អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ អស ៥៨,៧-១០
ចូរចែកអាហារឱ្យអ្នកស្រេកឃ្លាន ចូរទទួលជនក្រីក្រដែលគ្មានទីជម្រកឱ្យស្នាក់នៅជាមួយ។ បើឃើញនរណាម្នាក់គ្មានសម្លៀកបំពាក់ ចូរចែកឱ្យគ្នាស្លៀកពាក់ផង ហើយមិនត្រូវគេចខ្លួនពីបងប្អូងណាដែលមកពឹងពាក់អ្នកឡើយ។ បើប្រព្រឹត្តដូច្នេះ ពន្លឺរបស់អ្នកនឹងលេចចេញមកដូចថ្ងៃរះ ស្នាមរបួសរបស់អ្នកនឹងបានជាយ៉ាងឆាប់រហ័ស សេចក្តីសុចរិតរបស់អ្នកនឹងស្ថិតនៅពីមុខអ្នកជានិច្ច ហើយសិរីរុងរឿងរបស់ព្រះអម្ចាស់ក៏ស្ថិតនៅពីក្រោយអ្នកដែរ។ ប្រសិនបើអ្នកស្រែកអង្វរ ព្រះអម្ចាស់នឹងព្រះសណ្តាប់អ្នក។ បើអ្នកស្រែកហៅព្រះអង្គ នោះទ្រង់នឹងមានព្រះបន្ទូលតបមកវិញថា «យើងមកហើយ!»។ ប្រសិនបើអ្នកឈប់ជិះជាន់ ឈប់គំរាមកំហែងគេ ឈប់ចោទមួលបង្កាច់គេ ប្រសិនបើអ្នកសុខចិត្តបេះអាហារពីមាត់ខ្លួនយកទៅឱ្យអ្នកដែលស្រេកឃ្លាន ប្រសិនបើអ្នកយកម្ហូបអាហារទៅចម្អែតមនុស្សទុគ៌ត នោះពន្លឺរបស់អ្នកនឹងចែងចាំងក្នុងទីងងឹត ហើយភាពងងឹតរបស់អ្នកនឹងប្រែទៅជាភ្លឺ ដូចពន្លឺថ្ងៃត្រង់ដែរ។
ទំនុកតម្កើងលេខ ១១២ (១១១), ១.៥-៩ បទពាក្យ ៧
១ | អ្នកឱនកោតខ្លាចព្រះអម្ចាស់ | ប្រតិបត្តិច្បាប់តាមព្រះទ័យ | |
ស្មោះស្ម័គ្រគោរពតាមវិន័យ | បានសុខពេកក្រៃមានមង្គល | ។ | |
៥ | ជនណាដែលមានចិត្តទូលាយ | យកអ្វីទៅឱ្យអ្នកផងខ្ចី | |
ព្រមទាំងរកស៊ីមិនកេងគៃ | អ្នកនោះប្រពៃល្អបំផុត | ។ | |
៦ | កេរ្តិ៍ឈ្មោះរន្ទឺឮសុសសាយ | ទីជិតទីឆ្ងាយមិនរលត់ | |
ជនគ្រប់សម័យតែងចាំស្ទាត់ | នឹកទៅដល់គាត់ជាប់ជានិច្ច | ។ | |
៧ | អ្នកនោះមិនស្លុតមិនព្រឺខ្លាច | មានចិត្តអង់អាចមិនខ្លាចល្បិច | |
មិនខ្លាចគេដៀលត្មះពន្លិច | ហើយផ្ញើជីវិតលើព្រះម្ចាស់ | ។ | |
៨ | គាត់មានចិត្តនឹងហើយអង់អាច | មិនចេះភ័យខ្លាចអ្វីទាំងអស់ | |
ទាល់តែគាត់ឃើញខ្មាំងទាំងនោះ | បាក់ទ័ពរត់អស់ទើបស្កប់ចិត្ត | ។ | |
៩ | គាត់តែងចែកទានដល់អ្នកក្រ | ដោយចិត្តស្មោះសរស្ម័គ្រពិតៗ | |
ចិត្តគាត់ទូលាយត្រង់សុចរិត | កម្លាំងគាត់ស្ថិតមិនបាត់បង់ | ។ |
អត្ថបទទី២៖ សូមថ្លែងលិខិតទី១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស ១ ករ ២,១-៥
បងប្អូនជាទីស្រឡាញ់!
