អត្ថបទព្រះកម្ពីរ ប្រចាំ​ថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០២៣

បុណ្យរម្លឹក
សន្តយ៉ូហាន បូស្កូ ជាបូជាចារ្យ
ពណ៌ស

លោកយ៉ូហានបូស្កូ (១៨១៥ -១៨៨៨) កើតនៅឆ្នាំ១៨១៥ ក្នុងក្រុងទូរីណូ (ប្រទេស​អ៊ីតា​លី​)។ អស់មួយជីវិត លោកយកចិត្តទុកដាក់អប់រំយុវជនក្រីក្រក្នុងក្រុងនោះ។ លោកបង្កើតក្រុម​គ្រួសារ​បព្វ​ជិតពីរ ដើម្បីជួយអប់រំយុវជនយុវនារីក្នុងពិភពលោកទាំងមូល។ លោកទទួលមរណភាពនៅឆ្នាំ ១៨៨៨ ។

អត្ថបទទី១៖ សូមថ្លែងលិខិតផ្ញើជូនគ្រីស្តបរិស័ទជាតិហេប្រឺ ហប ១២,១-៤

បងប្អូនជាទីស្រឡាញ់!
មនុស្សដែលរស់នៅតាមជំនឿមានចំនួនច្រើនឥតគណនាធ្វើ​ជាសាក្សីទុកឱ្យយើង។ ហេតុនេះ យើងត្រូវធ្វើដូចពួកគេ គឺត្រូវលះបង់ ចោលអ្វីៗ​ទាំងអស់ដែលជាបន្ទុកសង្កត់ពីលើយើង និងលះបង់អំពើបាបដែលរឹបរូតយើងនេះចោលទៅ ហើយព្យាយាមរត់តម្រង់ទៅមុខតាមព្រះអម្ចាស់ដាក់ឱ្យយើងរត់។ ត្រូវសម្លឹងមើទៅព្រះយេស៊ូដែលជាដើមកំណើតនៃជមនឿ ហើយដែលនឹងធ្វើឱ្យជំនឿនេះបានគ្រប់លក្ខណ៍។ ព្រះអង្គសុខចិត្តលះបង់អំណរដែលបម្រុងទុកសម្រាប់ព្រះអង្គ បែរទៅរងទុក្ខលំបាកនៅលើឈើឆ្កាងឥតខ្លាចខ្មាសសោះឡើយ។ ឥឡូវនេះ ព្រះអង្គគង់នៅខាងស្តាំបល្ល័ង្ករបស់ព្រះជាម្ចាស់។ សូមបងប្អូនគិតពីព្រះអង្គដែលបានស៊ូទ្រាំនឹងមនុស្សបាប ដែលប្រឆាំងព្រះអង្គយ៉ាងខ្លាំងនោះទៅ ដើម្បីកុំឱ្យបងប្អូននឿយណាយបាក់ទឹកចិត្តឡើយ បងប្អូនពុំទាន់បានតយុទ្ធទល់នឹងបាបរហូតដល់ទៅបង្ហូរឈាមទេ។

ទំនុកតម្កើងលេខ ២២ (២១),២៦-២៨.៣០-៣២ បទកាកគតិ

២៦ព្រះអង្គបានប្រោសប្រណីសន្តោសជាម្លប់ត្រជាក់
ខ្ញុំលើកតម្កើងឥតមានអន់អាក់នៅមុខអស់អ្នក
ក្នុងអង្គប្រជុំ
២៧មនុស្សទន់ទាបស្លូតបូតសុភាពបានក្តីសុខដុម
បរិភោគឆ្អែតឆ្អល់ឥតព្រួយបារម្ភរកព្រះឧត្តម
សរសើរបារមី
២៨មនុស្សទាំងប៉ុន្មានដែលរស់សុខសាន្តនៅលើផែនដី
នឹកឃើញព្រះម្ចាស់ត្រឡប់វិលវៃនាំគ្នាឃ្មាតខ្មី
ក្រាបថ្វាយបង្គំ
៣០អ្នកធំទាំងឡាយនៅជិតឬឆ្ងាយក្រាបថ្វាយគ្រប់គ្នា
បង្គំព្រះអង្គទោះមនុស្សធម្មតាតែងក្ស័យអាត្មា
ក៏ចូលមកដែរ
៣១ជនជំនាន់ក្រោយគោរពព្រះដោយចិត្តមិនបែកបែរ
បម្រើព្រះម្ចាស់មិនមានរៀចវេរហើយគេតែងតែ
ថ្លែងប្រាប់កូនចៅ
៣២គេប្រកាសប្រាប់ឱ្យប្រជាស្តាប់តអស់ពង្សផៅ
ពីក្តីសុចរិតទៀងត្រង់ត្រឹមត្រូវទ្រង់ត្រួសត្រាយផ្លូវ
រំដោះប្រជា

