ៉ាងខ្លី សូមរំលងវគ្គខាងក្រោមនេះ
អ្នកណាជេរប្រទេចផ្តាសាបងប្អូន អ្នកនោះនឹងត្រូវក្រុមប្រឹក្សាជាន់ខ្ពស់កាត់ទោស ហើយអ្នកណាត្មះតិះដៀលគេ អ្នកនោះនឹងត្រូវគេផ្តន្ទាទោសធ្លាក់ក្នុងភ្លើងនរកអវីចី។ ដូច្នេះ កាលណាអ្នកយកតង្វាយទៅថ្វាយព្រះជាម្ចាស់ ហើយនៅទីនោះ អ្នកនឹកឃើញថា បងប្អូនណាម្នាក់មានទំនាស់នឹងអ្នក ចូរទុកតង្វាយរបស់អ្នកនៅកន្លែងថ្វាយតង្វាយ ហើយទៅស្រុះស្រួលនឹងបងប្អូនរបស់អ្នកជាមុនសិន រួចសឹមវិលមកថ្វាយតង្វាយរបស់អ្នកវិញ។ កាលណាអ្នកធ្វើដំណើរទៅតុលាការជាមួយគូវិវាទរបស់អ្នក ចូរស្រុះស្រួលជាមួយអ្នកនោះជាប្រញាប់ ក្រែងលោគេបញ្ជូនអ្នកទៅចៅក្រម ចៅក្រមបញ្ជូនអ្នកទៅនគរបាល ហើយអ្នកត្រូវជាប់គុក។ ខ្ញុំសុំប្រាប់ឱ្យអ្នកដឹងច្បាស់ថា ដរាបណាអ្នកមិនបានបង់ប្រាក់ពិន័យគ្រប់ចំនួន ឥតខ្វះមួយសេនទេនោះ អ្នកនឹងមិនរួចខ្លួនឡើយ។
ប្រសិនបើអានយ៉ាងខ្លី សូមអានវគ្គខាងក្រោមនេះ
អ្នករាល់គ្នាធ្លាប់ឮសេចក្តីថ្លែងទុកមកថា “កុំប្រព្រឹត្តអំពើផិតក្បត់”។ រីឯខ្ញុំវិញ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា អ្នកណាមើលស្ត្រីម្នាក់ ហើយមានចិត្តស្រើបស្រាលចង់រួមបវេណីជាមួយនាង អ្នកនោះដូចជាបានប្រព្រឹត្តអំពើផិតក្បត់ជាមួយនាងនៅក្នុងចិត្តរួចស្រេចទៅហើយ។
ប្រសិនបើអានយ៉ាងខ្លី សូមរំលងវគ្គខាងក្រោមនេះ
ប្រសិនបើភ្នែកស្តាំរបស់អ្នកនាំអ្នកឱ្យប្រព្រឹត្តអំពើបាប ចូរខ្វេះចេញ ហើយបោះចោលឱ្យឆ្ងាយពីអ្នកទៅ! បើអ្នកបាត់ភ្នែកតែមួយនេះ ប្រសើរជាងបណ្តោយឱ្យរូបកាយទាំងមូលធ្លាក់ទៅក្នុងនរក។ ប្រសិនបើដៃស្តាំរបស់អ្នកនាំអ្នកឱ្យប្រព្រឹត្តអំពើបាប ចូរកាត់វា ហើយបោះចោលឱ្យឆ្ងាយពីអ្នកទៅ! បើអ្នកបាត់តែអវយវៈមួយនេះ ប្រសើរជាងបណ្តោយឱ្យរូបកាយទាំងមូលធ្លាក់ទៅក្នុងនរក។ មានសេចក្តីថ្លែងទុកមកថា “បុរសណាលែងភរិយា ត្រូវធ្វើលិខិតលែងលះឱ្យនាង” រីឯខ្ញុំវិញ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា បុរសណាលែងភរិយារបស់ខ្លួន លើកលែងតែរួមរស់ជាមួយគ្នាដោយឥតបានរៀបការ ប្រសិនបើនាងរៀបការម្តងទៀត បុរសនោះធ្វើឱ្យនាងទៅជាស្ត្រីផិតក្បត់។ រីឯបុរសណារៀបការនឹងស្ត្រីប្តីលែង បុរសនោះក៏ប្រព្រឹត្តអំពើផិតក្បត់ដែរ។
ប្រសិនបើអានយ៉ាងខ្លី សូមអានវគ្គខាងក្រោមនេះ
អ្នករាល់គ្នាធ្លាប់ឮសេចក្តីដែលមានថ្លែងប្រាប់បុព្វបុរសថា “កុំបំភ្លេចពាក្យសម្បថចោលឡើយ។ ត្រូវតែធ្វើតាមគ្រប់ពាក្យដែលអ្នកបានស្បថនឹងព្រះអម្ចាស់”។ រីឯខ្ញុំវិញ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា កុំស្បថឱ្យសោះ!
ប្រសិនបើអានយ៉ាងខ្លី សូមរំលងវគ្គខាងក្រោមនេះ
កុំស្បថដោយយកមេឃជាសាក្សីឡើយ ព្រោះមេឃជាបល្ល័ង្ករបស់ព្រះជាម្ចាស់ ក៏កុំស្បថដោយយកផែនដីជាសាក្សីដែរ ព្រោះផែនដីជាកំណល់ទ្រព្រះបាទារបស់ព្រះអង្គ។ កុំស្បថដោយយកក្រុងយេរូសាឡឹមជាសាក្សី ព្រោះយេរូសាឡឹមជាក្រុងរបស់ព្រះមហាក្សត្រដ៏ឧត្តម។ កុំស្បថដោយយកក្បាលអ្នកជាសាក្សី ព្រោះអ្នកពុំអាចធ្វើឱ្យសក់របស់អ្នកទៅជាស ឬខ្មៅបានឡើយ សូម្បីតែមួយសរសៃក៏ពុំបានផង។
ប្រសិនបើអានយ៉ាងខ្លី សូមអានវគ្គខាងក្រោមនេះ
ត្រូវនិយាយឱ្យទៀងទាត់ បើ “មែន” ឱ្យប្រាកដជា “មែន” បើ “ទេ” ឱ្យប្រាកដជា“ទេ”។ រីឯពាក្យពន្លើស សុទ្ធតែមកពីមារកំណាចទាំងអស់»។