សន្តធីម៉ូថេ (Timothy)
លោកធីម៉ូថេបានកើតក្នុងក្រុងលីស្រ្តា ដែលមានម្តាយជាសាសន័យូដា និងឪពុកជាសាសន៍ក្រិក មានកេរ្តិ៍ឈ្មោះល្អក្នុងចំណោមបងប្អូននៅក្រុងលីស្រ្តា និងក្រុងអ៊ីកូញ៉ុម។ ពេលមួយលោកប៉ូលធ្វើដំណើរកាត់ក្រុងលីស្រា្ត ក្នុងដំណើរបេសកម្មលើកទី២របស់លោក។ លោកបានជ្រើសរើសលោកធីម៉ូថេ ជំនួយការរបស់លោក។ លោកធីម៉ូថេ ពិតជាសិស្សដ៏ជាទីស្រឡាញ់របស់លោកប៉ូល និងជាជំនួយការដ៏ខ្ជាប់ខ្ជួន។ ទោះបីលោកធីម៉ូថេមានវ័យក្មេងត្រឹមអាយុ២០ឆ្នាំក៏ដោយ ក៏ លោកជារួមធ្វើដំណើរជាមួយលោកប៉ូល សុខចិត្តរួមដំណើរជាមួយសន្តប៉ូល។ ក្រោយមកទំនាក់ទំនងរវាងលោក ទាំងពីរកាន់តែជិតស្និទ្ធ ដូចជាឪពុកនិងកូន។ លោកប៉ូលហៅលោកធីម៉ូថេថា កូនសំឡាញ់ ដែលសុខ ចិត្តលះបង់ដូច “កូនមានចំពោះឪពុករបស់គាត់”(ភីល. 2:22) កូនដ៏ពិតប្រកដរបស់ខ្ញុំក្នុងជំនឿ។ លោកបានរួមដំណើរជាមួយគ្រីស្តទូតដោយបានឆ្លងកាត់អាស៊ីតូចរហូតទៅដល់ម៉ាសេដូន លោកបានទៅក្រុងអាថែន ហើយត្រូវបានបញ្ជូនទៅក្រុងថេសាឡូនិច បន្ទាប់មកលោកបន្តធ្វើដំណើរ ទៅប្រកាសដំណឹងល្អក្នុងទីក្រុងនានានៅកោះនោះ។ ធីម៉ូថេប្រៀបបានជាគង្វាលដ៏ល្អម្នាក់។ តាមរយៈលិខិតរបស់គ្រីស្តប់ូល លោកធីម៉ូថេគឺជាលោកអភិបាលក្រុងអេភេសូដំបូងគេ។
សន្តទីតុស (Titus)
លោកទីតុស ជាជនក្រៅសាសន៍តាំងពីកំណើត និងបានកែប្រែចិត្តគំនិតជឿលើព្រះគ្រីស្ត នៅពេលដែលសន្តប៉ូលធ្វើដំណើរក្នុងបេសកម្មលើកទី១របស់លោក។ លោកទីតុស ជាជំនួយការ ជាប្អូនដ៏សកម្មក្នុងបេសកម្ម។ លោកបានរួមដំណើរជាមួយគ្រីស្តទូត ទីក្រុយេរ៉ូសាឡឹម ដើម្បីចូលរួមប្រជុំនៅទីនោះ។ ជាទីបំផុត លោកធ្វើដំណើរជាមួយលោកប៉ូលរហូតដល់កោះគ្រីត (Crete) ជាកន្លែង ដែលលោក ជាលោកអភិបាល។ លោកបំពេញមុខងារតាមការណែនាំរបស់សន្តប៉ូល “..ដោយប្រព្រឹត្ត អំពើល្អ ធ្វើជាគំរូដល់គេ”(ទត.2:7)។
លោកបានទទួលមរណភាពដោយជរាមានអាយុ ៩៤ ឆ្នាំ លោកបានរស់នៅក្នុងភាពព្រហ្មចារីអស់មួយជីវិតរបស់លោក។
លោកធីម៉ូថេ និង លោកទីតុស ជាសហការីដ៏សំខាន់របស់លោកប៉ូលនៅពេលធ្វើដំណើរទៅប្រកាស ដំណឹងល្អ។ លោកទាំងពីរ ទទួលមុខងារជាលោកអភិបាល ដឹកនាំព្រះសហគមន៍ដែលបង្កើតថ្មី មានន័យថា ក្រោយបាន ប្រកាសដំណឹងល្អហើយ ព្រះសហគមន៍ត្រូវការអ្នកគង្វាលជួយដឹកនាំព្រះសហគមន៍នោះ ឲ្យកាន់តែរីកចម្រើន តទៅទៀត។ បពិត្រព្រះជាអម្ចាស់យេស៊ូគ្រិស្តអើយ! សូមព្រះអង្គឲ្យខ្ញុំចេះចែករំលែក ជួយព្រះអង្គបង្កើតព្រះសហគមន៍ ដោយសហការយ៉ាងល្អជាមួយគង្វាលរបស់ខ្លួន ដើម្បីឲ្យដំណឹងល្អរបស់ព្រះអង្គទៅគ្រប់ទីកន្លែង ដូចលោកទាំង ពីរ ជាសហការីរបស់លោកប៉ូល ពេលប្រកាសដំណឹងល្អដែរ។