សន្តីអាហ្កាថ ជាព្រហ្មចារិនី និង មរណសាក្សី ថ្ងៃទី ៥ ខែកុម្ភៈ

សន្តីអាហ្កាថ ទទួលការគោរពយ៉ាងច្រើននៅកោះស៊ិស៊ីល(Sicily) ជាពិសេសក្រុងកាថានា (Cartania)។ នាងកើតនៅក្នុងវង្សត្រកូលអភិជន។ ចៅហ្វាយកោះស៊ិស៊ីលនៅពេលនោះ មានស្នេហា លើនាងដោយបង្ខំចិត្តនាង ប៉ុន្តែនាងបដិសេធ បានជាគេប្តឹងនាងវិញដោយ ថា ជាគ្រីស្តបរិស័ទ។ នៅពេលនោះគ្រីស្តបរិស័ទ កំពុងរងការបៀតបៀន នៅជំនាន់ព្រះចៅអធិរាជរ៉ូម៉ាំងឌីស៊ីអូស(Decius)។ នៅក្នុងតុលាការគេសួរថា តើហេតុអ្វីនាងចង់ជាគ្រីស្តបរិស័ទ? នាងឆ្លើយថា “នាងខ្ញុំជាអ្នក បម្រើរបស់ព្រះគ្រីស្ត ដូច្នេះនាងខ្ញុំបង្ហាញភាពដូចជាទាសីរបស់ព្រះអង្គ នេះធ្វើឲ្យនាងខ្ញុំកាន់តែមាន កិត្តិយស យ៉ាងខ្ពស់ព្រោះនាងខ្ញុំជាទាសីរបស់ព្រះអង្គ”។ នាងរងការធ្វើទារុណកម្ម ប៉ុន្តែនាងបាន ទទួលការព្យាបាលពីសន្តសិលា ដែលបង្ហាញខ្លួនក្នុងគុកនោះ ជាហេតុនាំឱ្យគេឆ្ងល់ថា ហេតុអ្វីនាងបានជាសះស្បើយ។ ក្រោយមកគេយកនាង ទៅធ្វើទារុណកម្មទៀត ហើយដាក់នាងក្នុងគុក។ រូបភាពដែលតែងតែគូរ ឲ្យឃើញការរងការបៀតបៀនរបស់នាងម្យ៉ាងគឺ ការកៀបកាត់ដើមទ្រូងរបស់នាង។ នាងបានស្លាប់ ក្នុងពេល កំពុងអធិដ្ឋានលើភ្លើងដែលកំពុងឆេះ ព្រោះគេយកនាងទៅដុតទាំងរស់។ មួយឆ្នាំក្រោយបានមរណភាពរបស់នាង មានរញ្ជួយផែនដីយ៉ាងខ្លាំង ដោយសារផ្ទុះភ្នំភ្លើងអេថេណា (Etena)។ អ្នកស្រុកនោះបានរត់ទៅកន្លែងផ្នូររបស់នាង ហើយយកក្រណាត់ បាំងមុខរបស់នាងមកការពារក្រុង ពេលនោះកំអែលភ្លើងដែលកំពុងហូរមក បានឈប់នៅខាងក្រៅក្រុង អ្នកក្រុងកាថានា គោរពសន្តីអាហ្កាថណាស់ ដោយដឹងគុណដែលជួយការពារពួកគេ ទោះបីមិនមែនជាគ្រីស្តបរិស័ទក្តី។ ជំនឿលើព្រះយេស៊ូគ្រីស្ត បណ្តាលឲ្យយើងហ៊ានប្រឈមមុខគ្រប់ឧបសគ្គបញ្ហា តើជំនឿបានជួយ សង្គ្រោះឬជួយយើង នៅពេលយើងមានការពិបាកយ៉ាងណា? សន្តីអាហ្កាថ បានរក្សាភាពព្រហ្មចារី ដោយបដិសេធរួមរស់ជាមួយជនដែលគ្មានជំនឿ ទោះបីត្រូវ បៀតបៀនដល់អាយុជីវិត។ តើយើងរក្សាភាពព្រហ្មចារីធម៌របស់យើងយ៉ាងដូចម្តេច? សូមសន្តីអាហ្កាថ ជួយអង្វរព្រះជាម្ចាស់សម្រាប់អ្នកជំងឺទាំងអស់ដែលមានបញ្ហាដោះ និងជួយការពារ អស់អ្នកដែលត្រូវគេរំលោភ, រងការធ្វើបាបនានា។ សូមព្រះអង្គស្តាប់ពាក្យអង្វររបស់សន្តីផង៕

Facebook
Twitter
LinkedIn