បុណ្យរម្លឹក
សន្តធីម៉ូថេ និងសន្ដទីតុស
ពណ៌ស
លោកធីម៉ូថេ និងលោកទីតុសជាសហការីរបស់គ្រីស្តទូតប៉ូល ។ លោកធីម៉ូថេកើតនៅក្រុងលីស្ត្រា ឪពុកជាតិក្រិក ម្តាយជាតិយូដា។ លោកបំពេញមុខងារជាអភិបាលនៅក្រុងអេភេសូ ។
លោកទីតុសជាជនជាតិក្រិក មានចិត្តនឹងនរ អាចបំពេញមុខងារដ៏លំបាក។ លោកណែនាំព្រះសហគមន៍ក្រុងកូរិនថូសឱ្យមានរបៀបរៀបរយ និងចាត់ចែងព្រះសហគមន៍នៅកោះក្រែត ។ គ្រីស្តទូតប៉ូលសរសេរលិខិតទៅលោកទាំងពីរ។ លិខិតទាំងនោះមានសារៈសំខាន់សម្រាប់ដាស់តឿនអ្នកបំពេញមុខងារជាអភិបាល និងបូជាចារ្យគ្រប់សម័យ។
អត្ថបទទី១៖ សូមថ្លែងលិខិតផ្ញើជូនគ្រីស្តបរិស័ទជាតិហេប្រឺ ហប ១០,១៩-២៥
បងប្អូនជាទីស្រឡាញ់!
យើងមានចិត្តរឹងប៉ឹង ចូលមកក្នុងទីសក្ការៈបានដោយព្រះលោហិតរបស់ព្រះយេស៊ូ ព្រោះព្រះអង្គបានបើកមាគ៌ាមួយថ្មី ជាមាគ៌ាដែលមានជីវិតដោយទ្រង់ឆ្លងកាត់វាំងនន ពោលគឺរូបកាយរបស់ព្រះអង្គដែលកើតមកជាមនុស្ស។ ដោយយើងមានមហាបូជាចារ្យម្នាក់ ដែលគ្រប់គ្រងលើព្រះដំណាក់របស់ព្រះជាម្ចាស់ដូច្នេះ យើងត្រូវនាំគ្នាចូលទៅជិតព្រះអង្គ ដោយចិត្តទៀងត្រង់ ពោរពេញដោយជំនឿមាំមួន និងមានចិត្តបរិសុទ្ធ ជ្រះស្រឡះពីគំនិតសៅហ្មង ព្រមទាំងមានរូបកាយលាងដោយទឹកដ៏បរិសុទ្ធផង។ ត្រូវរក្សាសេចក្តីសង្ឃឹមដែលយើងប្រកាសនោះឱ្យបានខ្ជាប់ខ្ជួនកុំឱ្យរង្គើឡើយ ដ្បិតព្រះជាម្ចាស់មានព្រះបន្ទូលសន្យាយ៉ាងណា ទ្រង់ក៏នឹងធ្វើតាមយ៉ាងនោះដែរ។ តោងយើងមើលថែរក្សាគ្នាទៅវិញទៅមកដើម្បីជួយដាស់តឿនគ្នាឱ្យមានចិត្តស្រឡាញ់ និងប្រព្រឹត្តអំពើល្អ។ មិនត្រូវលះបង់ការប្រជុំគ្នាដូចអ្នកខ្លះធ្លាប់ធ្វើនោះឡើយ ផ្ទុយទៅវិញ យើងត្រូវលើកទឹកចិត្តគ្នាទៅវិញទៅមកឱ្យរឹតតែខ្លាំងឡើង ដោយឃើញថា ថ្ងៃនៃព្រះអម្ចាស់កាន់តែជិតដល់ហើយ។
ទំនុកតម្កើងលេខ ២៤ (២៣),១-៦ បទពាក្យ ៧
១ | អ្វីៗដែលនៅលើផែនដី | កើតមកច្រើនក្រៃមីរដេរដាស | |
សុទ្ធជាកម្មសិទ្ធព្រះអម្ចាស់ | ជាស្នាព្រះហស្តនៃព្រះអង្គ | ។ | |
