នាងប៊ែរណាដែត ស៊ូប៊ីរូស កើតនៅឆ្នាំ ១៨៤៤ ដែលព្រះនាងព្រហ្មចារិនីម៉ារីបានបង្ហាញខ្លួនឲ្យនាងឃើញ ដល់ទៅ១៦លើក ក្នុងចន្លោះពេល៥ខែ ចាប់ពីថ្ងៃទី ១១ ខែកុម្ភៈ រហូតដល់ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ១៨៥៨ នៅក្នុងរូងថ្មមួយឈ្មោះ ម៉ាសាប៊ីអ៉ែល នៅទីក្រុង លួរដ៍ (ប្រទេសបារាំង)។ ពេលនោះ ព្រះនាងម៉ារីបានសម្តែងខ្លួនថា ជាអ្នក “មិនជំពាក់បាប ” ។ ដោយសារតែគ្មាននរណាចង់ជឿថា នាងប៊ែរណាដេត បានឃើញព្រះនាងម៉ារីពិតប្រាកដមែននោះ នាងត្រូវគេចំអកយ៉ាងថោកទាប និងមើលងាយនាងគ្រប់ៗគ្នា ។ នាងក៏រងទុក្ខទោស ហើយទទួលយកអ្វីៗដ៏សែនអាម៉ាស់សព្វបែបយ៉ាងទាំងនោះ ដោយភាពសាមញ្ញ ព្រមទាំងលេងសើចទៀតផងដែរ។ នាងប៊ែរណាដែត សុំចូលទៅក្នុងវត្តអារាមដូនជីនៅទីក្រុង នឹវែរ៍ ហើយទទួលឈ្មោះថ្មី គឺបងស្រី ម៉ារី-ប៊ែរណា ។ អស់រយៈពេល ១៣ឆ្នាំ បងស្រី ម៉ារី-ប៊ែរណា ជាដូនជីគំរូ មានចិត្តតស៊ូ ចេះដាក់ខ្លួនក្នុងភាពស្ងៀមស្ងាត់ និងមើលថែអ្នកជម្ងឺ ទោះបីជានាងធ្លាប់ចាត់ទុកថា ខ្លួនជាមនុស្សឥតបានការ ព្រមទាំងមានអារាមនាយិកាមើលងាយនាងនោះទៀតក៏ដោយ ។ នាងចងចាំជានិច្ច នូវពាក្យសំដីដែលព្រះនាងម៉ារីបានពោលទៅកាន់នាងថា៖ “ខ្ញុំមិនសន្យាថា នឹងសម្រេចឲ្យនាងមានសុភមង្គលនៅក្នុងលោកនេះទេ ប៉ុន្តែ នាងនឹងទទួលនូវសុភមង្គលនៅលោកខាងមុខជាមិនខាន” ។ នាងមានសុខភាពទន់ខ្សោយ ហើយឈឺជាញឹកញាប់ ហេតុនេះបានជានាងទទួលមរណភាពដោយសារជម្ងឺរលាកសួត នៅថ្ងៃទី ១៦ ខែមេសា ឆ្នាំ ១៨៧៩ នៅអាយុត្រឹមតែ ៣៥ ឆ្នាំប៉ុណ្ណោះ ។ នាងបានទទួលឋានៈជាសន្តីរបស់ព្រះសហគមន៍ នៅថ្ងៃទី ៨ ខែ ធ្នូ ឆ្នាំ ១៩៣៣ ដោយមានសម្តេចប៉ាប ពីយ៉ូសទី១១ បានប្រកាសជាផ្លូវការ និងជាសាធារណៈ ។