កាលខ្ញុំមកនាំដំណឹងអំពីគម្រោងការដ៏លាក់កំបាំងរបស់ព្រះជាម្ចាស់ដល់បងប្អូន ខ្ញុំមិនបានប្រើសំនួនវោហារឬប្រាជ្ញាទេ។ ខ្ញុំយល់ឃើញថា ពេលខ្ញុំនៅជាមួយបងប្អូន ខ្ញុំមិនគួរគប្បីដឹងអ្វីក្រៅពីព្រះយេស៊ូគ្រីស្តនោះឡើយ គឺព្រះយេស៊ូគ្រីស្តដែលត្រូវគេឆ្កាង។ ខ្ញុំមករកបងប្អូនទាំងទន់ខ្សោយ ទាំងភ័យខ្លាច ទាំងញាប់ញ័រយ៉ាងខ្លាំង។ ខ្ញុំប្រាប់ និងប្រកាសដំណឹងល្អ មិនមែនដោយប្រើពាក្យបញ្ចុះបញ្ចូលដ៏ប៉ិនប្រសប់នោះទេ គឺដោយសម្តែងប្ញទ្ធានុភាពនៃព្រះវិញ្ញាណវិញ ដើម្បីកុំឱ្យជំនឿរបស់បងប្អូនពឹងផ្អែកលើប្រាជ្ញារបស់មនុស្សលោក គឺពឹងផ្អែកលើប្ញទ្ធានុភាពរបស់ព្រះជាម្ចាស់។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ៨,១២
អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះយេស៊ូគ្រីស្ត! ព្រះអង្គជាពន្លឺបំភ្លឺពិភពលោក!។ អ្នកណាទៅតាមព្រះអង្គ អ្នកនោះមិនដើរក្នុងភាពងងឹតឡើយ គឺគេមានពន្លឺនាំគេទៅកាន់ជីវិត។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ៥,១៣-១៦
នៅគ្រានោះ ក្រុមសាវ័កជួបជុំជាមួយព្រះយេស៊ូនៅលើភ្នំ។ ព្រះអង្គមានព្រះបន្ទូលទៅកាន់ពួកគេថា៖ «អ្នករាល់គ្នាជាអំបិលសម្រាប់មនុស្សលោក! ប៉ុន្តែ ប្រសិនបើអំបិលបាត់ជាតិប្រៃហើយ តើគេនឹងយកអ្វីមកធ្វើឱ្យប្រៃឡើងវិញបាន?។ អំបិលនោះគ្មានប្រយោជន៍អ្វីទៀតទេ គឺមានតែបោះចោលទៅខាងក្រៅឱ្យមនុស្សដើរជាន់ប៉ុណ្ណោះ។ អ្នករាល់គ្នាជាពន្លឺសម្រាប់បំភ្លឺមនុស្សលោក។ គេមិនអាចលាក់បំបាំងក្រុងណាដែលសង់នៅលើភ្នំបានឡើយ។ គេមិនដែលអុជចង្កៀង ហើយយកធុងគ្របពីលើនោះទេ គឺគេតែងយកចង្កៀងទៅដាក់លើជើងចង្កៀងវិញ ហើយចង្កៀងនោះបំភ្លឺអស់អ្នកដែលនៅក្នុងផ្ទះ។ ចូរឱ្យពន្លឺរបស់អ្នករាល់គ្នាបំភ្លឺមនុស្សទាំងឡាយដូច្នោះដែរ។ គេនឹងឃើញអំពើល្អដែលអ្នករាល់គ្នាប្រព្រឹត្ត ហើយនាំគ្នាលើកតម្កើងសិរីរុងរឿងព្រះបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានបរមសុខ»។