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ២ធម ១,១០

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់នៃយើងបានបំបាត់អំណាចនៃសេចក្តីស្លាប់ ព្រមទាំងបំភ្លឺយើងឱ្យស្គាល់ជីវិតដោយសារដំណឹងល្អរបស់ព្រះអង្គ ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៥,២១-៤៣

ព្រះយេស៊ូឆ្លងទូកពីត្រើយម្ខាងមកវិញ ព្រះអង្គគង់នៅឆ្នេរសមុទ្រ។ មានបណ្តាជន​ច្រើនកុះករមកចោមរោមព្រះអង្គ។ ពេលនោះ អ្នកទទួលខុសត្រូវលើធម្មសាលាម្នាក់ឈ្មោះ យ៉ៃរ៉ូសមកដល់។ កាលគាត់ឃើញព្រះយេស៊ូ គាត់ក្រាបទៀបព្រះបាទាព្រះអង្គ​ ហើយទទូចអង្វរព្រះអង្គថា៖ «កូនស្រីរបស់ខ្ញុំប្របាទឈឺធ្ងន់ ជិតស្លាប់ សូមលោក​អាណិតមេត្តាអញ្ញើញទៅដាក់ដៃលើនាង ដើម្បីសង្គ្រោះនាងឱ្យមានជីវិត»។ ព្រះយេស៊ូយាងទៅជាមួយគាត់។ មានបណ្តាជនជាច្រើនកុះករតាមព្រះអង្គទៅ ទាំង​ប្រជ្រៀតគ្នាជុំវិញព្រះអង្គ។ នៅពេលនោះ មានស្រ្តីម្នាក់កើតជំងឺធ្លាក់ឈាមដប់ពីរឆ្នាំមកហើយ។ គ្រូពេទ្យជាច្រើនបានព្យាបាលនាង តែនាងឈឺចុកចាប់កាន់តែខ្លាំងឡើង។ នាងបានចំណាយទ្រព្យសម្បត្តិទាំងប៉ុន្មានដែលនាងមាន តែជំងឺរបស់នាងនៅតែមិនបានធូរស្រាលសោះ។ ផ្ទុយទៅវិញ នាងកាន់តែ​ឈឺខ្លាំងឡើងៗ។ ពេលឮគេនិយាយអំពី​ព្រះយេស៊ូ នាងក៏ចូលក្នុងចំណោមបណ្តាជន ហើយពាល់ព្រះពស្រ្តរបស់ព្រះអង្គពីខាងក្រោយ ដ្បិតនាងនឹកក្នុងចិត្តថា៖ «បើខ្ញុំបានពាល់អាវរបស់លោក ខ្ញុំនឹងជាសះស្បើយ​មិនខាន»។ រំពេចនោះ ឈាមឈប់ធ្លាក់ភ្លាម ហើយនាងដឹងថាខ្លួននាងបានជាសះស្បើយពីរោគា។ នៅពេលនោះ ព្រះយេស៊ូជ្រាបភ្លាមថា មានប្ញទ្ធានុភាពមួយចេញពី​ព្រះអង្គ។ ព្រះអង្គបែរទៅរកបណ្តាជន ហើយមានព្រះបន្ទូលសួរថា៖ «នរណាពាល់​អាវខ្ញុំ?»។ ក្រុមសាវ័កទូលព្រះអង្គថា៖ «ព្រះគ្រូឃើញស្រាប់ហើយ! បណ្តាជន​ប្រជ្រៀតប៉ះនឹងព្រះគ្រូគ្រប់គ្នា ចុះហេតុដូចម្តេចបានជាព្រះគ្រូសួរថា អ្នកណាពាល់​ព្រះគ្រូដូច្នេះ?»