ថ្ងៃទី ២០ ខែកុម្ភៈ អ្នកមានសុភមង្គល ហ្វ្រាន់សិស្កូ និង ចាឈិនថា ម៉ារតូ

នៅប្រទេសព័រទុយហ្គាល់ ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ១៩១៧ មានក្មេងគង្វាល ៣ នាក់ពីភូមិ អាល់ជុស្ត្រេល (Aljustrel) បានឃើញព្រះនាងម៉ារីបង្ហាញខ្លួន នៅ ខូវ៉ា ដា អ៊ីរិអ៉ា (Cova de Iria) ជិត ភូមិហ្វាតិម៉ា (Fatima)។ នៅពេលនោះប្រទេសអ៊ឺរ៉ុបកំពុងពេញដោយភ្លើងសង្គ្រាម។ ប្រទេសព័រទុយហ្គាល់ ក៏នៅកំពុងវឹកវរក្នុងរឿងនយោបាយ មានការទម្លាក់រាជវង្សនៅឆ្នាំ ១៩១០ ហើយក្រោយមករដ្ឋាភិបាល បានឈប់សកម្មភាពខាងសាសនា។ ការបង្ហាញខ្លួនលើកដំបូង ព្រះនាងម៉ារីសូមណូមពរឲ្យពួកក្មេងត្រឡប់មកជួបគ្នានៅកន្លែងនោះវិញ រាល់ថ្ងៃទី ១៣ រាល់ខែ ក្នុងរយៈពេល ៦ ខែ។ ព្រះនាងបានសូមឲ្យពួកក្មេងរៀន និងសរសេរបទអធិដ្ឋាន ព្រះមាលា(ខ្សែគាំ) ដើម្បី “សន្តិភាពក្នុងពិភពលោក និងការបញ្ចប់ សង្គ្រាម”។ ពួកគេអធិដ្ឋានសម្រាប់ អ្នកបាបនិងឲ្យប្រទេសរុស្ស៊ី កែប្រែចិត្តគំនិត ដែលទើបតែទម្លាក់ ស្តេចសា នីកូឡា ទី ២ (Czar Nicholas II) ចេញពីបល្ល័ង្គ ហើយក្រោយមកមិនយូរប៉ុន្មានទេ ប្រទេសក៏ក្លាយទៅជាកុម្មុយនិស។ ក្នុងការបង្ហាញខ្លួនលើកចុងក្រោយ មានមនុស្សជាង ៩០,០០០ នាក់ បានឃើញ គឺនៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ ១៩១៧។ ២ ឆ្នាំក្រោយមក ហ្វ្រាន់សិស្កូ (Francisco) បានស្លាប់ដោយសារគ្រុនផ្តាសាយធំ នៅស្រុកកំណើត របស់គាត់។ សពរបស់លោកត្រូវបញ្ចុះក្នុងដីព្រះពររបស់ព្រះសហគមន៍ ហើយក្រោយមកត្រូវបញ្ចុះថ្មីនៅក្នុង បាសិលិការបស់ហ្វាតិម៉ា នៅឆ្នាំ ១៩៥២។ ចាឈិនថា(Jachinta)ស្លាប់ដោយគ្រុនផ្តាសាយធំនៅទី ក្រុងលិសបោន(Lisbon)។ នាងបានថ្វាយទុក្ខលំបាករបស់នាងដើម្បីអ្នកបាបកែប្រែចិត្ត ដើម្បីសន្តិភាព ក្នុងពីភពលោក និងសម្តេចប៉ាប។ នាងត្រូវបញ្ចុះសាជាថ្មីនៅក្នុងបាសិលិកានៃហ្វាតិម៉ា នៅឆ្នាំ ១៩៥១។ ក្មួយរបស់ពួកគេ, លូសៀ ដូស សានតូស(Lucia dos Santos) ក្លាយទៅជាបព្វជិតា ក្នុងវត្តអារ៉ាមកាមែល ហើយមានជីវិតរហូតដល់ចូលរួមពីធីប្រកាសតែងតាំងហ្វ្រង់សិស្កូនិងចាឈិនថា ជាអ្នកមានសុភមង្គលនៅឆ្នាំ ២០០០ ហើយ ៥ ឆ្នាំក្រោយមកក៏បានស្លាប់។ សក្ការដ្ឋានព្រះនាងម៉ារី ហ្វាតិម៉ា មានមនុស្សជាង ២០ លានមកទីនេះ ក្នុងមួយឆ្នាំ៕ បពិត្រព្រះជាម្ចាស់ ទោះបីមនុស្សក្នុងពិភពលោកបានប្រព្រឹត្តអំពើបាប ក៏ព្រះអង្គមិនភ្លេចពួកគេ ឡើយ បានចាត់ព្រះនាងម៉ារីមកជួយរំលឹកពួកគេឲ្យកែប្រែចិត្តគំនិត។ សូមព្រះអង្គជួយឲ្យយើងខ្ញុំ ជៀសវាងអំពីបាប ហើយប្រតិបត្តតាមសូមណូមពររបស់ព្រះនាងនៅហ្វាតិម៉ាជានិច្ច គឺ អធិដ្ឋាន ព្រះមាលាដោយមានចិត្តខ្នះខ្នែងផង។

Facebook
Twitter
LinkedIn