២ | គឺព្រះអង្គហើយដែលចាក់គ្រឹះ | គ្រប់ទីគ្រប់ទិសគ្រប់ជ្រោយជ្រុង | |
ធ្វើឱ្យផែនដីនៅរឹងប៉ឹង | ធំធេងល្វើយល្វឹងលើសមុទ្រ | ។ | |
៣ | តើរណាអាចឡើងលើភ្នំ | វិហារឧត្តមដ៏វិសុទ្ធ | |
ដែលជាទីស្ថានតែមួយគត់ | ល្អល្អះបំផុតសែនសុខសាន្ត | ។ | |
៤ | គឺមានតែអ្នកត្រឹមត្រូវល្អ | ទឹកចិត្តស្មោះសរបរិសុទ្ធថ្កាន | |
មិនបណ្តោយខ្លួនស្បថបំពាន | នោះទើបអាចបានឡើងទីខ្ពស់ | ។ | |
៥ | ព្រះជាអម្ចាស់ប្រទានពរ | ជោគជ័យបវរសព្វទាំងអស់ | |
ហើយព្រះអង្គបានជួយសង្រ្គោះ | ទាំងប្រោសឱ្យរស់មានជីវិត | ។ | |
៦ | អ្នកទាំងនេះហើយគឺប្រជា | ស្វះស្វែងម្នីម្នាចូលមកជិត | |
ជាអ្នកស្វែងរកព្រះម្ចាស់ពិត | ព្រះភ័ក្រ្តល្អល្អិតព្រះយ៉ាកុប | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១១៨,១០៥
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះបន្ទូលជាចង្កៀងមាលាឱ្យខ្ញុំដើរត្រង់ ពិតជាពន្លឺបំភ្លឺត្រចង់ ជីវិតផូរផង់ឱ្យខ្ញុំសុខសាន្ដ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៤,២១-២៥
ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កថា៖ «គេមិនដែលអុជចង្កៀង ហើយយកធុងមកគ្របពីលើ ឬយកទៅដាក់ក្រោមគ្រែងឡើយ។ គេតែងយកចង្កៀងទៅដាក់លើជើងចង្កៀងវិញ។ គ្រប់ការលាក់កំបាំងនឹងត្រូវបើកឱ្យគេដឹង ហើយគ្រប់អាថ៌កំបាំងក៏នឹងត្រូវលេចមកឱ្យមនុស្សគ្រប់ៗគ្នាឃើញច្បាស់ដែរ។ អ្នកណាឮពាក្យនេះសូមយកទៅពិចារណាចុះ!»។ ព្រះយេស៊ូមានព្រះបន្ទូលទៀតថា៖ «ចូរអ្នករាល់គ្នាប្រុងប្រយ័ត្ននឹងសេចក្តីដែលអ្នករាល់គ្នាស្តាប់នេះឱ្យមែនទែន! ព្រះជាម្ចាស់នឹងវាល់ឱ្យអ្នករាល់គ្នាតាមរង្វាល់ដែលអ្នករាល់គ្នាវាល់ឱ្យអ្នកដទៃ ហើយព្រះអង្គនឹងបន្ថែមឱ្យអ្នករាល់គ្នាតាមរង្វាល់ដែលអ្នករាល់គ្នាវាល់ឱ្យអ្នកដទៃ ហើយព្រះអង្គនឹងបន្ថែមឱ្យអ្នករាល់គ្នា ព្រោះអ្នកណាមានហើយ ព្រះជាម្ចាស់នឹងប្រទានឱ្យថែមទៀត តែអ្នកណាដែលគ្មាន ព្រះអង្គនឹងហូតយកអ្វីៗដែលអ្នកនោះមានផង»។