។ ព្រះយេស៊ូតទមើជុំវិញ ដើម្បីឱ្យដឹងថាអ្នកណាបានពាល់​ព្រះអង្គ។ ស្ដ្រីនោះភ័យញ័ររន្ធត់ ព្រោះនាងដឹងអំពីហេតុការណ៍ដែលកើតដល់ខ្លួននាង។ នាងមកក្រាបទៀបព្រះបាទាព្រះយេស៊ូ ហើយទូលការពិតទាំងអស់ថ្វាយ​ព្រះអង្គ។ ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «កូនស្រីអើយ! ជំនឿរបស់នាងបាន​សង្រ្គោះនាងហើយ សូមអញ្ជើញទៅឱ្យបានសុខសាន្ត ហើយសូមឱ្យនាងជាសះស្បើយពីជំងឺចុះ!»។ កាលព្រះយេស៊ូកំពុងតែមានព្រះបន្ទូលនៅឡើយ មានគេមកពីផ្ទះលោក​យ៉ៃរ៉ូស ជម្រាប់គាត់ថា៖ «កូនស្រីលោកផុតដង្ហើមទៅហើយ ម្តេចក៏នៅរំខានលោកគ្រូ​ធ្វើអ្វី?»។ ព្រះយេស៊ូមិនយកព្រះហប្ញទ័យទុកដាក់នឹងពាក្យរបស់អ្នកទាំងនោះឡើយតែព្រះអង្គមានព្រះបន្ទូលទៅលោកយ៉ៃរ៉ូសថា៖ «កុំខ្លាចអី! គ្រាន់តែជឿប៉ុណ្ណោះបាន​ហើយ!»។ ព្រះអង្គមិនអនុញ្ញាតឱ្យអ្នកណាទៅតាមព្រះអង្គឡើយ លើកលែងតែ​លោកសិលា លោកយ៉ាកុប និងលោកយ៉ូហានជាប្អូនរបស់គាត់។ កាលទៅដល់ផ្ទះ​លោកយ៉ៃរ៉ូសជាអ្នកទទួលខុសត្រូវលើសធម្មសាលា ព្រះយេស៊ូទតឃើញមនុស្សម្នា​ជ្រួលច្របល់ ព្រមទាំងទ្រហោយំជាខ្លាំងផង។ ព្រះអង្គយាងចូលទៅក្នុងផ្ទះ ហើយមាន​ព្រះបន្ទូលទៅគេថា៖ «ហេតុដូចម្តេចបានជាអ្នករាល់គ្នាជ្រួលច្របល់ ហើយទ្រហោយំ​ដូច្នេះ? ក្មេងនេះមិនស្លាប់ទេ នាងគ្រាន់តែដេកលក់ទេតើ!»។ គេនាំគ្នាចំអកដាក់​ព្រះអង្គ ព្រះអង្គក៏ដេញគេឱ្យចេញទៅក្រៅទាំងអស់គ្នា រួចទ្រង់នាំតែឪពុកម្តាយក្មេង និងសាវ័កទាំងបីនាក់ចូលទៅក្នុងបន្ទប់ដែលក្មេងស្រីនោះដេក។ ព្រះអង្គចាប់ដៃ​ក្មេងស្រីនោះ ហើយមានព្រះបន្ទូលថា៖ «តាលីថាគូម!» (ពាក្យនេះប្រែថា៖ «នាងតូច​អើយ! ខ្ញុំប្រាប់នាងថា ចូរក្រោកឡើយ!»)។ ក្មេងស្រីក៏ក្រោយឡើយ ដើរមួយរំពេច ដ្បិតនាងមានអាយុដប់ពីឆ្នាំហើយ គេងឿយឆ្ងល់ពន់ប្រមាណ ប៉ុន្តែ ព្រះយេស៊ូហាមប្រាមគេមិនឱ្យប្រាប់នរណាដឹងរឿងនេះឡើយ។ បន្ទាប់មក ព្រះអង្គប្រាប់គេឱ្យយកចំណីអាហារមកឱ្យក្មេងស្រីនោះបរិភោគ។

Facebook
Twitter
LinkedIn