សន្តយ៉ូហាន បូស្កូជាបូជាចារ្យ ថ្ងៃទី ៣១ ខែមករា

លោកយ៉ូហាន បូស្កូ រឺឈ្មោះកំណើតរបស់លោកគឺ ចូវានី មេលចូរ បូស្កូ រឺ ដុនបូស្កូ កើតនៅក្នុងភូមិខាស្ទេលណូអូវូ (Castelnuovo) ក្នុងអគ្គភូមិភាគតូរិន ប្រទេស អ៊ីតាលី នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ១៨១៥។ លោកបានកើតក្នុងពេលដែលសង្គ្រាម ណាប៉ូឡេអុងទើបបានបញ្ជប់ ហើយបានបំផ្លាញតំបន់ដែលលោកបានកើតនោះ មិនតែប៉ុណោះក្នុងថ្ងៃដែលលោកកើតនោះក៏មានគ្រោះរាំងស្ងួត និងទុរ្ភិក្សផងដែរ ។ ឪពុករបស់លោកបានទទួលមរភាពនៅពេលលោកមានអាយុ ២ ឆ្នាំ សល់តែម្តាយ ម៉ាការីរេត (Margaret) ដែលចិញ្ចឹមនិងផ្តល់ភាពស្លូតបូតនិងជំនឿកាតូលិក។ គ្រួសាររបស់លោកមានភាពក្រីក្រ និង ជួបការពិបាក ណាស់ ប៉ុន្តែ លោកខិតខំរហូតដល់ចូលទេវវិទ្យាល័យពេលមានអាយុ ២០ ឆ្នាំ ដោយទទួលការគាំទ្រ ខាងហិរញវត្ថុពីលោក លូវីស កូវ៉ាឡា (Louis Guala)។ លោកទទួលការតែងតាំងជាបូជាចារ្យនៅថ្ងៃទី ៥ ខែមិថុនា ១៨៤៦។ នៅសម័យនោះក្រុងតូរិន កំពុង មានការអភិវឌ្ឍន៍ខាងឧស្សាហកម្ម បង្កឲ្យមានភាពប្រថុយប្រថាននិងបញ្ហាច្រើន ជាពិសេសចំពោះ យុវជន។ លោករៀបចំប្រព័ន្ធការអប់រំយ៉ាងច្បាស់លាស់ ដោយគោលការណ “ហេតុផល សាសនា និង ចិត្តល្អ”។ ទោះបីមានបរិយាកាសប្រឆាំងអ្នកបួសនិងលោកបូជាចារ្យក៏ដោយ ក៏លោកអាចបង្កើតកម្មវិធី អប់រំសម្រាប់ អ្នកឈ្មួញនិងកម្មករ, សាលាសិល្បៈនិងវិទ្យាសាស្ត្រសម្រាប់យុវកម្មករ និងសាលារៀបចំ សម្រាប់ លោកបូជាចារ្យ។ នៅឆ្នាំ ១៨៦៨ លោកមានកូនសិស្សចំនួន ៨០០ នាក់ ដែលធានាថា នឹងមានការងារធ្វើ។ លោក បង្កើតសមាគមសន្តហ្វ្រង់ស័រ ដឺ ឡាសាល ហៅ សាឡេស៊ាន (Salesian) ដែលទទួលស្គាល់នៅឆ្នាំ ១៨៦៩។ លោកជួយបងស្រី ម៉ារី ដូមីនិក ម៉ាស្សារែលឡូ (Mary Dominic Mazzarello)។ បង្កើត ក្រុមគ្រួសារបុព្វជិតា បុត្រីព្រះនាងម៉ារីជាទីពំនាក់ពំនឹង។ លោកខិតខំអប់រំយុវជនដោយសេចក្តីស្រឡាញ់ តាមហេតុផល។ លោកបង្រៀនយុវជន តាមការ ចាប់អារម្មណ៍របស់យុវជនម្នាក់ៗ ហើយមានយុវជនម្នាក់ ក្លាយទៅជាសន្តៈបុគ្គលដែរ គឺ “ដូមីនិក” នៅឆ្នាំ ១៨៧៥ មានការភៀសខ្លួនទៅប្រទេសអាមេរិកខាងត្បូង។ លោកក៏ជូនសាសនទូតសាឡេស៊ាន ទៅបំពេញបេសកកម្មទីនោះដែរ។ លោកធ្វើដំណើរទៅទូទាំងទ្វីបអឺរ៉ុប ដើម្បីរកថវិការសម្រាប់សាសនទូត ទាំងនោះ។ លោកក្លាយទៅជាសាសនទូតរបស់យុវជន។ លោកទទួលមរណភាពថ្ងៃទី ៣១ ខែមករា ១៨៨៨។ សម្តេបប៉ាបពីអុសទី ១១ បានតែងតាំងលោក ជាសន្តៈបុគ្គល នៅឆ្នាំ ១៩៣៤។ សម្តេចប៉ាបយ៉ូហាន ប៉ូលទី ២ ដាក់ឈ្មោះលោកថា “បិតានិងលោកគ្រូរបស់យុវជន”៕ លោកមានចិត្តឬមានគោលតែមួយគឹ ដែលចាត់ទុកថាយុវជន ជាកម្លាំងរបស់ព្រះសះគមន៍នៅពេល អនាគត។ ទោះបីលោកមានភាពក្រីក្រ លោកក៏មិនតូចចិត្តនូវវាសនា ប៉ុន្តែបែរទៅរកព្រះជាម្ចាស់ ខិតខំ ឧស្សាហ៍ ចូលរៀនរហូតដល់បានជោគជ័យ។ សូមព្រះជាម្ចាស់ជួយយុវជនយុវនារីក្រីក្រ ដែលគ្មានឱកាសរៀនសូត្រ សូមសន្តដូនបូស្កូ តាមរយៈ កិច្ចការរបស់ក្រុមគ្រួសាររបស់លោក បានទៅដល់យុវជនទាំងនោះផង។ សូមយុវជនយុវនារី យកចិត្តទុកដាក់រៀបចំជីវិតអនាគរឲ្យល្អ កុំចាញ់ការល្បួងផ្សេងៗ ក្នុងសង្គម នាបច្ចុប្បន្ននោះឡើយ។

Facebook
Twitter
LinkedIn